ភ្នំពេញ ៖ អតីតពិធីការិនីល្បីឈ្មោះ អ្នកនាង សួន ភក្តី ហៅវីជេ អាណូ ដែលបាត់មុខពីវិស័យសិល្បៈ ជាយូរឆ្នាំ សម្ងំប្រឡូកក្នុងអាជីវកម្មលក់អាហារ បាយម្ហូប កុម្មង់តាមអនឡាញ ជួនដឹកជញ្ជូនឱ្យភ្ញៀវ ដោយខ្លួនឯងផងនោះ បានដាក់តាំងរូបថតដ៏ស្រស់ផូរផង់របស់ខ្លួន ១សន្លឹក នៅលើប្រូហ្វាល់គណនីបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់នាង តែនាងបានបញ្ជាក់នុវអារម្មណ៍របស់ខ្លួន បែបត្អូញថា នៅពីក្រោយភាពស្រស់ស្អាតនេះ ជីវិតរបស់នាង មិនមានអ្វីស្អាតទេ គឺនាងត្រូវប្រឹងខ្លាំង និងហត់ណាស់ ព្រោះជីវិតនៅតែលើម៉ូតូ នៅមុខភ្លើង និងជាអ្នកដឹកជញ្ជូនទៀតផង ដើម្បីជីវភាព។

អ្នកនាង សួន ភក្តី ហៅវីជេ អាណូ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានធ្វើការផ្លាស់ប្តូររូបភាពប្រូហ្វាល់ នៃគណនីហ្វេសប៊ុក ផ្ទាល់ខ្លួន ដោយប្តូរដាក់រូបភាពដ៏ស្រស់សោភារបស់នាង ក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅ ឈរថតពីលើអគារខ្ពស់ បង្ហាញសម្រស់របស់ខ្លួន និងទេសភាពដ៏ស្រស់បំព្រង នៅពីក្រោយខ្នង ដ៏គួរឱ្យទាក់ទាញ។ ប៉ុន្តែអតីតពិធីការិនីល្បីឈ្មោះរូបនេះ បែរជាត្អូញថា នៅពីក្រោយភាពស្រស់ស្អាតនេះ ជីវិតរបស់នាង មិនមានអ្វីស្អាតទេ គឺនាងត្រូវប្រឹងខ្លាំង និងហត់ណាស់ទៅវិញ។

វីជេ អាណូ បានសរសេរថា “នៅពីក្រោយភាពស្អាតរបស់ខ្ញុំ គឺខ្ញុំមិនមានអ្វីស្អាតនោះទេ ហត់ណាស់ ហត់ខ្លាំងៗ ប្រឹងខ្លាំងៗ ជាង៥ឆ្នាំមកនេះ ជីវិតនៅតែលើម៉ូតូ នៅមុខភ្លើង និងជាអ្នកដឹកជញ្ជូន ពេលខ្លះក៏លក់ទឹក លក់នំបញ្ចុក ហាលភ្លៀង ហាលថ្ងៃ ហាលខ្យល់ សព្វគ្រប់បែបយ៉ាង គេធ្វើបាន ខ្ញុំក៏ត្រូវតែធ្វើបាន។ សូមឱ្យការតស៊ូរបស់ខ្ញុំ បានផ្លែផ្កាផងចុះ! សូមឱ្យចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ សូមឱ្យខ្ញុំបានធ្វើការល្អមួយនឹងគេ សូមឱ្យកូនខ្ញុំ មានសុខភាពល្អដូចគេ និងសូមឱ្យខ្លួនឯង រឹងមាំ មានអាយុវែង និងបានឃើញភាពរីករាយរបស់កូននិងខ្លួនឯង នៅក្នុងថ្ងៃណាមួយ បើទោះមិនបាន ១០០ភាគរយ ដូចមុន សុំត្រឹមតែ ២០ភាគរយ ក៏បានដែរ ស្លាប់ទៅដឹងតែបិទភ្នែកជិតហើយ។ សូមអរគុណ boss សម្រាប់សម្លៀកបំពាក់ដ៏ស្រស់ស្អាត មិនមានអូន បងក៏គ្មានរូបប្តូរដែរ ហើយក៏អរគុណ ដែលមិនរើសអើងបង The One News for having me thank you yay for ur makeup Keo Vitou…”។

គួររំលឹកថា កាលពី ៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ អតីតពិធីការិនីល្បីឈ្មោះ អ្នកនាង សួន ភក្តី ហៅវីជេ អាណូ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការចេញមកឡាយវីដេអូតាមបណ្តាញសង្គម ទួញយំផ្តាំផ្ញើបងប្អូន សាច់ញាតិ ឱ្យជួយមើលកូនរបស់នាងផង បន្ទាប់មក បានទាញកាំបិតចាក់សម្លាប់ខ្លួន ដោយមូលហេតុត្រូវបាននាងអះអាងថា មកពីតូចចិត្តរឿងគេប្រមាថ ចោទមួលបង្កាច់ថា ចេះតែធ្វើសំផឹង និងយកប្តីគេ។

វីជេ អាណូ បានអះអាងនាពេលនោះថា នាងរងសម្ពាធធ្ងន់ណាស់ ទៅមុខមិនរួចទេ មិនសមធ្វើជាម្តាយគេទេ គ្រប់ពេលដែលនាងចង់រកការងារធ្វើ សូម្បីពួកម៉ាក ក៏ចុចបិទទូរស័ព្ទនាង លុះដើរសុំការងារគេធ្វើ គេថា មីហ្នឹងអត់ចេះធ្វើអី ក្រៅពីធ្វើសំផឹង និងយកប្តីគេ ធ្វើឱ្យនាងតូចចិត្ត ធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួន ២-៣ដងមកហើយ (ធ្លាប់ចងក ធ្លាប់លេបថ្នាំ) ប៉ុន្តែមិនស្លាប់។

ក្រាយព្យាយាមបញ្ចប់ជីវិត ជាច្រើនលើក តែមិនសម្រេចដូចបំណង វីជេ អាណូ បានព្យាយាមពង្រឹងផ្លូវចិត្តរបស់ខ្លួនឡើងវិញ រហូតដល់រឹងមាំ លែងគិតខ្លី ដើម្បីដោះស្រាយបញ្ហាជីវិតទៀតហើយ ដោយកន្លងមកនេះ នាងបានសម្ងំខំប្រឹងប្រកបរបរលក់អាហារ បាយម្ហូបគ្រប់មុខ ៗ ទាំងលក់ដោយផ្ទាល់ និងតាមអនឡាញ រហូតដល់មានពេលខ្លះ នាងថែមទាំងដឹកជញ្ជូនឱ្យភ្ញៀវ ដោយខ្លួនឯងទៀតផង គ្រប់យ៉ាងក៏ដើម្បីជីវភាពគ្រួសារ និងអនាគតកូន៕ ដារិទ្ធ
