ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រកាសឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ មានករណីប្រទះឃើញសពសត្វផ្សោត មួយក្បាល នៅចំណុចកំពង់ចម្លងស្វាយជ្រំ ភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

តាមការពិនិត្យពីសំណាក់មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានជលផល ដោយសហការជាមួយអង្គការ WWF បានបង្ហាញថា សត្វផ្សោតនេះ មានលេខសម្គាល់ ០១៨ ជាផ្សោតឈ្មោល មានអាយុប្រមាណពី១២ ទៅ១៤ឆ្នាំ ប្រវែង២ម៉ែត្រ និងទម្ងន់៦៤គីឡូក្រាម ដែលធ្លាប់រស់នៅក្នុងតំបន់អន្លង់កាំពី ខេត្តក្រចេះ។ ផ្សោត មួយក្បាលនេះ គឺជាសត្វ ផ្សោតតែមួយ ដែលធ្លាប់ត្រូវបានបងប្អូនប្រជានេសាទ ជួយសង្គ្រោះ និងដោះលែងពីមងនេសាទ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ក្នុងស្ថានភាពសុខភាពទន់ខ្សោយជាខ្លាំង។

ផ្អែកលើលទ្ធផលកោសល្យវិច័យលើស្នាមរបួស មន្ត្រីជំនាញសន្និដ្ឋានថា សត្វផ្សោតនេះ អាចបាត់បង់ជីវិតដោយសារទាក់ជាប់សន្ទូចរនង រួចទើបមកជាប់នឹងមងនេសាទបន្ថែមទៀត ហើយក្រោយមក ក៏ត្រូវបានរកឃើញស្លាប់អណ្តែតទឹក នៅទីតាំងខាងលើ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សូមសម្តែងនូវក្តីសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ធនធានជលផលដ៏កម្រនេះ។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមអំពាវ នាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស អ្នកប្រកបរបរនេសាទ សូមបន្តចូលរួមថែរក្សា ការពារ និងត្រូវបញ្ឈប់ជាដាច់ខាតនូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ដើម្បីធានាឱ្យបាននូវការគង់វង្សនៃសត្វផ្សោត ដែលនៅសេសសល់សម្រាប់កូនចៅជំនាន់ក្រោយ។

ទន្ទឹមនឹងនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញសត្វផ្សោត (ជាពិសេស កូនផ្សោត) ជួបគ្រោះថ្នាក់ ឬសង្កេតឃើញមានសកម្មភាពនេសាទល្មើសច្បាប់ សូមមេត្តាផ្តល់ព័ត៌មានជាបន្ទាន់ មកកាន់សមត្ថកិច្ចជលផល តាមរយៈខ្សែទូរស័ព្ទលេខ ៖ 012 897 943, 011 355 883, 099 791 919, 092 918 144 និង 017 818 382 ៕