ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ ឯកភាពតាមសំណើរបស់អ្នកផ្សះផ្សាឯករាជ្យ ទាំងបួនរូប ស្នើសុំពេលវេលាបន្ថែមទៀត ដើម្បីពិចារណាតែងតាំងឥស្សរជនរូបណា ជាប្រធានគណៈកម្មការផ្សះផ្សា ដោយបញ្ជាក់ថា ពេលវេលាបន្ថែមដែលស្នើដោយអ្នកផ្សះផ្សា ដើម្បីពិចារណាលើការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា គឺមានលក្ខណៈសមរម្យ និងសមស្របទាំងស្រុង ដោយយោងលើសារៈសំខាន់នៃការតែងតាំង ក៏ដូចជាដំណើរការផ្សះផ្សាទាំងមូល។ ការស្នើសុំពេលវេលាបន្ថែមនេះ នឹងពុំមានផលប៉ះពាល់ទៅលើថេរវេលាកំណត់ ឬជំហាននីតិវិធីណាមួយ ក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នោះទេ។

សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទសនិងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា «ឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ អំពីការតែងតាំងប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ដូចខាងក្រោម ៖
អ្នកផ្សះផ្សាឯករាជ្យ ទាំងបួនរូប បានស្នើសុំពេលវេលាបន្ថែមទៀត ដើម្បីពិចារណាឱ្យបានហ្មត់ចត់ថា គួរតែងតាំងឥស្សរជនរូបណា ជាប្រធានគណៈកម្មការផ្សះផ្សា។ កម្ពុជា និងថៃ បានឯកភាពនឹងមតិស្នើសុំនេះ។
ពេលវេលាបន្ថែម ដែលស្នើដោយអ្នកផ្សះផ្សា ដើម្បីពិចារណាលើការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា គឺមានលក្ខណៈសមរម្យ និងសមស្របទាំងស្រុង ដោយយោងលើសារៈសំខាន់នៃការតែងតាំង ក៏ដូចជាដំណើរការផ្សះផ្សាទាំងមូល។ ការស្នើសុំពេលវេលាបន្ថែមនេះ នឹងពុំមានផលប៉ះពាល់ទៅលើថេរវលាកំណត់ ឬជំហាននីតិវិធីណាមួយ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នោះទេ។
ការណ៍នេះ ឆ្លុះបញ្ចាំងពីនីតិវិធីដ៏លំបាក ដែលអ្នកផ្សះផ្សា កំពុងអនុវត្ត។ យើងសូមថ្លែងអំណរគុណចំពោះភាពហ្មត់ចត់របស់អ្នកផ្សះផ្សាទាំងអស់ និងសូមបញ្ជាក់ជាថ្មីនូវជំនឿទុកចិត្តរបស់យើង ចំពោះដំណើរការនេះ។
កម្ពុជា ត្រៀមជំរុញទៅមុខ នូវការដោះស្រាយវិវាទដែនសមុទ្រ ជាមួយប្រទេសថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ“ ។
ដោយឡែក លោកប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានជម្រាបជូនអំពីការវិវត្តនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ និងជំហរដោះស្រាយបញ្ហាព្រំដែនគោក ដូចខាងក្រោម ៖
ទី១- យោងតាមសំណើរបស់អ្នកផ្សះផ្សាឯករាជ្យ ទាំងបួនរូប (ក្នុងនោះ២រូប តែងតាំងដោយភាគីកម្ពុជា និង២រូបទៀត តែងតាំងដោយភាគីថៃ) ដែលបានស្នើសុំពេលវេលាបន្ថែម ដើម្បីពិចារណាឱ្យបានហ្មត់ចត់ថា គួរតែងតាំងឥស្សរជនរូបណា ជាប្រធានគណៈកម្មការផ្សះផ្សា កម្ពុជា និងថៃ ក៏បានឯកភាពនឹងមតិស្នើសុំនេះ។ ពេលវេលាបន្ថែមដែលស្នើដោយអ្នកផ្សះផ្សា ដើម្បីពិចារណាលើការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា មានលក្ខណៈសមរម្យនិងសមស្របទាំងស្រុង ដោយយោងលើសារៈសំខាន់នៃការតែងតាំង ក៏ដូចជាដំណើរការផ្សះផ្សាទាំងមូល។ ការស្នើសុំពេលវេលាបន្ថែមនេះ មិនប៉ះពាល់ដល់ថេរវេលាកំណត់ ឬជំហាននីតិវិធីណាមួយ ក្រោមអនុសញ្ញាអង្គការសហ ប្រជាជាតិស្តីពីនីតិសមុទ្រ នោះឡើយ។ ការណ៍នេះ ឆ្លុះបញ្ចាំងពីនីតិវិធីដ៏លំបាក ដែលអ្នកផ្សះផ្សា កំពុងអនុវត្ត ដែលយើងសូមថ្លែងអំណរគុណចំពោះភាពហ្មត់ចត់របស់អ្នកផ្សះផ្សាទាំងអស់ និងសូមបញ្ជាក់ជាថ្មី នូវជំនឿទុកចិត្តចំពោះដំណើរការនេះ។ កម្ពុជា ត្រៀមជំរុញទៅមុខជានិច្ច នូវការដោះស្រាយវិវាទដែនសមុទ្រ ជាមួយប្រទេសថៃ ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមរម្លឹកជូនសាធារណជនថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ។ ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីភាគីថៃ បានសម្រេចលុបចោលជាឯកតោភាគី នូវអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ ឬហៅកាត់ថា MoU 2001 ដែលជាក្របខ័ណ្ឌទ្វេភាគី ព្រមព្រៀងគ្នាតែមួយគត់ សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ក្នុងរយៈពេលជាង ២៥ឆ្នាំកន្លងមក។
ក្រោយពីបានពិចារណាយ៉ាងហ្មត់ចត់បំផុត នូវរាល់ជម្រើសផ្លូវច្បាប់ និងដោយសន្តិវិធីដែលមាននិងដែលអាចអនុវត្តទៅបាន រាជរដ្ឋាភិបាលកម្ពុជា យល់ឃើញថា មានតែយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS នេះទេ ដែលជាជម្រើសល្អបំផុត ពីព្រោះយន្តការនេះ អនុញ្ញាតឱ្យប្រទេសទាំងពីរ បង្ហាញជំហររបស់ខ្លួន នៅចំពោះ មុខគណៈកម្មការឯករាជ្យមួយ ដែលមានសមាជិកជាអ្នកផ្សះផ្សា ចំនួន៥រូប ដែលសុទ្ធតែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិ។ កម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ដំណើរ ការនេះ នឹងបង្ហាញជាថ្មីម្ដងទៀត នូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះ ដោយសន្តិវិធី។
ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានទទួលការគាំទ្រ យ៉ាងពេញទំហឹងពីស្ថាប័នកំពូលរបស់ជាតិ ក្រសួង ស្ថាប័ន រហូតរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ អាចនិយាយបានថា ប្រជាជាតិខ្មែរ កំពុងឈរនៅលើជំហរឯកភាពជាតិ ដ៏រឹងមាំមួយ ឆ្ពោះទៅការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការផ្សះផ្សាដោយភាគីអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីទទួលបានដំណោះស្រាយមួយត្រឹមត្រូវ យុត្តិធម៌ និងយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ ក៏ដូចជាសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល។
ទី២- ក៏ដូចគ្នាដែរ សម្រាប់ការដោះស្រាយបញ្ហាព្រំដែនគោក ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជនរួមជាតិ ជាថ្មីថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជា គោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវបទឈប់បាញ់ និងខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាព ទីក្រុងកូឡាឡំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រមព្រៀងផ្សេងទៀត ដែលមានស្រាប់ រវាងប្រទេសទាំងពីរ។
កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរ បានឯកភាពគ្នា នាពេលកន្លងមក។
កម្ពុជា មិនទទួលស្គាល់ជាដាច់ខាត នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ គឺក្នុងស្មារតីនេះហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា តវ៉ាជំទាស់គ្រប់ចំណុចទាំងអស់ ដែលមានការរំលោភបំពានមកលើដែនអធិបតេយ្យកម្ពុជា ពីសំណាក់កងកម្លាំងថៃ។ ការតវ៉ានេះ ដើម្បីសបញ្ជាក់ថា បន្លាលួស ទូកុងតឺន័រ រួមទាំងសកម្មភាពនៅលើដីជាក់ស្តែងផ្សេងទៀត ក្នុងតំបន់ដែលភាគីថៃ បាននិងកំពុងកាន់កាប់ដោយខុសច្បាប់ មិនមែនជាខ្សែព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ពីព្រោះកម្ពុជា និងថៃ មានខ្សែព្រំដែនអន្តរជាតិ ច្បាស់លាស់រួចហើយ ដែលគ្មានភាគីណាមួយអាចកែប្រែបានឡើយ ។
សូមជម្រាបថា កម្ពុជា បានចាត់តាំងអ្នកជំនាញច្បាប់អន្តរជាតិ ២រូប គឺលោក ភីតធើរ តាកសូ ចេនសិន (Peter Taksoe-Jensen) ជាមន្រ្តីជាន់ខ្ពស់ផែ្នកច្បាប់អន្តរជាតិ ក្រសួងការបរទេស និងជាអ្នកការទូតអាជីព របស់ប្រទេសដាណឺម៉ាក និងលោក ហ្សង់ ម៉ាក ធួវេននីន ( Jean-Marc Thouvenin) ជាអគ្គលេខាធិការបណ្ឌិតសភាច្បាប់អន្តរជាតិ ក្រុងឡាអេ និងជាសមាជិកនៃវិទ្យាស្ថានអន្តរជាតិ ដឺត្រយ ឱ្យចូលរួមក្នុងគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទដែនសមុទ្រត្រួតស៊ីគ្នា (OCA) ជាមួយប្រទេសថៃ។
ចំណែកភាគីថៃ បានចាត់តាំងអ្នកជំនាញច្បាប់អន្តរជាតិ ពីររូប ដូចគ្នា គឺលោក រូឌីចឺរ វ៉ុលហ្រ្វុម (Rüdiger Wolfrum) អ្នកច្បាប់ជនជាតិអាល្លឺម៉ង់ និងលោក អាល់បឺត ហុហ្វមែន (Albert Hoffman) អ្នកជំនាញច្បាប់សមុទ្រ ជនជាតិអាហ្វ្រិកខាងត្បូង ៕ កុលបុត្រ