ខេត្តសៀមរាប ៖ ជារឿងដ៏គួរឱ្យសោកសង្រេងបំផុត សម្រាប់យុវជនម្នាក់ ខណៈដែលរវល់ចេញទៅប្រឡងបាក់ឌុប ២ថ្ងៃ លុះប្រឡងចប់ ត្រឡប់មកផ្ទះវិញ បានទិញនំ ផ្ញើម្តាយនៅផ្ទះ ដឹងអី មកដល់ សល់តែរូបថតម្តាយ ឯរូបកាយម្តាយ បានលាចាកលោក តាំងពីថ្ងៃទី១ នៃការប្រឡងបាក់ឌុប ប៉ុន្តែសាច់ញាតិ បងប្អូន មិនហ៊ានប្រាប់ឱ្យដឹង ខ្លាចប៉ះពាល់ដល់ការប្រឡង ខណៈកាលពីសម័យប្រឡងឌីប្លូម កាលពី ៤ឆ្នាំមុន យុវជនរូបនេះ បានបាត់បង់ឪពុកម្នាក់រួចទៅហើយ។

យុវជនអភ័ព្វដែលបាត់បង់ឪពុក កាលប្រឡងឌីប្លូម លុះដល់ប្រឡងបាក់ឌុប បាត់បង់ម្តាយម្នាក់ថែមទៀតនេះ មានឈ្មោះ ភៅ វ៉ាត អាយុ២០ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យវ៉ារិន មានលំនៅ ស្រុកវ៉ារិន ខេត្តសៀមរាប និងជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលវិទ្យាល័យ ១០មករា ១៩៧៩ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ យុវជន ភៅ វ៉ាត ដែលទើបនឹងបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ នៅឯក្រុងសៀមរាប និងទើបវិល ត្រឡប់មកដល់ផ្ទះ នៅស្រុកវ៉ារិន វិញ បានសម្តែងនូវអារម្មណ៍តក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ខណៈពេលមកដល់ផ្ទះ កាន់ថង់នំដែលទើបនឹងទិញមកពីក្រុងសៀមរាប បំណងយកមកផ្ញើម្តាយ បែរជាបាត់ម្តាយ សល់តែរូបថត ១សន្លឹក នៅមុខជើងធូប ដោតលើដើមចេក ថ្មីៗ រួមនិងបាយម្ហូប មួយថាស នៅលើគ្រែដេករបស់ម្តាយ លុះពេលសួរថា “បាត់ម្តាយទៅណា?” សាច់ញាតិ ប្រាប់ថា ម្តាយបានទទួលមរណភាព តាំងពីថ្ងៃប្រឡងបាក់ឌុប ថ្ងៃទី១ មកម៉្លេះ តែគ្មានអ្នកហ៊ានប្រាប់ ព្រោះខ្លាចប៉ះពាល់ដល់ការប្រឡង។
យុវជន ភៅ វ៉ាត បានសរសេរនៅលើគណនីបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនថា “គេលាក់ខ្ញុំបានល្អណាស់… មកពីប្រឡងបាក់ឌុប ខំថាទិញនំមកផ្ញើម៉ែ តែពេលមកដល់ បែរជាអ៊ីចឹង…”។

យុវជន ភៅ វ៉ាត បានបន្តថា “អរគុណច្រើនមិត្តរួមជំនាន់ ដែលលើកទឹកចិត្ត និងផ្ញើលុយចូលបុណ្យ តាមពិតទៅ ខ្ញុំមិនចង់ទទួលទេ តែហាមមិនកើត រឿងធ្វើបុណ្យ។ ព្រឹកគ្នាដកលុយហ្នឹងទៅបញ្ចុះធាតុម៉ែ នៅវត្តហើយ។ សុំទទួលផលបុណ្យ និងនិទ្ទេសល្អៗគ្រប់ៗ…”។
បន្ទាប់មក នៅវេលាទៀបភ្លឺ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ យុវជន ភៅ វ៉ាត បានបង្ហោះរូបថតអនុស្សាវរីយ៍ដែលខ្លួនថតជាមួយម្តាយ ជាទីស្រលាញ់ នៅលើគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន ភ្ជាប់ជាមួយសំណេរថា “ពេលកូនទៅប្រឡង កូនលាម៉ែ ហេតុអ្វីពេលម៉ែទៅ ម៉ែមិនលាកូន?…”។

នៅព្រឹកថ្ងៃដដែលនោះ យុវជន ភៅ វ៉ាត បានបង្ហោះឃ្លីបវីដេអូមួយ បង្ហាញពីសកម្មភាពរៀបចំបញ្ចុះធាតុម្តាយរបស់ខ្លួន ភ្ជាប់ជាមួយសំណេរថា “កុំថាឡើយទៅប្រឡង មានអ្នកជូនទៅ សូម្បីតែធាតុម្តាយ ក៏ខ្ញុំមកមិនទាន់ដែរ។ អ្វីដែលខ្ញុំអាណិត គឺក្មួយស្រី ដឹងក្រោយគេ រវល់ទៅប្រឡង ទាំងពូ ទាំងក្មួយ មធ្យមសិក្សាទុតិយភូមិ ២០២៦…”។

អ្នកគ្រូបង្រៀន ឈ្មោះ គង់ កញ្ញា ជាគ្រូបង្រៀននៅវិទ្យាល័យវ៉ារិន ខេត្តសៀមរាប និងត្រូវជាគ្រូបង្រៀនរបស់យុវជន ភៅ វ៉ាត នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា “គេលាក់ខ្ញុំបានល្អណាស់… មកពីប្រឡងបាក់ឌុប ខំថាទិញនំមកផ្ញើម៉ែ តែពេលមកដល់បែរជាអ៊ីចឹង…។ ម្តាយចែកឋានតាំងពីព្រឹកថ្ងៃចន្ទ គ្រប់គ្នាលាក់គាត់ជិតឈឹង មិនហ៊ានឱ្យដឹងទេ។ កូនមិនទាន់បានប្រាប់ មិនបានលា មិនបានសូម្បីទាន់ដង្ហើមអ្នកមានគុណ… អារម្មណ៍មួយនេះ… ពីក្មេងម្នាក់ដែលស្លូតបូត មិនសូវមាត់ក តែឧស្សាហ៍ព្យាយាម ខិតខំរៀនសូត្រ និងមើលថែអ្នកមានគុណ។ តែចុងក្រោយ លោកមិនបាននៅមើលឃើញពីលទ្ធផលនៃការប្រឹងប្រែងរបស់កូនឡើយ។ អ្នកគ្រូ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង…”។

ចំណែកអ្នកគ្រូបង្រៀន ១រូបទៀត ឈ្មោះ ចាន់ គឹមហ៊ាង ដែលជាគ្រូបង្រៀនរបស់យុវជន ភៅ វ៉ាត ផងដែរនោះ បានបង្ហោះសំណេរ នៅលើគណនីបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ថា “ចូលរួមរំលែកទុក្ខផងណាកូនប្រុស Vát ថ្ងៃកូនប្រឡង បែរជាថ្ងៃដែលម្តាយលាចាកលោក សុំទោសណាដែលអ្នកគ្រូដឹងដំណឹងហើយ តែគ្រូមិនហ៊ានប្រាប់ទេ ព្រោះវាជាថ្ងៃចុងក្រោយ ដែលកូនខំប្រឹងតស៊ូមកច្រើនឆ្នាំហើយ រឹងមាំណាកូនប្រុស គ្រូម្នាក់នេះ នៅចាំឱ្យកម្លាំងចិត្ត…”៕