ខេត្តព្រះសីហនុ ៖ សត្វពង្រូល មួយក្បាល ដែលជាសត្វព្រៃកម្រ និងស្ថិតក្រោមការការពារ ត្រូវបានពុទ្ធបរិស័ទ មួយរូប ទិញពីកន្លែងដែលគេបម្រុងសម្លាប់ នាំយកមកប្រគេនព្រះចៅអធិការវត្តគិរីជលសា ស្ថិតនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

តាមការបញ្ជាក់ពីពុទ្ធបរិស័ទរូបនោះ ថាបានប្រទះឃើញនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នូវសត្វពង្រូល នៅកន្លែងដែលគេជួញដូរ ហើយដោយក្តីអាណិតអាសូរ និងចង់ជួយសង្គ្រោះជីវិតសត្វព្រៃដ៏កម្រនេះ គាត់ក៏សម្រេចចិត្តទិញយកមកប្រគេនព្រះចៅអធិការវត្តគិរីជលសា ក្រុងកោះរ៉ុង ដើម្បីថែរក្សាជាបណ្ដោះអាសន្ន និងស្វែងរកវិធីប្រគល់ជូនសមត្ថកិច្ចជំនាញ ឬមន្ត្រីអភិរក្សសត្វព្រៃ ចាត់ចែងតាមនីតិវិធី សំដៅឱ្យសត្វអាចវិលត្រឡប់ទៅរស់នៅក្នុងជម្រកធម្មជាតិវិញ ដោយសុវត្ថិភាព។

តាមប្រភពព្រះសង្ឃ នៅវត្តគិរីជលសា ក្រុងកោះរ៉ុង បានបញ្ជាក់ថា មានញោមម្នាក់ រស់នៅតំបន់កោះតូច ដោយមានសទ្ធាជ្រះថ្លា បានទិញសត្វពង្រូល មួយក្បាល ដែលជាសត្វព្រៃដ៏កម្រ ពីអ្នកដែលចាប់បាន យកមកប្រគេនព្រះចៅអធិការវត្តគិរីជលសា កោះរ៉ុង នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។
ព្រអង្គ ចាត់ទុកទង្វើប្រកបដោយមេត្តាធម៌នេះ ស្របតាមគន្លងព្រះពុទ្ធសាសនា មានគោលបំណងជួយសង្គ្រោះជីវិតសត្វព្រៃដ៏កម្រនេះ និងបង្កើតឱកាសឱ្យវាបានវិល ត្រឡប់ទៅរស់នៅក្នុងជម្រកធម្មជាតិវិញ តាមការសមស្រប និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ។

គួរបញ្ជាក់ថា សត្វពង្រូល គឺជាប្រភេទសត្វព្រៃដ៏កម្រ ដែលកំពុងប្រឈមនឹងការថយចុះចំនួនយ៉ាងខ្លាំង ដោយសារការបរបាញ់ និងការជួញដូរខុសច្បាប់។

ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការជួយសង្គ្រោះ និងរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ គឺជាចំណែកដ៏សំខាន់ក្នុងការអភិរក្សធនធានធម្មជាតិ និងជីវចម្រុះរបស់កម្ពុជា៕ ខៀវទុំ