Saturday, April 11, 2026
Homeតារាខ្មែរសុខ ពិសី លែងចង់ល្បី ?

សុខ ពិសី លែងចង់ល្បី ?

ភ្នំពេញ ៖ សុខ ពិសី ដែលត្រូវបានចាត់ទុកជាតួឯក ឬតារាស្រីស្នូលរបស់ផលិតកម្មសាន់ដេ នៅឆ្នាំ២០២៦ នេះ នាងបែរជាមិនបានថតបទប្រពៃណីជាតិ ចូលឆ្នាំខ្មែរ ឆ្នាំមមី ទៅវិញ។ការអាក់ខានរបស់ពិសី ក្នុងការថតបទប្រ ពៃណីខ្មែរ នាពេលនេះ ស្របពេលតារាទាំងប្រុសទាំងស្រីរបស់សាន់ដេ រួមទាំងតារាចំណូលថ្មី កញ្ញាប៉ាច គីមមួយ, លោក សយ រតនៈ និងថែល ថៃ ពួកគេសុទ្ធតែមានបទថ្មីៗ ចេញរៀងៗខ្លួន តែពិសី ដែល Fan ចាត់ទុក ជារាជិនីសម្រស់របស់សាន់ដេ បែជាមិនឃើញចេញបទថ្មី ១បទ។

  ទាក់ទងបញ្ហានេះ លោក គឹម ផល្លី ជាជំនួយការនិងជាអ្នកដឹកនាំសម្ដែងរបស់ផលិតកម្មសាន់ដេ បានប្រាប់អ្នកយកព័ត៌មាន «នគរធំ» កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ថា សុខ ពិសី ឆ្នាំនេះ ពិតជាមិនបានថតបទថ្មីៗ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ពិតប្រាកដមែន ។ ចំពោះមូលហេតុ ត្រូវបានលោក ផល្លី អះអាងថា ដោយសារតែពិសី ជាប់រវល់ ការងារផ្ទាល់ខ្លួន ទើបបានជាមិនមានបទថ្មីៗចេញចូលឆ្នាំនេះ ។ ប៉ុន្ដែលោក ផល្លី ថាកាលពីឆ្នាំមុនៗ ពិសី បានថតបទប្រពៃណី ចូលឆ្នាំខ្មែរ មិនដែលអាក់ខានឡើយ ទើបតែឆ្នាំ២០២៦ នេះ ដែលអត់បានចេញបទថ្មី ដូចតារាសាន់ដេ ផ្សេងៗទៀត។

សុខ ពិសី បានហោះទៅដើរលេងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ហើយនាងប្រលកាសនៅថ្ងៃនោះថា ចង់ដើរលេង ១ខែ ដែលពាក្យនេះ មិនមែនស្រីស្អាត ចេះតែនិយាយលេងទេ ប៉ុន្ដែជាសម្តីពិត ព្រោះរហូតមកដល់ពេលនេះ គេនៅតែមិនឃើញនាងវិលមកកាន់ក្បាលមីក្រូ ឡើងឆាកតន្រ្ដីវិញឡើយ ហើយប្រសិនបើនាងធ្វើតាមការសន្យាទៅ Fan នោះមានន័យថា ពិសី នឹងត្រូវឡើងឆាកច្រៀងសម្ដែងវិញ នៅមុនចូលឆ្នាំខ្មែរ ។ ប៉ុន្ដែពេលនេះ នាងនៅសប្បាយក្រៅស្រុកនៅឡើយ ហេតុនេះបាត់មុខពីឆាកតន្រ្ដី ៣០ថ្ងៃ រួមទាំងគ្មានបទថ្មីៗ ប្រពៃណីខ្មែរ ចេញឆ្នាំថ្មីនេះ នាំឲ្យ Top Fan របស់នាងមួយចំនួន ច្របូកច្របល់ជាមិនខាន ។

 ប្រភពថា នៅរដូវក្ដៅ ឬរដូវដែលអ្នកសិល្បៈហៅថា ផ្ការីកសម្រាប់តារានេះ សុខ ពិសី ក្នុង ១ខែ នាងអាចរកប្រាក់ចំណូលបានមិនក្រោម ៥ម៉ឺនដុល្លារឡើយ ព្រោះចេញច្រៀង សឹងរាល់ថ្ងៃ ប៉ុន្ដែដឹងអី អំឡុងពេលដែលតារាល្បីៗ សម្រុកក្ដាប់ឱកាសនេះ កើបលុយ ពិសី បែរជារីករាយដំណើរកម្សាន្ដនៅក្រៅស្រុក បើទោះជារឿងបែបនេះ តារាល្បីៗផ្សេងទៀត តែងតែធ្វើ ព្រោះពួកគេចាត់ទុកថា ជាការសាកថ្មជីវិត ប្រឹងរកលុយ ដើម្បីបានទៅស្គាល់ប្រទេសដែលពួកគេចង់ទៅក៏ដោយ ប៉ុន្ដែនៅរដូវមមាញឹកបែបនេះ គ្មានតារាណាធ្លាប់ទៅដើរលេងដល់ទៅ ១ខែឡើយ ។សម្រាប់ពិសី មុនពេលផ្អាកច្រៀងរាំ ដល់ទៅ ១ខែនេះ នាងក៏ធ្លាប់បានទៅដើរកម្សាន្ដនៅសហរដ្ឋអាមេរិក និងជប៉ុន ផងដែរ ។

 សូមបញ្ជាក់ថា សុខ ពិសី នៅឆ្នាំ២០២៦ នាងជាតារាដែលប្រុសៗអ្នកលេងបណ្ដាញសង្គមច្រើនបំផុត មានក្ដីស្រមៃចង់ធ្វើជាសង្សារ ឬស្វាមីនាង តាមរយៈការយករូបនាង កាត់តភ្ជាប់ជាមួយពួកគេ ដូចជាបណ្ដើរគ្នាទៅញ៉ាំការ ជិះម៉ូតូ និងថើបមាត់គ្នា ជាដើម ។ ប៉ុន្ដែសកម្មភាពទាំងនោះ មិនធ្វើឲ្យពិសី ប្រតិកម្ម ឬព្រមានទៅលើពួកគេឡើយ ព្រោះនោះជាការបង្ហាញក្ដីស្រលាញ់ មិនមែនជារូបកាត់តបែបអាសអាភាស ឬស្នេហាស្រើបស្រាល ខ្លាំងទេ ទើបនាងតែងទុកថាជា Fan ។ ចំណែកនៅក្នុងពិភពសិល្បៈ តារាភាគច្រើនដឹងថា ពិសី មានសង្សារហើយ នោះគឺលោក ឡាយ សុខចំរើន ថៅកែផលិតកម្មសាន់ដេ ។ ប៉ុន្ដែទាំងពិសី និងលោកចំរើន មិនដែលសារភាពរឿងស្នេហានេះម្ដងណាឡើយ ខណៈដែលពិសី ឆ្នាំនេះ ឈានចូលវ័យ ៣៦ឆ្នាំ ទៅហើយ នៅតែគ្មានស្រមោលរៀបការដដែល ។ មានពេលខ្លះ ដោយសារតែពិសី ហឹងត្រចៀកពេក រឿងទៅណាក៏មានអ្នក សួរនាំរឿងរៀបការប្ដីនោះ ទើបនាងឆ្លើយទាំងសាំចិត្តថា «អត់យកប្ដីសី ក៏ខ្ញុំមិនស្លាប់ដែរ» ៕

RELATED ARTICLES