ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជំងឺគ្រុនឈាម និងការផ្តល់សេវាព្យាបាល ជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ស្របពេលដែល ស្ថានភាពជំងឺនេះ បានកើនឡើង ចំនួន៣៣២នាក់ និងកំពុងស្ថិតក្រោមការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។

តាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ជំងឺគ្រុនឈាម បានផ្ទុះឡើងខ្លាំងចាប់ពីចុងខែមិថុនា ឆ្នាំ២០២៦ ហើយគិតមកដល់ពេលនេះ មានអ្នកជំងឺ សរុបចំនួន៣៣២នាក់។ ក្នុងចំណោមនេះ មានអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៥៨នាក់ អ្នកជំងឺថ្មី ចំនួន ១៨នាក់ អ្នកជំងឺបានជាសះស្បើយ ចំនួន ២៤៨នាក់ និងមានអ្នកជំងឺ ចំនួន១៧នាក់ ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់អ្នកជំងឺ ព្រមទាំងបានណែនាំដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ ដោយអនុវត្តតាមគោលការណ៍បច្ចេកទេស និងវិធានការសុខាភិបាល ឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានណែនាំដល់មន្ទីរសុខាភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ឱ្យបន្តពង្រឹងការងារបង្ការនិងទប់ស្កាត់ជំងឺគ្រុនឈាម តាម រយៈការផ្សព្វផ្សាយអប់រំសុខភាព និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការលុបបំបាត់ជម្រកមូសខ្លា ជាពិសេសការកម្ចាត់ទឹកដក់នៅជុំវិញលំនៅឋាន និងរក្សាអនា ម័យបរិស្ថាន ឱ្យបានជាប្រចាំ។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម។ ក្នុងករណីមានរោគសញ្ញាសង្ស័យ គួរប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីទទួលបានការពិនិត្យនិងព្យាបាល ឱ្យបានទាន់ពេលវេលា៕
