ភ្នំពេញ ៖ យោងទៅតាមអង្គមហាសន្និបាត ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងអ៊ូឡានបាទ័រ ប្រទេសម៉ុងហ្គោលី កម្ពុជា ត្រូវបានបោះឆ្នោតគាំទ្រជាឯកច្ឆន្ទពីសមាជិកសហព័ន្ធតេក្វាន់ដូអាស៊ី (ATF) ឱ្យធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡា តេក្វាន់ដូ ITF អាស៊ីលើកទី១២ (12th Asian Taekwon-Do Championship) ឆ្នាំ២០២៨។

បើតាមការឱ្យដឹងបន្ថែម ក្រៅពីទទួលបានការគាំទ្រពីសមាជិកភាពនៅក្នុងសហព័ន្ធកីឡាតេក្វាន់ដូអាស៊ី នៅមានប្រទេសពីរផ្សេងទៀត ដែលបានគាំទ្រយ៉ាងពេញទំហឹងឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី គឺប្រទេសអ៊ូបេគីស្ថាន និងប្រទេសគៀគីស្ថាន។ ប្រទេសទាំងពីរនេះ កំពុងតែមានការរីកចម្រើនខ្លាំងលើវិស័យកីឡាតេក្វាន់ដូ ITF។ មូលហេតុដែលកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតជើងឯកអាស៊ី នាពេលនេះ គឺដោយសារតែគេមើលឃើញថា កន្លងមក ប្រទេសកម្ពុជា ធ្លាប់ទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាតេក្វាន់ដូ ជើងឯកអាស៊ីអាគ្នេយ៍។
នេះជាការបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជា មិនត្រឹមតែមានការរីកចម្រើនលើវិស័យកីឡាតេក្វាន់ដូ ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាឱកាសដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពកម្ពុជា លើឆាកអន្តរជាតិ ព្រមទាំងបានជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌ជាមួយ បណ្តាប្រទេសនៅក្នុងតំបន់ទៀតផង។

ទាំងនេះគឺជាការទន្ទឹងរង់ចាំរបស់កម្ពុជា ជាយូរមកហើយ។ ជាក់ស្តែង លោកកែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ធ្លាប់បានមានប្រសាសន៍លើកឡើង នៅមុនពេលចេញទៅប្រកួតជ្រើសរើសជើងឯកអាស៊ីលើកទី១១ នៅប្រទេសម៉ុងហ្គោលី ដោយលោកបានបង្ហាញពីគោលបំណងចង់ឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី១២ ឆ្នាំ២០២៨ ។ ឥឡូវនេះក្តីស្រមៃ បានក្លាយជាការពិតហើយ៕