Homeនយោបាយទិញដូរតំណែង ទីផ្សារសេរី ពុករលួយក្នុងប្រព័ន្ធដឹកនាំរដ្ឋ បំផ្លាញសង្គម បាត់សិរីជាតិ

ទិញដូរតំណែង ទីផ្សារសេរី ពុករលួយក្នុងប្រព័ន្ធដឹកនាំរដ្ឋ បំផ្លាញសង្គម បាត់សិរីជាតិ

ភ្នំពេញ ៖ បណ្ឌិត បញ្ញវន្ត អ្នកវិភាគ បានលើកឡើងថា ការដែលថា ទិញដូរតំណែង ជាទីផ្សារសេរី នាំឲ្យបាត់សិរីជាតិ ព្រោះអ្នកមានសមត្ថភាព នឹងត្រូវកប់គតិបណ្ឌិតចោល ពោលគឺការទិញដូរតំណែង ឬបង់លុយ (តូលុយ) ទិញតំណែងនេះ វាជាទម្រង់នៃអំពើពុករលួយ បំផ្លាញសង្គម បង្កឲ្យបាត់បង់សីលធម៌ និងសិរីជាតិ ។

  លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ថា “គេនោះថា ទិញដូរតំណែង ក៏ជាទីផ្សារសេរីដែរ ខ្ញុំថា បែបនោះ វានាំបាត់សិរីជាតិ អ្នកមានសមត្ថភាព នឹងត្រូវកប់គតិបណ្ឌិតចោល…!“ ។    ស្របនឹងការលើកឡើងរបស់អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជា ខាងលើនេះ សម្រាប់មជ្ឈដ្ឋានបញ្ញវន្ត និងអ្នកវិភាគ បានធ្វើការប្រៀបធៀបរវាង “ទីផ្សារសេរី “ និង “ការទិញដូរតំណែង” ដោយក្នុងនោះ ទាក់ទងនឹងទីផ្សារសេរី (Free Market Economy) អ្នកវិភាគលើកឡើងថា គឺជាប្រព័ន្ធសេដ្ឋកិច្ចដែលអនុញ្ញាតឱ្យមានការប្រកួតប្រជែងដោយសេរី ផ្អែកលើតម្រូវការ និងការផ្គត់ផ្គង់ដោយគ្មានការកំណត់ថ្លៃពីរដ្ឋ។ ប្រព័ន្ធនេះ ផ្ដល់សិទ្ធិស្មើគ្នាក្នុងការធ្វើអាជីវកម្ម ។ ចំណែកការទិញដូរតំណែង គឺជាអំពើពុករលួយ (ការលក់តួនាទីសាធារណៈ ឬតំណែងរដ្ឋបាល) ដែលផ្ទុយពីគោលការណ៍គុណាធិបតេយ្យ (Meritocracy)។ អ្នកវិភាគថា ការទិញលក់តំណែង មិនមែនជាធាតុផ្សំ ឬជាផលវិជ្ជមាននៃទីផ្សារសេរីឡើយ។

  ចំពោះមូលហេតុដែលបញ្ញវន្ត និងអ្នកវិភាគ យល់ថាការទិញដូរតំណែង ជាអំពើពុករលួយ នាំឱ្យបាត់បង់សិរីជាតិ គឺដោយសារថា នៅពេលដែលតំណែង ត្រូវបានទិញ-លក់ ដូរជំនួសឱ្យការជ្រើសរើសដោយផ្អែកលើសមត្ថភាព ពលរដ្ឋ នឹងអស់ជំនឿលើប្រព័ន្ធដឹកនាំ។ អ្នកដែលទិញតំណែងបាន អាចនឹងប្រើតួនាទីនោះ ដើម្បីគាបសង្កត់ឬកេងប្រវ័ញ្ចប្រយោជន៍ពីប្រជាពលរដ្ឋវិញ ដើម្បី «ស្រង់ដើម» ដែលពួកគេបានចំណាយទិញតំណែងនោះ ។ លើសពីនេះ វាបង្កើតវប្បធម៌ «អ្នកមានលុយ ទិញបានសព្វបែបយ៉ាង» ដែលធ្វើឱ្យយុវជន បាត់បង់ក្ដីសង្ឃឹម និងបំផ្លាញគុណតម្លៃពិត ។ អ្វីដែលធ្ងន់ជាងនេះ ការទិញលក់តំណែង គឺជាទង្វើខុសច្បាប់ ដែលបង្កឱ្យមានអំពើពុករលួយ និងភាពអយុត្តិធម៌ក្នុងសង្គម ហើយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលុបបំបាត់អំពើពុករលួយ និងការជ្រើសរើសមន្ត្រី ដោយតម្លាភាព គឺជាការងារអាទិភាព ដើម្បីពង្រឹងរដ្ឋបាលសាធារណៈ។

  លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវសង្គមដើម្បីអភិវឌ្ឍន៍ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ថា យើងមិនអាចយកពាក្យថា “បង់លុយ ឬតូលុយ ដើម្បីយកតំណែង” មកប្រើជាទីផ្សារសេរីបានទេ ព្រោះទីផ្សារសេរី សំដៅទៅលើការធ្វើពាណិជ្ជកម្ម មិនមែនសំដៅលើការទិញដូរតំណែងទេ ។ ប៉ុន្តែលោកថា អ្វីដែលយើងនៅតែអាចនិយាយបាន គឺការ «តូលុយ យកតំណែង» នេះ វាធ្វើឲ្យមានអំពើពុករលួយស៊ីជម្រៅនៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋ ហើយកន្លងមក ឃើញមានទទួលរងគ្រោះ ជាប់គុក និងរហូតដល់ស្លាប់ផងដែរ ។ ម្យ៉ាងទៀត អ្នកដែលយកលុយនោះ មិនមែនយកទៅស៊ីម្នាក់ទេ គឺនឹងចែកទៅតាមឋានានុក្រមខាងលើទៀត ទើបអាចរស់ទាំងអស់គ្នាបាន ។

  លោកបណ្ឌិត មាស នី បានមានប្រសាសន៍ថា “មែនទែនទៅ បើយើងនិយាយអំពី “ការតូលុយ យកតំណែង” អាហ្នឹងវាជាអំពើពុករលួយធំណាស់ នៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋ ព្រោះកាលណាគេវិនិយោគ ដល់ពេលគេចូលទៅធ្វើការ គេនឹងប្រឹងរកលុយវិញ តាមវិធី តាមអ្វីដែលគេវិនិយោគ ឲ្យបានមកធ្វើមាន ធ្វើបាន ។ អ៊ីចឹងអាហ្នឹងយើងមិនមែននិយាយត្រឹមតែបាត់បង់នូវធនធានមនុស្សដែលមានសមត្ថភាពមិនអាចចូលបានទេ ប៉ុន្តែវាជាអំពើពុករលួយធំនៅក្នុងប្រព័ន្ធ ហើយនៅក្នុងស្រុកយើងនេះ ក្រៅពីរឿងបង់លុយ ឬក៏តូលុយ ដើម្បីយកតំណែង ក៏វាមានបញ្ហាធំមួយទៀត ដែលពិបាកនៅក្នុងការធ្វើកំណែទម្រង់ គឺបក្ខពួកនិយម ហើយពិសេស គឺគ្រួសារនិយមហ្នឹងតែម្ដង ដែលធ្វើឲ្យកំណែទម្រង់ហ្នឹង នឹងមានភាពស្មុគស្មាញ ហើយពិបាកដោះស្រាយ ។ ហើយយើងមិនអាចយកពាក្យថា “បង់លុយ” ឬ “តូលុយដើម្បីតំណែង” យកមកប្រើជាទីផ្សារសេរីបានទេ អាហ្នឹងវានាំខូចឈ្មោះរបស់គេ ។ ពាក្យនៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋ វាត្រូវការសមត្ថភាព ។ អ៊ីចឹងការយកពាក្យថា “ទីផ្សារសេរី” យកមកដើម្បីតូលុយ យកតំណែង អាហ្នឹងវាជាអំពើពុករលួយ យើងមិនអាចយកមកប្រើនៅក្នុងលក្ខណៈវិជ្ជមានបានទេ“ ។

លោកបណ្ឌិត មាស នី បានមានប្រសាសន៍បន្តថា “ទីផ្សារសេរី គឺយើងសំដៅទៅលើការធ្វើពាណិជ្ជកម្មតើ! មិនមែនយកសំដៅមកលើការដណ្ដើមគ្នា តូលុយ យកតំណែង ឯណា វាមិនត្រូវភ្ជាប់ទេអាហ្នឹង វាអត់ត្រូវទេ ។ ប៉ុន្តែអ្វីដែលយើងនៅតែអាចនិយាយបាន គឺការតូលុយ យកតំណែងនេះ វាពុករលួយ! វាធ្វើឲ្យមានអំពើពុករលួយស៊ីជម្រៅនៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋ ព្រោះអ្នកតូលុយ យើងឃើញហើយ មានអ្នកខ្លះ ក៏ទទួលរងគ្រោះ ជាប់គុក រហូតដល់ស្លាប់ ដោយសារតែរកស៊ីអ៊ីចឹងៗ ហើយក្នុងហ្នឹង ខ្ញុំជឿថា ក៏មិនមែនអ្នកដែលយកលុយទៅស៊ីម្នាក់ឯងដែរ នឹងចែកទៅតាមឋានៈ តាមឋានានុក្រមខាងលើទៀត អាហ្នឹងបានអាចរស់ទាំងអស់គ្នាបាន ។ ដូច្នេះដើម្បីលុបបំបាត់បាន ឬកុំឲ្យការតូលុយ យកតំណែង ក្លាយដូចពាក្យគេថា ជាទីផ្សារសេរីនោះ វាសំខាន់គឺវាចេញពីឧត្ដមគតិអ្នកនយោបាយ ហើយនិងហៅថា ជាថ្នាក់របស់រដ្ឋាភិបាល ដែលត្រូវពិនិត្យមើលរឿងហ្នឹង ថាតើនឹងត្រូវធ្វើបែបម៉េច? ព្រោះវាពិបាកណាស់  យើងអ្នកក្រៅ ទៅប្រដៅរដ្ឋាភិបាលសព្វថ្ងៃហ្នឹង ។ អ៊ីចឹងគិតថា រដ្ឋាភិបាល ត្រូវធ្វើ ទី១ គឺចាប់ផ្ដើមពីឧត្ដមគតិ ។ ឧត្ដមគិតហ្នឹង គឺធ្វើម៉េចដើម្បីឲ្យប្រព័ន្ធហ្នឹងវាមានភាពច្បាស់លាស់ មានប្រសិទ្ធភាព ហើយវាមិនពាក់ព័ន្ធជាមួយនឹងអំពើពុករលួយ ហើយខ្ញុំដឹងថា រដ្ឋាភិបាល ដឹងថាត្រូវធ្វើយ៉ាងម៉េច មិនចាំបាច់អ្នកណាប្រាប់ទេ“ ។

  ជាមួយគ្នានវដែរ លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ថា បើសិនជាក្នុងករណីការទិញដូរតំណែងនេះ ជាទីផ្សារសេរី មិនអាចធ្វើបែបនេះបានទេ ពីព្រោះអ្នកដែលផ្សព្វផ្សាយអំពីការទិញដូរតំណែង គឺនឹងត្រូវបានស៊ើបអង្កេតនៅក្នុងអង្គភាពរបស់រដ្ឋ តាមរយៈអង្គភាពប្រឆាំងអំពើពុករលួយ ហើយនឹងមានសម្ពាធពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ។ ដូច្នេះទីផ្សារនៃការទិញដូរតំណែង នៅក្នុងរដ្ឋាភិបាល មិនមែនជាទីផ្សារសេរី នោះទេ តែវាជាទីផ្សារងងឹត ដែលពិបាកនៅក្នុងការវែកមុខ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ឬអ្នកដែលអនុញ្ញាតឲ្យមានការទិញដូរ ។ ប៉ុន្តែរឿងរ៉ាវទាំងអស់នេះ សុទ្ធតែអាចទប់ស្កាត់និងលុបបំបាត់បាន បើសិនជារដ្ឋាភិបាល មានឆន្ទៈនយោបាយពិតប្រាកដ ។

  លោក សេក សុជាតិ បានមានប្រសាសន៍ថា “បាទ! សម្រាប់ខ្ញុំយល់ថា បញ្ហានេះ វាមិនទាន់ជាទីផ្សារសេរីទេ ក៏ប៉ុន្តែវាជាទីផ្សារលួចលាក់ ពីព្រោះអ្នកដែលទិញតំណែង ឬក៏គប់គិតគ្នានៅក្នុងការដោះដូរ ឬក៏ទទួលលាភសក្ការៈ ហើយនិងការផ្ទេរអំណាច ទៅឲ្យនរណាម្នាក់ ឬក៏ផ្តល់តួនាទីទៅឲ្យនរណាម្នាក់ មិនមែនជារឿងសេរីនៅលើផ្សារទេ ។ ពោលគឺយើងមើលឃើញថា វាគឺជាកម្មវិធី ឬក៏ជាទីផ្សារងងឹត លួចលាក់ ហើយទាល់តែមនុស្សដែលធ្លាប់ស្គាល់និងដឹងប្រភព ហើយនិងមានទំនុកចិត្តលើគ្នាទៅវិញទៅមក ទើបធ្វើ ហើយបើសិនជាក្នុងករណីការទិញដូរ លក់តំណែងនេះ ជាទីផ្សារសេរី យើងឃើញហើយ មិនអាចធ្វើបែបនេះបានទេ ពីព្រោះអ្នកដែលផ្សព្វផ្សាយអំពីការទិញលក់តំណែង គឺនឹងត្រូវបានស៊ើបអង្កេតនៅក្នុងអង្គភាពរបស់រដ្ឋ តាមរយៈអង្គភាពប្រឆាំងអំពើពុករលួយ ហើយនឹងមានសម្ពាធពីប្រជាពលរដ្ឋដែលជាម្ចាស់ ឆ្នោត ម្ចាស់ប្រទេសហ្នឹង ក៏ខ្លាំងដែរ ។ ដូច្នេះទីផ្សារនៃការទិញដូរ ឬក៏លក់តំណែង នៅក្នុងរដ្ឋាភិបាល មិនមែនជាទីផ្សារសេរី ហើយវាជាទីផ្សារងងឹត ដែលពិបាកនៅក្នុងការវែកមុខ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ឬក៏អ្នកដែលអនុញ្ញាតឲ្យមានការទិញដូរហ្នឹងខ្លាំងមែនទែន ។ ក៏ប៉ុន្តែរឿងរ៉ាវទាំងអស់ហ្នឹង គឺសុទ្ធតែអាចទប់ស្កាត់និងលុបបំបាត់បានទេ បើសិនជារដ្ឋាភិបាល មានឆន្ទៈនយោបាយពិតប្រាកដ ពីព្រោះមនុស្សដែលទៅធ្វើការ គឺគាត់នឹងប្រើប្រាស់តួនាទី ដើម្បីឲ្យឆ្លើយតបទៅនឹងការទទួលខុសត្រូវ ដែលរដ្ឋាភិបាល ប្រគល់ជូន ហើយចំពោះមន្ត្រី យើងឃើញហើយ បើសិនជាពួកគាត់ចូលទៅតាមការទិញដូរ តាមការការចំណាយទៅលើអំពើពុករលួយ ដូច្នេះគាត់នឹងប្រើប្រាស់តួនាទីនោះ ដើម្បីទទួលបានចំណូលត្រឡប់មកវិញ ហើយគាត់នឹងអាចបំពានច្បាប់ ឬក៏គាត់អាចនឹងប្រព្រឹត្តដូចគោលការណ៍ដែលគាត់ធ្លាប់បានទទួល ទោះ បីជាក្នុងរយៈពេលខ្លី មិនហ៊ានមែន ក្នុងតែក្នុងរយៈពេលយូរមួយ នៅពេលដែលគាត់មើលឃើញឱកាស គាត់ច្បាស់ជាអាចប្រើប្រាស់ឱកាសនោះ ដើម្បីទាញយក ឬក៏ស្រូបយកផលប្រយោជន៍នោះត្រឡប់មកវិញ“ ។

លោក សេក សុជាតិ បានមានប្រសាសន៍បន្តថា “ដូច្នេះវាគឺជារូបភាពអវិជ្ជមានសម្រាប់សង្គមរបស់យើង បើសិនជាមានការជួញដូរនិងលក់តំណែងនៅលើទីផ្សារ ដូចការលើកឡើងមែន។ ក៏ប៉ុន្តែយើងក៏ចង់ឃើញការប្តេជ្ញាចិត្តមួយច្បាស់លាស់ របស់រដ្ឋាភិបាល តើអ្នកដែលចូលទៅក្នុងរដ្ឋបាន ឬក៏កាន់តួនាទីណាមួយបាន ពិតជាធ្វើដោយមានសុចរិតភាពត្រឹមត្រូវមែនដែរអត់? មានន័យថា មន្ត្រីដែលមានសមត្ថភាព មន្ត្រីដែលមានបេះដូង ឆន្ទៈបម្រើជាតិ បម្រើពលរដ្ឋពិតប្រាកដ តើពួកគាត់មានឱកាសនៅក្នុងកម្រិតណា? ហើយអ្វីដែលខ្ញុំធ្លាប់បានដឹង និងធ្លាប់បានឮ គឺមានការជជែកគ្នា អំពីថ្នាក់ដឹកនាំ ឬក៏មន្រ្តីសំខាន់ៗ ដែលនឹងត្រូវផ្លាស់ប្តូរនូវតួនាទីកន្លែងណាមួយ ឬក៏ផ្ទេរពីទីណាមួយ ទៅកន្លែងណាមួយ នៅតាមតុកាហ្វេ ក៏ធ្លាប់បានលើកឡើងខ្លះដែរថា តើទៅកន្លែងនោះ រកបានដែរអត់? ទៅកន្លែងនោះ មានអ្វីប្រសើរជាងកន្លែងចាស់ដែរអត់? ដូច្នេះតាមរយៈសារមួយចំនួន យើងអាចសន្និដ្ឋានថា មន្រ្តីហាក់បីដូចជាទៅរកកន្លែងដែលមានឱកាសនៅក្នុងការប្រព្រឹត្តអំពើពុករលួយ ឬក៏ទាញយកផលប្រ យោជន៍ពីតួនាទី តំណែង ឬក៏កាតព្វកិច្ចនៅកន្លែងនោះ ដើម្បីស្វែងរកលាភសក្ការៈចូលខ្លួន ទៅតាមទម្រង់ណាមួយ ដែលពិបាកនឹងធ្វើការវាយតម្លៃ ។ ក៏ប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍ គឺនៅត្រង់អ្នកដែលរកស៊ីនៅក្នុងវិស័យឯកជន ភាគច្រើនដែលយើងមើលឃើញ គឺពួកគាត់តែងតែស្វះស្វែង និងពូកែនៅក្នុងការបញ្ចុះបញ្ចូលឲ្យមន្ត្រី ទទួលយកនូវគម្រោងរបស់ពួកគាត់ ឬក៏ការស្នើសុំរបស់ពួកគាត់ ឆាប់បានទទួលផល ដោយសារតែឃើញស្ថានភាពមួយចំនួន គឺពួកគាត់ថា គាត់បាននិយាយរួចហើយ ហើយនិងបានទទួលយក ឬក៏មានភ្លើងខៀវរួចហើយ ដើម្បីធ្វើកិច្ចការទាំងអស់ហ្នឹង“ ។

  លោក សេក សុជាតិ បានមានប្រសាសន៍បន្តថា “ដូច្នេះនៅត្រង់នេះ យើងមិនដឹងថាមានអំពើពុករលួយឬអត់ទេ ក៏ប៉ុន្តែយើងពិនិត្យមើលទៅថា វាហាក់បីដូចជាគួរឲ្យសង្ស័យ ដែលកត្តាទាំងអស់នេះ វាពិបាកនៅក្នុងការវែកញែកឲ្យបានច្បាស់លាស់ថា មានអំពើពុករលួយ នៅពីក្រោយខ្នងហ្នឹងឬអត់? ពីព្រោះត្រឹមជាអ្នកអង្កេត ត្រឹមតែជាអ្នកសិក្សានិងតាមដាន គឺមិនអាចទៅជ្រៀតជ្រែកកិច្ចការរបស់មន្ត្រីបានទេ ហើយនៅក្នុងករណីមានការជ្រៀតជ្រែក គឺច្បាស់ណាស់ នឹងទទួលរងនូវការប្ដឹងផ្ដល់ ឬក៏ការព្រមានពីមន្ត្រីមកវិញថា យើងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រាជការ ដែលជាកត្តាមួយបិទបាំង ឬក៏ពិបាកនៅក្នុងការវែកញែកឲ្យបានដាច់ស្រេចថា តើអំពើទាំងអស់ហ្នឹង ជាអំពើស្របច្បាប់ ត្រឹមត្រូវ មានយុត្តិធម៌ មានតម្លាភាព មានគណនេយ្យភាព ឬក៏មានបង្កប់នូវរបៀបវារៈណាមួយដែលប្រាសចាកអំពីគោលការណ៍ច្បាប់របស់យើងនោះ ។ ដូច្នេះនៅក្នុងទិដ្ឋភាពទាំងអស់នេះ គឺវាទាមទារឲ្យមានភាពច្បាស់លាស់ ទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តើមានចេតនានៅក្នុងការទប់ស្កាត់និងដោះស្រាយបញ្ហាហ្នឹងដែរឬអត់? ហើយបើមាន ខ្ញុំជឿជាក់ថា បញ្ហាអំពើពុករលួយទាំងអស់ហ្នឹង គឺសុទ្ធសឹងតែអាចទប់ស្កាត់បាន ។ ខ្ញុំលើកឧទាហរណ៍ ដូចជាប្រទេសសិង្ហបុរី ប្រ ទេសហ្វាំងឡង់ ឬក៏ប្រទេសធំៗមួយចំនួនទៀត ដូចជានៅកូរ៉េខាងត្បូង នៅប្រទេសជប៉ុន ហើយជាពិសេស យើងឃើញហើយ អំពើពុករលួយដែលមានការបោស សម្អាតខ្លាំងបំផុត ដែលយើងធ្លាប់បានដឹងនោះ គឺនៅក្នុងប្រទេសចិន មិនថាមានតំណែងធំ តួនាទីប៉ុនណាទេ ឲ្យតែមានអំពើពុករលួយ មានដឹងពាក់ព័ន្ធជាមួយនឹងការទិញដូរ ដោះដូរតំណែង ដោយប្រើប្រាស់ខុសពីគោលការណ៍ច្បាប់ គឺត្រូវតែមានទោស ហើយនៅក្នុងនោះ ក៏យើងឃើញមានប្រទេសជាប់ខាងយើង ក៏បានអនុវត្តនូវច្បាប់ប្រឆាំងអំពើពុករលួយ និងការកៀងគរបក្ខពួក ឬក៏ការលក់ដូរតំណែងហ្នឹង ក៏មានដែរ គឺដូចជានៅប្រទេសវៀតណាម ។ ដូច្នេះយើងមើលឃើញអំពីឆន្ទៈនយោបាយរបស់មេដឹកនាំ ឲ្យតែមានឆន្ទៈនៅក្នុងការទប់ស្កាត់និងលុបបំបាត់គ្រប់យ៉ាងទាំងអស់ ខ្ញុំជឿជាក់ថា វានឹងអាចប្រព្រឹត្តទៅបាន តែបើគ្មាន វាមិនអាចធ្វើឲ្យអ្វីក្លាយទៅជាការពិតបានទេ វាគ្រាន់តែត្រឹមតែជារូបភាពដែលលម្អ ឬបញ្ឆោតភ្នែក និងឧត្តមគតិរបស់មនុស្សសាមញ្ញតែប៉ុណ្ណោះ“ ៕ កុលបុត្រ

RELATED ARTICLES