ប្រទេសសិង្ហបុរី ៖ សុខ ពិសី បានឡើងយន្ដហោះ ទៅទីក្រុងសាំងហ្គាពួរ ប្រទេសសិង្ហបុរី កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដែលនោះជាដំណើរកម្សាន្ដសុទ្ធសាធ ពោលគឺមិនទាក់ទងការច្រៀងសម្ដែងឡើយ ។ ប៉ុន្ដែដូចរាល់ដង ពិសី មិនបង្ហាញមុខអ្នករួមដមណើរឡើយ តែគេចាប់អារម្មណ៍ថា ដំណាលគ្នានេះដែរ លោកឡាយ សុខចំរើន ថៅកែសាន់ដេ ក៏បានបង្ហាញរូបអង្គុយលើកៅអីយន្ដហោះដែរ បើទោះជាគ្មានរូបជាប់ពិសី តែគេចាប់អារម្មណ៍ថា អ្នកទាំងពីរ ចេញដើរលេងក្រៅស្រុក ហាក់ដូចជាណាត់គ្នា គឺក្នុងពេលតែមួយ។

សូមបញ្ជាក់ថា សុខ ពិសី បានជ្រើសផ្លូវប្រឹងច្រៀងផង ដើរលេងផង ហើយមុនចេញទៅសាំងហ្គាពួរ នាងបានចាប់ដៃច្រៀងជាមួយអ្នកនាង សួស វីសា នៅ Pub មួយកាលពីពេលថ្មីៗនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅតាមឆាកនានា ពិសី បានផ្លាស់ប្ដូរការតែងខ្លួន ពោលគឺពេលខ្លះ ឡើងឆាក ត្រូវគេហៅថា «តុក្កតា» ទៀតផង ខណៈដែលថ្មីៗនេះដែរ ពិសី រីករាយខ្លាំង ពេលត្រូវបានតារាសម្ដែង លោករក្សា ចេញមុខសរសើរនាងចំៗថា អាយុជិត ៤០ឆ្នាំទៅហើយ តែមិនព្រមចាស់សោះ ។ ប៉ុន្ដែលោក រក្សា មិនបានដាស់តឿន ឬជំរុញឲ្យពិសី ប្រញាប់រៀបការប្ដីនោះឡើយ ។

ក្រៅពីប្រទេសសិង្ហបុរី សុខ ពិសី ធ្លាប់បានចេញទៅដើរលេងនៅសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េ ជាដើម ។ ចំណែកការទៅកម្សាន្ដនៅសាំងហ្គាពួរ លើកនេះ ពិសី អាចទៅរយៈពេលខ្លីប៉ុណ្ណោះ ព្រោះទោះជារដូវនេះធ្លាក់ភ្លៀង តែអាជីពចម្រៀងនាង នៅតែមានគេហៅច្រៀង តាមរយៈការចេញច្រៀងតាម Pub និងក្លឹបនានា។

សុខ ពិសី បានសាងស្នេហាដោយមិនបើកចំហ ជាង១០ឆ្នាំមកហើយ ដែលក្នុងវ័យ៣៦ឆ្នាំនេះ ពិសី មិនមានគម្រោងចូលរោងការច្បាស់លាស់ដដែល ។ ប្រសិនបើពិសី មានចិត្តក្លាហានតែបន្ដិច ដោយហ៊ានបំភ្លឺរឿងស្នេហាជាមួយលោកចំរើន និងកំណត់ថ្ងៃរៀបការជាក់លាក់នោះ ប្រាកដជានាងក្លាយជាតារាដ៍មានឥទ្ធិពលបំផុតរបស់សាន់ដេ ដូចគ្នាទៅនឹងឱក សុគន្ធកញ្ញា នៅហង្សមាស ដែរ ។

មជ្ឈដ្ឋានមហាជនកត់សម្គាល់ថា សុខ ពិសី នឹងនៅតែរក្សារតំណែងជាតួឯករបស់សាន់ដេ ជាច្រើនឆ្នាំទៀត ទោះជាពេលនេះ អ៊ីវ៉ា និងប៉ាច គីមមួយ មានសមត្ថភាពមិនចាញ់នាងក្ដី ។ ប៉ុន្តែប្រសិនបើពិសី នៅតែចង់ប្រជែងទីផ្សារចម្រៀងតទៅទៀត នោះបំណងប្រាថ្នារបស់មន្រ្ដីយោធា លោកសុខ ហេង ដែលជាឪពុក ចង់កូនស្រីនាងរៀបការប្ដី ជាច្រើនឆ្នាំមកហើយនោះ ប្រាកដជាមិនអាចកើតមានឡើយ ។

ទស្សនិកជនរង់ចាំមើលថា សុខ ពិសី ចង់ល្បីថែមទៀត ឬចង់បំពេញបំណងឪពុក ដូចសិស្សប្អូន អ៊ីវ៉ា ដែលក្រោយលាក់សង្សារ អស់រយៈពេល ៧ឆ្នាំ ស្រាប់តែចាប់ពីឆ្នាំ២០២២ នាងហ៊ានបង្ហាញភាពផ្អែមស្នេហ៍ ដោយបើកចំហ នឹងត្រៀមរៀបការជាសាធារណៈ មុនសិស្សច្បងទៀតផង ។ សម្រាប់ពិសី ដែលរស់នៅកំព្រាម្ដាយ អស់រយៈ ពេល ១៨ឆ្នាំ នាងហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ ឲ្យតែឪពុកនាងបានសប្បាយចិត្ត តែរឿងរៀបការប្ដីនេះមួយ បែរជានាងមិនអាចផ្គាប់ចិត្តឪពុក អស់រយៈពេលជិត ១០ឆ្នាំមកហើយ។ ទាក់ទងបញ្ហានេះ កន្លងមក មានFan បានសួរពិសី ថាពេលណា ទើបការប្ដី? តែនាងឆ្លើយទាំងទើសចិត្តថា «រឿងប្ដីសី ទោះជានាងគ្មាន ក៏មិនស្លាប់ដែរ…»៕
