ទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តជាសកលជាថ្មី ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី និងការប្រកាន់ខ្ជាប់ឱ្យកាន់តែខ្លាំង ចំពោះច្បាប់អន្តរជាតិ នៅក្នុងសេចក្តីថ្លែងការណ៍ក្នុងកិច្ច ពិភាក្សាបើកចំហកម្រិតខ្ពស់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពី “ការពង្រឹងយន្តការសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី ៖ ការតាមដានសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខលេខ ២៧៨៨ (២០២៥)” ។

លោក កែវ ឈា បានរំលឹកថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តឥតងាករេ របស់កម្ពុជា ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ ក្នុងសេចក្តីថ្លែងការណ៍របស់លោក ទៅកាន់ក្រុមប្រឹក្សាសន្តិសុខកាលពីខែឧសភា កន្លងទៅ។

លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីអាទិភាពចំនួនបួន ដូចខាងក្រោម ៖ ការពង្រឹងតួនាទីរបស់ អ.ស.ប. ក្នុងការបង្ការដោយវិធីសាស្រ្តការទូត, ការធានាថាជម្លោះត្រូវបានដោះស្រាយតាមរយៈមធ្យោបាយសន្តិវិធី និងការអនុលោមតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ, ការពង្រឹងឯកភាពនិងភាពមិនលម្អៀងរបស់ក្រុម ប្រឹក្សា និងការដោះស្រាយផលប៉ះពាល់មនុស្សធម៌នៃជម្លោះព្រំដែនរបស់កម្ពុជា ដែលកំពុងបន្តកើតមាន ដែលមានជនស៊ីវិលជាង ២ម៉ឺននាក់ នៅតែជាជនភៀសសឹក។ជាទីបញ្ចប់ លោក កែវ ឈា បានសង្កត់ធ្ងន់ថា ព្រំដែននិងអធិបតេយ្យ មិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មី នៅលើដីជាក់ស្តែងនោះទេ។

សូមបញ្ជាក់ថា ការថ្លែងដោយទទូចរបស់តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) ដូចខាងលើនេះ ធ្វើឡើង ស្របពេលដែលក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តចេញសេចក្តីប្រកាសព័ត៌មាន តវ៉ាផ្លូវការ ចំពោះការបន្តរំលោភបំពានរបស់យោធាថៃ លើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ដែលនៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានធ្វើសកម្មភាពឈូសឆាយដី ធ្វើផ្លូវថ្មី នៅចន្លោះបង្គោលព្រំដែនលេខ៨ និងលេខ៩ ក្នុងតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រំលោភចូលជ្រៅទៅក្នុងទឹកដីកម្ពុជា ហើយការរំលោភបំពានបន្ថែមទៀត បានកើតឡើងនៅចន្លោះថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយកងកម្លាំងប្រដាប់អាវុធថៃ បានបន្តធ្វើសកម្មភាពឈូសឆាយដីធ្វើផ្លូវ និងរាយលួសបន្លា នៅចន្លោះបង្គោលព្រំដែនលេខ១៩ និងលេខ២០ ក្នុងតំបន់ជប់ដើមខ្នុរ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ដូចដែលបានកំណត់និងខណ្ឌសីមា តាមផែនទីខ្នាត ១:២០០ ០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ សកម្មភាពទាំងនេះ ក៏រំលោភបំពានផងដែរលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក (MoU ឆ្នាំ២០០០) ដែលបានចុះហត្ថ លេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ព្រមទាំងបំពានលើចំណុចទី១ (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈ កម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរ បានព្រមព្រៀងគ្នា ប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោគ (JBC) ដើម្បីបន្តការងារវាស់វែងនិងបោះបង្គោលព្រំដែន ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងប្រទេសទាំងពីរ។

រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជា មិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ប្រទេសថៃ នោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើ នឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិ របស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យប្រទេសថៃ បញ្ឈប់សកម្មភាពបែបនេះ នៅក្នុងតំបន់ដែលបានលើកឡើងខាងលើ ក៏ដូចជានៅតំបន់ផ្សេងទៀត ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ តាំងពីឆ្នាំមុន ដើម្បីកាត់បន្ថយភាពតានតឹង ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
កម្ពុជា នៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែន មិនត្រូវផ្លាស់ប្តូរដោយប្រើកម្លាំងនោះឡើយ»៕ ខៀវទុំ