ភ្នំពេញ ៖ សម្តេចហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាបាល់មូលពិតមែន អ្នកលេងភ្នាល់បាល់ទាត់ពិភពលោក ចាញ់ចង់ឡប់។សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៦ ថា «បាល់មូលពិតមែន ព្រោះប្រទេសនៅតំបន់អាមេរិកខាងត្បូង និងនៅអាហ្រ្វិកខាងជើង បានបណ្តេញប្រទេសនៅតំបន់អឺរ៉ុប ដែលធ្លាប់ខ្លាំងខាងបាល់ទាត់ ទៅផ្ទះវិញ អស់ពីរក្រុមហើយ ដែលធ្វើឲ្យអ្នកលេងភ្នាល់បាល់ ចាញ់ចង់ឡប់។

សម្តេច ហ៊ុន សែន បន្តថា «រដូវបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ នេះ មនុស្សធ្វើការពេលព្រឹកមិនសូវសកម្ម ព្រោះងងុយផង និងមើលបាល់ទាត់ផង ព្រោះគេទាត់ក្រោយម៉ោង ១២យប់ រហូតម៉ោង ១០ព្រឹក។
សូមបងប្អូនអ្នកបើកយានយន្តគ្រប់ប្រភេទ ប្រុងប្រយ័ត្នពេលបើកបរ។ បើងងុយ កុំបើកបរ នាំគ្រោះថ្នាក់»។

គួរបញ្ជាក់ថា ការលើកឡើងរបស់សម្តេច ហ៊ុន សែន ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក (World Cup) បានឈានដល់វគ្គជម្រុះចេញពី៣២ក្រុម ជាពិសេស ក្រោយពីក្រុមបាត់ទាត់អាល្លឺម៉ង ដែលជាក្រុមខ្លាំងនៅអឺរ៉ុប ត្រូវក្រុមប៉ារ៉ាហ្គាយ ដេញឲ្យត្រឡប់ទៅប្រទេសវិញ ដោយបាល់ប៉េណាល់ទី លទ្ធផល ៤-៣ បន្ទាប់ពីលទ្ធផលស្មើគ្នា ១-១ ក្នុងការប្រកួត ៩០នាទី និងថែមម៉ោង៕
