Homeនយោបាយរដ្ឋាភិបាលសម រង្ស៊ី អះអាងជួបរដ្ឋអាជ្ញា ICC ផ្តល់ភ័ស្តុតាងបន្ថែម ប្តឹងមេដឹកនាំថៃ

រដ្ឋាភិបាលសម រង្ស៊ី អះអាងជួបរដ្ឋអាជ្ញា ICC ផ្តល់ភ័ស្តុតាងបន្ថែម ប្តឹងមេដឹកនាំថៃ

ភ្នំពេញ ៖ តំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា របស់លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) បានអះអាងថា បានធ្វើដំណើរទៅជួបក្រុមរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ប្រទេសហូឡង់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ដើម្បីផ្តល់សក្ខីកម្ម ភ័ស្តុតាងនិងពន្យល់បន្ថែម ពាក់ព័ន្ធនឹងបណ្តឹងប្រឆាំងនឹងមេដឹកនាំ និងមេយោធាថៃ បន្ទាប់ពីក្រុមអ្នកនយោបាយប្រឆាំង ក្រៅស្រុកនេះ បានអះអាងថា បានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការអន្តរជាតិនេះ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ដោយចោទប្រកាន់មេដឹកនាំថៃ និងមេយោធាថៃ ពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មឈ្លានពានលើទឹកដីកម្ពុជា ។

 យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ចុះថៃ្ងព្រហស្បតិ៍ ០៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា គ.ស.២០២៦ បានបញ្ជាក់ថា តំណាងនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដែលទៅផ្តល់សក្ខីកម្ម ឬការពន្យល់បន្ថែមពាក់ព័ន្ធនឹងបណ្ដឹងរបស់ខ្លួន នៅក្នុងជំនួបជាមួយតំណាង នៃការិយាល័យរដ្ឋអាជ្ញា តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ តាមការគ្រោងទុក នៅការិយាល័យនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ទីក្រុងឡាអេ ប្រទេសហូឡង់ នោះ មានចំនួន ៤រូប រួមមាន ៖ ១. លោកស្រី អ៊ិត គឹមហ៊ុន ប្រធានស្ថាប័នកិច្ចការបរទេសនិង អនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ ២. លោក អ៊ុ សំអាន ប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែននិងអន្តោប្រវេសន៍ ។ ៣. លោក អ៊ូ សាមឌី ប្រធានស្ថាប័នប្រជាធិបតេយ្យ យុត្តិធម៌សង្គមនិងសិទ្ធិមនុស្ស និង៤. លោកស្រី អ៊ូ លីនដា អនុប្រធានស្ថាប័នកិច្ចការបរទេសនិងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

 ជាមួយនឹងការជម្រាបជូនពីសមាសភាពនៃតំណាងរបស់ខ្លួន ចូលទៅតុលាការឡាអេ នោះ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ក៏បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌ មាននោះថា រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ប្រឹងប្រែងដោយស្វាហាប់និងស្មោះត្រង់ នូវគ្រប់មធ្យោបាយ នៃយន្តការអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បីការពារទឹកដីនៃប្រទេសកម្ពុជា ។

 ក្រោយការប្រកាសរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បាន២ថ្ងៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោក អ៊ុំ សំអាន ប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែននិងអន្តោប្រវេសន៍ បានប្រកាសតាមបណ្ដាញសង្គមថា លោកនិងសហការី បានទៅដល់ទីក្រុងឡាអេ ហើយ ដើម្បីផ្តល់សក្ខីកម្ម ភ័ស្តុតាងបន្ថែម និងពន្យល់បន្ថែមដល់ក្រុមរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពាក់ពន្ធ័នឹងបណ្តឹងរបស់រដ្ឋាភិបាល២៣តុលា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ដោយលោកបញ្ជាក់ថា បណ្តឹងរបស់រដ្ឋាភិបាល២៣តុលា បានប្តឹងមេដឹកនាំថៃ និងមេយោធាថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មសង្រ្គាម បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទឧក្រិដ្ឋកម្មឈ្លានពាន ។

បន្ទាប់មកតំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានធ្វើដំណើរទៅទីក្រុងប្រ៊ុសសែល (Brussels) ប្រទេសបែលហ្ស៊ិក ដើម្បីចូលរួមវេទិកាសាធារណៈ ជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ ។ ពិធីសំណេះសំណាលនេះ បានប្រារព្ធធ្វើនៅវត្តអម្រឹត ទីក្រុង Brussels ប្រទេសបែលហ្ស៊ិក មុនដំណើរបេសកកម្មទៅជួបរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីពិភាក្សាលើពាក្យបណ្តឹងនិងបញ្ហាព្រំដែន ។ ខ្លឹមសារដែលបានលើកឡើងនៅក្នុងវេទិកាសា ធារណៈនោះ រួមមាន បញ្ហាព្រំដែន និងការប្ដឹងផ្ដល់ពាក់ព័ន្ធនឹងភាគីថៃ ព្រមទាំងបញ្ហាអំពើឆបោកតាមអនឡាញ (Scam) នៅកម្ពុជា ផងដែរ ។

 ទោះយ៉ាងណា ក្រោយចប់វេទិកាសាធារណៈនោះភ្លាម នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ក្រុមតំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ប្រញាប់វិលត្រលប់មកកាន់ទីក្រុងឡាអេ វិញ ដើម្បីត្រៀមខ្លួន ផ្តល់សក្ខីកម្ម ផ្តល់ភ័ស្តុតាងបន្ថែម និងពន្យល់បន្ថែមដល់ក្រុមរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពាក់ព័ន្ធនឹងបណ្តឹងរបស់រដ្ឋាភិ បាលកម្ពុជាឯករាជ្យ២៣តុលា ។

 លោក អ៊ុំ សំអាន បានបញ្ជាក់តាមគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ថា “ពួកយើងបានត្រឡប់មកពីប្រទេសបែលហ្ស៊ិក មកដល់ទីក្រុងឡាអេ វិញហើយ។ ថ្ងៃស្អែក ពួកយើងនឹងផ្តល់សក្ខីកម្ម ផ្តល់ភ័ស្តុតាងបន្ថែម និងពន្យល់បន្ថែមដល់ក្រុមរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពាក់ពន្ធ័នឹងបណ្តឹងរបស់រដ្ឋាភិបាល។ បណ្តឹងរបស់រដ្ឋាភិបាល២៣តុលា បានប្តឹងមេដឹកនាំថៃ និងមេយោធាថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មសង្រ្គាម បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទឧក្រិដ្ឋកម្មឈ្លានពាន“ ។

 ដោយឡែក នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោកអ៊ុំ សំអាន និងតំណាង ៣រូបទៀត នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានទៅជួបតំណាងការិយាល័យរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ដូចដែលតុលាការ បានកោះហៅ ។ ប៉ុន្តែលទ្ធផលនិងព័ត៌មាន នៃការចូលទៅបង្ហាញភ័ស្តុតាងនោះ មិនទាន់ត្រូវបានប្រកាសទេ គិតត្រឹមល្ងាចថ្ងៃដដែលនោះ ខណៈដែលលោក អ៊ុំ សំអាន ក៏មិនទាន់អាចទាក់ទងបាន ដើម្បីសុំការបញ្ជាក់បន្ថែម ។

 គួររំលឹកថា រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានប្ដឹងភាគីថៃ និងអ្នកដឹកនាំនៅកម្ពុជា ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយប្រមាណ ៥ខែ ក្រោយមក គឺនៅថ្ងៃទី១ ខែកក្កដា ការិយាល័យរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ បានណាត់ឲ្យមានជំនួបជាលើកទី១។

រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានដាក់ពាក្យបណ្ដឹងរបស់ខ្លួន ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ តាមរយៈមេធាវីអន្តរជាតិ ជាតំណាង ដោយដាក់ការទទួលខុសត្រូវលើឈ្មោះភាគីពីរ គឺរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា។

 រដ្ឋាភិបាលក្រៅប្រទេសនេះ ប្ដឹងទាមទារឲ្យរដ្ឋាភិបាល និងកងទ័ពថៃ ទទួលខុសត្រូវលើបទឧក្រិដ្ឋកម្មសង្គ្រាម ដែលបានប្រព្រឹត្តដោយកងកម្លាំងថៃ ដូចជា ការវាយប្រហារលើគោលដៅជនស៊ីវិល និងទៅលើគោលដៅយោធា ដែលបង្កការខូចខាតដល់ជនស៊ីវិលច្រើនលើសលប់ ។ បណ្ដឹងរៀបរាប់ថា កងទ័ពថៃ សុទ្ធតែបានដឹងជាមុនហើយនូវវត្តមានជនស៊ីវិល ដែលត្រូវបានជួញដូរនិងឃុំខ្លួនក្នុងមជ្ឈមណ្ឌលឆបោកទាំងឡាយ ក្នុងទឹកដីនៃប្រទេសកម្ពុជា ដែលកងទ័ពថៃ បានវាយប្រហារ។

 រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ឲ្យដឹងទៀតថា កងទ័ពថៃ ទទួលខុសត្រូវលើការប្រើអាវុធធុនធ្ងន់ គ្រាប់បែកចង្កោម និងអាវុធគីមី ដែលបំពានអនុសញ្ញាអន្តរជាតិ ដោយបានបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតនិងសុខភាពរបស់កងទ័ពកម្ពុជា និងជនស៊ីវិល រួមទាំងកុមារផង ហើយនិងបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ អគារសាធារណៈ សាលារៀន មន្ទីរពេទ្យ និងប្រាសាទបុរាណខ្មែរ ដូចជា ប្រាសាទព្រះវិហារ និងប្រាសាទតាក្របី ជាដើម។

 ជាមួយគ្នានោះដែរ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ក៏ប្ដឹងទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត ទទួលខុសត្រូវផ្នែកឧក្រិដ្ឋកម្មលើជនស៊ីវិល ដែលត្រូវបានជួញដូរនិងឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលឆបោក ក្រោមការការពារដោយរដ្ឋ ដោយមូលហេតុទុកឱ្យពួកគេប្រឈមនឹងការបំផ្ទុះគ្រាប់បែកខុសច្បាប់ពីភាគីថៃ ទោះបីជាបានដឹងច្បាស់ពីការវាយប្រហាររបស់កងទ័ពថៃក្ដី រដ្ឋាភិបាលកម្ពុជា មិនបានជម្លៀសជនស៊ីវិលទាំងនោះចេញពីមជ្ឈមណ្ឌលឆបោកឡើយ។ ក្រៅពីជាប់ពាក់ព័ន្ធនឹងបណ្ដាញឧក្រិដ្ឋកម្មឆបោកនៅកម្ពុជា រដ្ឋាភិបាលកម្ពុជា ថែមទាំងបានអនុញ្ញាតឱ្យប្រើប្រាស់ជនស៊ីវិល ជាខែលមនុស្ស សូម្បីតែអំឡុងការបំផ្ទុះគ្រាប់បែក លាន់ស្នូរសន្ធឹកកក្រើកធរណី។

ក្រៅពីប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ក៏កំពុងស្វះស្វែងរកមធ្យោបាយដើម្បីប្ដឹងភាគីថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹងអំពើឈ្លានពានរបស់កងទ័ពថៃ ដែលកំពុងតែកាន់កាប់ទឹកដីកម្ពុជា ជាច្រើនទីតាំង នៅជាប់ព្រំដែនថៃ ផងដែរ។

ទោះបីជាយ៉ាងណា សកម្មភាពរបស់រដ្ឋាភិបាលក្រៅស្រុកនេះ កន្លងមក តែងតែរងការរិះគន់ និងការបដិសេធទាំងស្រុងពីរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ ដោយចាត់ទុកចលនានយោបាយរបស់លោកសម រង្ស៊ី ជាក្រុមឧទ្ទាមខុសច្បាប់ និងមិនមានភាពជាតំណាងស្របច្បាប់របស់កម្ពុជា លើឆាកអន្តរជាតិឡើយ ។

គួររំលឹកដែរថា រូបភាពពីផ្កាយរណបក្នុងខែមីនា ដែលបង្ហាញដោយអង្គការលីកាដូ កាលពីពេលថ្មីៗនេះ ឲ្យដឹងថា ផ្ទះរបស់ពលរដ្ឋខ្មែរ យ៉ាងតិចចំនួន ៦២៧ខ្នង និងហេ ដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាច្រើនទៀត របស់កម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវបានយោធាថៃ ឈូសឆាយបំផ្លាញចោល ចាប់តាំងពីកម្ពុជា និងថៃ មានបទឈប់បាញ់កាលពីចុងឆ្នាំ២០២៥ ។

ក្រោមការវាយប្រហារ បាញ់ផ្លោងយ៉ាងសាហាវឃោរឃៅ របស់ទាហានថៃ ប្រជាពលរដ្ឋខ្មែរ ៣០នាក់ បានបាត់ជីវិត និងជិត ១០០នាក់ រងរបួស ហើយយុទ្ធជនខ្មែរ យ៉ាងតិច ១៤០ បានពលីជីវិត និងរបួសរាប់សិបនាក់ទៀត។ មកដល់ពេលនេះ ពលរដ្ឋខ្មែរ ភៀសសឹកប្រមាណ ៣ម៉ឺននាក់ មិនទាន់អាចត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់នៅ ឡើយ ខណៈកម្លាំងអាជ្ញាធរថៃ កំពុងបន្តការឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ និងបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើដីកម្ពុជា ចែកដីធ្លីរបស់ពលរដ្ឋខ្មែរ ឲ្យពលរដ្ឋថៃ កាន់កាប់ ដូចជា នៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ របស់កម្ពុជា ជាដើម៕ កុលបុត្រ

RELATED ARTICLES