Homeសន្ដិសុខសង្គមសន្តិសុខសង្គមនិស្សិតស្រី តុលាការកាត់ទោសដាក់គុក២២ខែ

និស្សិតស្រី តុលាការកាត់ទោសដាក់គុក២២ខែ

ភ្នំពេញ ៖ យុវតីម្នាក់ ជានិស្សិតច្បាប់  ត្រូវបានតុលាការ កាត់ទោសដាក់គុក ២២ខែ និងពិន័យជាប្រាក់ ចំនួន ២លានរៀល ពីបទញុះញង់ ជុំវិញការបង្ហោះសារនៅលើបណ្ដាញសង្គម រិះគន់កិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ (CLV-DTA) ។

  ប្រភពអង្គការសិទ្ធិមនុស្ស លីកាដូ បានឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានផ្តន្ទាទោសកញ្ញា យន់ សេងឡាត់ អាយុ២២ឆ្នាំ ដែលជានិស្សិតច្បាប់ ឆ្នាំទី២ និងជាអ្នកប្រើប្រាស់បណ្តាញសង្គម មួយរូប ឱ្យជាប់ពន្ធនាគារ កំណត់រយៈពេល ២២ខែ និងពិន័យជាប្រាក់ ចំនួន២លានរៀល (ប្រមាណ ៥០០ដុល្លារអាមេរិក )  ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញត្តិមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

  ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក អំ សំអាត នាយកអង្គការលីកាដូ បានបញ្ជាក់ថា លោកមានការសោកស្ដាយដែលតុលាការ សម្រេចផ្ដន្ទាទោសនិស្សិតស្រី យន់ សេងឡាត់ ដាក់គុក ដល់ទៅ២២ខែ និងពិន័យជាប្រាក់ ២លានរៀល ព្រោះថា ករណីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA)  ត្រូវបានរាជរដ្ឋាភិបាល និងរដ្ឋសភា អនុម័ត ដកខ្លួនចេញរួចទៅហើយ ។ យ៉ាងណា លោកសង្ឃឹមថា ខាងសាលាឧទ្ធរណ៍ នឹងលុបចោលការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ នៅពេលកញ្ញា យន់ សេងឡាត់ តាមរយៈមេធាវី ប្ដឹងជំទាស់ ។

  លោក អំ សំអាត បានមានប្រសាសន៍ថា “បាទ! នៅថ្ងៃ២៤ ហ្នឹង គឺសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ដោយធ្វើការផ្ដន្ទាទោសទៅលើកញ្ញា យន់ សេងឡាត់ ដាក់ពន្ធនគារ ចំនួន២២ខែ និងពិន័យជាប្រាក់ ២លានរៀល ដោយចោទប្រកាន់ពីបទញុះញង់ឲ្យមានសកម្មភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ហើយការចោទប្រកាន់នេះ គឺវាពាក់ព័ន្ធនឹងការដែលកញ្ញាបង្ហោះសាររិះគន់ទៅលើកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា វៀតណាម ឡាវ (CLV-DTA) ។ ពេលនេះ កញ្ញា កំពុងតែបន្តជាប់ពន្ធនាគារនៅក្នុងរាជធានីភ្នំពេញ ហើយការចាប់ខ្លួននេះ តាំងពីឆ្នាំ២០២៤ មកម៉្លេះ ។ ការកាត់ទោសនេះ ទី១ យើងសោកស្ដាយចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ពីព្រោះយើងដឹងហើយថា កិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា វៀតណាម ឡាវ (CLV-DTA) ហ្នឹង គឺត្រូវរាជរដ្ឋាភិបាល និងរដ្ឋសភា បានអនុម័តដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះរួចទៅហើយ ។ អ៊ីចឹងអ្នកដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ទាក់ទងនឹងរិះគន់ទៅលើកិច្ចព្រមព្រៀងនេះ គួរតែត្រូវបានដោះលែង ហើយជាពិសេស បើយើងមើលទៅលើកញ្ញា យន់ សេងឡាត់ គាត់ជានិស្សិតឆ្នាំទី២ ផ្នែកច្បាប់ ទៅទៀត អ៊ីចឹងការបន្តឃុំខ្លួន ការផ្ដន្ទាទោសហ្នឹង វាធ្វើឲ្យគាត់បាត់បង់ឱកាសក្នុងការបន្តសិក្សារបស់គាត់ ដើម្បីបញ្ចប់បរិញ្ញា ទៅទៀត វាជាផលប៉ះពាល់ដែរ ។ ប៉ុន្តែអានេះវាជាសេចក្ដីសម្រេចរបស់តុលាការទៅហើយ ប៉ុន្តែកញ្ញា និងមេធាវីរបស់គាត់ មានសិទ្ធិនៅក្នុងការប្ដឹងឧទ្ធរណ៍ ទៅលើសាលក្រមរបស់សាលាដំបូងនេះ ហើយយើងសង្ឃឹមថា សាលាឧទ្ធរណ៍ នឹងពិចារណា ហើយអាចឲ្យគាត់រួចផុតពីការចោទប្រកាន់ ហើយដោះលែងឲ្យមានសេរីភាពវិញ“  ។

    សូមរំលឹកថា កញ្ញា យន់ សេងឡាត់ ត្រូវបាននគរបាលនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី ចាប់ខ្លួន បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ នៅក្នុងខេត្តមណ្ឌលគិរី អំឡុងពេលដែលទៅលេងបងប្អូន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ពាក់ព័ន្ធនឹងការចែករំលែកមតិរិះគន់នៅលើបណ្តាញសង្គម ជុំវិញគម្រោងកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA) ។ ពីរសប្តាហ៍ក្រោយមក ទើបក្រុមគ្រួសាររបស់កញ្ញា បានទទួលដំណឹងពីការចាប់ខ្លួន ខណៈពេលដែលកញ្ញា បាននិងកំពុងឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ រាជធានីភ្នំពេញ ។ យុវតី យន់ សេងឡាត់ សិ្ថតនៅក្នុងចំណោមមនុស្ស ១១៧នាក់ ដែលកំពុងជាប់ឃុំដោយប្រើប្រាស់សិទ្ធិ ដែលចងក្រងដោយអង្គការលីកាដូ ។ ពោលគឺនាងត្រូវលីកាដូ (LICADHO) ចាត់ចូលជា «អ្នកទោសគួរឱ្យចាប់អារម្មណ៍» (Prisoners of Interest)  ដោយចាត់ទុកថា ការចាប់ខ្លួននេះ ទាក់ទងនឹងការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។

  ការចាត់ចូលបែបនេះ ត្រូវលីកាដូ បញ្ជាក់ថា ជាការឆ្លើយតបទៅនឹងអាជ្ញាធរនិងស្ថាប័នអនុវត្តច្បាប់មួយចំនួន ដែលបន្តចាប់ឃាត់និងឃុំខ្លួនអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដោយចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌមួយចំនួន ដោយសារតែភាពសកម្មនិយម ឬការបញ្ចេញមតិរបស់អ្នកទាំងនោះ ។

កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសមនុស្សចំនួន ៣៣នាក់ ដែលក្នុងនោះ មានមនុស្សចំនួន ១៤នាក់ កំពុងជាប់ឃុំ ក្រោមបទចោទ ញុះញង់ ពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់ពួកគេ ទៅលើបញ្ហាកិច្ចព្រមព្រៀងសហប្រតិបត្តិការ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA) ។

លោក អំ សំអាត បានមានប្រសាសន៍ប្រាប់ពីមូលហេតុនេះថា “បាទ! ដោយសារយើងមើលទៅ ដោយសារការចាប់ខ្លួន ឃុំខ្លួន និងចោទប្រកាន់កញ្ញាហ្នឹង ទាក់ទងនឹងការបញ្ចេញមតិ ការប្រើប្រាស់សិទ្ធិនៅក្នុងការបញ្ចេញមតិ ដោយគ្រាន់តែបង្ហោះសារបណ្ដាញសង្គមរបស់ខ្លួន ។ និយាយទៅ បើយើងមើលទៅ ដូចខ្ញុំលើកឡើងអ៊ីចឹងថា ការបញ្ចេញមតិ រិះគន់ដើម្បីស្ថាបនា វាជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ។ ដូចករណីនេះ CLV ក្រោយពីការផ្ទុះការរិះគន់កើតឡើងទៅលើបញ្ហា CLV ក្រោយមក យើងឃើញរាជរដ្ឋាភិបាល រដ្ឋសភា ក៏បានពិចារណា ហើយក៏បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងហ្នឹងដែរ ។ អ្នកដែលជាប់ដោយសារការរិះគន់រឿងហ្នឹង វាគួរតែត្រូវបានដោះលែងឲ្យមានសេរីភាពដែរ“ ។

  ជាមួយនឹងការចងក្រង មកដល់ពេលនេះ អង្គការលីកាដូ រួមជាមួយក្រុមអ្នកសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិលមួយចំនួន នៅតែអំពាវនាវឱ្យមានការដោះលែងអ្នកទាំងនោះជាបន្ទាន់ និងលើកចោលបទចោទប្រកាន់ដែលមានមកលើអ្នកទាំងនោះ ក៏ដូចជាអនុញ្ញាតឱ្យពួកគេបន្តភាពសកម្មនិយម ដើម្បីឱ្យកម្ពុជា កាន់តែប្រសើរឡើង ។

  លោក អំ សំអាត បានមានប្រសាសន៍បន្ថែមពីចំណុចនេះថា “បាទ! សុំឲ្យពិចារណាទៅលើរឿងហ្នឹង ជាពិសេសំណូមពរទៅអាជ្ញាធរ ក៏ដូចជាតុលាការ រាល់ការឃាត់ខ្លួន ការចោទប្រកាន់ ការឃុំខ្លួន ការផ្ដន្ទាទោស ត្រូវពិនិត្យឲ្យបានច្បាស់លាស់ ថាអ្វីជាការបញ្ចេញមតិ? អ្វីជាបទល្មើស? ដើម្បីកុំឲ្យមានការរិះគន់ថា ប៉ះពាល់ទៅដល់សេរីភាពការបញ្ចេញមតិ ឬក៏ប៉ះពាល់ទៅដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ“ ៕ កុលបុត្រ

RELATED ARTICLES