ភ្នំពេញៈ លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) នៅថ្ងៃទី២ ខែកញ្ញា ២០២៦ បានចេញផ្សាយរបាយ ការណ៍បូកសរុបលទ្ធផលប្រតិបត្តិការ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយបង្ហាញពីលទ្ធផលនៃការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។

ក្នុងប្រតិបត្តិការរយៈពេលជាង ១ឆ្នាំនេះ សមត្ថកិច្ចកម្ពុជា បានបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្នុងនោះថវិកាជាង ៣០០លានដុល្លារអាមេរិក ក្នុងគណនីធនាគារត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិពាក់ព័ន្ធផ្សេងទៀត ដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។ នេះបានសបញ្ជាក់ការអនុវត្តច្បាប់ដោយភាពម៉ឺងម៉ាត់ ជាមួយវិធានការផ្លូវច្បាប់ ដើម្បីកាត់ផ្តាច់លំហូហិរញ្ញវត្ថុ និងផលនៃបទល្មើសរបស់បណ្តាញឧក្រិដ្ឋជនរបស់ឧក្រិដ្ឋជន។
ជាមួយគ្នានេះ ដំណើរការនីតិវិធីតុលាការ កំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ដើម្បីផ្តន្ទាទោសជនល្មើស ទៅតាមផ្លូវច្បាប់ ជាធរមាន។ សមត្ថកិច្ចបានកសាងនិងបញ្ជូនសំណុំរឿង ចំនួន ៤៤៦ករណី ទៅកាន់តុលាការ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ៣៩២៧នាក់ រួមមានទាំង មេខ្លោង និងគូកន មកពី ២៩សញ្ជាតិ។
ទន្ទឹមគ្នានឹងការអនុវត្តនីតិវិធីផ្តន្ទាទោសចំពោះឧក្រិដ្ឋជន សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះមន្ត្រីអាជ្ញាធរដែលរកឃើញថា មានការជាប់ពាក់ព័ន្ធផងដែរ។ ក្នុងនោះ មានសំណុំរឿង ចំនួន៤ករណី ពាក់ព័ន្ធនឹងជនសង្ស័យ ១៥នាក់ ត្រូវបានចាត់វិធានការ រួមមាន ៖ ព្រះរាជអាជ្ញារង អគ្គនាយករងអន្តោប្រវេសន៍ ស្នងការរងនគរបាលរាជធានីភ្នំពេញ អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។

យោងតាមរបាយការណ៍នេះ កងកម្លាំងសមត្ថកិច្ចជំនាញ បានអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងបានបើកប្រតិបត្តិការស្រាវជ្រាវនិងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៨៣២ទីតាំង ដោយក្នុងនោះបានឈានទៅបើកប្រតិបត្តិការបង្ក្រាបបានចំនួន ៦៦៣ទីតាំង។ ក្នុងនោះដែរ កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងគ្រប់គ្រងមណ្ឌលឆបោក (Scam Compounds) ធំៗចំនួន ៨៦ទីតាំង ដែលអាជ្ញាធរមានសមត្ថកិច្ច កំពុងអនុវត្តនីតិវិធីដើម្បីឈានទៅរឹបអូសតាមច្បាប់ ជាធរមាន។
លេខាធិការដ្ឋាន គ.ប.ឆ.ប បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ គ្មានទៀតទេទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំ នៅក្នុងប្រទេសកម្ពុជា។ ទោះបីជាសកម្មភាពឆបោកមួយចំនួន នៅតែបន្តកើតមាន ប៉ុន្តែវាបានផ្លាស់ប្តូររូបភាពទៅជាប្រតិបត្តិការតូចៗ ដែលលួចលាក់ ផ្សងព្រេង ដើម្បីធ្វើសកម្មភាពតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ តាមផ្ទះ តាមរថយន្ត ឬហាងកាហ្វេ ជាដើម។ តាមលេខាធិការដ្ឋាន គ.ប.ឆ.ប ជាមួយការវិវត្តនេះ ចាំបាច់ទាមទារឱ្យមានកិច្ចសហការ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ក្នុងការតាមដាន និងផ្តល់ព័ត៌មាន អំពីទីតាំងសង្ស័យនានា ដើម្បីឱ្យសមត្ថកិច្ច អាចចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា។
តាមរបាយការណ៍ដដែល ក្នុងប្រតិបត្តិការបោសសម្អាតនេះ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាសង្ស័យ សរុបជិត ៣០ ០០០នាក់ ដែលមាន ៣៩សញ្ជាតិ។ អាជ្ញាធរកម្ពុជា បានជួយសង្គ្រោះ និងអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍ជនបរទេស បានចំនួនជាង ២២ ០០០នាក់ មកពី ៣៨សញ្ជាតិ។
ជាមួយគ្នានេះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ លើកាស៊ីណូ ចំនួន២៧ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្នុងនោះ បានដកហូតអាជ្ញា ប័ណ្ណចំនួន ១៨កាស៊ីណូ និងព្យួរអាជ្ញាប័ណ្ណ ចំនួន ៩កាស៊ីណូ។ ជាងនេះ សមត្ថកិច្ចកំពុងបន្តត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ដើម្បីចាត់វិធានការតាមច្បាប់ ចំពោះកាស៊ីណូ ណាដែលប្រព្រឹត្តសកម្មភាពល្បែងស៊ីសង ឬភ្នាល់តាមអនឡាញ (Online Gambling / Online Sports Betting) ដោយខុសច្បាប់។
ទាំងនេះជាលទ្ធផលនៃប្រតិបត្តិការអនុវត្តច្បាប់ នៅលើដីជាក់ស្តែង ដែលសម្រេចបានក្នុងក្របខ័ណ្ឌនៃយុទ្ធនាការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ទន្ទឹមនឹងនេះ កិច្ចខិតខំរបស់រាជរដ្ឋាភិបាល នៅតែបន្ត ដោយអាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ បង្ក្រាប និងរៀបចំនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីលុបបំបាត់បទល្មើសនេះឱ្យអស់ពីកម្ពុជា។

ជាមួយគ្នានេះ អាជ្ញាធរកម្ពុជា សូមស្វាគមន៍ និងអំពាវនាវជាថ្មីដល់សាធារណជន និងភាគីទាំងអស់ ឱ្យចូលរួមផ្តល់ព័ត៌មាន ឬតម្រុយ អំពីទីតាំងសង្ស័យនានា ដើម្បីឱ្យសមត្ថកិច្ចអាចចាត់វិធានការឆ្លើយតបបានឆាប់រហ័ស និងមានកិច្ចសហការគ្នាល្អ៕