Homeនយោបាយប្តឹងថៃ ឧក្រិដ្ឋកម្មសង្គ្រាម តុលាការ ICC កោះហៅរដ្ឋាភិបាលកម្ពុជាឯករាជ្យសម រង្ស៊ី

ប្តឹងថៃ ឧក្រិដ្ឋកម្មសង្គ្រាម តុលាការ ICC កោះហៅរដ្ឋាភិបាលកម្ពុជាឯករាជ្យសម រង្ស៊ី

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) បានប្រកាសថា រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរ ជាតិ (ICC) បានកោះហៅតំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា និងមេធាវីអន្តរជាតិ ឱ្យទៅជួប នៅទីស្នាក់ការតុលាការ ICC នៅចុងខែសីហា ឆ្នាំ២០២៦ ខាងមុខនេះហើយ ទាក់ទងទៅនឹងបណ្តឹងរបស់ខ្លួន ដែលប្ដឹងមេដឹកនាំថៃ និងមេដឹកនាំយោធាថៃ ពីបទបង្កឧក្រិដ្ឋកម្មសង្រ្គាម មកលើកម្ពុជា ដូចជា ទម្លាក់គ្រាប់បែកលើពលរដ្ឋ ស៊ីវិលខ្មែរ បំផ្លាញផ្ទះសម្បែង វត្តអារាម ប្រាសាទខ្មែរ មន្ទីរពេទ្យ និងសាលារៀន ជាដើម ។

 លោក អ៊ុំ សំអាន ប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែននិងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលឯករាជ្យ២៣តុលា បានបញ្ជាក់តាមគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ថា “ដំណឹងល្អជំហានដំបូង សម្រាប់ពលរដ្ឋខ្មែរ! រដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានកោះហៅតំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា និងមេធាវីអន្តរជាតិ ឲ្យទៅជួប នៅចុងខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ប្រទេសហូឡង់ អំពីបណ្តឹងរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ដែលបានប្តឹងមេដឹកនាំថៃ និងមេដឹកនាំយោធាថៃ ទៅ ICC ស្តីពីបទឧក្រិដ្ឋកម្មសង្រ្គាម ដែលយោធាថៃ បានទម្លាក់គ្រាប់បែកលើជនរងគ្រោះខ្មែរ ផ្ទះសម្បែង ប្រាសាទខ្មែរនិងសាលារៀន ។ល។ យើងសង្ឃឹមថា អគ្គរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ នឹងបើកការស៊ើបអង្កេត និងចោទប្រកាន់មេដឹកនាំថៃ និងមេដឹកនាំយោធាថៃ លើឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មឈ្លានពាន។ យើងចង់ឃើញតុលាការព្រហ្មទណ្ឌអន្តរជាតិ ចេញដីកាចាប់ខ្លួនមេដឹកនាំថៃ និងមេដឹកនាំយោធាថៃ ព្រមទាំងបង្ខំឲ្យថៃ សងសំណងការខូចខាតដល់ជនរងគ្រោះខ្មែរ ផ្ទះសម្បែង ប្រាសាទខ្មែរ សាលារៀន និងស្ពាន ។ល។»។

 លោកអ៊ុំ សំអាន បានបញ្ជាក់បន្ថែម តាមគណនីនិងទំព័រហ្វេសប៊ុក ដដែល នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ថា “ខ្ញុំ អ៊ុំ សំអាន លោកស្រី ទិត្យ គឹមហ៊ុន និងលោក អ៊ូ សាមឌី តំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា នឹងទៅជួបរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅទីស្នាក់ការតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ប្រទេសហូឡង់ នៅចុងខែសីហា ឆ្នាំ២០២៦ អំពីបណ្តឹងរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ហើយលោកមេធាវីអន្តរជាតិ Richard Rogers ក៏អាចនឹងចូលរួមផងដែរ។ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានប្តឹងមេដឹកនាំថៃ និងមេដឹកនាំយោធាថៃ ទៅ ICC ស្តីពីបទឧក្រិដ្ឋកម្មសង្រ្គាម និងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលយោធាថៃ បានទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 យន្តហោះចម្បាំង Gripen និងផ្លោងគ្រាប់ លើជនស៊ីវិលខ្មែរ ដែលបណ្តាលឲ្យស្លាប់ ប្រមាណ៣០នាក់ របួសជិត ១០០នាក់ ព្រមទាំងការទម្លាក់គ្រាប់បែកលើផ្ទះសម្បែង ប្រាសាទខ្មែរ មន្ទីរពេទ្យ ស្ពាន និងសាលារៀន ជាដើម។ បទឧក្រិដ្ឋកម្មសង្រ្គាមមួយទៀត គឺយោធាថៃ បានប្រើ ប្រាស់អាវុធហាមឃាត់ ដូចជា គ្រាប់បែកចង្កោម និងផ្សែងពុល លើទាហានខ្មែរ និងជនស៊ីវិលខ្មែរ។ ជំហានបន្ទាប់ អគ្គរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ អាចនឹងបើកការស៊ើបអង្កេត និងចោទប្រកាន់មេដឹកនាំថៃ និងមេដឹកនាំយោធាថៃ លើឧក្រិដ្ឋកម្មសង្គ្រាម បទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មឈ្លានពាន។ យើងនឹងស្នើឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ កោះហៅមេដឹកនាំថៃ មេដឹកនាំយោធាថៃ និងមេដឹកនាំកម្ពុជា ទៅជួបនិងសាកសួរផង។ យើងក៏នឹងស្នើឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ចេញដីកាចាប់ខ្លួនមេដឹកនាំថៃ និងមេដឹកនាំយោធាថៃ ព្រមទាំងបង្ខំឲ្យថៃ  សងសំណងការខូចខាត យ៉ាងតិច ១០ម៉ឺនលានដុល្លារ ទៅ១៥ម៉ឺនលានដុល្លារ ដល់ជនរងគ្រោះខ្មែរ ផ្ទះសម្បែង ប្រាសាទខ្មែរ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងស្ពាន ជាដើម។ យើងសង្ឃឹមថា ពលរដ្ឋខ្មែរ នឹងទទួលបាននូវយុត្តិធម៌ ពីបទឧក្រិដ្ឋដែលប្រព្រឹត្តដោយយោធាថៃ។ ជំហានបន្ទាប់ទៀត យើងនឹងទាមទារទឹកដីខ្មែរ ចំនួន៨០ទីតាំង ពីថៃ មកវិញ“ ។

  ជាមួយគ្នានោះដែរ លោក ទេព មនោរម្យ ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានបញ្ជាក់តាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃដដែលនោះថា «ដំណឹងល្អដែលខ្មែរ ១៧លាននាក់ ទន្ទឹងរង់ចាំយ៉ាងអន្ទះសា បានមកដល់ហើយ ! មានអ្នកសួរថា ដំណឹងរដ្ឋអាជ្ញាតុលាការ ICC ទទួលពាក្យបណ្តឹង កោះហៅរដ្ឋាភិបាលឯករាជ្យ ២៣តុលា ដើមប្តឹង ចុងខែសីហា ពិតទេ? ហេតុអីមិនបង្ហាញលិខិតកោះហៅ? ខ្ញុំសូមបញ្ជាក់ជនរួមជាតិថា រឿងនេះ ជាការពិត ខ្ញុំជាសមាជិកម្នាក់ ក្នុងចំណោមគណៈកម្មាការៀបចំឯកសារពាក្យបណ្តឹង និងពិគ្រោះយោបល់ជាមួយមេធាវីអន្តរជាតិ ពេលនេះលោកមិនទាន់ឱ្យយើងផ្សាយលិខិតជាសាធារណៈ» ។

បន្ថែមពីលើការលើកឡើងរបស់លោក អ៊ុំ សំអាន និងលោក ទេព មនោរម្យ ខាងលើនេះ លោក គឹម សុខ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានបញ្ជាក់តាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ថា “បើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC សម្រេចផ្លូវការ ឲ្យបើកដំណើរការក្ដី របស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា នោះ ទាំងមេដឹកនាំថៃ និងទាំងពួកអ្នកកាន់អំណាចនៅភ្នំពេញ លោក ហ៊ុន សែន និងលោកហ៊ុន ម៉ាណែត សុទ្ធតែត្រូវប្រឈមនឹងការស៊ើបអង្កេតក្នុងរឿងឧក្រិដ្ឋកម្មអន្តរជាតិ ។ បើតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចាត់ការមែន ភាគីថៃ លែងអាចដោះសារួចហើយថាពួកគេមិនឈ្លានពានទឹកដីកម្ពុជា នោះ ។ បន្ថែមលើនេះ ឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងក្រុមលោក ហ៊ុន សែន ក៏នឹងត្រូវបើកកកាយដែរ ។ បណ្ដឹងរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ទៅ ICC តម្រូវឲ្យភាគីថៃ ទទួលខុសត្រូវលើឧក្រិដ្ឋកម្មសង្គ្រាម លើប្រទេសកម្ពុជា រីឯរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវមានចំណែតទទួលខុសត្រូវលើការស្លាប់ជនស៊ីវិល ជាឧទាហរណ៍ ទោះដឹងថា ថៃ បាញ់ប្រហារហើយ ដែលលោក ហ៊ុន ម៉ាណែត មិនបានជម្លៀសជនស៊ីវិលចេញ និង ការប្រើប្រាស់ជនស៊ីវិល ជាខែលមនុស្ស ក្នុងសង្គ្រាម ជាដើម ។ យ៉ាងណា ដំណឹងសង្ឃឹមជាជំហានដំបូងមួយ សម្រាប់ប្រជាជាតិខ្មែរ គឺរដ្ឋអាជ្ញា ICC បានកោះហៅតំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា និងមេធាវីអន្តរជាតិ ការពារក្ដីរបស់យើង ឲ្យទៅជួប នៅចុងខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការ ICC ទីក្រុងឡាអេ ប្រទេសហូឡង់ ។ មាននីតិវិធីមួយចំនួនទៀត ដែលត្រូវបំពេញ ដើម្បីឈានដល់ការសម្រេចរបស់ ICC ឲ្យដំណើរការក្ដីជាផ្លូវការ» ។

 គួររំលឹកថា រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដែលមានលោកសម រង្ស៉ី ជាប្រមុខ កាលពីថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៦ បានសម្រេចដាក់បណ្តឹងជាផ្លូវការ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បីទាមទារឲ្យរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា ទទួលខុសត្រូវលើឧក្រិដ្ឋកម្មសង្គ្រាម នាពេលកន្លងមក។

 រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាន នៅពេលនោះថា ការដាក់បណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ ធ្វើឡើងតាមរយ:មេធាវីអន្តរជាតិ។ ការដាក់បណ្តឹងនេះ គឺដើម្បីរកយុត្តិធម៌និងការពារផលប្រយោជន៍ជូនពលរដ្ឋខ្មែរ និងជនស៊ីវិលទូទៅ ដែលរងគ្រោះពីការវាយប្រហារតាមអាកាស និងកាំភ្លើងធំ របស់កងទ័ពថៃ លើទឹកដីប្រទេសកម្ពុជា និងលើមជ្ឈមណ្ឌលឆបោកនៅកម្ពុជា ដោយបណ្តាលឲ្យគ្រោះថ្នាក់ដល់ជនស៊ីវិល ដែលត្រូវបានឃុំខ្លួននៅក្នុងទីតាំងទាំងនោះ។

  រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បញ្ជាក់ថា ពាក្យបណ្តឹងនេះ គឺដាក់ការទទួលខុសត្រូវទាំងលើរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា ។ ក្នុងនោះ ចំពោះរដ្ឋាភិបាល និងកងទ័ពថៃ ត្រូវទទួលខុសត្រូវលើបទឧក្រិដ្ឋកម្មសង្គ្រាម ដែលប្រព្រឹត្តដោយកងទ័ពថៃ ដូចជាការវាយប្រហារលើគោលដៅជនស៊ីវិល និងទៅលើគោលដៅយោធាដែលបង្កការខូចខាតដល់ជនស៊ីវិល ច្រើនលើសលប់។ បន្ថែមពីនេះ កងទ័ពថៃ ត្រូវទទួលខុសត្រូវលើការប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម និងអាវុធគីមី ដែលបំពានអនុសញ្ញាអន្តរជាតិ ហើយបានបង្កមហន្តរាយធ្ងន់ធ្ងរដល់ជីវិតនិងសុខភាពរបស់កងទ័ពកម្ពុជា និងជនស៊ីវិល រួមទាំងកុមារផង បំផ្លាញផ្ទះសម្បែងពលរដ្ឋ អគារសាធារណ: សាលារៀន មន្ទីរពេទ្យ និងប្រាសាទបុរាណខ្មែរ ដូចជាប្រាសាទព្រះវិហារ និងប្រាសាទតាក្របី ជាដើម។ ចំពោះរដ្ឋាភិបាលកម្ពុជា ត្រូវទទួលខុសត្រូវលើផ្នែកឧក្រិដ្ឋកម្មលើជនស៊ីវិល ដែលត្រូវបានជួញដូរនិងឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលឆបោក ក្រោមការការពារដោយរដ្ឋ ដោយមូលហេតុទុកឲ្យពួកគេប្រឈមនឹងការបំផ្ទុះគ្រាប់បែក ខុសច្បាប់ ។ ទោះបីជាបានដឹងពីការវាយប្រហាររបស់កងទ័ពថៃ ក្តី ក៏រដ្ឋាភិបាលកម្ពុជា មិនបានជម្លៀសជនស៊ីវិលទាំងនោះ ចេញពីមជ្ឈមណ្ឌលឆបោកឡើយ ។

  គួរបញ្ជាក់ដែរថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ( ICC ) គឺជាអង្គការអន្តររដ្ឋាភិបាល និងជាតុលាការអន្តរជាតិ ដែលមានទីតាំងនៅទីក្រុងឡាអេ ប្រទេសហូឡង់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ក្រោមលក្ខន្តិកៈពហុភាគី។ តុលាការ ICC គឺជាតុលាការអន្តរជាតិអចិន្ត្រៃយ៍ដំបូង និងតែមួយគត់ ដែលមានយុត្តាធិការក្នុងការកាត់ទោសបុគ្គល ចំពោះឧក្រិដ្ឋកម្មអន្តរជាតិ នៃអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មនៃការឈ្លានពាន ។ ICC មានគោលបំណងបំពេញបន្ថែម មិនមែនជំនួសប្រព័ន្ធតុលាការជាតិ។ វាអាចអនុវត្តយុត្តាធិការរបស់ខ្លួនបាន លុះត្រាតែតុលាការជាតិ មិនមានឆន្ទៈ ឬមិនអាចកាត់ទោសឧក្រិដ្ឋជន។ វាខុសពីតុលាការយុត្តិធម៌អន្តរជាតិ ដែលជាស្ថាប័នរបស់អង្គការសហប្រជាជាតិ  ដែលដោះស្រាយវិវាទរវាងរដ្ឋនានា។

ICC  ជាទូទៅ អាចអនុវត្តយុត្តាធិការក្នុងករណីដែលជនជាប់ចោទជាជនជាតិនៃរដ្ឋភាគី ឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ បានកើតឡើងនៅលើទឹកដីនៃរដ្ឋភាគី ឬស្ថានភាពមួយត្រូវបានបញ្ជូនទៅតុលាការ ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ គិតត្រឹមខែតុលា ឆ្នាំ២០២៤ មានរដ្ឋភាគី ចំនួន ១២៥ នៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលត្រូវបានតំណាងនៅក្នុងស្ថាប័នគ្រប់គ្រងរបស់តុលាការ គឺសភានៃរដ្ឋភាគី។ ប្រទេសមួយចំនួន រួមទាំងប្រទេសចិន ឥណ្ឌា រុស្ស៊ី និងសហរដ្ឋអាមេរិក មិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម ហើយមិនទទួលស្គាល់យុត្តាធិការរបស់តុលាការនោះទេ។

  ការិយាល័យព្រះរាជអាជ្ញា បានបើកការស៊ើបអង្កេតលើស្ថានភាពជាច្រើនករណី និងបានធ្វើការពិនិត្យបឋមជាច្រើន។ បុគ្គលរាប់សិបនាក់ ត្រូវបានចោទប្រកាន់ រួមទាំងប្រមុខរដ្ឋ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។ តុលាការ បានចេញការផ្ដន្ទាទោស ជាលើកដំបូង ក្នុងឆ្នាំ ២០១២ ប្រឆាំងនឹងមេទ័ពកុងហ្គោ Thomas Lubanga Dyilo ពីបទឧក្រិដ្ឋកម្មសង្គ្រាម ពីការប្រើទាហានកុមារ ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តុលាការ បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ពាក់ព័ន្ធនឹងការឈ្លានពានអ៊ុយក្រែន និងសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ Yoav Gallant រួមជាមួយនឹងមេដឹកនាំ ក្រុមហាម៉ាស់ ជាច្រើននាក់ ពាក់ព័ន្ធនឹងសង្រ្គាមនៅតំបន់ហ្គាហ្សា ។

  ចាប់តាំងពីបង្កើតឡើងមក ICC បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង។ អ្នកប្រឆាំង រួមទាំងមហាអំណាចធំៗ ដែលមិនបានចូលរួមជាមួយតុលាការ ចោទសួរពីភាពស្របច្បាប់របស់ខ្លួន ដោយលើកឡើងពីការព្រួយបារម្ភលើអធិបតេយ្យជាតិ និងចោទប្រកាន់ថា ខ្លួនងាយទទួលឥទ្ធិពលនយោបាយ។ តុលាការនេះ ក៏ត្រូវបានចោទប្រកាន់ពីបទលម្អៀង និងកំណត់គោលដៅមិនសមហេតុផល ចំពោះមេដឹកនាំនៅទ្វីបអាហ្រ្វិក ដែលបានជំរុញឱ្យប្រទេសអាហ្រ្វិក ជាច្រើន គំរាមកំហែងឬផ្តួចផ្តើមការដកខ្លួនចេញពីលក្ខន្តិកៈក្នុងទសវត្សរ៍ឆ្នាំ២០១០។ អ្នកផ្សេងទៀត បានចោទសួរពីប្រសិទ្ធភាពរបស់តុលាការ ដោយចង្អុលទៅការពឹងផ្អែកលើកិច្ចសហប្រតិបត្តិការរបស់រដ្ឋសម្រាប់ការចាប់ខ្លួន ការផ្តន្ទាទោសតិចតួច និងការចំណាយខ្ពស់នៃដំណើរការនីតិវិធីរបស់ខ្លួន ៕ កុលបុត្រ

RELATED ARTICLES