Homeសង្គម និងជីវិតក្រុមគ្រូតឿ ទទួលស្គាល់កំហុស ផលិតវីដេអូ ប៉ះពាល់សីលធម៌សង្គម

ក្រុមគ្រូតឿ ទទួលស្គាល់កំហុស ផលិតវីដេអូ ប៉ះពាល់សីលធម៌សង្គម

ភ្នំពេញៈ គ្រូតឿ និងក្រុមការងារផលិតមាតិកាវីដេអូ តាមបណ្តាញសង្គម បានចូលខ្លួនបំភ្លឺលើការផលិតមាតិកា ប៉ះពាល់ដល់វិជ្ជាជីវៈពេទ្យ និងសីលធម៌សង្គម ដែលនាំឲ្យផ្ទុះប្រតិកម្ម នាពេលថ្មីៗនេះ ដោយបានទទួលស្គាល់កំហុស និងទទួលយកការអប់រំ ណែនាំនិងការតម្រង់ទិស ពីអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន។

លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន កាលពីថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ បានជួបជាមួយគ្រូតឿ និងក្រុម ការងារផលិតមាតិកា ដើម្បីអប់រំ ណែនាំ និងកែតម្រូវពួកគេ ពាក់ព័ន្ធការប្រើប្រាស់បដិរូបកាកបាទក្រហមមិនត្រឹមត្រូវ ព្រមទាំងការផលិតមាតិកាដែលប៉ះពាល់ដល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។

ជាលទ្ធផលនៃជំនួបនោះ ម្ចាស់ផេក និងក្រុមផលិតមាតិកា បានឯកភាពទទួលស្គាល់កំហុស និងព្រមព្រៀងអនុវត្តតាមវិធានការមួយចំនួន ដែលបានណែនាំ រួមមាន ៈ

១-លុបមាតិកាខុសឆ្គង ៖ ម្ចាស់ផេក «លីហួ កូនខ្មែរ» ឯកភាពលុបចោលទាំងស្រុង នូវរាល់មាតិកាដែលបានប្រើប្រាស់បដិរូបកាកបាទក្រហម ខុស។

២-កែតម្រូវមាតិកា ៖ ម្ចាស់ផេក “លីហួ កូនខ្មែរ” ត្រូវតែកែតម្រូវរាល់មាតិកាទាំងឡាយណា ដែលបានប្រើប្រាស់បដិរូបកាកបាទក្រហម មិនត្រឹមត្រូវ។

៣-សវនកម្មមាតិកាចាស់ៗ (រយៈពេល ១០ថ្ងៃ) ៖ ត្រូវពិនិត្យនិងកែសម្រួលឡើងវិញ នូវរាល់មាតិកាដែលបានផ្សព្វផ្សាយកន្លងមក ដែលមានផលប៉ះពាល់ដល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ នៅគ្រប់បណ្តាញសង្គម ទាំងអស់ ហើយត្រូវរាយការណ៍ជូនក្រសួង វិញ ក្នុងរយៈពេល ១០ថ្ងៃ។

៤-ផ្តល់ព័ត៌មាន និងបញ្ឈប់សកម្មភាពប៉ះពាល់ ៖ ក្រុមផលិតមាតិកា “គ្រូតឿ” ត្រូវផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបញ្ជីផេកដែលបានសហការផលិត/ផ្សព្វផ្សាយ កន្លងមក ជូនអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ដើម្បីចាត់វិធានការអប់រំបន្ត។ ជាមួយគ្នានេះ ក្រុមការងារ បានសន្យាបញ្ឈប់ជាបន្ទាន់ នូវការផលិតមាតិកាទាំងឡាយណាដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ។

៥-ស្នើសុំការអនុញ្ញាតជាមុន ៖ រាល់ការផលិតនិងផ្សព្វផ្សាយមាតិកាណាដែលពាក់ព័ន្ធនឹងក្រសួង ឬស្ថាប័នរដ្ឋ ត្រូវតែប្រឹក្សាយោបល់ និងទទួលបានការឯកភាពពីក្រសួង-ស្ថាប័នសាមីជាមុនសិន។

៦-ចូលរួមផ្សព្វផ្សាយសារអប់រំ ៖ ក្រសួង បានសំណូមពរដល់អ្នកផលិតមាតិកា និងក្រុមសម្តែងទាំងអស់ បង្វែរមកចូលរួមផ្សព្វផ្សាយសារអប់រំសង្គម ដូចជា បញ្ហាគ្រឿង ញៀន គ្រោះថ្នាក់ចរាចរណ៍ និងការលើកកម្ពស់សីលធម៌សង្គម វិញ។

ក្នុងឱកាសនោះ លោក ផុស សុវណ្ណ បានរំលឹកនិងអំពាវនាវដល់អ្នកផលិតមាតិកា (Content Creators) ទាំងអស់ លើកកម្ពស់ការទទួលខុសត្រូវ គោរពច្បាប់ វប្បធម៌ និងតម្លៃស្ត្រីខ្មែរ ក្នុងការបង្កើតស្នាដៃថ្មីៗ សម្រាប់សង្គម។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ បានចេញលិខិតលេខ : ២៥០ ព.ស ជម្រាបមកលោក ជឹម សុភ័ក្រ ម្ចាស់ទំព័របណ្តាញសង្គម (Page) ឈ្មោះ គ្រូតឿ និងក្រុមការងារ អញ្ជើញមកចូលរួមប្រជុំពិភាក្សា និងទទួលការអប់រំណែនាំពាក់ព័ន្ធនឹងការផលិតមាតិកាផ្សព្វផ្សាយ ដែលប៉ះពាល់ដល់វិជ្ជាជីវៈពេទ្យ និងសីលធម៌សង្គម ។

លោកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានជម្រាបជូនថា កន្លងមក ក្រសួងព័ត៌មាន បានពិនិត្យនិងតាមដានឃើញថា ទំព័របណ្តាញសង្គមនេះ បានផលិតនិងផ្សព្វផ្សាយនូវមាតិកា វីដេអូដែលមានចរិតលក្ខណៈប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ វិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យ ព្រមទាំងជះឥទ្ធិពលអវិជ្ជមានដល់សីលធម៌សង្គម ដែលប្រជាពលរដ្ឋទូទៅ តែងតែគោរពប្រតិបត្តិ។ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ព័ត៌មាន ការគោរពក្រមសីលធម៌ និងចៀសវាងការផ្សព្វផ្សាយដែលបង្កភាពអវិជ្ជមានដល់សាធារណជន ក្រសួងព័ត៌មាន សូមអញ្ជើញលោក និងក្រុមការងារ មកចូលរួមប្រជុំពិភាក្សា និងទទួលការអប់រំណែនាំ តម្រង់ទិស នៅថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទីរសៀល នៅបន្ទប់ប្រជុំជាន់ទី១ នៃអគារអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ទីស្តីការក្រសួងព័ត៌មាន។

គួររំលឹកដែរថា ការកោះហៅក្រុមគ្រូតឿ មកអប់រំណែនាំតម្រង់ទិសនេះ បានធ្វើឡើង បន្ទាប់ពីក្រុមនេះ បានផលិតមាតិកាវីដេអូមួយ ធ្វើឲ្យប៉ះពាល់ដល់វិជ្ជាជីវៈពេទ្យ និងសីលធម៌សង្គម ដែលនាំឲ្យផ្ទុះប្រតិកម្មពីមហាជន។ វីដេអូដេលត្រូវបានបង្ហោះ ចែករំលែកតាមបណ្តាញសង្គម កាលពីពេលថ្មីៗនេះ បង្ហាញពីគ្រូតឿ និងសហការីម្នាក់ ដែលតឿដូចគ្នា ស្ថិតក្នុងឯកសណ្ឋានស្រដៀងពេទ្យ (ពណ៌ខៀវ និងពណ៌ស ដោយមានសញ្ញាកាកបាទនៅលើមួក) បានអូសនិងរុញគ្រែពេទ្យ ហើយឆ្លើយតបអ្នកសួរថា ពេទ្យមែនហ្នឹង? គ្រូតឿ ឆ្លើយថាពេទ្យ។ លុះអ្នកសួរថា ទៅណា? គ្រូតឿ ឆ្លើយថា ទៅយកភ្ញៀវ គេទម្លាក់ទីតាំង (Location) ឲ្យព្រឹកមិញ…។

បន្ទាប់ពីផ្ទុះប្រតិកម្មរិះគន់ច្រើន ទៅលើមាតិកាវីដេអូសម្តែងលើស របស់ក្រុមគ្រួតឿ ខាងលើនេះ ទើបខាងជំនាញក្រសួងព័ត៌មាន បានកោះហៅក្រុមផលិតមាតិកាវីដេអូនេះ ទៅអប់រំណែនាំ និងតម្រង់ទិស ដើម្បីចៀសវាងផលិតមាតិកាវីដេអូដែលប្រាសចាកសីលធម៌វិជ្ជាជីវៈ និងសីលធម៌សង្គម៕ ខៀវទុំ

RELATED ARTICLES