ភ្នំពេញ ៖ តារាកំប្លែងល្បី លោកប៉ុល សារឿន ហៅនាយតាក់ស៊ី ទទួលបានការសម្របសម្រួល និងជួយឧបត្ថម្ភយ៉ាងយកចិត្តទុកដាក់ពីសំណាក់សប្បុរសជន និងថ្នាក់ដឹកនាំ ដើម្បីសង្គ្រោះជីវិតរបស់លោក ពីជំងឺទឹកនោមផ្អែម ដ៏ធ្ងន់ធ្ងរ។ ការកាត់ជើងចុងក្រោយ របស់តារាកំប្លែងរូបនេះ បានទទួលជោគជ័យ ។ ចំណែកតារាកំប្លែងរួមក្រុម នាយក្រូច រួមតាំងតារាកំប្លែងឧកញ៉ា នាយឃ្លោក បានបញ្ចេញសារអនិច្ចាវាសនានាយតាក់ស៊ី ដែលពីមុន ជាតារាល្បី តែឥឡូវក្លាយជាតារាជើងខ្លី ដោយសារជំងឺទឹកនោមផ្អែមស៊ីជើង និងថា មនុស្សម្នាក់ៗ មើលថ្ងៃចុងក្រោយមិនឃើញទេ ដូច្នេះមានតែការលើកទឹកចិត្តឲ្យនាយតាក់ស៊ី តស៊ូបន្តទៀត។

នាយក្រូច ដែលជាអតីតមិត្តរួមក្រុមកំប្លែង បានបង្ហោះរូបភាពនាយតាក់ស៊ី ក្រោយពេលវះកាត់ជើងត្រឹមកំភួនជើង ដើម្បីសង្គ្រោះជីវិត ពីជំងឺទឹកនោមផ្អែម នៅក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ជាមួយសំណេរថា «អនិច្ចាវាសនានាយតាក់ស៊ី ពីមុន ជាតារាល្បី ឥឡូវជើងខ្លី ដោយសារជំងឺទឹកនោមផ្អែមស៊ី ។ មនុស្សម្នាក់ៗ មើលថ្ងៃចុងក្រោយមិនឃើញទេ»។
ចំណែកតារាកំប្លែងឧកញ៉ា នាយឃ្លោក ក៏បានបង្ហោះរូបភាពនាយតាក់ស៊ី ដូចគ្នានឹងរូបដែលនាយក្រូច បានបង្ហោះដែរ ក្នុងទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃដដែលនោះ ជាមួយសំណេរថា «ឃើញរូបភាពនេះហើយ ខ្ញុំពិតជាអាណិតនាយតាក់ស៊ី អនិច្ចាវាសនានាយតាក់ស៊ី ពីមុនជាតារាល្បី ឥឡូវជើងខ្លី ដោយសារជំងឺទឹកនោមផ្អែមស៊ី ។ មនុស្សម្នាក់ៗ មើលថ្ងៃចុងក្រោយមិនឃើញទេ ដូច្នេះមានតែការលើកទឹកចិត្តឲ្យនាយតាក់ស៊ី តស៊ូបន្តទៀត»។
គួររំលឹកថា លោកប៉ុល សារឿង ហៅនាយតាក់ស៊ី បានរងទុក្ខដោយសារជំងឺទឹកនោមផ្អែម រ៉ាំរ៉ៃជាច្រើនឆ្នាំ ដែលបណ្តាលឱ្យមានផលវិបាកធ្ងន់ដល់សរីរាង្គផ្សេងៗ។ ដោយសារស្ថានភាពមុខរបួសធ្វើទុក្ខខ្លាំង ក្រុមគ្រូពេទ្យ បានសម្រេចចិត្តធ្វើការកាត់ម្រាមដៃ ម្រាមជើង និងកាត់ជើងម្ខាង ត្រឹមកំភួនជើង ដើម្បីទប់ស្កាត់ការរាលដាលនៃមេរោគ និងរក្សាជីវិតរបស់តារាកំប្លែងល្បីរូបនេះ បន្ទាប់ពីដើមឆ្នាំ២០២៥ លោកធ្លាប់បានទទួលការវះកាត់ប្តូរក្រលៀន (តម្រងនោម) ដោយជោគជ័យ ម្តងរួចមកហើយ។

ក្រោយពីឃើញស្ថានភាពដ៏លំបាក លោកស្រីឧកញ៉ា ណូ សុភា រួមទាំងសិល្បករ សិល្បការិនី និងសប្បុរសជនជាច្រើន បានប្រកាសផ្តល់ជំនួយឧបត្ថម្ភ ជាបន្តបន្ទាប់ ដើម្បីជួយសម្រាលបន្ទុកថ្លៃព្យាបាលជំងឺនាយតាក់ស៊ី ដែលធ្វើឲ្យនាយចាប់ផ្ដើមមានសង្ឃឹមក្នុងជីវិត នឹងខំប្រឹងជម្នះនឹងជំងឺដ៏កាចសាហាវនេះតទៅទៀត ហើយជារឿយៗ រាល់ពេលដែលមានការជួយ លោកតែងតែមិនភ្លេចអរគុណដល់អ្នកដែលបានជួយ ។ ជាក់ស្ដែងចុងក្រោយនេះ លោកបានប្រើពាក្យ «អរគុណមេជួយ» ដែលចង់បង្ហាញពីទឹកចិត្តដឹងគុណយ៉ាងជ្រាលជ្រៅពីសំណាក់អ្នកគាំទ្រ និងក្រុមគ្រួសាររបស់លោក ចំពោះថ្នាក់ដឹកនាំ និងសប្បុរសជនទាំងអស់ ដែលមិនបោះបង់រូបលោក នៅក្នុងគ្រាដ៏លំបាកបំផុតនេះ ព្រមទាំងគាំទ្រលោកឲ្យទទួលយកការវះកាត់ជើង រហូតទទួលជោគជ័យ ។
អ្វីដែលមានន័យជ្រាលជ្រៅបន្ថែមជាងនេះ ពាក្យ “អរគុណមេជួយ” គឺនាយចង់សំដៅទៅលើប្រពន្ធក្រោយ របស់លោក ព្រោះក្រៅពីមហាជន និងអ្នកគាំទ្រជាច្រើន នៅលើបណ្តាញសង្គម នៅតែបន្តសម្តែងការអាណិតអាសូរ និងផ្ញើសារជូនពរឱ្យលោកមានកម្លាំងចិត្តរឹងមាំ ដើម្បីតស៊ូជម្នះមុខរបួស និងឆាប់បានធូរស្បើយឡើងវិញ គឺមានតែស្រ្តីម្នាក់នេះហើយ ដែលនៅក្បែរលោក មើលថែលោក ដោយគ្មានការធុញទ្រាន់ ។ ទឹកចិត្តនិងការលះបង់របស់ភរិយាលោក គឺជាកម្លាំងចិត្តដ៏ធំធេងបំផុត ដែលជួយឱ្យលោកអាចឆ្លងកាត់ដំណាក់កាលគ្រោះថ្នាក់ និងការវះកាត់ធំៗជាបន្តបន្ទាប់។ នៅក្នុងគ្រាដ៏លំបាកនៃជីវិតនេះ ពាក្យពេចន៍ថ្លែងអំណរគុណទៅកាន់ភរិយា បានឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត។
នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ក្រោយវះកាត់រួចហើយ នាយតាក់ស៊ី បានចេញវីដេអូ អរគុណអ្នកទាំងអស់គ្នា ដោយលោកបាននិយាយថា “បាទ! សូមជម្រាបសួរ ពុកម៉ែ បងប្អូនក្នុងនិងក្រៅប្រទេស! ខ្ញុំបាទ នាយតាក់ស៊ី ឥឡូវបានចេញពីបន្ទប់អាយស៊ីយូ វិញហើយ មកសម្រាកនៅបន្ទប់ធម្មតា ។ អ៊ីចឹងគេបើកឲ្យបងប្អូន សាច់ញាតិ មិត្តភក្ដិ មកសួរសុខទុក្ខវិញហើយ អាចសួរសុខទុក្ខបាន ។ អ៊ីចឹងបងប្អូន មិត្តភក្ដិ ក្រុមការងារ ដែលចង់មកសួរសុខទុក្ខខ្ញុំបាទ ឥឡូវអាចមកសួរសុខទុក្ខបាន នៅពេទលោកសង្ឃ ជាន់ទី៦ ។ អ៊ីចឹងបងប្អូនអាចមកសួរសុខទុក្ខបានណាបងប្អូនណា អរគុណទុក្ខជាមុន អរគុណច្រើន!“ ។
នៅក្នុងវីដេអូនោះដែរ ប្រពន្ធនាយតាក់ស៊ី ដែលលោកហៅថា មេនោះ បាននិយាយថា ការវះកាត់អវយវៈ (ដៃជើង) របស់ប្ដីអ្នកស្រីនេះ មិនមែនជាការសម្ដែង ដូចដែលមានអ្នកមួយចំនួន បានខម្មិននៅក្នុងហ្វេសប៊ុក នោះទេ គឺជាការកាត់ជាក់ស្ដែងពិតប្រាកដ ដោយគិតមកដល់ការកាត់ចុងក្រោយនេះ ម្រាមដៃសរុបទាំងអស់១០ បានកាត់អស់៥ នៅសល់តែ៥ ឯជើងម្ខាង កាត់ដល់ក្រោមជង្គង់ ។ ដូច្នេះអ្នកស្រីសុំឲ្យអ្នកដែលបានចូលខម្មិនទាំងអស់នោះ សូមមេត្តាខម្មិនប្រកបដោយក្រមសីលធម៌ផង ។
ក្រៅពីសំណូមដល់មហាជន និងការនៅមើលថែប្ដី យ៉ាងដិតដល់ ភរិយានាយតាក់ស៊ី ក៏បានឆ្លើយតបទៅនឹងមនុស្សចំនួន ដែលគិតថា អ្នកស្រីអាចនឹងរត់ចោលប្ដី ដោយអ្នកស្រីបានសរសេរថា “ខ្ញុំនៅហ្នឹងទេ អ្នកណាទៅដាច់ចិត្តទៅចោលម្ចាស់ជីវិតខ្លួនឯងហ្នឹង“ ។

ជាមួយគ្នានោះដែរ ដើម្បីបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ខ្លួនពិតជាមិនអាចរត់ចោលប្ដីដែលកំពុងមានជំងឺ បានជាដាច់ខាតនោះ ស្ត្រីជាប្រពន្ធនាយតាក់ស៊ី បានបង្ហោះ វីដេអូសកម្មភាពអ្នកស្រីមើលថែ បញ្ចុកបបរប្ដី ជូតមាត់ប្ដី ដោយគ្មានការខ្ពើមរអើម ហើយនាយតាក់ស៊ី ក៏បានបញ្ជាក់នៅក្នុងវីដេអូនោះ ក្នុងន័យលើកកម្លាំងចិត្តឲ្យខ្លួនឯងថា ពេលចេញមន្ទីរពេទ្យវិញ នាយនិងប្រពន្ធ នឹងឡាយ (Live) លក់សាប៊ូវិញ សូមជួយទិញពួកលោកផង ។
សម្រាប់មហាជន បានកោតសរសើរចំពោះការមើលថែ មិនឃ្លាតកាយ របស់ភរិយានាយតាក់ស៊ី ដោយបានធ្វើការកត់សម្គាល់ថា ចាប់តាំងពីដំណាក់កាលព្យាបាលជំងឺទឹកនោមផ្អែម, ទឹកដក់ក្នុងសួត, ការវះកាត់ប្តូរក្រលៀន រហូតដល់ការវះកាត់កាត់ម្រាមដៃ និងជើងចុងក្រោយនេះ គឺភរិយារបស់លោក តែងតែនៅក្បែរ ជួយមើលថែទាំអាហារ អនាម័យ និងផ្តល់កម្លាំងចិត្តជានិច្ច។ រហូតមជ្ឈដ្ឋានទាំងនោះ នៅចាំយ៉ាងច្បាស់ថា កាលពីអំឡុងពេលវះកាត់ប្តូរក្រលៀន ភរិយារបស់លោក ដែលប្រើប្រាស់គណនីសង្គម ឈ្មោះ “យាយផឹម ប្រពន្ធនាយតាក់ស៊ី” បានបង្ហោះសារទាំងទឹកភ្នែក ដោយសារក្តីនឹករលឹក និងបារម្ភពីស្វាមីខ្លាំង ព្រោះច្បាប់មន្ទីរពេទ្យ មិនអនុញ្ញាតឱ្យមានអ្នកកំដរនៅក្នុងបន្ទប់ឡើយ។ ដូច្នេះហើយ មហាជននិងសិល្បកររួមអាជីព បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះភរិយានាយតាក់ស៊ី ដែលជាស្ត្រីស្មោះស្ម័គ្រ មិនបោះបង់ប្តី នៅក្នុងគ្រាមានទុក្ខលំបាក នៅជួយមើលថែយ៉ាងយកចិត្តទុកដាក់។ ។

សូមបញ្ជាក់ថា ការសម្រេចចិត្តវះកាត់ (កាត់ជើងម្ខាង) របស់នាយ តាក់ស៊ី គឺជាជម្រើសចុងក្រោយបង្អស់របស់ក្រុមគ្រូពេទ្យ ដើម្បីការពារអាយុជីវិតរបស់លោក។ បច្ចុប្បន្នភាពនៃការវះកាត់ និងការវិវឌ្ឍចុងក្រោយ រួមមាន កម្រិតនៃការកាត់ ដោយសារមេរោគពីជំងឺទឹកនោមផ្អែម បានស៊ីរាលដាលខ្លាំង គ្រូពេទ្យបានសម្រេចចិត្តកាត់ជើងរបស់នាយ ត្រឹមក្រោមជង្គង់ ដើម្បីធានាថា ផ្នែកដែលឆ្លងមេរោគ ត្រូវបានកាត់ចោលទាំងស្រុង និងមិនបន្តរាលដាលដល់ផ្នែកខាងលើ។ ស្ថានភាពក្រោយវះកាត់ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ នាយត្រូវបន្តសម្រាកព្យាបាលរបួស ឱ្យជាសះស្បើយ និងតាមដានជាតិស្ករ ឱ្យបានដិតដល់បំផុត។

ចំពោះផែនការស្តារនីតិសម្បទា ក្រោយពេលមុខរបួសបានសះស្បើយទាំងស្រុងហើយ ក្រុមគ្រួសារនិងសប្បុរសជន មានបំណងជួយរៀបចំដំឡើងជើងសិប្បនិម្មិត (ជើងដេរ៉ា) ជូននាយតាក់ស៊ី ដើម្បីជួយឱ្យនាយអាចធ្វើចលនានិងរស់នៅបានងាយស្រួលជាងមុន។ ទោះបីជាត្រូវបាត់បង់ចើងម្ខាង ប៉ុន្តែមហាជននិងសិល្បកររួមអាជីព នៅតែបន្តសម្តែងការលើកទឹកចិត្តដល់របស់តារាកំប្លែងដែលធ្លាប់ផ្តល់សំណើចដល់សង្គម រូបនេះ៕ កុលបុត្រ