ភ្នំពេញ ៖ គ្រួសារសម្រាលបានកូនភ្លោះបី មួយទៀតហើយ ទទួលបានអំណោយពីសម្តេច ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ នេះជាគ្រួសារសម្រាលកូនភ្លោះ៣ ទី៤៤០ហើយ ដែលទទួលបានអំណោយពីថ្នាក់ដឹកនាំជាតិ សម្រាលការលំបាកក្នុងជីវភាព។

អំណោយសប្បុរសធម៌របស់សម្តេច ត្រូវបានលោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី នាំយកទៅប្រគល់ជូនដល់ដៃគ្រួសារកូនភ្លោះបី នៅលំនៅឋាន ផ្ទះលេខ 85AEo ផ្លូវលេខ១៣៩ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ អំណោយ រួមមានថវិកា ១០លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្ករ-ស ៥គីឡូក្រាម សារុង២ និងក្រមា២។
កូនភ្លោះ៣ ដែលសុទ្ធតែជាស្រីនេះ គឺជាកូនលើកដំបូងក្នុងគ្រួសារ មានឪពុកឈ្មោះសុង ងួនហុក អាយុ៣១ឆ្នាំ មុខរបរលក់ដូរឱសថ សបុរាណចិន ម្តាយឈ្មោះជា ហ្គិចជឺ អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន។ ទារិកាទាំងបីនាក់នេះ បានសម្រាលកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

នៅចំពោះមុខគ្រួសារកូនភ្លោះ ៣នាក់នេះ លោកសេង ទៀង មានប្រសាសន៍នាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេច ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចនាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត ដែលជានិច្ចកាល តែងតែនឹករលឹកសន្តោសប្រណីចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។

នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងដែរថា ការជួយដល់គ្រួសារមានកូនភ្លោះ៣ ឬ៤នាក់នេះ ជាការទឹកចិត្តសន្តោសប្រណី និងគិតគូរខ្ពស់របស់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាំងពីឆ្នាំ១៩៩៩ មកម៉្លេះ។ មកដល់បច្ចុប្បន្ននេះ មានរយៈពេលជាង២៧ឆ្នាំហើយ។ ២៧ឆ្នាំកន្លងមកនេះ មានគ្រួសារសម្រាលកូនភ្លោះ បីនាក់ ឬបួននាក់ ចំនួន ៤៤០គ្រួសារហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បុរសធម៌ពីសម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយទំនុកបម្រុង ដោះស្រាយការលំបាកខ្វះខាតក្នុងជីវភាព ជាពិសេសការចិញ្ចឹមបីបាច់កូនភ្លោះ បីនាក់។

លោកសេង ទៀង បានគូសបញ្ជាក់ផងដែរថា ការឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស បម្រើឱ្យសកម្មភាពនយោបាយនោះទេ។ អំណោយទាំងអស់នេះ គឺជាអំណោយទាន កើតចេញពីទឹកចិត្តប្រកបដោយការគិតគួរខ្ពស់របស់សម្តេចហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចនាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋសម្រាលកូនភ្លោះបី ឬបួននាក់ មិនថាមានឬក្រ ជាតិសាសន៍អ្វីទាំងអស់ ឱ្យតែសម្រាលនៅកម្ពុជា។
សូមបញ្ជាក់ថា ការឧបត្ថម្ភនេះ កាលពីដើមឡើយ គឺមានតែអំណោយរបស់សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុណ្ណោះ។ មរតកទឹកចិត្តមនុស្សធម៌ សេចក្តីអាណិតអាសូររបស់សម្តេច ទាំងទ្វេ បានបង្ហូរបន្តដល់សម្តេច ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ផងដែរ។

បន្ទាប់ពីឡើងកាន់ការងារជានាយករដ្ឋមន្ត្រី សម្តេចហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ក៏បន្តតាមលំអានដួងចិត្តមេត្តាធម៌របស់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយបានចូលរួមឧបត្ថម្ភដល់គ្រួសារសម្រាលកូនភ្លោះ ៣នាក់ ឬ៤នាក់ ផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត តែងចូលរួមឧបត្ថម្ភជាថវិកា ចំនួន៥លានរៀល។ គ្រួសារខាងលើនេះ ជាគ្រួសារលើកទី១៦ហើយ ដែលទទួលបានថវិកាឧបត្ថម្ភពីសម្តេចនាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត។

ក្រុមកគ្រួសារកូនភ្លោះបី បានបានបង្ហាញទឹកចិត្តសប្បាយរីករាយ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំជាតិ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងប្រកបដោយក្តីគោរពកតញ្ញុតាធម៌ ជូនសម្តេចហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត ដែលតែងតែតម្កល់ផលប្រយោជន៍និងទុក្ខលំបាករបស់ប្រជាជន គឺជាក្តីកង្វល់និងទុក្ខលំបាករបស់របស់ខ្លួនដែរ៕