Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាមេរិក បន្ថែមទណ្ឌកម្មក្រុមចេនហ្ស៉ី អ្នកនយោបាយថា កម្ពុជា ត្រូវសហការស្មោះត្រង់

អាមេរិក បន្ថែមទណ្ឌកម្មក្រុមចេនហ្ស៉ី អ្នកនយោបាយថា កម្ពុជា ត្រូវសហការស្មោះត្រង់

ភ្នំពេញ ៖ បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៩នាក់ និងអង្គភាពចំនួន២៦ ដែលមានទំនាក់ទំនងជាមួយបណ្តាញអង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍ គ្រុប (Prince Group Transnational Criminal Organization – TCO) និងលោក ចេន ហ្ស៊ី ព្រមថ្នាក់ដឹកនាំរបស់បណ្តាញក្រុមបងធំរបស់ពួកគេនោះ អ្នកនយោបាយខ្មែរ បានលើកឡើងថា យុទ្ធនាការបន្ថែមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក នាពេលនេះ គឺជាសញ្ញាព្រមានមួយយ៉ាងច្បាស់ ទៅកាន់ពិភពជំនួញបិទបាំងថា អាមេរិក មិនបណ្តោយឱ្យក្រុមទាំងនេះ ប្រើប្រាស់រូបភាពអាជីវកម្មស្របច្បាប់ ដើម្បីលាងលុយកខ្វក់ ដែលបានមកពីទឹកភ្នែករបស់ជនរងគ្រោះ តទៅទៀតឡើយ ។ ប៉ុន្តែទន្ទឹមនឹងនេះ កម្ពុជា ត្រូវចូលរួមសហការដោយភាពស្មោះត្រង់ ក្នុងការទប់ស្កាត់ និងកម្ទេចបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន ។

 លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ថា កម្ពុជា ត្រូវតែបង្ហាញបង្ហាញនូវភាពស្មោះត្រង់ តម្លា ភាព ដែលមិនអាចមានការសង្ស័យ ហើយធ្វើកិច្ចសហការជាមួយគ្នា ដោយមិនមានការគេចវេះ ឬក៏ប្រតិកម្មបែបណា ដែលជាការដោះសា ជាការមិនទទួលខុសត្រូវនៃកិច្ចសហប្រតិបត្តិការ ។

 លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា រដ្ឋាភិបាលអាមេរិកាំង គេមានច្បាប់ ច្បាប់រដ្ឋធម្មនុញ្ញគេ ច្បាប់ព្រហ្មទណ្ឌ ក្នុងកម្រិតបែបណាៗ ហើយជាពិសេសគឺការទំនាក់ទំនងចំណងរវាងប្រទេសដាក់ទូត គឺគេមានច្បាប់ជាតិ និងច្បាប់អន្តរជាតិ ហើយកិច្ចសហប្រតិបត្តិការ ក្នុងការកម្ចាត់ ឬក៏កម្ទេចនូវបណ្ដាញ ឬឧក្រិដ្ឋកម្មជួញដូរ ឬក៏ឧក្រិដ្ឋបែបណា ដែលជាឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិ ទាក់ទងទៅនឹងការប៉ះពាល់ដល់ជនជាតិរបស់គេ គឺជនជាតិអាមេរិកាំង ដែលគេរកស៊ីស្របច្បាប់ នៅក្រៅប្រទេស ក្នុងប្រទេស ហើយមិនជំពាក់ ដោយសារគេគោរពច្បាប់ គេបង់ពន្ធដារជូនរដ្ឋ គេមានជំពាក់ទៅនឹងបទឧក្រិដ្ឋ ដែលធ្វើឲ្យខ្លួនគេនឹងអាចរងគ្រោះទៅដល់ទោសមួយជីវិត ឬក៏ទោសធ្ងន់ធ្ងរ ដែលគេចពីច្បាប់ ល្មើសនឹងច្បាប់ គេចពន្ធដាររបស់សហរដ្ឋអាមេរិក ។ អ៊ីចឹងហើយ ការដែលគេធ្វើអ្វី គេបង្ហាញសញ្ញាការដាស់តឿនពីអំពើទុច្ចរិត ឧក្រិដ្ឋកម្មឆ្លងដែននានាហ្នឹង មិនថាឧក្រិដ្ឋកម្មឆបោកអនឡាញ ឧក្រិដ្ឋកម្មលាងលុយកខ្វក់ លាងលុយខ្មៅ ឬក៏ឧក្រិដ្ឋកម្មជួញដូរមនុស្ស ឬក៏ឧក្រិដ្ឋកម្មឆ្លងដែនអីហ្នឹង គឺថាទាក់ទងទៅនឹងការប្រព្រឹត្តនូវការខុសច្បាប់របស់ប្រទេសសហរដ្ឋអមាមេរិក គឺថា គេមានសិទ្ធិចង្អុលបង្ហាញ ឬក៏លាតត្រដាងការដាក់ទណ្ឌកម្មបែបណា ជាមួយនឹងឈ្មួញ ដូចជាកម្ពុជា ត្រូវមានការដាក់ទណ្ឌកម្ម ឬក៏គេចង្អុលបង្ហាញឈ្មោះដែលពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន បណ្ដាញអន្តរជាតិ នៃអំពើរកស៊ីជួញដូរណាដែលវាខុសច្បាប់ ហើយវាពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្ម ដូចខ្ញុំបានអះអាង ។ អ៊ីចឹងកម្ពុជា ត្រូវតែបង្ហាញដោយចំហ ដោយហេតុផល ដោយតម្លាភាព គ្មានការបិទបាំងបែបណាជាការសង្ស័យ ជាការធ្វើឲ្យមានការជាប់ជំពាក់វាក់វិនទៅនឹងបណ្ដាញអង្គការឧក្រិដ្ឋកម្មឆ្លងដែន ។ អ៊ីចឹងកម្ពុជា ត្រូវតែមានកិច្ចសហការ ព្រោះកន្លងមក ដូចជាកម្ពុជា មានការិយាល័យស៊ើបការណ៍សម្ងាត់ អេសប៊ីអាយ ហ្នឹង សហព័ន្ធស៊ើបអង្កេតផ្នែកទាក់ទងនឹងបទឧក្រិដ្ឋឆ្លងដែន គឺថាយើងមាននៅក្នុងប្រទេសកម្ពុជា មក វាម្ភៃឆ្នាំជាងហើយ ។ អ៊ីចឹងការធ្វើកិច្ចសហការបែបណា គឺដើម្បីកុំឲ្យមានការមន្ទិលសង្ស័យគ្នា ហើយយើងមានប៉ូលិសអន្តរជាតិ អាំងទែរប៉ូល អីហ្នឹង គឺថាសុទ្ធតែជាអ្វីដែលយើងធ្វើការដោយបង្ហាញនូវការមិនបិទបាំង មិនមានការសង្ស័យ ឬក៏កេងប្រវ័ញ្ចគ្នា ក្នុងនាមសហប្រតិបត្តិការ ដើម្បីរក្សានូវស្ថិរភាព សុវត្ថិភាព នៃទំនាក់ទំនងការទូត ទំនាក់ ទំនងការបរទេស ពាក់ព័ន្ធទៅនឹងការបង្ក្រាបបទឧក្រិដ្ឋផ្សេងៗ ដើម្បីធានានូវសុវត្ថិភាពអ្នកវិនិយោគទុនសហរដ្ឋអាមេរិក ក៏ដូចជាប្រជាពលរដ្ឋអាមេរិក ដែលមិនឲ្យរង គ្រោះដោយសារតែបទឧក្រិដ្ឋ បណ្ដាញឆ្លងដែនអីជាដើមហ្នឹង“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយ សរុបមកវិញ គឺថា កម្ពុជា ត្រូវបង្ហាញ ហើយសហការលាតត្រដាង ដោយមិនមានការលាក់លៀមអាថ៌កំបាំងណាផ្ទុយទៅនឹងច្បាប់ ដែលយើងមានកិច្ចព្រមព្រៀង ឬក៏អនុស្សរណៈទ្វេភាគី រវាងសហរដ្ឋអាមេរិក និងរដ្ឋាភិបាលកម្ពុជា ។ អ៊ីចឹងហើយ ត្រូវតែបង្ហាញឆន្ទៈ ការប្ដេជ្ញាចិត្តក្នុងការបង្ក្រាប ក្នុងការទប់ស្កាត់ ក្នុងការធ្វើយ៉ាងម៉េចកុំឲ្យវាមានការរីករាលដាលនៃបណ្ដាញអង្គការឧក្រិដ្ឋកម្មឆ្លងដែនជាអន្តរជាតិ អីជាដើមហ្នឹង គឺថាយើងឃើញហើយ កន្លងមក ការចោទប្រកាន់ទាក់ទងទៅនឹងឆបោកអនឡាញអី គឺថាយើងជាប់ពាក់ព័ន្ធ រហូតដល់ជនជាតិអាមេរិកកាំង អ្នកវិនិយោគទុនអី គេបាត់លុយអស់ទៅដល់រាប់ពាន់លានដុល្លារអាមេរិក នៅតាមបណ្ដាកាស៊ីណូ ឬក៏កន្លែងអនឡាញ មិនថាកណ្តាលរាជធានីភ្នំពេញ ឬក៏ជាក្រុងបាវិត ខេត្តស្វាយរៀង ឬក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឬក៏ខេត្តពោធិ៍សាត់ នៅតំបន់ថ្មដា ហ្នឹង គឺសុទ្ធតែជាបទពិសោធន៍ ជាការជាក់ស្ដែង ទិដ្ឋភាពដែលមិនអាចប្រកែកបាន ។ អ៊ីចឹងនិយាយជារួម ខ្ញុំថា កម្ពុជា ត្រូវតែបង្ហាញបង្ហាញនូវភាពស្មោះត្រង់ តម្លាភាព ដែលមិនអាចមានការសង្ស័យ ហើយធ្វើកិច្ចសហការជាមួយគ្នា ដោយមិនមានការគេចវេះ ឬក៏ប្រតិកម្មបែបណា ដែលជាការដោះសា ជាការមិនទទួលខុសត្រូវ នៃកិច្ចសហប្រតិបត្តិការ“ ។

  ចំណែកលោកហ៊ីង សុខសាន្ត អតីតប្រធានយុវជន នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ថា មានបន្តរហូត មិនដាច់សោះតែម្ដង រឿងស្កេមអនឡាញនេះ ។ ដូច្នេះកម្ពុជា នឹងស្ថិតក្រោមក្រសែភ្នែកអាក្រក់របស់សហរដ្ឋអាមេរិកហើយ បើដរាបណាកម្ពុជា នៅតែជាកន្លែងលាងលុយកខ្វក់ និងជាជម្រករបស់ឧក្រិដ្ឋជនឆ្លងដែន ។

  លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍ថា “ ហ្នឹងហើយ! ដូចជាមិនមានអីទេ ប៉ុន្តែគ្រាន់តែថាអ៊ីចេះ! អារឿងឆបោកអនឡាញនេះ អស់ពីមួយទៅមួយ យើងមុន រឿងអាហ៊ុយវ័ន ផេ ហ្នឹង ឥឡូវមកចេញ អេចផេ នេះ ដែលត្រូវបានទណ្ឌកម្មពីអាមេរិក ហ្នឹង ។ មានន័យថា កន្លែងលាងលុយកខ្វក់ កន្លែងដែលឆបោក ក៏នៅកម្ពុជា ហើយលាងទៅជាលុយស្អាតហ្នឹង ក៏នៅកម្ពុជា ហើយទោះបីជាយ៉ាងម៉េចក៏ដោយ គឺវាដិតដាមអាក្រក់ណាស់ សម្រាប់ប្រទេសយើង ហើយកាលណាសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មអ៊ីចឹង ចង់បញ្ជាក់ឲ្យពិភពលោក គេឃើញថា ខ្មែរ កើតរឿងនៅខ្មែរ អ៊ីចឹងហើយយើងមើលឃើញវាដដែលៗ ហើយទោះបីជាខំបង្រ្កាប ខំម៉េចក៏ដោយ ។ ហើយដូចមានការលើកឡើងអ៊ីចឹងថា ជាសញ្ញាណមួយបញ្ជាក់ថា អាមេរិក គេអត់ព្រងើយកន្តើយទេ ហើយបើទោះបីជាខ្មែរ ព្យាយាមធ្វើមិនអស់ដៃអស់ជើង ក៏ដោយ ក៏សហរដ្ឋអាមេរិក គេមិនបង្អង់ទេ គឺគេនឹងយកចិត្តទុកដាក់បង្រ្កាប ទាល់តែបានហ្នឹង ។ ដូច្នេះចង់មិនចង់ ខ្មែរ ស្ថិតនៅក្នុងក្រសែភ្នែកអាក្រក់ហើយ បើថាចង់រកស៊ី ធ្វើការងារ មានទំនាក់ទំនងទូតល្អជាមួយសហរដ្ឋអាមេរិក លុះត្រាតែបង្រ្កាបអារឿងឆបោកអនឡាញហ្នឹង ទៅ ពីព្រោះសហរដ្ឋអាមេរិក គេបណ្ដោយឲ្យធ្វើកើតទេ ព្រោះវាបំផ្លាញពលរដ្ឋគេច្រើនណាស់“ ។

  ដោយឡែក អ្នកតាមដានភូមិសាស្រ្តនយោបាយ លោក សេង វណ្ណលី បានលើកឡើងតាមបណ្ដាញសង្គម និងបណ្ដាញសារព័ត៌មានថា ការដាក់ទណ្ឌកម្មរបស់អាមេរិក ជាបន្តបន្ទាប់ លើបុគ្គលនិងស្ថាប័នពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ គ្រុប នេះ នឹងរុញកម្ពុជា ឱ្យធ្លាក់ទៅក្នុងវិបត្តិទំនុកចិត្តយ៉ាងធ្ងន់ធ្ងរនៅលើឆាកអន្តរជាតិ ដែលធ្វើឱ្យលំហូរទុនវិនិយោគបរទេសស្អាតស្អំ កាន់តែរីងស្ងួត ហើយប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុជាតិ ទាំងមូល នឹងត្រូវរឹតត្បិត ឬមើលរំលងពីសំណាក់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែបើកការស៊ើបអង្កេត ដោយឯករាជ្យនិងមានតម្លាភាព ទៅលើរាល់បុគ្គលនិងក្រុមហ៊ុនទាំងឡាយណាដែលជាប់ពាក់ព័ន្ធ មិនថាបុគ្គលនោះ មានខ្នងបង្អែកក្រាស់ ឬជាសាច់ញាតិរបស់ខ្លួន កម្រិតណាក៏ដោយ។

  គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកនយោបាយខ្មែរ ខាងលើនេះ បានធ្វើឡើង ក្រោយពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៩នាក់ រួមទាំងបុរសម្នាក់ ដែលត្រូវបានពិពណ៌នាថាជា «បងធំ» របស់ Chen Zhi ព្រមទាំងអង្គភាព ចំនួន២៦ ដែលមានទំនាក់ទំនងផ្ទាល់ និងប្រយោលជាមួយ Prince Group ដែលជាសម្ព័ន្ធក្រុមហ៊ុនគ្រប់គ្រងដោយចេន ហ្ស៉ី (Chen Zhi)។ សហរដ្ឋអាមេរិក ហៅសម្ព័ន្ធក្រុមហ៊ុនដែលធ្លាប់មានឥទ្ធិពលខ្លាំង ឈ្មោះ Prince Group ថាជា Prince Group Transnational Criminal Organization (Prince Group TCO)។

បន្ថែមពីលើនេះ បណ្តាញអនុវត្តច្បាប់ ស្តីពីបទល្មើសហិរញ្ញវត្ថុ (FinCEN) នៃក្រសួងរតនាគារអាមេរិក បានចាត់វិធានការបន្ថែមទៀត ប្រឆាំងនឹង Huione Group ដែលឥឡូវនេះ បានឈប់ដំណើរការ ដោយបញ្ចូល H-Pay Service PLC និងអង្គភាពបន្តវេនណាមួយ ទៅក្នុងបញ្ជីទណ្ឌកម្ម។ អាមេរិក បានចោទប្រកាន់ថា ក្រុមនេះ បានបម្រើការជាបណ្តាញដ៏សំខាន់សម្រាប់លាងលុយកខ្វក់ ដែលបានមកពីការលួចតាមប្រព័ន្ធសាយបឺរ និងការឆបោកការវិនិយោគរូបិយប័ណ្ណឌីជីថល ដែលប្រើប្រាស់ដោយ Prince Group ដើម្បីផ្ទេរនិងប្រមូលផ្តុំទ្រព្យសម្បត្តិដែលបានមកពីការឆបោក។ អាជ្ញាប័ណ្ណប្រតិបត្តិការរបស់ Huione Pay PLC ដែលជាផ្នែកសាធារណៈរបស់ Huione Group ត្រូវបានដកហូតដោយធនាគារជាតិ នៃកម្ពុជា នៅខែកញ្ញា ឆ្នាំ២០២៤។ អាជីវកម្មនេះ ត្រូវបានរាយការណ៍ថា បានបន្តដំណើរការ បន្ទាប់ពីប្តូរឈ្មោះទៅជា H-Pay Service ដែលក្រោយមក ត្រូវបានដកហូតអាជ្ញាប័ណ្ណ នៅខែមីនា ឆ្នាំ២០២៦ ។ បន្ទាប់ពីស្ថាបនិក Prince Group គឺ Chen Zhi ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅប្រទេសចិន ក្នុងខែមករា Prince Group របស់លោក ក៏ត្រូវបានបញ្ឈប់ប្រតិបត្តិការ និងត្រូវបានដាក់ឱ្យស្ថិតក្នុងស្ថានភាពទូទាត់សវនកម្ម (liquidation) ក្នុងខែដដែលនោះ ។

  យោងតាម OFAC បុគ្គលទាំង៩នាក់នោះ រួមមាន ១. Hu Xiaowei (ត្រូវបានគេស្គាល់ថាជា Chen Xiao’er, Hu Shi ឬ Wu An Ming) ជាមេបញ្ជាការរង នៃ Prince Group TCO ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយអាជ្ញាធរសិង្ហបុរី ផងដែរ និងទើបតែត្រូវបានប៉ូលិសទីក្រុង Osaka ចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែមិថុនា ក្រោមបទចោទ ប៉ុនប៉ងរៀបចំឯកសារស្នាក់នៅក្នុងប្រទេសជប៉ុន ជាអចិន្ត្រៃយ៍ ។ ២. Ho Ho Ming ជាកូនចៅរបស់ Hu Xiaowei និងជាមន្ត្រីសាជីវកម្មនៅក្នុងក្រុមហ៊ុនបិទមុខ (front companies) ជាច្រើន។ ៣. Kong Ka On ជាកូនចៅរបស់ Hu Xiaowei ដែលគ្រប់គ្រងក្រុមហ៊ុនបិទមុខជាច្រើន នៅក្នុងហុងកុង និងចក្រភពអង់គ្លេស។ ៤. Li Hui ជាកូនចៅម្នាក់ទៀត របស់ Hu Xiaowei និងជាមន្ត្រីសាជីវកម្មនៅក្នុងបណ្តាញគ្រប់គ្រងទ្រព្យសម្បត្តិរបស់ Hu Xiaowei ៥. Brendon Luo និង៦. Qiu Weiren អ្នកទាំងពីរ គឺជាអ្នកវិនិយោគធំៗនៅក្នុងទីតាំងឆបោក ដែលត្រូវបានចោទប្រកាន់ថា ជារបស់ Prince Group TCO ។ ៧. Dai An ជាមេដឹកនាំកម្រិតខ្ពស់នៅក្នុង Prince Group TCO ដែលមានទំនាក់ទំនងជាមួយ Prince Huan Yu Real Estate ។ ៨. Fang Zhizhen ត្រូវបានកំណត់អត្តសញ្ញាណថា ជាអ្នកប្រតិបត្តិការច្រកទូទាត់ប្រាក់តាមអនឡាញ និងជាអ្នកលាងលុយកខ្វក់ សម្រាប់មជ្ឈមណ្ឌលឆបោក ។ ៩. Chen Bo ជានាយកក្រុមហ៊ុន យ៉ាងហោចណាស់ចំនួន៦ នៃ Prince Group TCO និងជាម្ចាស់ភាគហ៊ុនភាគច្រើន នៃធនាគារ CCU Commercial Bank Plc ដែលមានមូលដ្ឋាននៅកម្ពុជា ។

ក្រៅពីបុគ្គលទាំង៩ខាងលើនេះ អង្គភាពចំនួន២៦ ដែលត្រូវបានដាក់ទណ្ឌកម្ម ក៏រួមបញ្ចូល White Horse Hotel Management Group Co., Ltd ដែលមានមូលដ្ឋាននៅប្រទេសថៃ ផងដែរ ជាក្រុមហ៊ុនសណ្ឋាគារគ្រប់គ្រងដោយ Yang Yanming ដែលត្រូវបានដាក់ទណ្ឌកម្មកាលពីខែតុលា ឆ្នាំ ២០២៥។ ភាគច្រើននៃក្រុមហ៊ុនទាំង២៦ ដែលរងទណ្ឌកម្មថ្មីនេះ បានចុះបញ្ជីនៅក្នុងចក្រភពអង់គ្លេស ហុងកុង និងកោះ British Virgin Islands ។

  សេចក្តីប្រកាសព័ត៌មានរបស់ OFAC បានបញ្ជាក់ថា ជាលទ្ធផលនៃវិធានការនាថ្ងៃនេះ រាល់ទ្រព្យសម្បត្តិ និងផលប្រយោជន៍ក្នុងទ្រព្យសម្បត្តិរបស់បុគ្គលដែលបានកំណត់ឈ្មោះខាងលើ ដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិក ឬស្ថិតនៅក្នុងការកាន់កាប់ ឬការគ្រប់គ្រងរបស់បុគ្គលសហរដ្ឋអាមេរិក ត្រូវបានបង្កក និងត្រូវតែរាយការណ៍ទៅកាន់ OFAC ។ រាល់អង្គភាពណាមួយដែលត្រូវបានកាន់កាប់ដោយផ្ទាល់ ឬប្រយោល ជាបុគ្គល ឬជាសមូហភាព ចាប់ពី ៥០ ភាគរយឡើងទៅ ដោយបុគ្គលដែលត្រូវបានបង្កកឈ្មោះម្នាក់ ឬច្រើននាក់ ក៏ត្រូវបានបង្កកផងដែរ លើកលែងតែមានការអនុញ្ញាតដោយអាជ្ញាប័ណ្ណទូទៅ ឬជាក់លាក់ដែលចេញដោយ OFAC។ ទាំងបុគ្គល ឬអង្គភាពក្នុងស្រុក និងអន្តរជាតិដែលរំលោភលើទណ្ឌកម្មទាំងនេះ នឹងប្រឈមមុខនឹងទណ្ឌកម្មរដ្ឋប្បវេណី ឬព្រហ្មទណ្ឌធ្ងន់ធ្ងរ។ ស្ថាប័នហិរញ្ញវត្ថុ និងបុគ្គលនានាក៏ប្រឈមនឹងការដាក់ទណ្ឌកម្មផងដែរ ប្រសិនបើពួកគេចូលរួមក្នុងប្រតិបត្តិការជាមួយភាគីដែលត្រូវបានបង្កក។ ការសម្រេចនេះ ហាមឃាត់យ៉ាងដាច់ខាតនូវការផ្តល់ ឬការទទួលរាល់មូលនិធិ ទំនិញ ឬសេវាកម្ម ទៅកាន់ ឬពី ឬសម្រាប់ជាប្រយោជន៍ដល់គោលដៅដែលត្រូវបានដាក់ទណ្ឌកម្ម។ រង្វាន់យ៉ាងច្រើនលើសពី ១លានដុល្លារ នឹងត្រូវផ្ដល់ដោយរដ្ឋបាលសហរដ្ឋអាមេរិក ដល់អ្នកផ្តល់ព័ត៌មាននៅគ្រប់ទីកន្លែងក្នុងពិភពលោក ដែលអាចផ្តល់តម្រុយនាំទៅរកការអនុវត្តច្បាប់ដ៏ជោគជ័យ។

ធនាគារ CCU Commercial Bank ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្មផងដែរ។ បើតាមអាជ្ញាធរអាមេរិក នេះជាធនាគារទី៦ នៅកម្ពុជា ដែលរងវិធានការពីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ។ ក្រៅពីនេះ អាមេរិក ក៏គ្រោងពង្រីកវិធានការលើ H-Pay Service ដែលជាក្រុមហ៊ុនជំនួស Huione Pay ដោយអះអាងថា វាត្រូវបានប្រើប្រាស់សម្រាប់ផ្ទេរ និងលាងលុយដែលទាក់ទងនឹងប្រតិបត្តិការឆបោកតាមអនឡាញ។ មន្ត្រីអា មេរិក និយាយថា មជ្ឈមណ្ឌលឆបោកអនឡាញ នៅអាស៊ីអាគ្នេយ៍ បានបោកយកប្រាក់ពីជនរងគ្រោះរាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ។ អាមេរិក ក៏អះអាងផងដែរថា ទណ្ឌកម្មចុងក្រោយនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំរបស់ខ្លួន ក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មទាំងនេះ។

  លោក ថមមី ភីហ្គតត៍ (Tommy Pigott) អ្នកនាំពាក្យក្រសួងការបរទេស នៃសហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយថា សមាជិកនៃ Prince Group TCO ជាម្ចាស់ និងទទួលបានផលចំណេញពីមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ ដែលផ្តោតលើជនរងគ្រោះនៅសហរដ្ឋអាមេរិក និងជុំវិញពិភពលោក។ ជនឆបោក រួមទាំងឧក្រិដ្ឋជនដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង បានប្រើប្រាស់ក្រុម Huione Group រួមទាំង Huione Pay និង H-Pay ដើម្បីផ្ទេរ និងលាងលុយកខ្វក់ ពីអំពើឆបោក។ លោកបន្តថា សហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្តការពារប្រជាជនអាមេរិក ពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺរណិត ការឆបោក និងគម្រោងកេងប្រវ័ញ្ចផ្សេងៗ ដែលប្រព្រឹត្តដោយបណ្តាញឧក្រិដ្ឋកម្មដ៏គ្រោះថ្នាក់ទាំងនេះ ។

  ក្នុងសេចក្ដីថ្លែងការណ៍ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារ នៃសហរដ្ឋអាមេរិក ក៏បានបញ្ជាក់ដែរថា «មជ្ឈមណ្ឌលឆបោកនៅអាស៊ីអាគ្នេយ៍ លួចប្រាក់រាប់ពាន់លានដុល្លារពីជនរងគ្រោះជនជាតិអាមេរិក ជារៀងរាល់ឆ្នាំ។ រដ្ឋបាលលោក Trump មានការរួបរួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបំផ្លាញក្រុមហ៊ុនឧក្រិដ្ឋកម្មនៅក្រៅប្រទេសទាំងនេះ។ ក្រសួងរតនាគារ នឹងបន្តប្រើប្រាស់ឧបករណ៍របស់ខ្លួន ដើម្បីរំខានដល់បណ្តាញនៅពីក្រោយការក្លែងបន្លំដ៏គួរឱ្យភ័យខ្លាចនេះ និងការពារជនជាតិអាមេរិក ។

  ក្នុងពេលដំណាលគ្នានេះ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្រកាសអំពីការរឹបអូសគណនីសេវាកម្ម cloud computing account ដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Huione Group។

  ក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត ពីការដាក់ទណ្ឌកម្ម ជំនួយការនាយកនៃផ្នែកសាយបឺរ របស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) លោក Brett Leatherman មានប្រសាសន៍ថា «FBI ប្តេជ្ញាចិត្តក្នុងការបង្អាក់ដំណើរការហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មនានា ដែលឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺរណិត តែងពឹងផ្អែក ដើម្បីទទួលបានផលចំណេញពីសកម្មភាពខុសច្បាប់របស់ពួកគេ។ វិធានការនាពេលនេះ ផ្តោតលើកត្តាសំខាន់មួយដែលជួយសម្រួលដល់ការឆបោកតាមប្រព័ន្ធអ៊ីន ធឺរណិត និងគម្រោងលាងលុយកខ្វក់ ដោយបង្ហាញថា FBI នឹងតាមប្រមាញ់មិនត្រឹមតែជនល្មើសប៉ុណ្ណោះទេ ប៉ុន្តែទាំងសេវាកម្មដែលគាំទ្រដល់ប្រតិបត្តិការឧក្រិដ្ឋកម្មរបស់ពួកគេផងដែរ» ៕ កុលបុត្រ

RELATED ARTICLES