Homeនយោបាយករណីរ៉ុង ឈុន បក្សកម្លាំងជាតិ ស្នើសុំព្រះរាជអន្តរាគមន៍ព្រះមហាក្សត្រ

ករណីរ៉ុង ឈុន បក្សកម្លាំងជាតិ ស្នើសុំព្រះរាជអន្តរាគមន៍ព្រះមហាក្សត្រ

ភ្នំពេញ ៖ គណបក្សកម្លាំងជាតិ បានប្រកាសយកលិខិតទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទៅដាក់នៅខុទ្ទកាល័យព្រះរាជវាំង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីស្នើសុំព្រះរាជអន្តរាគមន៍ចំពោះករណីលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ។

 យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សកម្លាំងជាតិ ចុះថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានជម្រាបជូនភ្នាក់ងារទូត អង្គការជាតិ-អន្តរជាតិ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ សាធារណជន និងសមាជិក សមាជិកាគណបក្ស ជ្រាបថា ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សកម្លាំងជាតិ នឹងយកលិខិតទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំព្រះរាជអន្តរាគមន៍ចំពោះករណីលោកគ្រូ រ៉ុង ឈុន ទីប្រឹក្សាគណបក្ស នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០០៦ វេលាម៉ោង ៩:០០នាទីព្រឹក នៅខុទ្ទកាល័យព្រះមហាក្សត្រ។ អាស្រ័យហេតុនេះ សូមថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស តំណាងស្ថានទូតប្រចាំព្រះរាជាណាចក្រកម្ពុជា អង្គការជាតិ-អន្តរជាតិ សារពត័មានជាតិ-អន្តរជាតិ និងសា ធារណជន សូមជ្រាបជាព័ត៌មាន ព្រមទាំងអញ្ជើញចូលរួមឃ្លាំមើលឱ្យបានច្រើនកុះករ និងយកព័ត៌មានតាមការគួរ ។

 សូមរំលឹកថា លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទចោទញុះញង់ និងបានកាត់ទោសឱ្យលោកជាប់ពន្ធនាគារ រយៈ ៤ឆ្នាំ ពិន័យជាប្រាក់ ៤លានរៀល កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ រីឯសាលាឧទ្ធរណ៍ បានតម្កល់សាលក្រមរបស់សាលាដំបូង ទុកជាបានការ ហើយបានបន្ថែមទោស​ មិនឱ្យលោកធ្វើ នយោបាយ ជាអចិន្រ្តៃយ៍ ។ ប៉ុន្តែដោយមិនសុខចិត្តនឹងកាសម្រេចរបស់សាលាឧទ្ធរណ៍ លោក រ៉ុង ឈុន តាមរយៈមេធាវី បានប្ដឹងសាទុក្ខ ទៅតុលាការកំពូល ហើយតុលាការកំពូល កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានបើកសវនាការករណីលោក រ៉ុង ឈុន តាមការគ្រោងទុក និងបានប្រកាសសាលដីកា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ សម្រេចផ្ដន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគារ ៤ឆ្នាំ ព្យួរទោសសាកល្បង ៣ឆ្នាំ ហាមផ្លាស់ប្តូរលំនៅក្រៅពីរាជធានីភ្នំពេញ ដកសិទ្ធិពលរដ្ឋ សិទ្ធិឈរឈ្មោះបោះឆ្នោត និងសិទ្ធិបោះឆ្នោត ព្រមទាំងសិទ្ធិធ្វើនយោបាយ រយៈពេល ៥ឆ្នាំ រួមទាំងហាមជួបជុំ ថ្លែងសារនយោបាយនានា ។

 ក្រោយការសម្រេចរបស់តុលាការកំពូល មកដល់ពេលនេះ មុននឹងប្រកាសយកលិខិតទៅដាក់ទូលថ្វាយស្នើសុំព្រះរាជអន្តរាគមន៍ព្រះមហាក្សត្រ នៅថ្ងៃនេះ លោក ជា មុនី ប្រធានគណបក្សគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានផ្ញើលិខិតទៅលោកបណ្ឌិត​ ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ និងស៊ើបអង្កេតករណីអាជ្ញាធរមានសមត្ថកិច្ចរារាំងពលរដ្ឋ មិនឱ្យចូលស្តាប់ការប្រកាសសាលដីកា នៅតុលាការកំពូល លើសំណុំរឿងលោក រ៉ុង ឈុន ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ។

នៅក្នុងលិខិតខាងលើ  លោក ជា មុនី បានរៀបរាប់អំពីសកម្មភាពរបស់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសប្រជាការពារខណ្ឌដូនពេញដែលបានរារាំងការចូលរួមប្រមូលផ្តុំរបស់សមាជិក និងអ្នកគាំបក្សកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ សកម្មភាពរារាំងនោះរួមមាន ការចាប់ឃាត់ខ្លួន និងមធ្យោបាយធ្វើដំណើរ ព្រមទាំងការសួរនាំដោយប្រើប្រាស់ពាក្យគំរាមកំហែងជាដើម។ សម្រាប់គណបក្សកម្លាំងជាតិ  សកម្មភាពរបស់អាជ្ញាធរទាំងនោះ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការគោរពសិទ្ធនិងសេរីភាពជាមូលដ្ឋានដែលត្រូវបានធានាដោយច្បាប់ជាតិ និងអន្តរជាតិ។

លោក ជា មុនី បានចាត់ទុកការរារាំងការប្រមូលផ្តុំដោយសន្តិវិធីនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ជាការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងបានប៉ះពាល់ដល់សិទ្ធិក្នុងការចូលរួមសកម្មភាពនយោបាយដោយស្របច្បាប់។ ក្នុងន័យនេះ ប្រធានគណបក្សកម្លាំងជាតិរូបនេះស្នើឱ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអន្តរាគមន៍ស៊ើបអង្កេត និងចាត់វិធានការចំពោះអាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តផ្ទុយនឹងច្បាប់ បទបញ្ជា និងគោលការណ៍បម្រើសាធារណៈ។ ទន្ទឹមនេះ ចំពោះគណបក្សកម្លាំងជាតិ លោកបណ្ឌិត ស សុខា គួរណែនាំ តាមដាន និងទប់ស្កាត់ការកើតឡើងសកម្មភាពដែលប៉ះពាល់សិទ្ធនិងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ និងគណបក្សនយោបាយក្រៅរដ្ឋាភិបាល។

 បន្ទាប់មកទៀត នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានដាក់លិខិតស្នើសុំកិច្ចអន្តរាគមន៍ទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដើម្បីឲ្យពិនិត្យឡើងវិញលើសាលដីការបស់តុលាការកំពូល ដែលបានផ្តន្ទាទោស និងដាក់កម្រិតសិទ្ធិសេរីភាពលើរូបលោក ដោយលោកបានលើកឡើងថា សាលដីការបស់តុលាការកំពូល គឺប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់លោក ។

 បើតាមលោក រ៉ុង ឈុន សកម្មភាពដែលលោកបានធ្វើកន្លងមក រួមមាន ការចុះជួបពលរដ្ឋមានវិវាទដីធ្លីនៅតំបន់បឹងតាមោក និងតំបន់ព្រលានយន្តហោះថ្មីខេត្តកណ្តាល ការចូលរួមពិភាក្សាពីបញ្ហាសិទ្ធិមនុស្ស និងការផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ គឺជាការអនុវត្តសិទ្ធិបញ្ចេញមតិ និងការចូលរួមកិច្ចការសាធារណៈ មិនមែនជាការញុះញង់ឲ្យមានភាពវឹកវរក្នុងសង្គមឡើយ។ លោកអះអាងថា អ្វីដែលលោកធ្វើកន្លងមក គឺតែងតែប្រកាន់ខ្ជាប់គោលការណ៍អហិង្សា ការគោរពច្បាប់ និងការដោះស្រាយបញ្ហាតាមមធ្យោបាយសន្តិវិធី។ ក្នុងន័យនេះ លោក រ៉ុង ឈុន បានស្នើឲ្យក្រសួងយុត្តិធម៌ ពិនិត្យលទ្ធភាពសើរើសំណុំរឿង និងពិចារណាទម្លាក់ចោលការអនុវត្តវិធានការកម្រិតសិទ្ធិរបស់លោក។ ចំពោះលោក រ៉ុង ឈុន ការសម្រេចរបស់តុលាការ គួរតែស្របតាមរដ្ឋធម្មនុញ្ញ និងកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជា។

  ដោយឡែក សម្រាប់អង្គការអន្តរជាតិមួយចំនួន រួមមាន អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) និងអង្គការអប់រំអន្តរជាតិ (Education International – EI) ជាដើម បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បើកលំហនយោបាយឡើងវិញ និងអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិល អាចអនុវត្តការងារបានដោយសេរី នៅមុនការបោះឆ្នោត ខាងមុខផងដែរ ។

 ក្នុងនោះ តាមរយៈសេចក្ដីថ្លែងការណ៍ នាយករងទទួលបន្ទុកតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោកស្រី ប្រាអូនី ឡៅ ( Bryony Lau) បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គួរបញ្ឈប់ការប្រើប្រាស់តុលាការ ដើម្បីបំបិទសំឡេងគណបក្យនយោបាយប្រឆាំង ហើយផ្ទុយទៅវិញ គួរបើកលំហសេរីភាពឡើងវិញឱ្យគណ បក្សនយោបាយ និងក្រុមសង្គមស៊ីវិល អាចអនុវត្តសកម្មភាពដោយសេរី នៅមុនការបោះឆ្នោត នៅឆ្នាំក្រោយនេះ ។ ជាពិសេសជុំវិញការកាត់ទោសលោក រ៉ុង ឈុន  លោកស្រីថា តុលាការកម្ពុជា បានបង្ហាញពីកង្វះឯករាជភាពរបស់ខ្លួន ពីគណបក្សកាន់អំណាច តាមរយៈការតម្កល់សាលដីកាផ្ដន្ទាទោសលោក ឈុន ពីបទញុះញង់ និងការដកហូតសិទ្ធិធ្វើនយោបាយរបស់លោក ។

 ចំណែកអគ្គលេខាធិការអង្គការអប់រំអន្តរជាតិ (Education International – EI) លោក ដេវីដ អែដវ៉ាដស៍ (David Edwards) បានផ្ញើលិខិតជូនចំពោះលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីកម្មវត្ថុ « អំពាវនាវជាបន្ទាន់ឱ្យដកចេញនូវវិធា នការរឹតត្បិតលើសកម្មភាពសហជីព និងសេរីភាពពលរដ្ឋ ដែលត្រូវបានដាក់លើលោក រ៉ុង ឈុន អតីតមេដឹក នាំសហជីព និងជាអតីតប្រធានគ្រូបង្រៀនកម្ពុជាឯករាជ្យ» ដោយបញ្ជាក់ថា លោក រ៉ុង ឈុន ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាមេដឹកនាំសហជីពដ៏គួរឱ្យគោរព និងជាអ្នកតស៊ូមតិដោយសន្តិវិធី ដើម្បីការពារសិទ្ធិរបស់កម្មករនិងគ្រូបង្រៀន។ វិធានការដែលបានដាក់កម្រិតលើការចូលរួមរបស់លោកក្នុងជីវភាពសាធារណៈ និងសមត្ថភាពរបស់លោក ក្នុងការធ្វើដំណើរ បានបង្កឱ្យមានការរឹតត្បិតលើសកម្មភាពសហជីពស្របច្បាប់ និងការចូលរួមរបស់ពលរដ្ឋក្នុងសង្គម…៕ កុលបុត្រ 

RELATED ARTICLES