ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីបានឃើញជាក់ស្ដែង នូវទិដ្ឋភាពតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក៏ដូចនៅតាមបណ្តារាជធានី-ខេត្តទាំងអស់ ដែលរថយន្តដឹកកម្មករជាច្រើន មួយគ្រឿង បានផ្ទុកកម្មករ កម្មការិនីរោងចក្រ រហូតទៅដល់ជាង១០០នាក់ ដែលជាការប្រថុយនឹងគ្រោះថ្នាក់ និងគ្មានសុវត្ថិភាពនោះ មេបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានចាត់ទុកជាទិដ្ឋភាពគួរឲ្យអនិច្ចាសម្រាប់ជីវិតកម្មកររោងចក្រ ដែលព្រោះតែជីវភាព ទោះជាត្រូវឈរប្រជ្រៀតគ្នាដូចឡានដឹកសត្វជ្រូក ពិបាកដកដង្ហើមយ៉ាងណា ក៏ស៊ូទ្រាំជិះទៅមកធ្វើការ ប្រកបដោយហានិភ័យ។ ទន្ទឹមនេះ អ្នកនយោបាយរូបនេះ ក៏សូមស្នើដល់ក្រសួងពាក់ព័ន្ធ រួមមាន ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ចាត់វិធានការឲ្យមានមធ្យោបាយសមស្រប និងមានសុវត្ថិភាព សម្រាប់កម្មករនិយោជិត ក្នុងការធ្វើដំណើរទៅធ្វើការប្រចាំថ្ងៃ ។


លោក មាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “អនិច្ចាជីវិតកម្មករ កម្មការិនីរោងចក្រ!! ក្នុងឡានដឹកកម្មករ កម្មការិនី មួយចំណុះមនុស្ស ជាង ១០០នាក់! អនិច្ចាជីវិតជាកម្មកររោងចក្រ ខំធ្វើការរាប់ម៉ោងហើយ ពេលត្រឡប់ទៅផ្ទះ បែរត្រូវឈរសណ្តោងសន្ធប់គ្នា រកតែចន្លោះដកដង្ហើមមិនចង់បាន។ រឿងនេះ ក្រសួងការងារ ក្រសួងសុខាភិបាល ថៅកែរោងចក្រ និងផ្នែកពាក់ព័ន្ធ ពិចារណាត្រួតពិនិត្យដលសុខុមាលភាពកម្មករ កម្មការិនី ដែលខិតខំធ្វើការ ជួយសេដ្ឋកិច្ចជាតិ ឱ្យមានមធ្យោបាយទៅមកសមស្រប ប្រកបដោយសុវត្ថិភាព និងសុខភាពល្អ ទៅនឹងគុណតម្លៃនៃកិច្ចប្រឹងប្រែងរបស់ពួកគេ ។ ទិដ្ឋភាពនៅលើបណ្តោយផ្លូវ ជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមិនសូវខុសពីនៅតាមបណ្តាស្រុកខេត្តផ្សេងៗផងដែរ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ថា មធ្យោបាយសមស្របនិងសុវត្ថិ ភាព ដែលលោកស្នើឡើងនោះ មានដូចជា ត្រូវត្រួតពិនិត្យឲ្យច្បាស់លាស់ ឡានដឹកកម្មករ ពីផ្ទះ មករោងចក្រ និងពីរោងចក្រ មកផ្ទះ ។ ត្រួតពិនិត្យប័ណ្ណបើកបរ និងកម្រិតនៃការយល់ដឹងពីច្បាប់ចរាចរណ៍ របស់អ្នកបើកបរ ព្រមទាំងច្រៀសវាងប្រើប្រាស់គ្រឿងស្រវឹង ក្នុងពេលបើកបរ ។ បំពាក់កៅអីអង្គុយ ទៅតាមកម្រិតនៃចំនួនមនុស្ស ឲ្យត្រូវតាមស្តង់ដារ គឺមានគម្លាតពីគ្នា មិនមែនឈរប្រជ្រៀត ។
លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “មធ្យោបាយសមស្របនិងសុវត្ថិភាព វាមានដូចជា កត្តាតើឡានហ្នឹងវាសមរម្យនិងមានការត្រួតពិនិត្យច្បាស់លាស់ទេ ទៅនឹងមធ្យោបាយដែលគាត់រត់នោះ? ធ្វើដំណើរដឹកកម្មករពីផ្ទះ មករោងចក្រ ពីរោងចក្រ ទៅផ្ទះ? ហ្នឹងទីមួយ ។ ទីពីរ តើអ្នកបើកបរហ្នឹង គាត់មានប័ណ្ណបើកបរ ហើយមាន ការយល់ដឹងពីច្បាប់ចរាចរណ៍ ត្រឹមត្រូវ ច្បាស់លាស់ទេ? ទីបី តើគាត់មានជក់គ្រឿងញៀន ឬក៏អី ប៉ះពាល់ទៅនឹងគ្រឿងស្រវឹង ឬក៏គ្រឿងញៀន ទាក់ទងទៅនឹងការដឹក មនុស្ស រាប់រយនាក់ គឺគេពឹងជីវិតទៅលើគាត់? ទីបួន គឺថាឡានហ្នឹង ត្រូវឱ្យមានកៅអីអង្គុយ ហើយមានកម្រិតនៃចំនួនមនុស្សហ្នឹង ឲ្យត្រូវស្តង់ដារ នៃម៉ែត្រការ៉េ ក្នុងការ អង្គុយ ចៀសវាងវាបាត់នូវខ្យល់ ហប់ ហើយពួកគាត់ធ្វើការ យើងដឹងហើយ ពីព្រឹក រហូតដល់ព្រលប់ ជួនកាលវាលើសពីប្រាំបីម៉ោង យើងអត់និយាយទេ ប៉ុន្តែវាទៅដប់ម៉ោង ឬក៏ Overtime (OT) ហ្នឹង ទៅដល់ដប់ពីរម៉ោង ដប់បី ដប់បួនម៉ោង ។ អ៊ីចឹងកម្លាំងពួកគាត់ ជីវភាពផង ហូបមិនគ្រប់គ្រាន់ គាត់មិនយល់ពីផ្នែកសុខភាព ដែលត្រូវថែទាំសុខភាពគាត់ ។ អ៊ីចឹងកាលណាបើយើងដាក់ប្រជ្រៀត ហើយឈរ អត់មានកៅអីអង្គុយត្រឹមត្រូវ វាហប់ខ្យល់ហប់អី ធ្វើឲ្យគាត់អាចមានជំងឺខ្យល់គរខ្យល់អី ទៅនឹងជំងឺខ្សោយរបស់គាត់ ប្រចាំកាយ ក្នុងរាងកាយគាត់ នៃលក្ខណៈរោគស្ត្រី អីជាដើមទៀត“ ។
លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងយើងឃើញថា វាជាការដែលយើងមើលទៅ ហាក់បីដូចជាយើងមិនឲ្យតម្លៃនៃជីវិតមនុស្ស ទៅនឹងសិទ្ធិនៃការធ្វើការងារ សិទ្ធិកម្មករនេះ ។ អ៊ីចឹងហើយ ខ្ញុំមើលឃើញការដឹក យើងមិនមែនជាដឹកជ្រូក ទៅលក់ ដូចសត្វធាតុទេណា នេះជាមនុស្ស ។ អ៊ីចឹងយើងត្រូវឲ្យគុណតម្លៃ មើលពីសុខភាពគាត់ សុវត្ថិភាពគាត់ ហើយក្នុងឡានមួយ ខ្ញុំថា បើកម្មករ គាត់អាចមានជាឡានអង្គុយដូចឡានក្រុងអីអ៊ីចឹងទៅ ក្នុងឡាន ហាសិបនាក់អីទៅ ឬក៏បើមួយរយនាក់ ក៏មួយរយទៅ ប៉ុន្តែឲ្យវាមានគម្លាតពីគ្នា នៃការអង្គុយ គឺវាមានខ្យល់ចេញចូល វាមានអី វាអត់មានជំងឺឆ្លង ដូចជាបញ្ហាជំងឺផ្សេងៗអីរាតត្បាត អាសន្នរោគអី គឺថាវាអាចឆ្លង វាអាចមានបញ្ហាទៅ ធ្វើឲ្យគាត់ខាតការងារធ្វើ អត់ប្រាក់ខែ គេកាត់ ឬក៏គាត់មានជំងឺបែបណាៗ វាទៅជាលក្ខណៈឆ្លងគ្នានៃការរីករាលដាល ។ ចុះសម័យកូវីដ ហ្នឹង? អាហ្នឹងយើងលើកឧទាហរណ៍“ ។ អ៊ីចឹងហើយ ខ្ញុំថា មធ្យោបាយនេះ គឺជាមធ្យោបាយមួយ ដែលក្រសួង ស្ថាប័នពាក់ព័ន្ធហ្នឹង ត្រូវសហការគ្នា ឲ្យវាមានស្តង់ដារនៃសម្ពាធខ្យល់ ការអង្គុយហប់បែបណាៗ ទៅនឹងលក្ខណៈផ្នែកសុខុមាលភាពក្នុងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធនៃមធ្យោបាយដឹកជញ្ជូន“។
លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងហើយ ក្រសួងពាក់ព័ន្ធ ស្ថាប័នពាក់ព័ន្ធ មានក្រសួងសុខាភិបាល មានក្រសួងការងារ ក៏ដូចក្រសួងសាធារ ណការ ក្រសួងទាំងបីហ្នឹងហើយ ដែលជាអន្តរក្រសួង ក្នុងការធ្វើយ៉ាងម៉េចឲ្យមានសុវត្ថិភាព ទៅនឹងសិទ្ធិកម្មករ ដើម្បីឲ្យគាត់មានជីវិតរស់នៅ ស្របនឹងប្រាក់ខែ មានកម្រិតទៀត អ៊ីចឹងហើយ កុំឲ្យគាត់មានគ្រោះថ្នាក់ជាយថាហេតុណា ទាំងផ្នែកសុខភាព ផ្នែកសុវត្ថិភាពនៃដំណើរជីវិតរបស់គាត់ ពីមួយថ្ងៃ ទៅមួយថ្ងៃ ក្នុងការដឹកជញ្ជូនពួកគាត់ ដោយមួយៗឡាន តាន់តាប់ ណែនអីហ្នឹង គឺថាខ្ញុំចង់ឃើញបញ្ហាហ្នឹង ឲ្យល្អប្រសើរ ព្រោះយើងដឹងហើយ កម្មករ ប្រាក់ខែគាត់ ពីររយជាង បើគាត់នៅផ្ទះគាត់ មិនអីទេ បើនៅភ្នំពេញ គាត់ជួលផ្ទះ ម្ហូបហូបចុក ហូបអត់គ្រប់គ្រាន់ ស៊ែរបន្ទប់គ្នានៅអី ហើយធ្វើការលើសម៉ោង ដើម្បីឲ្យបានលុយច្រើន យកមកដោះស្រាយបំណុល ដោះ ស្រាយជីវិតប្រចាំថ្ងៃ ដោះស្រាយបញ្ហាគ្រួសារនៅឯស្រុកស្រែចម្ការ ។ អ៊ីចឹងអានេះជាបញ្ហាដែលរដ្ឋាភិបាល ត្រូវគិតគូរឲ្យមែនទែន“ ។

គួរកត់សម្គាល់ថា ការលើកឡើងរបស់លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ខាងលើនេះ បានធ្វើឡើងស្របនឹងមជ្ឈដ្ឋានមួយចំនួន មើលឃើញថា វាជាការប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំង សម្រាប់កម្មករនិយោជិត ដែលជិះឡានក្នុងស្ថានភាពឈរប្រជ្រៀតគ្នា គ្មានកៅអីអង្គុយ និងមានចំនួនច្រើនហួសកំណត់ (ជាង១០០នាក់) បែបនេះ ដែលស្ថានភាពបែបនេះ បង្កឱ្យមានហានិភ័យខ្ពស់ លើចំណុចសំខាន់ៗមួយចំនួន ដូចជា ប្រសិនបើមានការហ្វ្រាំងបន្ទាន់ ឬការប៉ះទង្គិចគ្នា កម្មករដែលឈរ គ្មានខ្សែក្រវាត់សុវត្ថិភាព នឹងត្រូវដួលគរលើគ្នា ដែលអាចបណ្តាលឱ្យរបួសធ្ងន់ ឬបាត់បង់ជីវិត ក្នុងចំនួនច្រើនភ្លាមៗ។ ការផ្ទុកមនុស្សលើសទម្ងន់ និងការឈរណែនណាន់តាន់តាប់ ធ្វើឱ្យឡាន ងាយនឹងក្រឡាប់ ពិសេស នៅពេលបើកបរលើផ្លូវលំបាក។ ការខ្វះខ្យល់អាកាសដកដង្ហើម និងកម្តៅខ្លាំងនៅក្នុងឡាន អាចធ្វើឱ្យកម្មករថប់ដង្ហើម ឬសន្លប់ ជាពិសេស សម្រាប់អ្នកដែលមានសុខភាពខ្សោយ ។
ទោះបីជាយ៉ាងណា ជុំវិញបញ្ហាខាងលើនេះ ជាវិធានការកន្លងមក ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានដាក់ចេញនូវវិធានការនិងការណែនាំជាបន្តបន្ទាប់ ដើម្បីលុបបំបាត់ការដឹកជញ្ជូនកម្មករដែលជិះឈរប្រជ្រៀតគ្នា ក្នុងរថ យន្តដឹកទំនិញនេះ។ គោលដៅធំបំផុត គឺការផ្លាស់ប្តូរនិងកែលម្អរថយន្តដឹកកម្មករ ឱ្យមានសុវត្ថិភាព យ៉ាងយូរត្រឹមបំណាច់ឆ្នាំ២០២៧។
វិធានការណែនាំសំខាន់ៗ ដែលក្រសួង បាននិងកំពុងជំរុញនោះ រួមមាន ៖
-ការកែលម្អរថយន្ត ឱ្យមានកៅអីអង្គុយសមស្រប ៖ ក្រសួង បានណែនាំឱ្យម្ចាស់រថយន្ត ដេលកែច្នៃរថយន្តដឹកទំនិញ មកជារថយន្តដែលមានកៅអីអង្គុយត្រឹមត្រូវ មានដំបូលការពារកម្តៅ និងភ្លៀង ដើម្បីកុំឱ្យកម្មករ ត្រូវឈរប្រជ្រៀតគ្នា ដែលបង្កហានិភ័យខ្ពស់ ដល់សុវត្ថិភាព និងសុខភាព។
-ជំរុញការផ្លាស់ប្តូរទៅជារថយន្តដឹកអ្នកដំណើរ ៖ ក្រសួង បានលើកទឹកចិត្តនិងកំណត់ដំណាក់កាលការងារ ដើម្បីប្តូរពីការប្រើប្រាសឡានដឹកទំនិញ (ឡានទ្រុងបើកចំហ) មកជារថយន្តសម្រាប់ដឹកអ្នកដំណើរ (Passenger-type vehicles) វិញ។
-ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសតឹងរ៉ឹង ៖ ក្រសួង ទាំងពីរ បានដាក់ចេញនូវយុទ្ធនាការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដឹកកម្មករ (ឆៀក) ជាប្រចាំ និងការបិទស្ទីកកឺរសម្គាល់រថយន្តដឹកកម្មករនិយោជិត ដើម្បីងាយស្រួលគ្រប់គ្រងនិងតាមដាន។
-ការបង្កើតក្រុមការងារគាំពារចរាចរណ៍ ៖ មានការបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត ដើម្បីចុះអប់រំ ផ្សព្វផ្សាយ ណែនាំដល់អ្នកបើកបរ ឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ និងការមិនផ្ទុកមនុស្ស ហួសកំណត់។
តាមរយៈការណែនាំខាងលើ ក្រសួង ក៏បានសហការជាមួយវិស័យឯកជន ក្នុងការស្វែងរកយន្តការហិរញ្ញវត្ថុ និងម៉ូដែលរថយន្តសមស្រប (ដូចជារថយន្តអគ្គិសនី) ដើម្បីជួយសម្រួលដល់ម្ចាស់ឡាន ក្នុងការផ្លាស់ប្តូររូបរាងឡានដឹកកម្មករ ឱ្យទាន់ពេលវេលាដែលបានកំណត់។

ថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បង លើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត ជាលើកទី២ ដែលរៀបចំឡើងដោយបេឡាជាតិរបបសន្តិសុខសង្គម កាលពីសៀលថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ នៅរោងចក្រ ស៊ិនគី អឹភែរឹល (SHINKI APPAREL (CAMBODIA)) ក្នុងខេត្តកំពង់ឆ្នាំង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា ឱ្យសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការកែលម្អមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ឱ្យមានផាសុកភាព និងសុវត្ថិភាពជាងមុន ឱ្យបានមុនដំណាច់ឆ្នាំ២០២៧ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់សង្កត់ធ្ងន់ថា ក្រសួង ទាំងពីរ គឺក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងសាធារណការនិងដឹកជញ្ជូន បាននិងកំពុងខិតខំសហការគ្នា ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូររថយន្ត ពីប្រភេទដឹកទំនិញ ទៅជារថយន្តដឹកអ្នកដំណើរ ឬកែលម្អឱ្យមានកៅអីអង្គុយសមរម្យ សម្រាប់ដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែប្រសើរជាងមុន ដែលមានផាសុកភាព សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក៏ដូចជាការរឹតបន្តឹងការត្រួត ពិនិត្យលក្ខណៈបច្ចេកទេស។
លោករដ្ឋមន្រ្តី បន្តថា ការកែលម្អរថយន្តដឹកកម្មករដែលមានស្ដង់ដារ ដូចជា មានកៅអីអង្គុយ និងដំបូលការពារកម្ដៅនិងភ្លៀង ត្រឹមត្រូវនេះ គឺមិនឱ្យមានការខាតបង់ ប្រយោជន៍ដល់ភាគីណាមួយឡើយ ទាំងអ្នកបើកបរ បងប្អូនកម្មករ និងម្ចាស់រោងចក្រ ព្រោះថាការជិះឈរប្រជ្រៀតគ្នា គឺអាចប្រឈមនឹងហានិភ័យ ទាំងសុវត្ថិភាព និងសុខភាព ដែលនាំឱ្យផលិតភាពការងារ ធ្លាក់ចុះ។ លោកសង្ឃឹមថា ម្ចាស់រោងចក្រ ម្ចាស់ម៉ាកដែលជាអ្នកបញ្ជាទិញ និងបងប្អូនកម្មករនិយោជិត ក៏នឹងចូលរួមចំណែកគាំទ្រ ដើម្បីធានាថា គ្រប់ភាគីទាំងអស់ សុទ្ធតែទទួលបានផលពីការកែលម្អនេះ ។ បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យបន្តចូលរួមផ្សព្វផ្សាយអប់រំសុវត្ថិភាពដល់កម្មករ និងអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករ ឱ្យគោរពច្បាប់ចរាចរណ៍ និងត្រូវចងចាំថា អ្នកបើកបរ មានការទទួលខុសត្រូវខ្ពស់លើអាយុជីវិតនិងសុវត្ថិភាពអ្នកជិះ។ ប្រសិនបើបើកបរធ្វេសប្រហែស មិនត្រឹមតែបង្កហានិភ័យដល់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កជាសោកនាដកម្ម និងទុក្ខលំបាកដល់ក្រុមគ្រួសារបងប្អូនកម្មករ ដែលសុទ្ធតែមានបន្ទុកគ្រួសារដូចគ្នា ។

ជាមួយគ្នានោះដែរ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់នៅពេលនោះថា ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងបន្តពង្រីកកិច្ចសហការជាមួយក្រសួងការងារ និងអង្គភាពពាក់ព័ន្ធ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះ និងកែលម្អមធ្យោបាយដឹកជញ្ជូនកម្មករ ឱ្យមានផាសុកភាព សុវត្ថិភាព និងកាត់បន្ថយការចំណាយរបស់ពួកគាត់ផងដែរ ។
ដោយឡែក កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃប្រភេទរថយន្តថ្មី សម្រាប់ដឹកជញ្ជូនកម្មករ-និយោជិត ដែលផលិតដោយក្រុមហ៊ុន Zo Motors (Cambodia) នៃប្រទេសជប៉ុន ។ រថយន្តនេះ ជាប្រភេទរថយន្តអគ្គិសនី ដែលក្រុមហ៊ុន Zo Motors បានរៀបចំផលិតជាគំរូ យកមកឆ្លងខាងក្រសួងការងារពិនិត្យ ដើម្បីឲ្យក្រសួង ផ្តល់យោបល់កែតម្រូវឲ្យបានត្រឹមត្រូវតាមស្តង់ដារ និងមានការឆ្លងកាត់ពិភាក្សាជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ឲ្យទទួលស្គាល់ផងដែរ ។
សូមជម្រាបជូនដែរថា យោងតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តការផ្លាស់ប្តូរឬកែលម្អរថយន្តដឹកកម្មករ ឲ្យមានផាសុកភាពនិងសុវត្ថិភាព យ៉ាងយូរត្រឹមបំណាច់ឆ្នាំ២០២៧។ ក្នុងអំឡុងពេលនេះ ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ បានកំណត់៣ដំណាក់ ដើម្បីជំរុញការផ្លាស់ប្តូរឬកែលម្អរថយន្តដឹកកម្មករ ឲ្យមានផាសុកភាពនិងសុវត្ថិភាព។ ដំណាក់កាលទី១ ជំរុញការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករឈរ មកអង្គុយ ដោយរៀបចំឲ្យមានបន្ទះក្តារ ឬរនូតដែក ឬឈើ មានការថយចុះចំនួនផ្ទុក ១៣% ដោយធៀបនឹងចំនួនផ្ទុក មុនពេលកែលម្អ នៅត្រឹមដំណាច់ឆ្នាំ២០២៥។ ដំណាក់កាលទី២ ជំរុញការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករឈរ ដោយកែលម្អឲ្យមានកៅអីអង្គុយ និងមានដំបូល ថយចុះចំនួនផ្ទុក ២៣% ដោយធៀបនឹងចំនួនផ្ទុក មុនពេលកែលម្អ នៅត្រឹមដំណាច់ឆ្នាំ២០២៦ និងដំណាក់កាលទី៣ ជំរុញការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករ មករថយន្តប្រភេទដឹកអ្នកដំណើរ ឬដោយកែលម្អឲ្យមានកៅអីអង្គុយសមរម្យ និងមានដំបូល ថយចុះចំនួនផ្ទុក ៣៦% ដោយធៀបនឹងចំនួនផ្ទុក មុនពេលកែលម្អ។
គួរបញ្ជាក់ថា ជាការព្រួយបារម្ភ ក្នងរយៈពេល ៧ខែ ឆ្នាំ២០២៦ កន្លងទៅនេះ នៅទូទាំងប្រទេសកម្ពុជា មានករណីកម្មករនិយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៤០៥៩ ករណី មានជនរងគ្រោះ សរុបចំនួន ៤៥៦៥នាក់ (ស្រី ៣០៣៧នាក់) ស្លាប់ ចំនួន ៦៧នាក់ របួសធ្ងន់ ចំនួន ១១៣៩នាក់ និងរបួសស្រាល ចំនួន ៣៣៥៩នាក់។ ក្នុងនោះដែរ ករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករនិយោជិត មានចំនួន ១១ករណី មានជនរងគ្រោះ សរុបចំនួន ២៤៤នាក់ (ស្រី ២០១នាក់) ស្លាប់ ចំនួន ១៤នាក់ របួសធ្ងន់ ចំនួន៣៥នាក់ និងរបួសស្រាល ចំនួន ១៩៥នាក់ ៕ កុលបុត្រ