ភ្នំពេញ ៖ អ្នកនយោបាយខ្មែរ លោកបណ្ឌិត គុជ លី ប្រធានគណបក្សខ្មែរតែមួយ បានរំលឹកប្រវត្តិសាស្ត្រ ដែលជាមេរៀនដ៏មានតម្លៃសម្រាប់កូនខ្មែរគ្រប់រូប ក្នុងការស្វែង យល់ វិភាគនិងចងចាំ ដើម្បីការពារឧត្តមប្រយោជន៍ជាតិ ផ្អែកលើការពិតជាក់ស្តែង ដោយមិនប្រើប្រាស់អារម្មណ៍ជ្រុលនិយម ប៉ុន្តែត្រូវឈរលើស្មារតីភ្ញាក់រលឹក និងចំណេះដឹងទូទៅ ដើម្បីកុំឲ្យធ្លាក់ចូលអន្ទាក់មហិច្ឆតាចោរប្រវត្តិសាស្ត្រ សៀម (ថៃ) តទៅទៀត ជាពិសេស ពលរដ្ឋខ្មែរយុគសម័យថ្មី ត្រូវយល់ដឹងពីទម្រង់នៃការឈ្លានពានតាមបែបសម័យទំនើប ត្រូវពង្រឹងចំណេះដឹងប្រវត្តិសាស្ត្រ គាំទ្រផលិតផលនិងវប្បធម៌ជាតិ និងអភិវឌ្ឍសមត្ថភាពខ្លួនឯង ឲ្យខ្លាំងទាំងបញ្ញា និងសេដ្ឋកិច្ច ទើបបរទេស ជាពិ សេសសត្រូវដែលជាចោរប្រវត្តិសាស្ត្រ មិនហ៊ានមើលងាយ ឬរំលោភបំពាន។

លោកបណ្ឌិត គុជ លី បានសរសេរក្នុងគណនីនិងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ថា «ពលរដ្ឋខ្មែរ មិនត្រូវធ្លាក់ចូលក្នុងអន្ទាក់មហិច្ឆតារបស់ពួកថៃ សៀម ទៀតទេ!
រឿងរ៉ាវប្រវត្តិសាស្ត្ររវាងកម្ពុជា និងថៃ សៀម គឺជាមេរៀនដ៏មានតម្លៃបំផុត សម្រាប់កូនខ្មែរ គ្រប់រូប ក្នុងការស្វែងយល់ វិភាគ និងចងចាំ ដើម្បីការពារឧត្តមប្រយោជន៍ជាតិ ផ្អែកលើការពិតជាក់ស្តែង ដោយមិនប្រើប្រាស់អារម្មណ៍ជ្រុលនិយម ប៉ុន្តែត្រូវឈរលើស្មារតីភ្ញាក់រលឹក និងចំណេះដឹងទូទៅ។ ដើម្បីឱ្យកូនចងចាំ និងយល់ដឹងពីផលប៉ះពាល់ជាប្រវត្តិសាស្ត្រ នៃការរីករាលដាលទឹកដីពីសំណាក់នគរសៀម នាអតីតកាល ដែលយើងអាចធ្វើការចងចាំលើចំណុចគន្លឹះៗមួយចំនួន ដូចខាងក្រោម ៖
១- ម្សិលមិញ និងថ្ងៃនេះ ៖ ការចងចាំលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ងើបពីស្រមោលអតីតកាល (សតវត្សរ៍ទី១៣ ដល់១៩)។
– ការបាត់បង់ទឹកដីភាគខាងលិច និងភាគខាងជើង ៖ បន្ទាប់ពីសម័យអង្គរ ចុះខ្សោយ នគរសៀម បានពង្រីកទឹកដីរបស់ខ្លួន ដោយវាយលុកនិងកាត់យកទឹកដីខ្មែរ ជាបន្តបន្ទាប់ រួមមានតំបន់ស៊ីសាកេត សុរិន្ទ បុរីរម្យ (ខ្មែរលើ) និងខេត្តភាគខាងលិច ដូចជា បាត់ដំបង សៀមរាប និងសិរីសោភ័ណ (ទោះបីជាបាត់ដំបង និងសៀមរាប ត្រូវបានបារាំង ទាមទារមកឱ្យខ្មែរ វិញ នៅឆ្នាំ១៩០៧ ក៏ដោយ)។
– ការលេបត្របាក់វប្បធម៌ និងក្បួនខ្នាត ៖ រាល់ពេលដែលសៀម វាយលុកចូលក្រុងអង្គរ ឬក្រុងឧដុង្គ ពួកគេតែងតែជម្លៀសអ្នកប្រកបរបរវប្បធម៌ គ្រូអាចារ្យ កវី និងជាងជំនាញខ្មែរ ទៅស្រុកគេ ដែលធ្វើឱ្យមានការជះឥទ្ធិពលវប្បធម៌ខ្មែរ ទៅលើសង្គមសៀម យ៉ាងខ្លាំង រហូតដល់ថ្ងៃក្រោយមក ពួកគេតែងតែអះអាងថា វប្បធម៌ទាំងនោះ ជារបស់ខ្លួន។
២- ជម្លោះសម័យទំនើប ៖ ករណីប្រាសាទព្រះវិហារ (ឆ្នាំ១៩៦២ និង ២០០៨-២០១១) ជាមេរៀនប្រវត្តិសាស្ត្រ ៖ ទោះបីជាមានសន្ធិសញ្ញាច្បាស់លាស់ ក៏មហិច្ឆតាទឹកដី នៅតែអាចកើតមាន ប្រសិនបើយើងធ្វេសប្រហែស។

– ការកាត់សេចក្តីឆ្នាំ១៩៦២៖ តុលាការអន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារ ប៉ុន្តែភាគីថៃមិនដែលបោះបង់គំនិតចង់បាននោះឡើយ។
– ព្រឹត្តិការណ៍ឆ្នាំ២០០៨ ៖ នៅពេលកម្ពុជា ដាក់ប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក យោធាថៃ បានបើកការឈ្លានពាននៅតំបន់ព្រំដែន ដែលនាំឱ្យមានការផ្ទុះអាវុធ។
– ព្រឹត្តិការណ៍ថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ គឺជាសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ពីសំណាក់កងកម្លាំងយោធាថៃ ដែលបានបើកការវាយប្រហារមុន មកលើកងទ័ពកម្ពុជា ឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ និងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បូរណភាពទឹកដី និងប្រជាពលរដ្ឋស៊ីវិល។
– ព្រឹត្តិការណ៍ថ្ងៃទី៧-១៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាការផ្ទុះឡើងនៃអំពើឈ្លានពាន និងការវាយប្រហារប្រដាប់អាវុធ ដោយកងកម្លាំងយោធាថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅតាមបន្ទាត់ព្រំដែនភាគខាងលិច។ សកម្មភាពនិងការវាយប្រហារ ការរំលោភពីយោធាថៃ បានបើកការវាយប្រហារនិងបាញ់ប្រហារជាបន្តបន្ទាប់ ដោយរំលោភលើបទឈប់បាញ់ ដោយប្រើប្រាស់កាំភ្លើងធំ និងយន្តហោះ ពីពួកយោធាថៃ បានប្រើប្រាស់កាំភ្លើងធំគ្រប់ប្រភេទ និងយន្តហោះចម្បាំង F-16 ហោះរំលោភដែនអធិបតេយ្យ និងទម្លាក់គ្រាប់បែកលើទីតាំងភូមិសាស្ត្រនៅទិសយោធភូមិភាគទី៤ និងទី៥។ ការណ៍នេះ ជាចរន្តនយោបាយផ្ទៃក្នុងរបស់ថៃ ដែលតែងតែយករឿងព្រំដែនខ្មែរ ធ្វើជាឧបករណ៍នយោបាយ ដើម្បីកៀរគរប្រជាប្រិយភាព។
អន្ទាក់យុទ្ធសាស្ត្រ នាពេលបច្ចុប្បន្ន ដែលពលរដ្ឋខ្មែរ ត្រូវប្រុងប្រយ័ត្ន ៖
ដើម្បីកុំឱ្យធ្លាក់ចូលក្នុងអន្ទាក់នៃមហិច្ឆតារបស់ពួកថៃ សៀម គឺមហាជនខ្មែរ យុគសម័យថ្មី ត្រូវយល់ដឹងពីទម្រង់នៃការឈ្លានពានតាមបែបសម័យទំនើប ៖
– អន្ទាក់វប្បធម៌ ៖ ថៃ កំពុងព្យាយាមប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងឥទ្ធិពលសកល ដើម្បីបំភ័ន្តឬទាមទារកម្មសិទ្ធិលើសិល្បៈ វប្បធម៌ ចំណីអាហារ និងល្បុក្កតោ/ប្រដាល់ខ្មែរ ។ល។
– ឥទ្ធិពលសេដ្ឋកិច្ច និងពាណិជ្ជកម្ម ៖ ការពឹងផ្អែកខ្លាំងលើទំនិញប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគពីប្រទេសជិតខាង អាចធ្វើឱ្យយើងបាត់បង់ឯករាជ្យភាពសេដ្ឋកិច្ច ក្នុងស្រុក។
– អន្ទាក់ព័ត៌មាន និងចិត្តសាស្ត្រ ៖ ការបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់ខ្មែរ តាមរយៈការបំពុលព័ត៌មាន ឬការធ្វើឱ្យខ្មែរ មានអារម្មណ៍ទន់ជ្រាយ មិនជឿជាក់លើសមត្ថភាពខ្លួនឯង។
តើពលរដ្ឋខ្មែរ ត្រូវធ្វើដូចម្តេច ដើម្បីចូលរួមចំណែកការពារមាតុភូមិរបស់យើង?
កូនខ្មែរសេ្នហាជាតិ មិនមែនឆ្លងកាត់តែការខឹងសម្បា ឬការជេរប្រមាថ តាមបណ្តាញសង្គមនោះទេ ប៉ុន្តែត្រូវបង្ហាញឆន្ទ:ចេញតាមរយៈសកម្មភាពជាក់ស្តែង ៖
(១) ពង្រឹងចំណេះដឹងប្រវត្តិសាស្ត្រ ៖ បន្តរៀនសូត្រប្រវត្តិសាស្ត្រ ឱ្យបានស៊ីជម្រៅ មានឯកសារយោងច្បាស់លាស់ មិនមែនស្តាប់តែតាមការនិយាយតៗគ្នានោះទេ។
(២) គាំទ្រផលិតផល និងវប្បធម៌ជាតិ ៖ ប្រើប្រាស់ទំនិញខ្មែរ លើកកម្ពស់ទេសចរណ៍ក្នុងស្រុក និងរៀនសូត្រពីសិល្បៈ វប្បធម៌ខ្មែរ ឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការការពារ និងពន្យល់ទៅកាន់ពិភពលោក។
(៣) អភិវឌ្ឍសមត្ថភាពខ្លួនឯង ៖ ប្រទេសមួយខ្លាំង លុះត្រាតែប្រជាជន មានចំណេះដឹង និងចំណេះធ្វើ ដើម្បីជាធនធានមនុស្សរឹងមាំ និងសេដ្ឋកិច្ចឯករាជ្យ។ នៅពេលដែលកូនខ្មែរខ្លាំងទាំងបញ្ញា និងសេដ្ឋកិច្ច គឺគ្មានបរទេសណាអាចមកមើលងាយ ឬរំលោភបំពានបានឡើយ។

ជារួម ការចងចាំប្រវត្តិសាស្ត្រខ្មែរ គឺជាស្ពានដាស់តឿនស្មារតីខ្លួនឯង ឱ្យរឹងមាំ មិនមែនដើម្បីបង្កើតការស្អប់ខ្ពើម ដែលគ្មានវិទ្យាសាស្ត្រនោះទេ ព្រោះនៅក្នុងពិភពលោកបច្ចុប្បន្ន ការទូត និងសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ជារឿងចាំបាច់ ប៉ុន្តែត្រូវឈរលើគោលការណ៍ស្មើភាព និងការពារអធិបតេយ្យជាដាច់ខាត»៕ ខៀវទុំ