ភ្នំពេញ ៖ យោងតាមរបាយការណ៍អគ្គាធិការដ្ឋាន ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២៦ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹង សរុប៩៣បណ្តឹង ក្នុងនោះមានបណ្តឹងស្ទួន ១៥បណ្តឹង និងបណ្តឹងគ្មានប្រភព ៨បណ្តឹង។ បើធៀបនឹងខែមេសា បណ្តឹងសរុប បានថយចុះ ២ បណ្តឹង ស្មើនឹង ២ភាគរយ។

បើតាមរបាយការណ៍ បណ្តឹងទាំងនោះ រួមមាន បណ្តឹងប្រជាពលរដ្ឋ ជាមួយនិងប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាមួយមន្ត្រីរាជការ ប្រជាពលរដ្ឋជាមួយអង្គភាព និងបណ្តឹងពាក់ព័ន្ធការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីរាជការ។ ចំនួននេះ បើគិតទាំងបណ្តឹង នៅសល់ផងនោះ អគ្គាធិការដ្ឋាន មានពាក្យបណ្តឹងសរុប ចំនួន២៥៧បណ្តឹង។
បន្ទាប់ពីទទួលបានបណ្តឹង និងដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ អគ្គាធិការដ្ឋាន ទទួលបានរបាយការណ៍បំភ្លឺពីអង្គភាពពាក់ព័ន្ធ ចំនួន៥៦របាយការណ៍។ ធៀបនឹងខែមេសា របាយការណ៍បំភ្លឺសរុប កើនឡើង ២៤របាយការណ៍ និងរបាយការណ៍បំភ្លឺ កំពុងចាត់ការ មាន៧៤ របាយការណ៍។ អគ្គាធិការដ្ឋាន ក៏បានរៀបចំសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំ ដើម្បីចាត់ចែងពាក្យបណ្តឹង ៥២បណ្តឹង និងរបាយការណ៍បំភ្លឺ ៣៥របាយការណ៍ផងដែរ។
លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋានបានដោះស្រាយបណ្តឹង ៧៧បណ្តឹង។

លោកអគ្គាធិការ បានបញ្ជាក់ថា ក្នុងចំណោមពាក្យបណ្តឹងសរុប ២៥៧បណ្តឹង អគ្គាធិការដ្ឋាន សម្រេចដោះស្រាយបណ្តឹងបាន ៥០ភាគរយ ដែលចំនួននេះ ថយចុះ២០ភាគរយ បើធៀបនឹងលទ្ធផលដោះស្រាយក្នុងខែមេសា កន្លងទៅ។ ចំណែកពាក្យបណ្តឹងនៅសេសសល់ ១៨០បណ្តឹងទៀត អគ្គាធិការដ្ឋាន កំពុងបន្តដំណើរការដោះស្រាយតាមនីតិវិធី៕