Tuesday, April 21, 2026
Homeតារាខ្មែរខៀវ សុខារ៉ាវី នាំប្ដីមកលេងស្រុក

ខៀវ សុខារ៉ាវី នាំប្ដីមកលេងស្រុក

ភ្នំពេញ ៖ ខៀវ សុខារ៉ាវី បាននាំស្វាមីមកលេងស្រុកខ្មែរ ដើម្បីជួបម្ដាយនាង និងចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រ ពៃណីជាតិ ក្រោយអាក់ខានមកលេងស្រុក ជាច្រើនឆ្នាំ បន្ទាប់ពីមានស្វាមី រស់នៅសហរដ្ឋអាមេរិក ជិត១០ឆ្នាំមកហើយ។

ក្នុងជំនួបផ្ទាល់ជាមួយអ្នកយកព័ត៌មាន «នគរធំ» កាលពីពេលថ្មីៗនេះ អតីតតារាសម្ដែងខៀវ សុខារ៉ាវី បានប្រាប់ថា នាងបានមកដល់មាតុប្រទេស តាំងពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦  ហើយមកលើកនេះ មានរយៈពេល ១ខែគត់ ទើបត្រឡប់ទៅអាមេរិក វិញ នៅដើមខែឧសភា ខាងមុខ ។ សុខារ៉ាវី ថាការមកស្រុកលើកនេះ សំខាន់គឺមកជួបម្ដាយ ដោយផ្ទាល់ ដោយសារតែនាងមានការនឹករលឹកម្ដាយខ្លាំង បើទោះជាអំឡុងរស់នៅសហរដ្ឋអា មេរិក នាងនិងម្ដាយបានទូរស័ព្ទជួបគ្នា សឹងតែរាល់ថ្ងៃក្ដី ។ នាងថា មកស្រុកលើកនេះ អ្វីដែលចម្លែក នាងឃើញមានអគារខ្ពស់ៗកាន់តែច្រើន ហើយមនុស្សដើរលេងនៅមាត់ទន្លេ មុខផ្ទះនាង ច្រើន មិនស្ងាត់ដូចមុនទេ ។ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ កន្លងមក នាងបានទៅលេងស្រុកកំណើត នៅខេត្តបាត់ដំបង និងបន្តទៅខេត្តសៀមរាប ផងដែរ ។

ខៀវ សុខារ៉ាវី ថា តាមពិតម្ដាយចង់ឲ្យនាងមករស់នៅស្រុកខ្មែរ ក្បែរគាត់វិញ ប៉ុន្ដែរូបនាងមិនទាន់បានត្រៀមមករស់នៅខ្មែរ វិញឆាប់ៗទេ គឺអាចទាល់តែអាយុច្រើន ចាស់បន្ដិចទើបគិតគួររឿងមករស់នៅខ្មែរ វិញ។ សុខារ៉ាវី បានឲ្យដឹងដែរថា ជីវិតនាង អំឡុងរស់នៅអាមេរិក ជិត១០ឆ្នាំមកនេះ ពេលទៅមុនដំបូង មានអារម្មណ៍ឯកោ ដែរ ប៉ុន្ដែពេលនេះ បានក្លាយទៅជាទម្លាប់ទៅហើយ ព្រោះជីវិតនាងក៏ចង់ស្គាល់ប្រទេសគេ និងពិភពលោក ឲ្យបានច្រើនដែរ ដោយសារការរស់នៅស្រុកគេ ឆ្ងាយពីក្រុមគ្រួសារនិងម្ដាយ នៅស្រុក មិនមែនតែរូបនាងម្នាក់ទេ គឺបងស្រីនាងខ្លះ រស់នៅបារាំង ខ្លះនៅអាមេរិក ដែរ ។

ខៀវ សុខារ៉ាវី ប្រាប់ដែរថា អំឡុងរស់នៅអាមេរិក នាងមិនដែលបានជួបមិត្តភក្ដិអ្នកសិល្បៈ ដែលទៅរស់នៅទីនោះដែរទេ ព្រោះរស់នៅរដ្ឋឆ្ងាយៗពីគ្នា ហើយម្យ៉ាងនាងមិនមានទំនាក់ទំនងជាមួយអ្នករៀបចំកម្មវិធីសិល្បៈ នៅទីនោះ ទើបនាងមិនធ្លាប់បានសម្ដែងសិល្បៈតាមរដ្ឋនានាឡើយ តាំងពីទៅរស់នៅសហរដ្ឋអាមេរិក ។

ខៀវ សុខារ៉ាវី បានរៀបការជាមួយអាណិកជនខ្មែរ នៅអាមេរិក កាលពីចុងឆ្នាំ២០១៨ តែពិធីនោះ ធ្វើតាមបែបគ្រីស្ទាន ចូលព្រះវិហារ បំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក ។ ម្ដាយសុខារ៉ាវី គឺអ្នកស្រី និន រ៉ាត់ ធ្លាប់ប្រាប់ថា កូនស្រី នឹងរៀបចំមង្គលការ តាមបែបប្រពៃណីខ្មែរ នៅពេលវេលាដ៏សមស្របមួយ ។ ប៉ុន្ដែរហូតមកដល់ពេលនេះ ពិធីអាពាហ៍ពិពាហ៍តាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ នៅតែមិនទាន់កំណត់ដដែល បើទោះជាពេលនេះ សុខារ៉ាវី និងម្ដាយ កំពុងនៅស្រុកខ្មែរ ក្ដី ។

គួររំលឹកថា អតីតតារាសម្ដែង ខៀវ សុខារ៉ាវី បានដកខ្លួនពីសិល្បៈ ៧ឆ្នាំ តែនៅឆ្នាំ២០១៦ នាងវិលមកប្រឡូកអាជីពសម្ដែងមួយប្រាវ ក៏បានជួបគូស្នេហ៍ថ្មី និងចេញទៅរស់នៅតាមស្វាមី នៅអាមេរិក តែម្ដង ដែលពេលនេះ នាងមានកូនប្រុសម្នាក់ អាយុជាង១០ឆ្នាំ ។ សុខារ៉ាវី  មិនទាន់មានគម្រោងយកកូនទីពីរទេ ព្រោះនាងថាជាប់ រវល់ធ្វើការនៅអាមេរិក។ ចំណែកអាជីវកម្មនាងនៅស្រុកខ្មែរ ហាងសួគ៌ អមរា ម៉ាស្សា និងស្ប៉ា នៅផ្ទះលេខ ១៦៥EO ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ បច្ចុប្បន្ន ម្ដាយនាង អ្នកស្រី និន រ៉ាត់ ជាអ្នកគ្រប់គ្រង ។

ខៀវ សុខារ៉ាវី ថាទោះជាឃ្លាតឆ្ងាយពីអាជីពសិល្បៈ ជាច្រើនឆ្នាំ ប៉ុន្ដែអារម្មណ៍នាងនៅតែដិតដាមជាមួយអាជីពចាស់នេះ ជាប់ក្នុងបេះដូងជានិច្ច និងថែមទាំងថា អំឡុងនាងមកលេងស្រុកម្ដងៗ នាងអាចឆ្លៀតធ្វើការងារសិល្បៈខ្លីៗបានទៀតផង បើផលិតករហៅថត ។ សុខារ៉ាវី ថា តាំងពីទៅរស់នៅតាមស្វាមី នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជិត១០ឆ្នាំមកនេះ នាងបានមកលេងស្រុកខ្មែរ ២លើកហើយ តែមកលើកទីពីរនេះ យូរជាងលើកទី១ ។          

ក្រៅពីខៀវ សុខារ៉ាវី តារាដែលជ្រើសគូស្នេហ៍ជាបុរសអាណិកជនខ្មែរ នៅអាមេរិក មានដូចជា អ្នកនាងអម្ពរ ទេវី, គឹម លក្ខិណា, វ៉េត រតនា, សារ៉ាយ សក្ខណា, ជីមមី  និងយ៉ែម ស្រីពេជ្រ ជាដើម ៕

RELATED ARTICLES