ភ្នំពេញ ៖ អ្នកជំនាញ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ខ្មែរខ្លាំងពិត ទើបថៃ មិនហ៊ានគឃ្លើនឈ្លានពាន បង្កសង្រ្គាម ។ ក្នុងចំណុចនេះ អ្នកជំនាញយល់ថា ការដែលថៃ ហ៊ានបញ្ឆេះសង្គ្រាមឈ្លានពានកម្ពុជា ឆ្នាំ២០២៥ ដោយសារថៃ មើលឃើញឱកាសមាស ៥ ។

ការលើកឡើងថា «ខ្មែរខ្លាំងពិត ទើបថៃ មិនហ៊ានគឃ្លើនឈ្លានពានបង្កសង្គ្រាម» គឺជាទស្សនៈនយោបាយ និងការវិភាគបែបប្រវត្តិសាស្ត្រមួយ ដែលត្រូវបានលើកយកមកពិភាក្សាយ៉ាងទូលំទូលាយ ពីសំណាក់បញ្ញវន្ត អ្នកជំនាញភូមិសាស្ត្រនយោបាយ និងមតិសាធារណៈ។ ទស្សនៈនេះ មានអំណះអំណាង និងទិដ្ឋភាពសំខាន់ៗដូចខាងក្រោម ៖
-សក្តានុពលយោធា និងការត្រៀមខ្លួនការពារជាតិ ៖ បញ្ញវន្ត យល់ឃើញថា ភាពរឹងមាំខាងវិស័យយោធា ការពង្រឹងសមត្ថភាពកងទ័ព ការបំពាក់គ្រឿងបំពាក់ទំនើបៗ និងការត្រៀមបម្រុងកម្លាំងជានិច្ច គឺជាកត្តាគន្លឹះរារាំងមិនឱ្យប្រទេសជិតខាង ហ៊ានប្រើកម្លាំងបំពាន។ កងទ័ពដែលខ្លាំង និងរៀបចំបានល្អ គឺជាខែលដ៏រឹងមាំក្នុងការការពារបូរ ណភាពទឹកដី។
-យុទ្ធសាស្ត្រការទូតដ៏ប៉ិនប្រសប់ ៖ នៅក្នុងបរិបទអន្តរជាតិបច្ចុប្បន្ន ការច្បាំងគ្នា មិនមែនជាមធ្យោបាយតែមួយនោះទេ។ ការទូតដ៏ឆ្លាតវៃ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការគោរពច្បាប់អន្តរជាតិ ក៏ជាកម្លាំងទន់ (Soft Power) ដ៏មានឥទ្ធិពលដែលរារាំងការឈ្លានពានផងដែរ។
-ភាពរឹងមាំខាងសេដ្ឋកិច្ច និងនយោបាយផ្ទៃក្នុង ៖ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យរីកចម្រើនខ្លាំងក្លា និងការរួបរួមសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំ និងប្រជាជន ត្រូវបានចាត់ទុកថាជាសសរស្ដម្ភដ៏សំខាន់។ ប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ និងមានស្ថិរភាពនយោបាយល្អ តែងតែមានសំឡេងនិងឥទ្ធិពលខ្លាំងនៅលើឆាកអន្តរជាតិ។

ទោះជាយ៉ាងណា បញ្ញវន្តផ្នែកប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនយោបាយ ជាច្រើន បានសង្កត់ធ្ងន់ផងដែរថា ដើម្បីធានាបាននូវសន្តិភាព និងការពារទឹកដីបានគង់វង្ស កម្ពុជា ត្រូវតែបន្តពង្រឹងភាពខ្លាំងរបស់ខ្លួនជានិច្ច ទាំងផ្នែកធនធានមនុស្ស ការអប់រំ បច្ចេកវិទ្យា និងវិស័យយោធា ដើម្បីទប់ទល់នឹងគ្រប់កាលៈទេសៈទាំងអស់។ ជាពិសេស ថៃ បានបញ្ឆេះសង្គ្រាមឈ្លានពានកម្ពុជា កាលដើមឆ្នាំ២០២៥ ដោយប្រទេសថៃ បានមើលឃើញឱកាសមាស ដូចជា កម្លាំងយោធាកម្ពុជា នៅទន់ជ្រាយ សណ្ដាប់ធ្នាប់សកល ចុះទន់ខ្សោយខ្លាំង ប្រព័ន្ធច្បាប់អន្តរជាតិ ស្ទើរដួលរលំ ប្រព័ន្ធសង្គមនយោបាយកម្ពុជា នៅទន់ខ្សោយ ជាដើម ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ថា “ ខ្មែរខ្លាំងពិត ទើបថៃ មិនហ៊ាន…! យើងពិនិត្យមើលអតីតកាលនៃជាតិសាសន៍សៀម/ថៃ ចាប់តាំងពីកំណើតរដ្ឋសុខោទ័យ មកទល់បច្ចុប្បន្ន (២០២៦) សាសន៍នេះ ប្រើតាក់ទិក «សន្តិភាពជាស្បៃវាំងននសង្គ្រាម» និយាយឱ្យខ្លី គឺវិធីសាស្ត្រសង្គ្រាមពង្រីកទឹកដី រីឯមិត្តភាពនិងសន្តិភាព គ្រាន់តែជាមធ្យោបាយគាំទ្រ។
ខ្ញុំនិយាយក្នុងន័យសង្ខេបខ្លី គឺ «ខ្មែរខ្លាំងពិត ទើបថៃ មិនហ៊ាន»។

ថៃ បានបញ្ឆេះបង្កើតសង្គ្រាមឈ្លានពានកម្ពុជា ដើមឆ្នាំ២០២៥ ដោយប្រទេសថៃ បាន មើលឃើញឱកាសមាស ៖
ទី១- កម្ពុជា ទើបទទួលបានសន្តិភាពពេញលេញ (១៩៩៨) បូករួមនឹងការសង្គ្រាមសាកល្បងឆ្នាំ២០០៨-២០១១ ថៃ បានទាញសេចក្តីសន្និដ្ឋានថា កម្លាំងយោធាកម្ពុជា នៅទន់ជ្រាយ។
ទី២- សណ្ដាប់ធ្នាប់សកល ចុះទន់ខ្សោយខ្លាំង ប្រព័ន្ធច្បាប់អន្តរជាតិ ស្ទើរដួលរលំ ដែលនាំឱ្យច្បាប់ព្រៃអន្តរជាតិ លេចឡើងវិញ «ត្រីធំស៊ីត្រីតូច ប្រទេសខ្លាំង វាយប្រទេសទន់ខ្សោយ បានក្លាយជាករណីសកល»។
ទី៣- ប្រព័ន្ធសង្គមនយោបាយកម្ពុជា នៅទន់ខ្សោយ។ ពលរដ្ឋកម្ពុជា ពីលើដល់ក្រោមឱ្យតម្លៃបរទេសនិងកម្លាំងក្រៅខ្លួន។ ជាក់ស្ដែង គេចូលចិត្តសម្ញែងបង្អួតរបស់ប្រើប្រាស់ម៉ាកល្បីៗពីបរទេស ជាជាងការគាំទ្រផលិតផលក្នុងស្រុក រួមនិងជំនឿបន់ស្រស់ហួសហេតុ ដែលជាលទ្ធផលថៃ បានមើលឃើញថា ប្រព័ន្ធសង្គមទន់ខ្សោយ…។
ទី៤- ថៃ មានអ្នកប្រាជ្ញច្រើន រីឯកម្ពុជា សម្លាប់ស្ទើរអស់ សម័យសង្គ្រាមស៊ីវិល ហើយឥឡូវថែមទាំងរអាខ្លាចបញ្ញវន្ត។ ចាប់តាំងពីសម័យបារាំង រៀងមក មិនមែនថៃ ល្ងង់មិនដឹងថា ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិ រួចស្រេចនោះទេ ប៉ុន្តែថៃ ជឿលើតថភាពនិយម និងកម្លាំងផ្ទាល់ខ្លួន ពោលគឺថៃ មិនជឿលើសន្តិភាពពិតនោះទេ ថៃ ជឿលើសង្គ្រាមពង្រីកទឹកដីយកបាន កែប្រែស្ថានភាពដើមលើដីអាស្រ័យផល ដរាបខ្មែរ មិនទាន់ខ្លាំង ថៃ បន្តកាន់កាប់ជាក់ស្ដែង។ ថៃ ប្រើវិធីសាស្ត្ររស់ក្នុងសង្គ្រាម រីកធំធាត់រឹងមាំក្នុងសង្គ្រាម។
ទី៥- បរទេស រួមទាំងមហាអំណាចផង ទទួលបានប្រយោជន៍សេដ្ឋកិច្ចពីថៃ ច្រើនជាងពីកម្ពុជា ព្រោះថៃ ប្រើនយោបាយដើមឫស្សី ចំពោះនយោបាយការបរទេស និយាយងាយយល់ ចុងរេតាមខ្យល់ រីឯគល់ (ព្រលឹងជាតិ) នៅនឹងថ្កល់ រីកបែកគុម្ភធំធាត់…។ល។ និង ។ល។»។
លោកបណ្ឌិត យង់ ពៅ បន្តថា «រឿងពិត ទម្លាយចេញមក នាំឈឺ ពេលដែលដឹងថាឈឺ យើងត្រូវព្យាបាលឱ្យទាន់ពេល។ ខ្ញុំធ្លាប់ឆ្លើយប្រាប់នស្សិតវិទ្យាសាស្ត្រនយោបាយ ដែលពួកគេតែងសួរសំណួរដដែលថា «តើថៃ វាយជុំទី៣ ឬអត់? វាយពេលណា?», ខ្ញុំឆ្លើយដដែលៗថា ថៃ វាយខ្មែរ ជាច្រើនជុំទៀត នៅពេលដែលខ្មែរ មិនទាន់ខ្លាំងពិត អាចតតាំងសមាមាត្រគ្នាបាន…។ «ខ្មែរខ្លាំងពិត ទើបថៃ មិនហ៊ាន», ខ្ញុំសង្ឃឹមថា ខ្មែរគ្រប់រូប យល់និងព្យាយាមប្រឹងប្រែងព្យាបាលជំងឺដែលយល់ថាខ្លួនឯងខ្លាំង“ ។
ចំណែកលោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ថា បើសិនជាយើងខ្លាំង ក៏ជាសក្ដានុពលអាចបង្ការ បន្លាច កំញើញឲ្យសត្រូវ មិនងាយនឹងសម្រេចចិត្តឈ្លានពានយើងទេ ។ ដូច្នេះភាពខ្លាំង គឺជាចំណុចចាប់ផ្ដើម ដែលយើងទទួលស្គាល់ ទាំងច្បាប់ជាតិ និងច្បាប់សង្គម ទាំងបច្ចេកទេស ថាកាលណាយើងខ្លាំង គេមិនងាយហ៊ានធ្វើអីយើងទេ ។

លោកបណ្ឌិត ឈត ប៊ុនថង បានមានប្រសាសន៍ថា “បាទ! វាជាការពិត គឺជាលក្ខណៈធម្មជាតិផង ជាលក្ខណៈសង្គម ជាលក្ខណៈយោធាផង គឺរបៀបហ្នឹងហើយ កាលណាយើងមានកម្លាំងប្រហាក់ប្រហែលគ្នា យើងមានសព្វាវុធ យើងមានបច្ចេកវិទ្យាទំនើប យើងមានយុទ្ធសាស្រ្តស្អីៗ គេរាងញញើតហើយ ក្នុងការប្រើកម្លាំងមកលើយើង ព្រោះខ្លាចយើងតបត ខ្លាចយើងសងសឹក ខ្លាចយើងវាយប្រហារ វាយបកទៅគេវិញ វាជាច្បាប់ធម្មជាតិផង ជាច្បាប់សង្គមផង ជាលក្ខណៈហ្នឹង គឺបែបហ្នឹង អាហ្នឹងវាងាយយល់ទេ ។ ប៉ុន្តែបើសិនជាយើងខ្លាំង ហើយគេនៅតែឈ្លានពាន អាហ្នឹងគេត្រូវតែរកគ្នីគ្នាច្រើនណាស់ រកបក្ខ រកពួក វាលែងជាជម្លោះទ្វេភាគីហើយ វាទៅជាជម្លោះពហុភាគី វាអាចនឹងទៅជាសង្រ្គាមលោក ជាដើម ។ តែយ៉ាងណាក៏ដោយ បើសិនជាយើងខ្លាំង ក៏ជាសក្ដានុពលអាចបង្ការ អាចបន្លាច អាចកំញើញឲ្យសត្រូវហ្នឹង វាមិន ងាយនឹងសម្រេចចិត្តឈ្លានពានយើងទេ ។ អ៊ីចឹងហើយបានជានៅលើពិភពលោក ការរក្សាទុកនូវកម្លាំងយោធា រហូតដល់មានប្រទេសមហាអំណាចហ្នឹង រក្សាទុកនូវអាវុធ បរមាណូហ្នឹង គឺថា ដើម្បីកំញើញ ដើម្បីការពារខ្លួនហ្នឹងឯង ។ អ៊ីចឹងអាកម្លាំងហ្នឹង ភាពខ្លាំងហ្នឹង វាជាចំណុចចាប់ផ្ដើម ដែលយើងទទួលស្គាល់ទាំងច្បាប់ជាតិ និងច្បាប់សង្គម ទាំងបច្ចេកទេស ។ កាលណាយើងខ្លាំង គេមិនងាយហ៊ានធ្វើអីយើងទេ“ ៕ កុលបុត្រ