ខេត្តកំពង់ធំ ៖ យុវជនម្នាក់ ជាបេក្ខជនប្រឡងបាក់ឌុប រៀបចំខ្លួនចេញទៅប្រឡង (ថ្ងៃបញ្ចប់) ក៏ដាស់ឪពុក ឱ្យជូនទៅ តែឪពុកមិនក្រោក ទើបចេញទៅមណ្ឌលប្រឡង ដោយខ្លួនឯង ស្រាប់តែចេញពីប្រឡង មកវិញ ទើបដឹងថា ឪពុករបស់ខ្លួន បានដេកស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិចំបក់ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។
បុរសរងគ្រោះដែលដេកស្លាប់ មានឈ្មោះអុប អារ៉ែន ហៅម៉ៅ ត្រូវជាឪពុកបង្កើតរបស់យុវជនឈ្មោះអ៊ាង សីហា ភេទប្រុស អាយុ២២ឆ្នាំ ជាសិស្សថ្នាក់ទី 12B នៃវិទ្យាល័យហ៊ុនសែន ក្រវា និងជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលវិទ្យាល័យស្ទឹងសែន។

តាមប្រភពសាច់ញាតិរបស់សព បានឱ្យដឹងថា បេក្ខជន អ៊ាង សីហា ពុំបានដឹងពីដំណឹងមរណភាពរបស់ឪពុកនោះទេ ដោយមុនកើតហេតុ នៅថ្ងៃប្រឡងបញ្ចប់ យុវជន អ៊ាង សីហា បានរៀបចំខ្លួនចេញទៅប្រឡង រួចបានដាស់ឪពុក បំណងឱ្យជូនទៅមណ្ឌលប្រឡង តែឪពុកមិនភ្ញាក់ ចំណែកយុវជនរូបនោះ ក៏មិនចាប់អារម្មណ៍ ទើបចេញទៅប្រឡង ដោយខ្លួនឯង ខណៈសាច់ញាតិ ក្រោយពីបានដំណឹងភ្លាមៗ ក៏មិនហ៊ានប្រាប់យុវជន អ៊ាង សីហា ដែរ ខ្លាចប៉ះពាល់អារម្មណ៍និងការប្រឡង ទើបព្យាយាមលាក់ បាំង រហូតដល់យុវជនរូបនេះ ប្រឡងចប់ ត្រឡប់មកផ្ទះ វិញទើបប្រាប់ដំណឹង។

តាមប្រភពបុរសឈ្មោះ កៀត ស៊ុយ ត្រូវជាប្អូនថ្លៃសព បានសរសេរនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ថា “បេះដូងឪពុក ជូនមកប្រឡង ដេកស្លាប់ កូនដាស់មិនភ្ញាក់ ក៏ចេញ ទៅប្រឡងបាត់ ពេលនេះ កូនក៏មិនដឹងឪពុកស្លាប់ដែរ បងប្រុស បងល្អពេកហើយ សូមវិញ្ញាណក្ខន្ធបង ទៅកាន់សុខគតិភព និងអាយុវែងជាងនេះ បងបានធ្វើល្អនិងជាឪពុកល្អហើយ ជាចុងក្រោយ ក៏ជូនពរក្មួយ ឱ្យជួបតែសំណាងល្អ និងប្រឡងជាប់ ដើម្បីតបស្នងសងគុណដល់ឪពុក ដែលហ៊ានលះបង់គ្រប់យ៉ាង ដើម្បីកូន ញញឹមហើយ ចូលទៅប្រឡងវិញ ទាំងមិនដឹងរឿង សុំទោសផងក្មួយប្រុស ដែលពូលាក់បាំង…”។

នេះជារឿងដ៏ក្រៀមក្រំ និងគួរឱ្យសោកស្តាយបំផុត ដែលឪពុកម្នាក់បានប្រឹងប្រែងដើម្បីកូន បែរជាពុំអាចមើលឃើញពីភាគជោគជ័យរបស់កូនប្រុសរបស់ខ្លួន និងទៅបាត់ដោយមិនបានលាកូន គ្រួសារ និងសាច់ញាតិ សូម្បីមួយម៉ាត់៕

