ភ្នំពេញ ៖ អ្នកនយោបាយចាស់វស្សា លោក គង់ គាំ អតីតប្រធានគណបក្សសម រង្ស៊ី និងជាអតីតសមាជិកព្រឹទ្ធសភា ត្រូវបានកូនប្រុសរបស់លោក គឺលោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភា បានលើកឡើងថា ទោះបីជាត្រូវបាត់បង់ដីនិងផ្ទះធំ សល់តែខ្ទម ក៏គ្រួសាររបស់លោក នៅតែរក្សាបាននូវ «ភាពថ្លៃថ្នូរ» ក្នុងនាមជាអ្នកនយោបាយដែលតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា បន្ទាប់ពីឪពុករបស់លោក បានប្រគល់ដីនិងផ្ទះដែលជាអតីតកម្មសិទ្ធិរបស់ក្រសួងការបរទេស ឲ្យទៅរដ្ឋវិញ ក្រោយពេលមានការគំរាមដកហូត។

លោក គង់ មុនីកា បានបង្ហោះរូបភាពលោកឪពុក គង់ គាំ អង្គុយលើគ្រែ នៅក្នុងផ្ទះតូច មួយ (ផ្ទះថ្មី) យ៉ាងស្ងៀមស្ងាត់ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ភ្ជាប់ជាមួយសំណេរថា “បុរសវ័យ ៨៥ឆ្នាំ រូបនេះ បានលះបង់គ្រប់បែបយ៉ាង ក្នុងដំណើរនយោបាយរបស់លោក ឆ្ពោះទៅរកលទ្ធិប្រជាធិប តេយ្យពិតប្រាកដនៅកម្ពុជា។ អង្គុយលើគ្រែ ក្នុងខ្ទម អ្វីដែលអ្នកនយោបាយចាស់វស្សារូបនេះ នៅសេសសល់ តែមួយគត់ គឺភាពថ្លៃថ្នូរ ។ អ្នកនយោបាយក្មេងខ្ចី ដែលកំពុងព្យាយាមបង្ហាញខ្លួនសព្វថ្ងៃនេះ ពុំចាំបាច់យល់ស្របជាមួយទស្សនៈនយោបាយ ឬការសម្រេចចិត្តផ្នែកនយោបាយរបស់លោកនោះទេ ប៉ុន្តែយ៉ាងហោចណាស់ អ្នកត្រូវចេះគោរពមនុស្សចាស់ដែលបានលះបង់ជាច្រើន ខណៈអ្នកពុំទាន់បានធ្វើអ្វីសោះ ក្រៅតែពីការជេរប្រមាថ“។
ក្រៅពីបង្ហោះរូបភាពលោកឪពុក អង្គុយតែម្នាក់ឯង តាមរយៈទំព័រហ្វេសប៊ុក ដដែល លោក គង់ មុនីកា ក៏បានបង្ហោះរូបភាពឪពុកម្ដាយរបស់លោក ព្រមទាំងក្រុមគ្រួសារ ដែលបានថតកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ មុនចាកចេញពីផ្ទះធំ នៅរាជធានីភ្នំពេញ ភ្ជាប់ជាមួយសំណេរថា “ថតរូបជាមួយអ្នកម្តាយ ជាលើកចុងក្រោយ នៅមុខផ្ទះ៧១ ជាទីដែលក្រុមគ្រួសារលោក គង់ គាំ បានរស់នៅជាង ៤០ឆ្នាំ។ ទីនេះក៏ជាទីកំណើតនៃអ្នកប្រជាធិបតេយ្យនៅកម្ពុជា ផងដែរ។ នេះគឺជាប្រវត្តិសាស្រ្តដែលមិនអាចបំភ្លេចបាន សម្រាប់ក្រុមគ្រួសារយើងខ្ញុំ។ លាហើយ ទឹកដី៧១!!!“ ។
មិនត្រឹមតែបង្ហាញជាថ្មី នូវរូបភាពនិងខ្លឹមសារខាងលើនេះទេ តាមបណ្ដាញសង្គម កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក គង់ មុនីកា ក៏ធ្លាប់បានរំលឹកពីប្រវត្តិជីវិតនយោបាយរបស់លោក គង់ គាំ ឪពុករបស់លោក ដែលមានខ្លឹមសារថា «បើទោះបីជាក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា លោក គង់ គាំ ធ្លាប់ជារដ្ឋមន្ត្រីក្រសួងការបរទេស រដ្ឋមន្ត្រីអមទីស្តីការក្រុមប្រឹក្សារដ្ឋមន្ត្រី និងចុងក្រោយ ជារដ្ឋមន្ត្រីត្រួតពិនិត្យកិច្ចការរដ្ឋ ក៏ដោយ នាឆ្នាំ១៩៩២ លោកបានប្រកាសលាលែងចេញពីតំណែង និងចេញពីគណបក្សប្រជាជនកម្ពុជា ដោយគ្មានការសោកស្តាយ។ លោកបានហៅការលាលែងរបស់លោក ចេញពីបក្សប្រជាជន គឺជារួចផុតពីកំណែនយួនកុម្មុយនីស្ត ដែលលើកបន្តុបរដ្ឋាភិបាលជំនាន់នោះ។

ឆ្នាំ១៩៩៥ លោកបានចូលរួមជាមួយលោក សម រង្ស៉ី និងឥស្សរជននយោបាយដទៃទៀតបង្កើតគណបក្សជាតិខ្មែរ ដែលជាចលនានយោបាយធំ តែមួយគត់ ក្នុងការតស៊ូទាមទារលទ្ធិប្រជាធិបតេយ្យពិតប្រាកដសម្រាប់កម្ពុជា។ ក្នុងបុព្វហេតុនេះ លោកបានលះបង់ទាំងកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ធនធាន ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីឈានទៅសម្រេចនូវគោលដៅដែលជាវត្ថុបំណងតែមួយគត់របស់លោក និងប្រជាជនកម្ពុជា នោះគឺលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សពិតប្រាកដ»។
លោក គង់ មុនីកា សរសេរបន្តថា «មុនការបោះឆ្នោតជាតិ ឆ្នាំ២០១៣ បន្ទាប់ពីប្រធានគណបក្សសម រង្ស៉ី ត្រូវបាននិរទេសទៅក្រៅប្រទេស ដោយបណ្តឹងរបស់រាជរដ្ឋា ភិបាល លោក គង់ គាំ ក្នុងនាមជាប្រធានស្តីទី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំ គ្រប់គ្រងគណបក្សប្រឆាំង ឲ្យមានភាពប្រក្រតី និងបន្តទទួលបានការគាំទ្រពីសកម្មជន និងប្រជាជន បើទោះបីស្ថានភាពនយោបាយ នាពេលនោះ មានលក្ខណៈផុយស្រួយយ៉ាងណាក៏ដោយ។
ក្រោយមានការបូកបញ្ចូលគ្នារវាងគណបក្ស សម រង្ស៉ី និងគណបក្សសិទ្ធិមនុស្ស នាឆ្នាំ២០១២ ដែលមានរូបលោកផ្ទាល់ គឺជាស្ថាបនិកម្នាក់ផងដែរ ក្នុងដំណើរការបង្កើតគណបក្សសង្គ្រោះជាតិ លោកបានបន្តជាប្រធានគណបក្សសម រង្ស៉ី ចាំផ្ទះ និងជាឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ ផងដែរ។
ឆ្នាំ២០១៦ លោកបានប្រកាសលាលែងពីតួនាទីប្រធានគណ:កម្មការទី១ របស់ព្រឹទ្ធសភា និងចូលនិវត្តន៍នយោបាយផងដែរ ប៉ុន្តែលោកនៅតែបង្ហាញនូវឆន្ទ:ក្នុងការចូលរួមតស៊ូផ្នែកនយោបាយ ជាមួយគណបក្សប្រឆាំង និងអ្នកស្នេហាជាតិ ជាដរាប ជាពិសេស ក្នុងកាលៈទេសៈដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ រហូតទទួលបាននូវការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា»។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក គង់ មុនីកា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ថា លោកឪពុករបស់លោក ជាអ្នកដែលជួយផ្ចុងផ្ដើមរៀបចំឱ្យមានលទ្ធិប្រជាធិបតេយ្យ ជាពិសេស គណបក្សប្រឆាំង ហើយរហូតមកដល់ពេលនេះ ក៏លោកបានបង្ហាញនូវស្នាដៃជាច្រើនហូរហែដែរ ដែលមានន័យថា យ៉ាងហោចណាស់ លោកនៅមានភាពថ្លៃថ្នូរក្នុងនាមជាអ្នកនយោបាយដែលបានត្រួសត្រាយផ្លូវប្រជាធិបតេយ្យ ជាមួយនិងអ្នកនយោបាយដទៃដទៃៗទៀត ដែលបានលះបង់ដូចគ្នា លះបង់ទាំងជីវិតផង ។ ដូច្នេះហើយ លោកសូមឱ្យអ្នកនយោបាយក្មេងៗជំនាន់ក្រោយនេះ គួរតែគោរពនូវភាពចាស់ទុំរបស់គាត់ ដែលអាចធ្វើជាឪពុក ធ្វើជាជីតារបស់ខ្លួនបានដែរ ។

លោក គង់ មុនីកា បានមានប្រសាសន៍ថា “ខ្ញុំដូចជាមិនមានអ្វីបន្ថែមទេ ពាក់ព័ន្ធនឹងបញ្ហានេះ ព្រោះវាបានកើតឡើងរួចទៅហើយ គ្រាន់តែថា ការលើកឡើងថា ផ្ទះឬក៏ដីធ្លី ជាកម្មសិទ្ធិរបស់ក្រសួងអី ជាដើមនោះ តាមពិត វាមានសារបានរបស់វា ដែលឆ្នាំ១៩៨៤ រដ្ឋាភិបាលនៃរដ្ឋកម្ពុជា បានសម្រេចដាក់ឱ្យមានកម្មសិទ្ធិឯកជន ជាលើកដំបូង ដែលកាលនោះ គឺធ្វើឡើង ដើម្បីទប់ស្កាត់នូវបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានរស់នៅក្រៅប្រទេស ក្នុងអំឡុងឬសក្រោយសង្គ្រាមនោះ ត្រឡប់មកវិញ ទាមទាររកកម្មសិទ្ធិរបស់ខ្លួន ពីដើមនោះ ផ្ទះរបស់ខ្លួនធ្លាប់នៅពីជំនាន់លន់ នល់ ឬក៏ជំនាន់ខ្មែរក្រហម អីអ៊ីចឹងទៅ ។ ដូច្នេះហើយ វានឹងធ្វើឲ្យមានភាពច្របូកច្របល់។ អ៊ីចឹងរដ្ឋកម្ពុជា នៅឆ្នាំ១៩៨៤ សម្រេចឱ្យមានការធ្វើកម្មសិទ្ធិឯកជន ហើយគ្រួសារប្រជាពលរដ្ឋ ទាំងថ្នាក់ដឹកនាំ នៅពេលនោះ គឺថាធ្វើកម្មសិទ្ធិឯកជនគ្រប់គ្នា។ អាហ្នឹង ជាសច្ចភាពមួយ ប៉ុន្តែហេតុផល លេសផ្សេងៗដែលគេធ្វើឡើង ដើម្បីរឹបអូសនោះ វាជារឿងមួយ ខ្ញុំមិនចង់រំលឹកបន្ថែមអីទៀតទេ គ្រាន់តែចង់បញ្ជាក់ថា លោកឪពុកខ្ញុំ ក្រុមគ្រួសារនេះ គឺថាថ្វី ត្បិតតែយើងបានប្រគល់ដីធ្លីហ្នឹង តាមការចង់បាន តាមការទាមទារនោះក៏ដោយ ប៉ុន្តែគាត់នៅជាប់បណ្ដឹងរបស់ ACU នៅឡើយ ហើយដែលអាជ្ញាអាយុកាលនៃបណ្ដឹងនោះមានរយៈពេល ៥ឆ្នាំ“ ។
លោក គង់ មុនីកា បានមានប្រសាសន៍បន្តថា “បានន័យថា ឥឡូវនេះ វាជាង ៣ឆ្នាំ នៅសល់ជាងមួយឆ្នាំ ឬក៏ពីរទៀត ដែលលោកនៅជាប់បណ្ដឹង អាជ្ញាយុកាលបណ្ដឹងនៅឡើយ។ ប្រសិនបើមានការតតាំង តវ៉ាទាមទារអីផ្សេងទៀត គេអាចប្រើប្រាស់បណ្ដឹងនោះ មកប្ដឹងឡើងវិញបាន ។ នេះនៅអ៊ីចឹង ហើយដែលគ្មាននរណាយល់ គ្មានអ្នកណាដឹងពីបញ្ហានេះទេ ដែលខ្ញុំចង់បញ្ជាក់ទៅដល់អ្នកនយោបាយក្មេងៗជំនាន់ក្រោយ ពិសេស អ្នកនយោបាយបក្សក្រៅរដ្ឋាភិបាល ដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ហើយបន្តធ្វើការលាបពណ៌ វាយប្រហារទាំងងងឹតងងុលនោះ សុំឱ្យប្រឹងប្រែងធ្វើនយោបាយឱ្យសុចរិត កុំប្រើប្រាស់អ្នកដទៃ ជាពិសេសក្រុមគ្រួសារលោកឪពុកខ្ញុំ ដែលជាជនរងគ្រោះស្រាប់នោះ ក្លាយទៅជាគោលដៅនៃការវាយប្រហារ លាបពណ៌បន្ថែមទៀត ធ្វើឲ្យពួកយើងខ្ញុំ ក្លាយទៅជាជនរងគ្រោះ មួយសាទៀត មិនមែនគ្រាន់តែជាជនរងគ្រោះដោយសារអ្នកកាន់អំណាច ប៉ុន្តែជាជនរងគ្រោះ ដោយសារអ្នកអះអាងខ្លួនថាជាអ្នកប្រជាធិបតេយ្យ»។
លោក គង់ មុនីកា បន្តទៀតថា «ដូច្នេះហើយ ខ្ញុំចង់ផ្ដាំផ្ញើថា ទោះបីជាយើងបានលះបង់ ជាពិសេស លោកឪពុកខ្ញុំ បានលះបង់គ្រប់បែបយ៉ាង នៅក្នុងជីវិតរបស់គាត់ក៏ដោយ ហើយក៏ជាអ្នកដែលជួយផ្ចុងផ្ដើមរៀបចំឱ្យមានលទ្ធិប្រជាធិបតេយ្យ ជាពិសេស គណបក្សប្រឆាំង រហូតមកដល់ពេលនេះហ្នឹង ក៏លោកបានបង្ហាញនូវស្នាដៃជាច្រើនហូរហែដែរ ។ អ៊ីចឹងហើយយ៉ាងហោចណាស់ លោកនៅមានភាពថ្លៃថ្នូរក្នុងនាមជាអ្នកនយោបាយដែលបានត្រួសត្រាយផ្លូវប្រជាធិបតេយ្យ ជាមួយនិងអ្នកនយោបាយដទៃដទៃៗទៀត ដែលបានលះបង់ដូចគ្នា លះបង់ទាំងជីវិតផង ។ ដូច្នេះហើយ សូមឱ្យអ្នកនយោបាយក្មេងៗជំនាន់ក្រោយនេះ ផ្ដល់ការគោរព យ៉ាងហោចណាស់មិនបានគោរពនូវទស្សនៈនយោបាយរបស់គាត់ ក៏គួរតែគោរពនូវភាពចាស់ទុំរបស់គាត់ ដែលអាចធ្វើជាឪពុក អាចធ្វើជាជីតារបស់ខ្លួនបានដែរ” ។

គួររំលឹកថា រឿងរ៉ាវដែលលោក គង់ គាំ ត្រូវប្រគល់ផ្ទះនិងដី ស្ថិតនៅដីឡូត៍លេខ៧១ មហាវិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រឡប់ទៅឲ្យរដ្ឋវិញ បានកើតឡើងនៅដើមឆ្នាំ២០២៣ ក្រោយមានការព្រមានផ្នែកច្បាប់ ពីសំណាក់រាជរដ្ឋាភិបាល ។ លោក គង់ គាំ បានរស់នៅក្នុងភូមិគ្រឹះនោះ តាំងពីឆ្នាំ១៩៧៩ ក្នុងនាមជាមន្ត្រីជាន់ខ្ពស់ នៃក្រសួងការបរទេស ក្រោយការដួលរលំនៃរបបខ្មែរក្រហម ។ នៅឆ្នាំ២០១៥ លោក គង់ គាំ បានស្នើសុំនិងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ (ប្លង់រឹង) លើដីនិងផ្ទះនោះ។ ប៉ុន្តែនៅដើមខែមករា ឆ្នាំ២០២៣ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានស្រាវជ្រាវរកឃើញថា ដីនិងភូមិគ្រឹះនោះ គឺជាទ្រព្យ សម្បត្តិរបស់រដ្ឋ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង តាំងពីដើមមក ហើយការកាត់ប្លង់កម្មសិទ្ធិឯកជន កាលពីឆ្នាំ២០១៥ គឺធ្វើឡើងដោយខុសនីតិវិធី។
ជាសម្ពាធនយោបាយ និងគតិយុត្ត អតីតនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បានចេញបញ្ជាឱ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ធ្វើការស៊ើបអង្កេត ជាបន្ទាន់។ រាជរដ្ឋាភិបាល បានទុកឱកាសឱ្យលោក គង់ គាំ ធ្វើការប្រគល់ដីនោះមកវិញ ដោយស្ម័គ្រចិត្ត បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខនឹងការប្តឹងផ្តល់តាមផ្លូវតុលាការ និងអាចឈានដល់ការឃាត់ខ្លួន។ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ តំណាងគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ បានប្តឹងលោក គង់ គាំ ថាបានធ្វើការអធិប្បាយនាំឱ្យប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជា ។ ដើម្បីចៀសវាងការឡើងតុលាការ និងទោសទណ្ឌ លោក គង់ គាំ និងភរិយា បានសរសេរលិខិតផ្លូវការមួយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ជូនសម្តេច ហ៊ុន សែន ដោយទទួលស្គាល់ថា ខ្លួនពិតជាបានឆកល្វែងក្នុងការធ្វើប្លង់កម្មសិទ្ធិលើដីរដ្ឋ ពិតប្រាកដមែន និងប្រកាសប្រគល់ដីនិងផ្ទះនោះ ជូនរដ្ឋវិញ ដោយឥតលក្ខខណ្ឌ។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ភូមិគ្រឹះនិងដី ទំហំជាង ៥០០០ ម៉ែត្រការ៉េនោះ ត្រូវបានផ្ទេរកម្មសិទ្ធិត្រឡប់ទៅជាសម្បត្តិរដ្ឋវិញ ជាស្ថាពរ ក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេស ។ បន្ទាប់ពីនោះ គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ ក៏បានសម្រេចដកពាក្យបណ្តឹងលើលោក គង់ គាំ វិញ ដោយលើកផលថា ការដកពាក្យបណ្តឹង ដោយសារតែលោក គង់ គាំ បានសារភាពទទួលស្គាល់នូវកំហុស និងបានធ្វើការសុំអភ័យទោស ជាសាធារណៈ ទៅសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រមុខគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីបានប្រគល់ដីនិងផ្ទះ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ជូនរដ្ឋវិញ កាលពីដើមឆ្នាំ២០២៣ លោក គង់ គាំ បានផ្លាស់ទៅរស់នៅឯខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ លោកក៏បានប្រកាសបញ្ចប់សកម្មភាព និងចូលនិវត្តន៍ពីឆាកនយោបាយ ដោយរស់នៅជាប្រជាពលរដ្ឋសាមញ្ញ ធ្វើចម្ការនៅទីនោះ។ ប៉ុន្តែយ៉ាងណា កូនប្រុសទាំង៣ របស់លោក គឺលោក គង់ បូរ៉ា លោក គង់ សភា និងលោក គង់ មុនីកា នៅបន្តនយោបាយ ដោយក្នុងនោះលោក គង់ បូរ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នៃអតីតគណបក្សសង្រ្គោះជាតិ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។ លោក គង់ សភា អតីតតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ សម្រេចពិន័យជាប្រាក់ ចំនួន១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោត ចំនួន២០ឆ្នាំ ក្នុងចំណោមមនុស្ស ១៦នាក់ផ្សេងទៀត (ក្រុមលោក សម រង្ស៊ី នៅក្រៅប្រទេស) ដោយសារបានធ្វើសកម្មភាពញុះញង់ឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោត នៅពេលបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនោះ មានឱកាសបានវិលចូលស្រុកវិញ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំ ណាក់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីលោកបានទទួលស្គាល់នូវកំហុសកន្លងមក និងបានសុំទោសចំពោះសម្ដេច ហ៊ុន សែន និងសម្ដេចនាយករដ្ឋមន្រ្តី ។
ដោយឡែក លោក គង់ មុនីកា កំពុងបន្តចូលរួមដឹកនាំគណបក្សឆន្ទៈខ្មែរ ជាសម្ព័ន្ធជាមួយគណបក្សភ្លើងទៀន (អតីតគណបក្សសមរង្ស៉ី) ដែលគ្មានឱកាសបានឈរឈ្មោះប្រកួតប្រជែងការបោះឆ្នោត ក្នុងតួនាទីជាអគ្គលេខាធិការ ។ មិនតែប៉ុណ្ណោះ លោកក៏បានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា និងកំពុងបន្តធ្វើការនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិមួយនេះផងដែរ ដែលបច្ចុប្បន្ន មានសម្ដេច ហ៊ុន សែន ជាប្រធាន ។
ជាការគួរកត់សម្គាល់ ជាទស្សនៈដែលហាក់ស្របគ្នានឹងការលើកឡើងរបស់លោក គង់ មុនីកា ខាងលើនេះ សម្រាប់លោកស្រីឧកញ៉ា នឹម វណ្ណ: កូនស្រីលោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត និងត្រូវជាក្មួយស្រីបង្កើតរបស់សម្តេច ហ៊ុន សែន ឬត្រូវជាប្អូនស្រីជីដូនមួយរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទោះមានឬក្រ ខ្លាំងឬខ្សោយ តូចឬធំ មានអំណាចឬគ្មានអំណាច មានប្រាជ្ញាឬល្ងង់ខ្លៅ មនុស្សទាំងអស់គ្នា កើតមកគឺស្រាតដូចគ្នា ហើយពេលចុងក្រោយនៃជីវិត គឺដេកស្តូកលើកន្ទេលដូចៗគ្នា។ អ្វីដែលនៅសល់ គឺកិត្តិយស រស់ជាមួយយើងជានិរន្តរ៍ ។

លោកស្រីឧកញ៉ា នឹម វណ្ណ: បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ថា «ទោះមានឬក្រ ទោះខ្លាំងឬខ្សោយ ទោះតូចឬធំ ទោះមានអំណាចឬគ្មានអំណាច ទោះមានប្រាជ្ញាឬល្ងង់ខ្លៅ ពួកគេទាំងនោះ កើតមកគឺស្រាតដូចគ្នា ហើយពេលចុងក្រោយនៃជីវិត គឺដេកស្តូកលើកន្ទេលដូចៗគ្នា។ អ្វីដែលនៅសល់ គឺកិត្តិយស រស់ជាមួយយើងជានិរន្តរ៍»៕ កុលបុត្រ