Homeសង្គម និងជីវិតរកឃើញសត្វព្រៃកម្រជិតផុតពូជ ១០ប្រភេទ ក្នុងដែនជម្រកសត្វព្រៃ ភ្នំសំកុស

រកឃើញសត្វព្រៃកម្រជិតផុតពូជ ១០ប្រភេទ ក្នុងដែនជម្រកសត្វព្រៃ ភ្នំសំកុស

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានប្រកាសឱ្យដឹង កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ថា យោងតាមលទ្ធផល នៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន រយៈពេល ៣ខែ ពីដើមខែមេសា ឆ្នាំ២០២៦ ដល់ចុងខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសរបស់គម្រោង និងក្រុម ការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោក ខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានរកឃើញវត្តមានប្រភេទសត្វសត្វព្រៃកម្រ ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ប្រភេទជិតទទួលរងគ្រោះថ្នាក់ ចំនួន ១០ប្រភេទ។

សត្វព្រៃកម្រ ជិតផុតពូជ ១០ប្រភេទនោះ រួមមាន ៖ ១-ដំរីអាស៊ី (ឈ្មោះអង់គ្លេស ៖ Asian Elephant ឈ្មោះវិទ្យាសាស្ត្រ ៖ Elephas maximus)។ ២-ខ្ទីង (ឈ្មោះអង់គ្លេស ៖ Gaur ឈ្មោះវិទ្យាសាស្ត្រ ៖ Bos gaurus)។ ៣-ប្រើសស្បូវ (ឈ្មោះអង់គ្លេស ៖ Sambar ឈ្មោះវិទ្យាសាស្ត្រ ៖ Rusa unicolor)។ ៤-កែះ (ឈ្មោះអង់គ្លេស ៖ Southern Serow ឈ្មោះវិទ្យាសាស្ត្រ ៖ Capicornis milneedwardsis)។ ៥-ខ្លាឃ្មុំតូច (ឈ្មោះអង់គ្លេស ៖ Sun Bear ឈ្មោះវិទ្យាសាស្ត្រ ៖ Helarctos malayanus)។ ៦-ខ្លាឃ្មុំធំ (ឈ្មោះអង់គ្លេស ៖ Asiatic Black Bear ឈ្មោះវិទ្យាសាស្ត្រ ៖ Ursus thibetanus)។ ៧-ឆ្កែព្រៃ (ឈ្មោះអង់គ្លេស ៖ Dhole ឈ្មោះវិទ្យាសាស្ត្រ ៖ Cuon alpinus)។ ៨-ជ្រូកពោន ឬជ្រូកព្រុល (ឈ្មោះអង់គ្លេស ៖ Hog Badger ឈ្មោះវិទ្យាសាស្ត្រ ៖ Arctonyx collaris)។ ៩-សំពោចកលឿង (ឈ្មោះអង់គ្លេស ៖ Yellow-throated Marten ឈ្មោះវិទ្យាសាស្ត្រ ៖ Martes flavigula)  និង១០-ស្វាត្រោស (ឈ្មោះអង់គ្លេស ៖ Northern Pig-tailed Macaque ឈ្មោះវិទ្យាសាស្ត្រ ៖ Macaca leonina) និងប្រភេទ ថនិកសត្វ បក្សីមួយចំនួនទៀត មានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង។

គួរបញ្ជាក់ផងដែរថា ទីជ្រកសំខាន់ៗ និងទីតាំងមានវត្តមានប្រភេទសត្វទាំងនេះ នឹងប្រើប្រាស់ជាទឡ្ហីករណ៍ក្នុងដំណើការនៃការកំណត់និងបែងចែកតំបន់គ្រប់គ្រង ពិសេសតំបន់អភិរក្ស ក្នុងដែនជម្រកសត្វព្រៃភ្នំ សំកុស។

ក្រុមមន្ត្រីគម្រោងនិរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ បង្ហាញទៀតថា ដំរីអាស៊ី (ឈ្មោះអង់គ្លេស ៖ Asian Elephant ឈ្មោះវិទ្យាសាស្ត្រ ៖ Elephas maximus) ៖ ដំរីអាស៊ីជាប្រភេទសត្វចតុបាទដែលមានមាឌធំជាងគេបំផុត។ វាមានប្រមោយវែង ស្បែកក្រាស់ ពណ៌ប្រផេះ និងមានរោមរឹងខ្លីៗ ស្លឹកត្រចៀក មានរាងដូចផ្លិតតែស្តើង។ ដំរីអាស៊ី មានខ្នងស្ទើរាបស្មើ រីឯដំរីអាហ្វ្រិក មានខ្នងកោង ជាទួលខ្ពស់ ឡើងលើ។

សត្វដំរី រស់នៅតាមព្រៃល្បោះ វាលស្មៅ ព្រៃឫស្សី ព្រៃជាំទឹក តាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។ ចំនួនសត្វដំរី នៅកម្ពុជា មានតិចតួច និងមានជម្រក ស្ថិតនៅភូមិភាគឦសាន និរតី (ជួរភ្នំក្រវាញ) និងភូមិភាគខាងជើង ។ បញ្ហាប្រឈម មានដូចជា ការបរបាញ់ ដើម្បីយកភ្លុក និងបាត់បង់ទីជម្រក។ ដំរីអាស៊ី ស្ថិតក្នុងប្រភេទជិតផុតពូជ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទដែលជិតផុតពូជនៅលើពិភពលោក៕

RELATED ARTICLES