ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មាន តាមរយៈបណ្ដាញផ្សព្វផ្សាយរបស់ថៃ ថារាជវង្សថៃ បានផ្ដល់ជំនួយឱ្យយោធាថៃ បន្តសាងសង់របងព្រំដែន ឈ្លនាពានទឹកដីកម្ពុជា នៅខេត្តបាត់ដំបង នោះ អ្នកឃ្លាំមើលនិងអ្នកវិភាគ តាមដានស្ថានការណ៍នយោបាយក្នុងតំបន់ បានលើកឡើងថា នេះជាសកម្មភាពបន្តជាការឈ្លានពានដីខ្មែរ ពីភាគីថៃ ដូច្នេះមេដឹកនាំកម្ពុជា ត្រូវតែបន្តការតវ៉ាឲ្យខ្លាំងក្លា និងប្ដឹងថៃ ទៅតុលាការអន្តរជាតិ ជាបន្ទាន់ ។


ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ថា ការលូកដៃរបស់រាជវង្សថៃ នឹងធ្វើឱ្យការដោះស្រាយជម្លោះព្រំដែន រវាងកម្ពុជា-ថៃ កាន់តែមានភាពស្មុគស្មាញ ដោយសារនៅក្នុងបរិបទសង្គមថៃ ស្ថាប័នព្រះមហាក្សត្រ គឺជាស្ថាប័នកំពូល ហើយដែលមិនអាចរិះគន់បាន។ ដូច្នេះលោកជំរុញឱ្យមេដឹកនាំកម្ពុជា ត្រូវតែចេញលិខិតតវ៉ា ដើម្បីប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់យោធាថៃ ស្របទៅតាមបែបបទការទូត និងប្ដឹងថៃ ស្របតាមយន្តការច្បាប់អន្តរជាតិ។
លោក ម៉ែន ណាត បានមានប្រសាសន៍ថា “យើងនៅបន្តជំរុញឲ្យរដ្ឋាភិបាល ប្ដឹងថៃ ទៅតុលាការអន្តរជាតិ ជុំវិញថៃ ពង្រីការឈ្លានពានទឹកដីខ្មែរ សព្វថ្ងៃ ហើយក្រសួងការបរទេសកម្ពុជា ហ្នឹង បានធ្វើលិខិតតវ៉ាទៅខាងថៃ មកដល់ពេលនេះ វាចូលជិត ១ពាន់លើកទៅហើយ លិខិតតវ៉ាដដែលៗ វាអត់មានស្អីវិវត្តថ្មី ។ អ៊ីចឹងរដ្ឋាភិបាល គួរតែប្ដូរយុទ្ធសាស្ត្រ ។ លិខិតហ្នឹងក៏ចេះតែតវ៉ាអ៊ីចឹងទៅ ប៉ុន្តែយុទ្ធសាស្រ្តថ្មី គឺត្រូវតែប្ដឹងថៃ ទៅតុលាការអន្តរជាតិ ជាប្រញាប់ ក្នុងរឿងហ្នឹង ។ យើងរំលឹករដ្ឋាភិបាលនេះ គឺដោ យសារកន្លងទៅ រដ្ឋាភិបាល អត់ព្រមប្ដឹង គិតតែរឿងប្រឆាំងថៃ ថាថៃ ឈ្លានពានអ៊ីចឹងមែន ក៏ប៉ុន្តែអត់មានវិធីសាស្រ្តអីថ្មី ។ រឿងព្រំដែន ត្រូវប្ដឹងថៃ ទៅតុលាការយុត្តិ ធម៌អន្តរជាតិ (ICJ) ហើយរឿងថៃ បង្កសង្រ្គាម បំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ និងធ្វើឲ្យមនុស្សខ្មែរ បាត់បង់ជម្រក បាត់ដីធ្លី ត្រូវប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)»។
លោក ម៉ែន ណាត បន្តថា «ខ្ញុំគិតថា រដ្ឋាភិបាលកម្ពុជា គួរតែល្មមប្រមូលឯកសារភ័ស្តុតាង ចងក្រងជាសំណុំរឿង ដាក់បណ្ដឹងទៅតុលាការអន្តរជាតិ បានហើយ ព្រោះរឿងរ៉ាវដែលសៀមឈ្លានពាន ចូល១ឆ្នាំ មកដល់ពេលនេះ ហើយយើងមើលថ្មីៗនេះ ក៏ខាងតំណាងពិសេសអង្គការសហប្រជាជាតិ លោក ថម អែនឌ្រូវស៍ ក៏គាត់បានធ្វើសេច ក្ដីរាយការណ៍ពាក់ព័ន្ធនឹងរឿងសៀម ឈ្លានពានហ្នឹងដែរ ហើយជាមួយគ្នាហ្នឹង ក៏រដ្ឋាភិបាល ចេញសេចក្ដីថ្លែងការណ៍ លើកទឹកចិត្តលោក ថម អែនឌ្រូវស៍ ហ្នឹង ដែលបកអាក្រាតថៃ ឈ្លានពានកម្ពុជា ដែលធ្វើឲ្យថៃ មិនពេញចិត្តនឹងសេចក្ដីរាយការណ៍របស់តំណាងពិសេសអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ហ្នឹង ។ ប៉ុន្ដែយើងធ្វើម៉េច? ព្រោះលោក ថម អែនឌ្រូវស៍ គ្រាន់តែចេញពីក្ដីព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្ស ពីស្ថានភាពពលរដ្ឋខ្មែរ នៅតាមគោលដៅដែលរងគ្រោះដោយសារសៀមឈ្លានពានហ្នឹង ប៉ុន្ដែអ្វីដែលកម្ពុជា ត្រូវធ្វើ គឺរដ្ឋាភិបាលខ្លួនឯង ជាអ្នកទទួលខុសត្រូវក្នុងការប្ដឹងថៃ បើកម្ពុជា មិនមានជំហរច្បាស់លាស់ ។ ខ្ញុំនិយាយពាក្យជំហរមិនច្បាស់លាស់នេះ ដោយ សារកាលអំឡុងខែពីរ ខែបី មុនចូលឆ្នាំថ្មីហ្នឹង រដ្ឋាភិបាលកម្ពុជា មានជំហរប្ដឹងថៃ លើវេទិកាអន្តរជាតិ ប៉ុន្តែក្រោយចូលឆ្នាំ មកដល់បច្ចុប្បន្នហ្នឹង រដ្ឋាភិបាលកម្ពុជា បែរជាមានជំហរទន់ជ្រាយជាងមុន ចង់ចរចាទ្វេភាគីជាមួយថៃ វាស់វែង បោះបង្គោលព្រំដែនបន្តទៀត ហើយពិចារណាទៅ តើថៃ ព្រមព្រៀងបោះបង្គោលព្រំដែនបណ្ដោះអាសន្នអីតទៅទៀតទេ? បើអាកន្លែងបង្គោលព្រំដែនបណ្ដោះអាសន្ន នៅខាងក្រោយ ឆ្ងាយពីតំបន់ឈ្លានពានមកលើកម្ពុជាហ្នឹង ថៃចូលឈ្លានពានជ្រៅមកលើទឹកដីកម្ពុជា ទៅហើយ» ។

លោក ម៉ែន ណាត បន្តទៀថា «អ៊ីចឹងបានជាជម្រើសល្អ តាមគោលការណ៍ច្បាប់អន្តរជាតិ ទីមួយ ត្រូវប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ហើយទីពីរ ត្រូវស្ដារមុខមាត់កម្ពុជា តាមរយៈការស្ដារសិទ្ធិមនុស្ស ឯកភាពជាតិ ធ្វើឲ្យមានឯកភាពជាតិ និងដោះលែងអ្នកទោសមនសិការអី រួមទាំងស្ដារមុខមាត់ ស្ដារវិបត្តិផ្សេងៗដែលកំពុងចាក់ស្រែះនៅក្នុងកម្ពុជា ដើម្បីអី? ដើម្បីឲ្យកម្ពុជា មានទឹកមាត់ប្រៃ លើឆាកអន្តរជាតិ ហើយពឹងសហគមន៍អន្តរជាតិ ឲ្យជួយដាក់សម្ពាធថៃ ដកកងទ័ពចេញពីកម្ពុជា ឲ្យផ្ដល់យុត្តិធម៌ឲ្យកម្ពុជា ។ អាហ្នឹងសុទ្ធតែយន្តការដែលត្រូវធ្វើ ហើយយន្តការមួយទៀត ដែលស្របតាមច្បាប់អន្តរជាតិដែរ គឺមិនអនុញ្ញាតឲ្យថៃ ពង្រីកការឈ្លានពានទៅតាមទំនើងចិត្តដូចសព្វថ្ងៃ បោះបង្គោលព្រំដែន ធ្វើរបងបេតុងព្រំដែន រាយលួសបន្លា ដាក់បង្គោលភ្លើង ធ្វើលេណដ្ឋានទ័ព ដូចក្រសួងការបរទេស ចេញសេចក្ដីថ្លែងការណ៍ ប៉ុន្មានថ្ងៃមុនអ៊ីចឹងទេ ត្រូវតែការពារខ្លួន រដ្ឋាភិបាលកម្ពុជា ត្រូវប្រើសិទ្ធិការពារខ្លួន…” ។
គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកឃ្លាំមើលខាងលើនេះ បានធ្វើឡើង ក្រោយពីព្រះអង្គម្ចាស់ក្សត្រី ជុឡាផន ដែលត្រូវជាប្អូនស្រីបង្កើតរបស់ព្រះមហាក្សត្រថៃ ព្រះបាទ វជីរ៉ា ឡុងកន បានប្រមូលមូលនិធិ ផ្តល់តៅយោធាថៃ ដើម្បីបន្តគម្រោងសាងសង់របងបេតុងអចិន្ត្រៃយ៍ និងលេណដ្ឋានយោធា ជាច្រើនទីតាំង នៅតាមបណ្ដោយព្រំដែនកម្ពុជា ក្នុងខេត្តបាត់ដំបង ដេលនេះជាការបន្តសកម្មភាពឈ្លានពាន រំលោភមកលើអធិបតេយ្យនិងបូឬណភាពទឹកដីកម្ពុជា យ៉ាងជាក់ស្តែង។
យោងការផ្សព្វផ្សាយរបស់ស្ថាប័នទំនាក់ទំនងព័ត៌មានរបស់ព្រះរាជវាំងថៃ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា ព្រះអង្គម្ចាស់ក្សត្រីយ៍ ជុឡាផន ដែលជាស្ថាបនិកមូលនិធិ ហាថៃធីប បានជួបជាមួយក្រុមមេបញ្ជាការជាន់ខ្ពស់យោធាថៃ ដើម្បីតាមដានអំពីដំណើរការសាងសង់របងបេតុងអចិន្ត្រៃយ៍ នៅតំបន់ព្រំដែន ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ជាប់នឹងខេត្តចន្ទបុរី របស់ថៃ។ នៅក្នុងឱកាសចូលគាល់នេះ យោធាថៃ បានរាយការណ៍អំពី ការបញ្ចប់ជាស្ថាពរនូវគម្រោងសាងសង់របងព្រំដែន នៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៤ គម្រោងសាងសង់ផ្លូវយុទ្ធសាស្ត្រ និងការសាងសង់របងព្រំដែនអចិន្ត្រៃយ៍ ពីទីតាំងបង្គោលលេខ ៥៤ ដល់៥៥ និង៥៩ ដែលមានប្រវែងសរុបជាង៨គីឡូម៉ែត្រ។ បន្ថែមពីនេះ ក្រុមមេបញ្ជាការយោធាថៃ បានលើកឡើងអំពីការសាងសង់លេណដ្ឋានយោធា ចំនួនជាង ១០០ទីតាំង នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីត្រៀមនៅក្នុងស្ថានការណ៍ជម្លោះព្រំដែន ដែលកំពុងមានភាពតានតឹង។

តាមការអះអាងរបស់ស្ថាប័នផ្សព្វផ្សាយព្រះរាជវាំងថៃ ព្រះអង្គម្ចាស់ក្សត្រី ជុឡាផន បានផ្ដល់មូលនិធិដល់យោធាថៃ ចំនួន ២លានដុល្លារ ដើម្បីយកទៅអនុវត្តគម្រោងសាងសង់របងនៅតាមព្រំដែនថៃ-កម្ពុជា។ ប៉ុន្តែទីតាំងបង្គោលព្រំដែនលេខ៥២ ដល់៥៩ ដែលយោធាថៃ កំពុងសាងសង់របងព្រំដែននេះ គឺជាតំបន់ដែលមានភាពចម្រូងចម្រាស ដោយសារគណៈកម្មាធិការបច្ចេកទេសនៃប្រទេសទាំងពីរ នៅមិនទាន់បានបញ្ចប់ការកំណត់និងបោះបង្គោលព្រំដែននោះឡើយ។ តំបន់ទាំងនេះ ត្រូវបានយោធាថៃ ផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែន តាមអំពើចិត្ត តាមរយៈការកែប្រែអូរធម្មជាតិ និងរំកិលបង្គោលព្រំដែនភ្លោះ នៅសងខាង ដែលជាតម្រុយខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្ន ចូលក្នុងទឹកដីកម្ពុជា បណ្ដាលឱ្យដីចម្ការរបស់ពលរដ្ឋខ្មែរ ជាច្រើនគ្រួសារ បានបាត់បង់ទៅប្រទេសថៃ។
“នគរធំ” មិនអាចទាក់ទងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា និងអភិបាលខេត្តបាត់ដំបង លោក សុខ លូ ដើម្បីសុំការបកស្រាយករណីខាងលើនេះបានទេ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ខណៈដែលមកដល់ពេលនេះ នៅមិនទាន់ឃើញក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឬរដ្ឋាភិបាលកម្ពុជា ចេញលិខិតតវ៉ាប្រឆាំងនឹងសកម្មភាពសាងសង់របងព្រំដែន របស់យោធាថៃ ខណៈដែលបច្ចុប្បន្ននេះ យោធាថៃ បានបុកគ្រឹះ និងចាក់ពុម្ភសសរ និងលើកធ្នឹមសាងសង់របងព្រំដែន នៅចន្លោះបង្គោលព្រំដែនលេខ៥៥ ដែលមានប្រវែងជាង ៣គីឡូម៉ែត្រ រួចរាល់ហើយ ដោយរង់ចាំតែការដំឡើងរបាំងជញ្ជាំង និងបន្លាលួស នៅពីលើប៉ុណ្ណោះ។

ទោះបីយ៉ាងណា កន្លងមក ក្រសួងការបរទេសកម្ពុជា បានចេញលិខិតតវ៉ាប្រឆាំងនឹងសកម្មភាពសាងសង់របងព្រំដែន ជាឯកតោភាគី របស់យោធាថៃ ដែលផ្ទុយនឹងកិច្ចព្រមព្រៀងរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងបានប៉ះពាល់ទៅលើការបោះបង្គោលព្រំដែនបណ្តោះអាសន្ន ដែលបានធ្វើឡើងដោយក្រុមវាស់វែងចម្រុះ នៃភាគីប្រទេសទាំងពីរ ៕ កុលបុត្រ