ភ្នំពេញ ៖ យុវជនម្នាក់ ទើបនឹងឡើងមកពីស្រុកកំណើត ឯខេត្តសៀមរាប មកស្នាក់នៅក្នុងការដ្ឋានសំណង់ជាមួយឪពុក នៅរាជធានីភ្នំពេញ ទើបបាន២ថ្ងៃ ស្រាប់តែបាត់ខ្លួន មិនដឹងមូលហេតុ ធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភយ៉ាងខ្លាំង បានតាមរកគ្រប់ទីកន្លែង ប៉ុន្តែមិនឃើញ ទើបសម្រេចកាន់រូបថតកូនប្រុស ចូលមកសុំឱ្យសមត្ថកិច្ច និងអាជ្ញាធរសង្កាត់ចោមចៅទី៣ ជួយអន្តរាគមន៍។

ករណីកូនប្រុសបាត់ខ្លួន ឪពុកម្តាយកាន់រូបថត មករកសមត្ថកិច្ចឱ្យជួយអន្តរាគមន៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០ទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។
យុវជនដែលបាត់ខ្លួន មានឈ្មោះតេង មេសា អាយុ១៨ឆ្នាំ មានឪពុកឈ្មោះតេង ស៊ើប អាយុ៤៧ឆ្នាំ មុខរបរកម្មករសំណង់ ម្តាយឈ្មោះជៀក អែម អាយុ៤១ឆ្នាំ និងមានលំនៅ ភូមិគោកក្បាត់ ឃុំចាឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។
តាមសម្តីបុរសជាឪពុក បានរៀបរាប់ប្រាប់ថា គាត់បានមកស្នាក់នៅ ធ្វើជាជាងសំណង់ នៅក្នុងការដ្ឋានសំណង់ មួយកន្លែង នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រីឯប្រពន្ធគាត់និងកូនប្រុសខាងលើ មិនបានមកនៅជាមួយនោះទេ គឺពួកគាត់នៅផ្ទះ ឯខេត្តសៀមរាប។ លុះដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ កូនប្រុសឈ្មោះតេង មសា បានធ្វើធ្វើដំណើរចាកចេញពីផ្ទះ មកកាន់រាជធានីភ្នំពេញ ដើម្បីរកការងារសំណង់ធ្វើ ដោយបានមកដល់កន្លែងដែលគាត់ជាឪពុកស្នាក់នៅ ក្នុងការដ្ឋានសំណង់ កាលពីវេលាម៉ោង៩យប់ ថ្ងៃដដែលនោះ ហើយក៏បានស្នាក់នៅក្នុងការដ្ឋានសំណង់នោះជាមួយគាត់។
បុរសជាឪពុក បន្តថា ពេលនោះពុំទាន់រកកាងារបានធ្វើនៅឡើយទេ ស្រាប់តែនៅវេលាយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ កូនប្រុសគាត់ ស្រាប់តែបាត់ខ្លួន ដោយគ្មានមូលហេតុ ពុំដឹងថា វង្វេងបាត់ ឬក៏មានបញ្ហាអ្វីកើតឡើងនោះឡើយ។ ពេលបាត់ខ្លួននោះ កូនគាត់មានតែខោអាវ ១កំប្លេជាប់ខ្លួនប៉ុណ្ណោះ គ្មានអ្វីផ្សេងទៀតនោះទេ ហើយគាត់ក៏បានតាមដើររកដែរ ប៉ុន្តែរកមិនឃើញសោះ រួចក៏បានទូរស័ព្ទសួរប្រពន្ធនៅផ្ទះថា មានឃើញកូនទៅផ្ទះវិញទេ? ប្រពន្ធប្រាប់ថាអត់ឃើញទេ ។ ក្រោយពេលទទួលដំណឹងថា បាត់កូនបែបនេះ ប្រពន្ធគាត់បានធ្វើដំណើរចេញពីផ្ទះ មករាជធានីភ្នំពេញ ដើម្បីជួយរកកូនប្រុសដែរ ហើយរហូតមកដល់ពេលនេះ មានរយៈពេល៣ថ្ងៃហើយ នៅតែរកកូនមិនឃើញដដែល។

ប្តីប្រពន្ធខាងលើ បានអះអាងថា កូនប្រុសគាត់ មានសតិស្មារតី និងកាយសម្បទាល្អជាធម្មតាទេ ហើយក៏មិនដែលមានស្នេហាជាមួយស្រីណា ដែលអាចឱ្យរូបគេរត់តាមស្រីនោះដែរ។ ចំណែកការបាត់ខ្លួននេះ មិនដឹងថាមានរឿងអ្វីទេ ពិតជាធ្វើឱ្យពួកគាត់មានការព្រួយបារម្ភខ្លាំង ណាស់ ហើយដោយសារតែមិនដឹងថាត្រូវទៅរកកូននៅទីណា ទៀតនោះ ទើបនោវេលាព្រឹកថ្ងៃទី១១ ខែសីហា ពួកគាត់ក៏បានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសុំឱ្យនគរបាលជួយស្រាវជ្រាវរកកូនប្រុស៕