ខេត្តកំពត ៖ ព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត រតនៈសាគរ ហៅវត្តថ្មី បានសម្តែងការហួសចិត្ត ក្រោយពីចាញ់ល្បិចបោកប្រាស់របស់ជនខិលខូចម្នាក់ ដែលប្រើល្បិច កលធ្វើជារៀបចំដង្ហែបុណ្យផ្កា ចូលវត្ត ប៉ុន្តែយកលេសឱ្យព្រះចៅអធិការវត្ត ផ្ទេរប្រាក់ឱ្យខ្លួន ជាបន្តបន្ទាប់ ចំនួន២លើក សរុបចំនួន ២លានរៀល រួចបិទទូរស័ព្ទបាត់។

ព្រះតេជគុណ ព្រនាម មិន ឆុំ ព្រះជន្ម ៧៣វស្សា ជាព្រះចៅអធិការវត្តរតនៈសាគរ ហៅវត្តថ្មី ឲ្យដឹងថា ជនខិលខូច បានប្រើប្រាស់លេខទូរសព្ទ ០៦៦ ៩០៨ ០៦៤ ទំនាក់ទំនងមកព្រះអង្គ និងគណៈកម្មការវត្ត ដោយនិយាយសម្តីផ្អែមល្ហែម និងអះអាងខ្លួនជាពុទ្ធបរិស័ទ អ្នកធ្វើបុណ្យទាន។ ជនបោកប្រាស់នោះ បានបោកបញ្ឆោតថា ធ្លាប់បានដង្ហែបុណ្យ ប្រមូលបច្ច័យកសាងវត្តជុំក្រៀល (វត្តមេគុណខេត្ត) ចំនួន២ដង មកហើយ។

សម្រាប់លើកនេះ ជនខិលខូច បានអះអាងថា ខ្លួននិងពុទ្ធបរិស័ទ មកពីរាជធានីភ្នំពេញ និងសប្បុរសជនក្រៅប្រទេស ព្រមទាំងពុទ្ធបរិស័ទក្នុងខេត្តកំពត មានរថយន្ត ចំនួន១៤គ្រឿង បានរៀបចំធ្វើបុណ្យផ្កាប្រាក់ និងមានចង្ហាន់ ដើម្បីយកមកប្រគេនព្រះសង្ឃ នៅវត្តថ្មី ស្ថិតនៅ ឃុំស្តេចគង់ខាងជើង ដោយកំណត់ថ្ងៃដង្ហែចូល នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។ ប៉ុន្តែជននោះ បានថាត្រូវការព្យាបាល ឬទិញរបស់របរបន្ថែម សម្រាប់ភ្ញៀវ នៅក្រៅប្រទេស ហើយបានស្នើសុំឱ្យវត្ត ផ្ញើលុយឱ្យមុន។ ព្រះចៅអធិការ និងគណៈកម្មការវត្ត ក៏បានយល់ព្រមវេរលុយ តាមប្រព័ន្ធវីង (Wing) ទៅឱ្យជននោះ ចំនួន២លើក រួមមាន លើកទី១ ចំនួន ១លាន៦សែនរៀល និងលើកទី២ ចំនួន ៤០ម៉ឺនរៀល តាមការទាមទារបន្ថែមថា ខ្វះខាត សរុបជាទឹកប្រាក់ ចំនួន២លានរៀល ត្រូវបានផ្ញើទៅរួចរាល់ កាលពីនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។

ព្រះចៅអធិការ មានថេរដីកាបន្តថា ក្រោយការផ្ញើប្រាក់ ខាងវត្ត ក៏ដូចជាមន្ត្រីមូលដ្ឋាន និងតាព្រឹទ្ធាចារ្យ យាយជី ថែមទាំងបានរៀបចំកន្លែងទទួលភ្ញៀវ យ៉ាងអធិកអធម រួមមាន ការរៀបចំតុកៅអី និងផ្លែដូង ជាង២០០ផ្លែ ដើម្បីចាំទទួលមុខវត្ត។ ប៉ុន្តែរហូតដល់រសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ គឺស្ងាត់ជ្រងំ គ្មានឃើញរថយន្តណាមួយ មកដល់ឡើយ ចំណែកលេខទូរសព្ទ ក៏មិនអាចទាក់ទងបាន ទើបដឹងថា ចាញ់បោកជនខិលខូច។

ព្រះចៅអធិការវត្តថ្មី មានថេរដីកាថា “អាត្មា កសាងសាលាឆទាន ទើបបាន ៤០ភាគរយទេ គឺជំពាក់លុយគេខ្លះ តែមិនដែលប្រកាសរកជំនួយអីទេ ហើយអាត្មា ក៏ជាមនុស្សត្រង់ដែរ មិននឹកស្មានថា មានគេមកបោកប្រាស់បែបនេះសោះ”៕