Homeព័ត៌មានអន្តរជាតិកម្ពុជា ជម្រាបជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប ផលប៉ះពាល់ពីសង្រ្គាមថៃឈ្លានពាន

កម្ពុជា ជម្រាបជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប ផលប៉ះពាល់ពីសង្រ្គាមថៃឈ្លានពាន

ហ្សឺណែវ (ស្វីស) ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) លោកឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី២ ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ ស្តីពីរបាយការណ៍ប្រចាំឆ្នាំ របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស។

នៅក្នុងអន្តរាគមន៍ លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ពីផលប៉ះពាល់បន្តបន្ទាប់ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនិងមនុស្សធម៌ ដែលកើតមានពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះប្រជាពលរដ្ឋកម្ពុជា ជាង ២០ ០០០នាក់ នៅតែបន្តភៀសខ្លួន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ត្រូវបានបំផ្លិចបំផ្លាញ។

លោកឯកអគ្គរាជទូត បានសម្តែងនូវកង្វល់យ៉ាងធ្ងន់ដែលកងកម្លាំងប្រដាប់អាវុធថៃ នៅតែបន្តសកម្មភាពខុសច្បាប់ នៅក្នុងតំបន់ឈ្លានពានកាន់កាប់ ដែលស្ថិតក្នុងដែនដីកម្ពុជា ដោយការបង្កើតស្ថានភាពថ្មី (faits accomplis) តាមរយៈការដាក់របងលួសបន្លា កុងតឺន័រ ហេដ្ឋារចនាសម្ព័ន្ធយោធានិងស៊ីវិល និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋថៃ មុនពេលមានការខណ្ឌសីមា និងបោះបង្គោលព្រំដែនរួមគ្នា។

លោកឯកអគ្គរាជទូត បានអំពាវនាវឱ្យមានការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ រួមទាំងអធិបតេយ្យ បូរណភាពដែនដី និងការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ការរងទុក្ខវេទនារបស់ប្រជាពលរដ្ឋស៊ីវិល និងសម្រេចបាននូវសន្តិភាពយូរអង្វែង៕

RELATED ARTICLES