Homeនយោបាយឈ្លានពានទឹកដីកម្ពុជា ថៃ បំបែកមជ្ឈភាពអាស៊ាន តាំងខ្លួនជាអភិបាលអាស៊ាន

ឈ្លានពានទឹកដីកម្ពុជា ថៃ បំបែកមជ្ឈភាពអាស៊ាន តាំងខ្លួនជាអភិបាលអាស៊ាន

ភ្នំពេញ ៖ អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ថៃ ជាអ្នកបំបែកនិងគំរាមកំហែងដល់មជ្ឈភាពអាស៊ាន ដោយដើរតួជា “កងកម្លាំងប៉ូលិសអាស៊ាន” ឬតាំងខ្លួនជាអភិបាលអាស៊ាន ឈ្លានពានរំលោភអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ក្រោមលេសប្រយុទ្ធប្រឆាំងការឆបោកអនឡាញ ខណៈចេតនានិងសារជាតិពិតរបស់ចោរប្រវត្តិសាស្ត្រនេះ  គឺជាការរំលោភទឹកដីកម្ពុជា។

  កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកវេទិកាភ្នំពេញ លើកទី៥ ស្តីពី «មជ្ឈភាពអាស៊ាន ក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្ត្រ និងភាពមិនប្រាកដប្រជាជាសកល» ដោយមានការចូលរួមពីអ្នកជំនាញ អ្នករៀបចំនយោបាយ និងអ្នកសិក្សាស្រាវជ្រាវជាតិនិងអន្តរជាតិឈានមុខ មកពីប្រទេសជាច្រើន រួមមាន កម្ពុជា អាល្លឺម៉ង់ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូនេស៊ី ចិន ហ្វីលីពីន ប៉ាគីស្ថាន និងសាធារណរដ្ឋកូរ៉េ ។

  ថ្លែងក្នុងវេទិកានោះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ដែលបានអញ្ជើញជាអធិបតី បានលើកឡើងថា មជ្ឈភាពអាស៊ាន កំពុងធ្លាក់ចុះ ទោះបីជាមេដឹកនាំអាស៊ាន ខិតខំលើកកម្ពស់ក៏ដោយ ។ មជ្ឈភាពនេះ ត្រូវបានខូចខាតនិងចុះខ្សោយ ដោយសមាជិកអាស៊ាន ខ្លួនឯង។ ក្នុងន័យនេះ លោកអាចនិយាយដោយមិនស្ទាក់ស្ទើរថា ប្រទេសថៃ ជាអ្នកបំបែកមជ្ឈភាពអាស៊ាន តាមរយៈនិទានកថានយោបាយ បង្ក្រាបការឆបោកអនឡាញ តែជាលេសឈ្លានពានទឹកដីកម្ពុជា និងតាំងខ្លួនជាអភិបាលអាស៊ាន ។

លោកបណ្ឌិត យង់ ពៅ បន្តថា លោកមិនខ្លាចក្នុងការនិយាយវាទេ ព្រោះវាជាការពិតច្បាស់លាស់ ដែលប្រទេសថៃ បានតែងតាំងខ្លួនឯងកាន់តួនាទីជាប៉ូលិសអាស៊ាន ដោយសារតែការបោកប្រាស់តាមអ៊ីនធឺរណិត។ លោកបន្ថែមថា តាមទ្រឹស្តីនិងនយោបាយ គ្មានប្រទេសណាមួយ ជាអភិបាលអាស៊ាន នោះទេ សមាជិកអាស៊ាន ទាំងអស់ គឺជាអភិបាលអាស៊ាន ។

  ជាមួយការមើលឃើញដូចខាងលើនេះ លោកបណ្ឌិត យង់ ពៅ ក៏បានកត់សម្គាល់ផងដែរថា ប្រសិនបើប្រទេសកម្ពុជា បានការពារអង្គហេតុ តាមរយៈការទូត ពិភពលោក ប្រហែលជាត្រូវបានបញ្ចុះបញ្ចូលដោយប្រទេសថៃ ថាការឈ្លានពានរបស់ពួកគេ មកលើប្រទេសកម្ពុជា គឺត្រឹមត្រូវ ។ លោកបានលើកឧទាហរណ៍ ថ្មីៗនេះ មេដឹកនាំមីយ៉ាន់ម៉ា មីន អោងឡាំង បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃ ដែលលោកថា ជាការធ្វើឱ្យខូចទំនុកចិត្តអាស៊ាន   ដោយមិនគោរពតាមការមូលមតិគ្នា ប្រាំចំណុច របស់អាស៊ាន ទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ា។ លោកមិនបញ្ជាក់ច្រើនអំពីរឿងនេះទេ តែលោកចង់ឱ្យមីយ៉ាន់ម៉ា វិលត្រឡប់មកអាស៊ាន វិញផងដែរ គឺត្រូវតែគោរពការ សម្រេចចិត្តរបស់មេដឹកនាំអាស៊ាន ទាំងអស់ មិនមែនតែការសម្រេចចិត្តរបស់ថៃ តែម្នាក់ឯងនោះទេ វាត្រូវតែជាការសម្រេចចិត្តរួមរបស់អាស៊ាន។

  លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា “ខ្ញុំសូមអនុញ្ញាតគូសបន្ថែមនូវទស្សនៈ ដែលអ្វីបានបង្ហាញនៅមជ្ឈភាពអាស៊ាន ធ្លាក់ចុះ ក្នុងខណៈដែលថ្នាក់ដឹកនាំអាស៊ាន ខិតខំប្រឹងប្រែងលើកស្ទួយនូវមជ្ឈភាពអាស៊ាន? ក៏ដូចជាវាគ្មិនដែលបានលើកកន្លងមកដែរ គឺត្រូវបានបំផ្លាញទៅដោយ ធ្វើឲ្យទន់ខ្សោយ ទៅដោយសមាជិកអាស៊ាន ខ្លួនឯង ។ នេះជាបញ្ហាស្នូល ដែលយើងត្រូវពិចារណាទាំងអស់គ្នា ។ ជាទ្រឹស្ដី ជាគោលនយោបាយ ដូចដែលបានអាន ដូចដែលវាគ្មិន បានលើកឡើង មជ្ឈភាពអាស៊ាន ដើរតួនាទីសំខាន់ ធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ ប៉ុន្តែផ្ទុយទៅវិញ អាស៊ាន ខ្លួនឯង មានអ្នកជ្រោមជ្រែងមជ្ឈភាពអាស៊ាន មានអ្នកបំផ្លាញមជ្ឈភាពអាស៊ាន ។ ខ្ញុំនិយាយដោយមិនរារែក គឺប្រទេសថៃ បានបំផ្លាញមជ្ឈភាពអាស៊ានយ៉ាងធ្ងន់ធ្ងរ តាមរយៈការធ្វើការនិទានកថា ស្ដីពី online scam (ការឆបោកអនឡាញ) ដូចដែលឯកឧត្ដម ទូច សុខៈ និងឯកឧត្ដមបណ្ឌិត គិន ភា បានលើកឡើង តែអ្នកទាំងពីរ ក្នុយន័យជាស្ថាប័នអ្នករៀបចំ មិនថាចំប្រទេសទេ តែខ្ញុំមិនខ្លាចទេ ព្រោះវាជាក់ស្ដែង តែអ្នកទាំងពីរ មិនថា វាជារឿងត្រឹមត្រូវ បែបបទពិធីការ តែខ្ញុំនិយាយគរុភាសា ។ ប្រទេសថៃ បានបំផ្លាញ តាមរយៈនិទានកថានយោបាយ ក្នុងន័យចូលឈ្លានពានទឹកដីកម្ពុជា ។ អ៊ីចឹងហើយ ធ្វើឲ្យមជ្ឈភាពអាស៊ាន ត្រូវបាត់ទំនុកចិត្តទាំងស្រុង ក្នុងមួយខណៈ ទម្រាំតែឥឡូវនេះ យើងអាចស្រោចស្រង់បានខ្លះ នៅពេលដែលថ្នាក់ដឹកនាំកម្ពុជា ខិតខំប្រឹងប្រែងធ្វើនយោបាយការទូត និងច្បាប់អន្តរជាតិ បង្ហាញអង្គហេតុពិត ទៅសហគមន៍អន្តរជាតិ ។ បើមិនមានការខិតខំប្រែង តាមរយៈច្បាប់អន្តរជាតិ និងការទូតនេះទេ ប្រហែលជាគេនៅតែវាយតម្លៃថា ថៃ ឈ្លានពានកម្ពុជា ជារឿងត្រឹមត្រូវ សម្រាប់ការបំផ្លាញការឆបោកអនឡាញ ។ យើងសួរថា តើគ្រាន់តែស្កេមអនឡាញនេះ ប្រទេសថៃ មានសិទ្ធិជាអភិបាលអាស៊ាន ពេញលេញឬយ៉ាងម៉េច?” ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍បន្តថា “យើងបាននិយាយហើយ ជាទ្រឹស្ដី ជាគោលនយោបាយ រក្សាការសន្ទនា គ្មានប្រទេសណាមួយ ជាអភិបាលរបស់អាស៊ាន ទេ ។ អាស៊ានទាំងអស់ ជាអភិបាលរបស់អាស៊ាន ។ អ៊ីចឹងការដែលប្រទេសមួយ តាំងខ្លួនជាអភិបាលរបស់អាស៊ាន នោះហើយ ជាការកាន់ញញួរនយោបាយ បំបែកមជ្ឈភាពអាស៊ាន ។ ខ្ញុំនិយាយដោយចំ មិនរារែកទេ ពីព្រោះឥឡូវនេះ រឿងកំពុងតែនៅតែកើតឡើង ប៉ុន្តែកម្ពុជា ព្យាយាម ។ សូមអធ្យាស័យដល់វាគ្មិនបរទេស ដែលខ្ញុំលើករឿងនេះចំ ពីព្រោះយើងនិយាយតាមគរុសភា បើអាល័យតែបញ្ឆិតបញ្ឆៀង តាមបែបការទូត នៅតែនិយាយអ៊ីចឹង ។ អ៊ីចឹងអ្នកឯទៀត គេនិយាយការទូត តែខ្ញុំនិ យាយគរុសភា ទៅចុះ! សូមផ្ញើសារអ៊ីចឹង ។ អ៊ីចឹងល្មមថៃ ភ្ញាក់ខ្លួននៅចំណុចនេះ កុំតាំងខ្លួនជាអភិបាលនៃអាស៊ាន កុំកាន់ញញួរនយោបាយ និទានកថារបស់ខ្លួន មកបំបែកមជ្ឈភាពអាស៊ាន តទៅទៀត វាបំបែកសេចក្ដីទុកចិត្តអាស៊ាន ខ្លួនឯង វាបំបែកវេទិកាអាស៊ាន ខ្លួនឯង ដែលមហាអំណាច តែងតែផ្ដល់សារសំខាន់ វាបំបែកទំនុកចិត្តអាស៊ាន ខ្លួនឯង ដែលយើងតែងតែផ្ដល់ទំនុកចិត្ត ខិតខំកសាង តាំងពីសេចក្ដីប្រកាស ៨ សីហា ឆ្នាំ១៩៦៧ មកទល់ថ្ងៃនេះ ច្រើនទសវត្សរ៍មកហើយ ហេតុអីយើងត្រូវបំបែកពេលនេះ? សួរថា តើកម្ពុជា ស៊ូអត់ធ្មត់ឲ្យគេចូលឈ្លានពានព្រំដែនគោក ព្រំដែនទឹក ដោយមិនមាត់មិនក ចងមាត់អ៊ីចឹងបានទេ? មិនបានទេ! អ៊ីចឹងថៃ ត្រូវតែបញ្ឈប់និទាន កថានយោបាយ ដែលនាំទៅតាំងខ្លួនឯងជាអភិបាលនៃអាស៊ាន ហើយចូលឈ្លានពាន តាមរយៈនិទានកថានេះ វាមិនត្រឹមត្រូវទេ ។ ចំណុចមួយទៀត គាត់បំបែកទំនុកចិត្តអាស៊ាន តាមរយៈមិនគោរពគោលការណ៍កុងសង់ស៊ីស ៥ចំណុច ករណីមីយ៉ានម៉ា តែខ្ញុំមិនបកស្រាយទេ ខ្ញុំចង់ឲ្យតែមីយ៉ាន់ម៉ា វិលចូលអាស៊ាន ដូចគ្នា ក៏ប៉ុន្តែយើងត្រូវគោរពការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំអាស៊ាន ទាំងអស់ មិនមែនថៃ មួយ ជាអ្នកសម្រេចចិត្តម្នាក់ឯងទេ ជាការសម្រេចចិត្តរួមរបស់អាស៊ាន ។ អ៊ីចឹងសួរថា តើថ្នាក់ដឹកនាំផ្សេងទៀត នៃប្រទេសផ្សេងទៀត យល់ថាដូចម្ដេច ទៅលើបញ្ហាកុងសង់ស៊ីស ៥ចំណុច មីយ៉ាន់ម៉ានេះ?“ ។

  ក្រៅពីរំលេចរឿងថៃ ជាអ្នកបំបែកមជ្ឈភាពអាស៊ាន និងតាំងខ្លួនជាអភិបាលអាស៊ាន  នៅក្នុងវេទិកាដ៏មានសារសំខាន់នោះ លោកបណ្ឌិត យង់ ពៅ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃ «មជ្ឈភាពអាស៊ាន» នៅក្នុងបរិបទភូមិសាស្ត្រនយោបាយពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ មជ្ឈភាពអាស៊ាន មិនមែនជាឋានៈដែលទទួលបានម្តងហើយ ស្ថិតស្ថេរជារៀងរហូតនោះទេ ប៉ុន្តែជាសមត្ថភាពដែលត្រូវបញ្ជាក់ឡើងវិញរាល់ថ្ងៃ តាមរយៈឯកភាព ភាពជឿជាក់ និងប្រសិទ្ធភាព។ ក្នុងបរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ហានិភ័យធំបំផុតសម្រាប់អាស៊ាន មិនមែនត្រឹមតែការប្រកួតប្រជែងរវាងមហាអំណាចប៉ុណ្ណោះទេ ប៉ុន្តែគឺការដែលការប្រកួតប្រជែងនោះ ចូលមកបំប្លែងភាពខុសគ្នាផ្ទៃក្នុងរបស់អាស៊ាន ឱ្យក្លាយជាបន្ទាត់បែកបាក់។

 ជារួម ក្នុងស្ថានភាពដែលការប្រកួតប្រជែងរវាងមហាអំណាច កាន់តែខ្លាំង និងវិបត្តិជាច្រើន កើតឡើងព្រមគ្នា លោកបណ្ឌិត យង់ ពៅ បានលើកឡើងនូវចំណុចសំខាន់ៗ ចំនួន៥ ដើម្បីពង្រឹងមជ្ឈភាពរបស់អាស៊ាន ដូចខាងក្រោម ៖

  ចំណុចទី១ ៖ ដែលអាស៊ានត្រូវពង្រឹង គឺ «ឯកភាពយុទ្ធសាស្ត្រ»។ ឯកភាព មិនមានន័យថា សមាជិកទាំងអស់ ត្រូវមានគោលនយោបាយដូចគ្នា ចំពោះគ្រប់មហាអំណាចទេ។ ឯកភាព មានន័យថា ទោះមានទំនាក់ទំនងខាងក្រៅ ខុសគ្នាក៏ដោយ សមាជិកទាំងអស់ ត្រូវយល់ព្រមលើខ្សែបន្ទាត់គោលរួម ៖ មិនអនុញ្ញាតឱ្យអាស៊ីអាគ្នេយ៍ ក្លាយជាសមរភូមិនៃការប្រឈមមុខរបស់អ្នកដទៃ, មិនប្រើការគំរាមកំហែង ឬកម្លាំងដើម្បីដោះស្រាយវិវាទ, គោរពអធិបតេយ្យនិងច្បាប់អន្តរជាតិ, និងរក្សាផ្លូវការទូតបើកចំហ ទោះក្នុងពេលមានវិបត្តិក៏ដោយ។

  ចំណុចទី២ ៖ គឺ «ស្វ័យភាពយុទ្ធសាស្ត្រ»។ ស្វ័យភាព មិនមែនជាអព្យាក្រឹតភាពចំពោះគោលការណ៍ ហើយក៏មិនមែនជាការរក្សាចម្ងាយស្មើគ្នា ពីគ្រប់ប្រទេសដែរ។ វាមានន័យថា អាស៊ាន និងរដ្ឋសមាជិក អាចធ្វើសេចក្តីសម្រេចដោយផ្អែកលើផលប្រយោជន៍ជាតិនិងតំបន់ ច្បាប់អន្តរជាតិ និងការវាយតម្លៃដោយខ្លួនឯង មិនមែនដោយ សម្ពាធឱ្យជ្រើសរើសប្លុក។ អាស៊ាន គួរធ្វើការជាមួយសហរដ្ឋអាមេរិក ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា សហភាពអឺរ៉ុប អូស្ត្រាលី និងដៃគូដទៃទៀត ដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក និងដោយមិនប្រែក្លាយកិច្ចសហប្រតិបត្តិការមួយ ទៅជាឧបករណ៍ប្រឆាំងភាគីទីបី។

  ចំណុចទី៣ ៖ គឺ «ច្បាប់និងការទូត ជាជម្រើសទីមួយ»។ ក្នុងតំបន់ដែលមានវិវាទសមុទ្រ បញ្ហាព្រំដែន ការប្រកួតប្រជែងធនធាន និងការកើនឡើងនៃសមត្ថភាពយោធា ការគ្រប់គ្រងវិបត្តិ អាចមានសារៈសំខាន់ជាងការដោះស្រាយវិវាទផង។ អាស៊ាន ត្រូវបន្តពង្រឹងបទដ្ឋាននៃការមិនប្រើកម្លាំង ការដោះស្រាយដោយសន្តិវិធី ការគោរពធម្មនុ ញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលពាក់ព័ន្ធ។ សម្រាប់បញ្ហាដែលមិនអាចដោះស្រាយភ្លាមៗ យ៉ាងហោចណាស់ យើងត្រូវអាចទប់ស្កាត់មិនឱ្យវាវិវត្តទៅជាការប្រឈមមុខដែលមិនអាចគ្រប់គ្រងបាន។

ចំណុចទី៤ ៖ គឺ «មជ្ឈភាព ត្រូវមានសមត្ថភាពផ្តល់លទ្ធផល»។ ការការពារមជ្ឈភាពមិនអាចធ្វើបានតាមរយៈសេចក្តីថ្លែងការណ៍តែប៉ុណ្ណោះទេ។ ប្រសិនបើប្រជាជន មើលឃើញថា អាស៊ាន មិនអាចជួយដោះស្រាយវិបត្តិ មិនអាចការពារផលប្រយោជន៍សេដ្ឋកិច្ច ឬមិនអាចឆ្លើយតបបញ្ហាឆ្លងដែនបាននោះ គំនិតអំពីមជ្ឈភាព នឹងបាត់បង់មូលដ្ឋានសង្គមរបស់ខ្លួន។ ដូច្នេះការកែលម្អសមត្ថភាពស្ថាប័ន ល្បឿននៃការសម្រេចចិត្ត ការអនុវត្តកិច្ចព្រមព្រៀង និងការសម្របសម្រួលអន្តរវិស័យ គឺជាផ្នែកនៃយុទ្ធសាស្ត្រមជ្ឈភាពដូចគ្នា។

  ចំណុចទី៥ ៖ គឺ «ការប្រកួតប្រជែងនិទានកថា»។ ក្នុងយុគសម័យឌីជីថល ការយល់ឃើញ អាចផ្លាស់ប្តូរលឿនជាងការពិត ហើយព័ត៌មានអំពីសន្តិសុខ បទល្មើសឆ្លងដែន ឬវិវាទអន្តររដ្ឋ អាចត្រូវបានបកស្រាយតាមផលប្រយោជន៍នយោបាយ។ អាស៊ាន ត្រូវអភិវឌ្ឍវប្បធម៌នៃការផ្ទៀងផ្ទាត់ព័ត៌មាន ការចែករំលែកទិន្នន័យ និងការប្រាស្រ័យទាក់ទង ក្នុងពេលវិបត្តិ ដើម្បីកុំឱ្យការចោទប្រកាន់ដែលមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ ក្លាយជាមូលហេតុនៃការបាត់បង់ទំនុកចិត្ត ឬការកើនឡើងនៃភាពតានតឹង។ នេះមិនមែនជាការការពារបទល្មើសណាមួយទេ ផ្ទុយទៅវិញ វាជាការទាមទារឱ្យការប្រយុទ្ធប្រឆាំងបទល្មើស ផ្អែកលើភ័ស្តុតាង កិច្ចសហប្រតិបត្តិការផ្លូវច្បាប់ និងការទទួលខុសត្រូវរួម។

  លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់បន្ថែមថា សម្រាប់កម្ពុជា មជ្ឈភាពអាស៊ាន មានតម្លៃយុទ្ធសាស្ត្រយ៉ាងជាក់ស្តែង។ ក្នុងនាមជារដ្ឋតូច កម្ពុជា មានផលប្រយោជន៍ផ្ទាល់ក្នុងការរក្សាតំបន់ដែលច្បាប់មានទម្ងន់ជាងអំណាច ការសន្ទនា មានអាទិភាពជាងការបង្ហាញសាច់ដុំ និងស្ថាប័នពហុភាគី អាចផ្តល់លំហដល់រដ្ឋតូចនិងមធ្យម។ កម្ពុជា គួរបន្តគាំទ្រអាស៊ាន ដែលបើកចំហ មិនបែងចែក និងអាចធ្វើការជាមួយដៃគូទាំងអស់ ខណៈពង្រឹងសមត្ថភាពជាតិរបស់ខ្លួន ដើម្បីចូលរួមក្នុងការកំណត់របៀបវារៈតំបន់ មិនមែនគ្រាន់តែឆ្លើយតបនឹងរបៀបវារៈដែលអ្នកដទៃកំណត់ ។

  គួរបញ្ជាក់ថា មជ្ឈភាពអាស៊ាន (ASEAN Centrality) គឺជាតួនាទីជាចំណុចស្នូល និងជាកម្លាំងចលករចម្បងរបស់អាស៊ាន ក្នុងការដឹកនាំកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងស្ថាបត្យកម្មតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាក្នុងទំនាក់ទំនងជាមួយដៃគូខាងក្រៅ។ សារៈសំខាន់នៃមជ្ឈភាពអាស៊ាន ធានាថា អាស៊ាន ជាអ្នកកំណត់របៀបវារៈ និងទិសដៅនយោបាយក្នុងតំបន់ ការពារផលប្រយោជន៍តំបន់ ពីការជ្រៀតជ្រែកដោយមហាអំណាចខាងក្រៅ ជាស្ពានតភ្ជាប់ទំនាក់ទំនងល្អ រវាងប្រទេសសមាជិក និងបណ្តាប្រទេសមហាអំណាចសកលលោក ៕ កុលបុត្រ

RELATED ARTICLES