Homeសង្គម និងជីវិត៧ខែទៀតរៀបការ មេប៉ុស្តិ៍ស្លាប់ គូដណ្តឹងទួញយំ សុំធ្វើប្រពន្ធជាតិក្រោយ

៧ខែទៀតរៀបការ មេប៉ុស្តិ៍ស្លាប់ គូដណ្តឹងទួញយំ សុំធ្វើប្រពន្ធជាតិក្រោយ

ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍កម្លាំងសមត្ថកិច្ច និងប្រជាការពារ ចុះបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវជនបង្កហេតុ បំផ្ទុះគ្រាប់បែក បណ្តាលឱ្យពលី ដល់ទៅ៥នាក់នោះ បានធ្វើមហាជនតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ហើយអ្វីដែល កាន់តែសង្វេគថែមទៀតនោះ គឺជនរងគ្រោះ ១រូប ក្នុងចំណោមនោះ (លោកអនុសេនីយ៍ឯក សាម រ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាល អូរសោម) នៅសល់តែរយៈពេល ៧ខែទៀត នឹងដល់ថ្ងៃចូលរោងការទៅហើយ បែរជាត្រូវពលីក្នុងពេលបំពេញការងារ ធ្វើឱ្យនារីជាគូដណ្តឹង ទួញយំ បោកខ្លួនដូចអកព្រាត់គូ និងបន់ផ្សងសុំធ្វើជាប្តីប្រពន្ធនឹងគ្នា នៅជាតិក្រោយ។

កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ កញ្ញា ឈឿន ម៉ានិច្ច ត្រូវជាគូដណ្តឹងលោកអនុសេនីយ៍ឯក សាម រ៉ា បានបង្ហោះកម្មវិធីបុណ្យខួប៧ថ្ងៃ សពគូដណ្តឹងរបស់ខ្លួន ភ្ជាប់ជាមួយសំណេរថា “នាងខ្ញុំ តំណាងគ្រួសារសព សូមគោរពអញ្ជើញភ្ញៀវកិត្តិយសជិតឆ្ងាយ ចូលរួមបុណ្យសព គម្រប់៧ថ្ងៃ របស់គួដណ្តឹងនាងខ្ញុំ ឈ្មោះសាម រ៉ា ថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ជាចុងក្រោយ ដោយនាងខ្ញុំមិនបានអញ្ជើញភ្ញៀវកិត្តិយស ដោយផ្ទាល់ នាងខ្ញុំសូមអភ័យទោសភ្ញៀវទាំងអស់។ ជាចុងក្រោយ សូមអរគុណ និងអរព្រះគុណ…”។

ដោយឡែក នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នារីជាគូដណ្តឹងនាយប៉ុស្តិ៍រដ្ឋបាលអូរសោម  បានសរសេរបន្ថែមថា “បងអើយ! ម្តេចទៅចោលអូន? មុនបងទៅចោលអូន យើងនិយាយគ្នាបាន ២ថ្ងៃ ថាយើងយកកូនតែ ២ទេ ម៉េចអ៊ីចឹងៗ … បងលែងលួងអូនហើយ បងដាច់ចិត្តណាស់ បងអើយ! បងមករកអូនវិញមកប្តីអើយ! អូនរស់មិនបានទេ ប្តីអើយ! បងល្អណាស់ មកវិញមក យើងជិតរៀបការហើយ ប្តីអើយ!…”។

បន្ទាប់មក នារីជាគូដណ្តឹង បានបង្ហោះរូបគូដណ្តឹងរបស់ខ្លួន ដាក់ទន្ទឹមនឹងរូបភាពរបស់ខ្លួនដែលកំពុងគ្រងឯកសណ្ឋានរបស់គូដណ្តឹង ភ្ជាប់ជាមួយសំណេរថា “បើមានជាតិក្រោយ អូនសុំធ្វើជាប្រពន្ធបង ពេញច្បាប់ណាប្តី…”។

នារីឈ្មោះ សៀវ អឺ ត្រូវជាប្អូនស្រីរបស់ជនរងគ្រោះ (នាយប៉ុស្តិ៍ សាម រ៉ា) កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានសរសេរថា “បងអើយ! ដាច់ចិត្តទៅចោលចែម៉្លេះ? នៅតែ ៧ខែទៀត បងទាំងពីរ រៀបការហើយ ហេតុអីបងទុកឱ្យចែ នៅម្នាក់ឯង? បងអត់អាណិតចែទេហី?…”។

លុះមកដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ប្អូនស្រីរបស់លោក សាម រ៉ា បានបង្ហោះវីដេអូ បង្ហាញពីការបូជាសពលោកនាយប៉ុស្តិ៍ ជាបងប្រុស ភ្ជាប់ជាមួយសំណេរថា “បងដាច់ចិត្តហា រយ:ពេល ៣ឆ្នាំ ទៅចោលចែ ទាំងមិនបានលា មិនសមទេបងអើយ! លឿនពេក បងអើយ! ថ្ងៃដែលបងការ ឆ្នាំ២០២៧ ខែ៣ ថ្ងៃ២០ ត្រូវនឹងថ្ងៃសុក្រ ចុះហេតុអីត្រូវបូជាសពបង ត្រូវនឹងថ្ងៃហ្នឹងល្អម៉្លេះ?…”។

ក្រៅពីនេះ ទាំងសាច់ញាតិរបស់សព និងសាច់ញាតិខាងនារីជាគូដណ្តឹង រួមទាំងម្តាយ បានបង្ហោះវីដែអូ ជាច្រើនឃ្លីប បង្ហាញពីសំណោករបស់នារីជាគូដណ្តឹង ទួញយំ សោកបោកខ្លួន ស្តាយស្រណោះអាឡោះអាល័យបុរសជាគូដណ្តឹង មើលទៅគួរឲ្យសង្វេគ ទប់ទឹកភ្នែកមិនជាប់គ្រប់គ្នា ដែលមិនគួរណា ជនញៀនថ្នាំ អប្រិយឫស្យា បំផ្ទុះគ្រាប់បែក ប្រហារជីវិតមនុស្ស ធ្វើឲ្យសាច់ញាតិជនរងគ្រោះ បាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេ តែក្នុងមួយប្រប្រិចភ្នែក ជាពិសេស នារីជាគូដណ្តឹងរបស់លោកនាយប៉ុស្តិ៍ សាម រ៉ា បានយំសោក ស្ទើរតែខ្សោះអស់ទឹកភ្នែកទៅហើយ នារយ:ពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ខណៈដែលពួកគេកំពុងស្រឡាញ់គ្នាពេញបេះដូង សង្ឃឹមរង់ចាំតែដល់ថ្ងៃរៀបការ សាងគ្រួសារមួយជាមួយគ្នា បែរជាមានជនពាលឃោរឃៅ មកពង្រាត់ចេញទៅដោយគ្មានថ្ងៃវិលត្រឡប់ …។

គួររំលឹកថា កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ មានហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើង នៅចំណុចអូរបាយក្រៀម ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបុរសម្នាក់ សេពថ្នាំញៀនរហូតបែកថ្នាំ បានប្រើអំពើហិង្សា វាយដំប្រពន្ធ ធ្វើឱ្យប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ លុះកម្លាំងសមត្ថកិច្ចនិងប្រជាការពារ ចុះមកដល់កន្លែងកើតហេតុ ជនសង្ស័យបានកាន់គ្រាប់បែកគំរាមមិនឱ្យសមត្ថកិច្ចចូលជិតខ្លួន លុះកម្លាំងប្រជាការពារនិងសមត្ថកិច្ច ចូលទៅចាប់ឃាត់ខ្លួន ស្រាប់តែជនសង្ស័យ បានបំផ្ទុះគ្រាប់បែក បណ្តាលឱ្យស្លាប់ទាំងខ្លួនឯងនិងកម្លាំងសមត្ថកិច្ចនគរបាល ២រូប ព្រមទាំងប្រជាការពារ ៣រូបទៀត (សរុបបាត់បង់ជីវិត ចំនួន៦នាក់) ខណៈប្រជាការពារម្នាក់ទៀត របួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ជនបង្កហេតុដែលបំផ្ទុះគ្រាប់បែក បណ្តាលឱ្យស្លាប់ខ្លួនឯង និងកម្លាំងសមត្ថកិច្ចនោះ មានឈ្មោះអែម ដុំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ចំណែកកម្លាំងសមត្ថកិច្ចរងគ្រោះ ទាំង៥នាក់ ដែលពលីក្នុងហេតុការណ៍ ខាងលើ រួមមាន ទី១-លោកអនុសេនីយ៍ឯក សាម រ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម។ ទី២-លោកអនុសេនីយ៍ត្រី សូ សុវណ្ណារិទ្ធ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម។ ទី៣-លោកជន ប្រឹម ប្រជាការពារភូមិឆាយលូក។ ទី៤-លោកសុខ អាន ប្រជាការពារភូមិឆាយលូក និងទី៥-លោកចិន្តា ប្រជាការពារភូមិឆាយលូក។ ដោយឡែកកម្លាំងប្រជាការពារភូមិឆាយលូក ១រូបទៀត ដែលរងរបួសធ្ងន់ មានឈ្មោះ វ៉ី វឿន។

ជុំវិញហេតុការណ៍ខាងលើ នៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីប្រកាស ព័ត៌មានបឋមថា ក្នុងករណីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម ដឹកនាំកម្លាំងចុះបង្ក្រាបករណីមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងប្រើអំពើ ហិង្សាក្នុងគ្រួសារ បណ្តាលឱ្យស្លាប់ ៦នាក់ របួសធ្ងន់ ១នាក់។

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចអូរបាយក្រៀម ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ មានករណីប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារ ដោយប្រពន្ធជនសង្ស័យ បានទៅ ប្តឹងលោកមេប៉ុស្តិ៍អូរសោម អំពីប្តីរបស់ខ្លួន ឈ្មោះអែម ដុំ បានប្រើអំពើហិង្សា វាយដំមកលើខ្លួន។ ក្រោយពីបានទទួលពាក្យបណ្តឹងពីប្រពន្ធជនសង្ស័យភ្លាម លោកអនុសេនីយ៍ឯក សាម រ៉ា នាយប៉ុស្តិ៍ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារ សរុបចំនួន៧នាក់ ចេញទៅ អន្តរាគម៍ភ្លាមៗនៅកន្លែងកើតហេតុ លុះពេលចូលទៅបង្ក្រាប ដើម្បីនាំខ្លួនជនសង្ស័យ ត្រុវបានជនសង្ស័យគំរាមកម្លាំងសមត្ថកិច្ច កុំឱ្យចូល។ ពេលនោះ លោកមេប៉ុស្តិ៍ និងប្រជាការពារ បានស្ទុះចូលទៅចាប់ខ្លួនជនសង្ស័យ ដែលមានគ្រាប់បែកនៅដៃ ក៏បំផ្ទុះគ្រាប់បែកតែម្តង។

ក្នុងប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារនេះ បណ្តាលឱ្យពលីមន្ត្រីនគរបាលជាតិ និងប្រជាការពារ សរុបចំនួន៥នាក់ ស្លាប់ជនបង្កហេតុ ១នាក់ និងរបួសប្រជាការពារ ១នាក់ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ រួមមាន ៖ ១- លោកអនុសេនីយ៍ឯក សាម រ៉ា នាយប៉ុស្តិ៍ (ស្លាប់) ២- លោកអនុសេនីយ៍ត្រី សូ សុវណ្ណារិទ្ធ មន្ត្រីប៉ុស្តិ៍ (ស្លាប់) ៣- លោកជន ប្រឹម ប្រជាការពារ (ស្លាប់) ៤- លោកសុខ អាន ប្រជាការពារ (ស្លាប់) ៥-លោកចិន្តា ប្រជាការពារ (ស្លាប់) ៦- ជនបង្កហេតុ ឈ្មោះអែម ដុំ (ស្លាប់) ៧- លោក វ៉ី វឿន ប្រជាការពារ (រងរបួសធ្ងន់)។

បន្ទាប់ពីកើតមានហេតុការណ៍ខាងលើ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលខេត្ត រួមទាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងដំណើរការរៀបចំពិធីបុណ្យសព មន្ត្រីនគរបាលជាតិ និងកម្លាំងប្រជាការពារ។ ជាមួយគ្នានេះ ត្រូវបន្តខិតខំស្រាវជ្រាវទាំងមុខសញ្ញាចែកចាយគ្រឿងញៀន ក្នុងមូលដ្ឋាននោះ និងប្រភពគ្រាប់បែក ដែលជនបង្កហេតុ បានប្រើប្រាស់។  លោកបណ្ឌិត ស សុខា ក៏បានលើកឡើងថា “ករណីនេះ បានដាស់តឿន យើងថា គ្រឿងញៀន គឺជាឃាតករ និងជាសត្រូវដ៏អាក្រក់របស់យើងទាំងអស់គ្នា”៕

RELATED ARTICLES