ភ្នំពេញ ៖ លោក សុខ សុវណ្ណ សហការីលោក កឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានផ្ញើលិខិតចំហ ជូនលោកយ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នៃអតីតគណបក្សសង្រ្គោះជាតិ បច្ចុប្បន្នជាប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន ក្នុងន័យចង់លើកឡើងថា ការដែលទាមទារឲ្យលោក កឹម សុខា លាលែងពីប្រធានខ្មោចបក្សប្រឆាំងនេះ ដូចដែលក្រុមលោក សម រង្ស៊ី បានបញ្ជាក់នៅក្នុងខ្លឹមសារនៃញត្តិទាមទារកន្លងទៅនោះ គឺជាចេតនាចង់ឲ្យលោក កឹម សុខា ជាប់គុកវិញ ខណៈដែលលោកទើបតែទទួលបានសេរីភាព រួចផុតពីការឃុំខ្លួនក្នុងផ្ទះ និងការមានសេរីភាពចេញទៅក្រៅប្រទេស រីឯសិទ្ធិធ្វើនយោបាយ នៅមិនទាន់ទទួលបាននៅឡើយ ។

សូមរំលឹកបន្តិថា ក្រោយពេលដែលលោក កឹម សុខា ជាប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានចាប់ខ្លួននៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីរំលងអធ្រាត ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ «សន្និដ្ឋភាពជាមួយបរទេស» បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង និងក្រោយគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយសាលដីកាស្ថាពររបស់តុលាការកំពូល កាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស បានសម្រេចក្នុងកិច្ចប្រជុំរបស់ខ្លួន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ បង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីជួយការងារគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស និងសម្រាប់ទំនាក់ ទំនងការងារជាមួយរចនាសម្ព័ន្ធគណបក្សគ្រប់លំដាប់ថ្នាក់។
គណៈកម្មការចំពោះកិច្ច របស់គណបក្សសង្រ្គោះជាតិ នៅពេលនោះ មានសមាសភាពចំនួន៥រូប រួមមាន ១. លោកស្រី មូរ សុខហូរ អនុប្រធានគណបក្ស ២. លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស ៣. លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស ៤. លោក យ៉ម បុញ្ញឫទ្ធិ អគ្គនាយករដ្ឋបាលគណបក្ស និង៥. កញ្ញ កឹម មនោវិឡា អគ្គនាយករងទំនាក់ទំនងសាធារណៈគណបក្ស ។
យោងតាមគណៈកម្មការចំពោះកិច្ច ខាងលើនេះ លោកសុខ សុវណ្ណ យកធ្វើជាទឡ្ហីករណ៍ នៅក្នុងលិខិតចំហ ជូនលោក យ៉ែម បុញ្ញឫទ្ធិ ដោយបញ្ជាក់ថា ការបង្កើតគណៈកម្មការចំពោះកិច្ចនេះ បញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ដែលមានលោក កឹម សុខា ជាប្រធានដឹកនាំតាមបែបយន្តការរដ្ឋបាលត្រឹមត្រូវ មិនមែនដេកឱបគណបក្សនោះទេ ។ ការទាមទារឲ្យលោកកឹម សុខា លាលែងពីប្រធានគណបក្សសង្រ្គោះជាតិ ជាអំពើឃោរឃៅព្រៃផ្សៃ ផ្ទុយនឹងសាលដីការំលាយគណបក្សសង្រ្គោះជាតិ ក្នុងចេត នាឲ្យលោក កឹម សុខា ជាប់គុកទ្បើងវិញ ។ ដូច្នេះលោកជំរុញឲ្យលោក យ៉ែម បុញ្ញឫទ្ធិ ក្នុងក្របខ័ណ្ឌជាគណៈកម្មការចំពោះកិច្ច និងជាប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន ដែលមានសេរីភាពនយោបាយពេញលេញ គួរណាស់ចេញសេចក្តីថ្លែងការណ៍ ចំពោះករណីទាមទារឲ្យលោក កឹម សុខា ដែលមិនមានសេរីភាពនយោបាយ លាលែងពីប្រធានគណបក្សសង្រ្គោះជាតិ ។
លិខិតចំហ របស់លោកសុខ សុវណ្ណ ជូនលោកយ៉ែម បុញ្ញឫទ្ធិ មានខ្លឹមសារទាំងស្រុងថា “ជាមនុស្ស ត្រូវមានសីលធម៌ សច្ចធម៌ គុណធម៌ រយៈពេលចុងក្រោយនេះ មានក្រុមទមិទ្បឥតសាសនា បន្តការវាយប្រហារ និងទាមទាមទារឲ្យឯកឧត្តម កឹម សុខា លាលែងពីប្រធានគណបក្សសង្គ្រោះជាតិ ។
គណបក្សសង្រ្គោះជាតិ ដែលមានឯកឧត្តម កឹម សុខា ជាប្រធាន បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីជួយការងារគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស និងទំនាក់ ទំនងការងារជាមួយរចនាសម្ព័ន្ធគណបក្សគ្រប់លំដាប់ថ្នាក់ បន្ទាប់ពីឯកឧត្តម កឹម សុខា ត្រូវបានចោទប្រកាន់ និងចាប់ដាក់គុកត្រពាំងផ្លុង។
ហេតុដូច្នេះ ឯកឧត្តម កឹម សុខា ផុតពីសមត្ថកិច្ចរបស់គាត់រួចជាស្ថាពរទៅហើយ ។ ការបង្កើតគណៈកម្មការចំពោះកិច្ចនេះ បញ្ជាក់បង្ហាញថា : គណបក្សសង្រ្គោះជាតិ ដែលមានឯកឧត្តម កឹម សុខា ជាប្រធាន ដឹកនាំតាមបែបយន្តការរដ្ឋបាល (ប្រជាធិបតេយ្យ) ត្រឹមត្រូវ មិនមែនដេកឱបគណបក្សនោះទេ ។ ការទាមទារឲ្យឯកឧត្តម កឹម សុខា លាលែងពីប្រធានគណបក្សសង្រ្គោះជាតិ ជាអំពើឃោរឃៅព្រៃផ្សៃ ផ្ទុយនឹងសាលដីការំលាយគណបក្សសង្រ្គោះជាតិ ក្នុងចេតនាឲ្យឯកឧត្តម កឹម សុខា ជាប់គុកទ្បើងវិញ ។
ក្នុងក្របខ័ណ្ឌឯកឧត្តម ជាគណៈកម្មការចំពោះកិច្ច និងជាប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន ដែលមានសេរីភាពនយោបាយពេញលេញ គួរណាស់ចេញសេចក្តីថ្លែងការណ៍ចំពោះករណីទាមទារឲ្យឯកឧត្តម កឹម សុខា លាលែងពីប្រធានគណបក្សសង្រ្គោះជាតិ ដើម្បីជម្រះមន្ទិលសង្ស័យពីមហាជន ក្នុងខណៈឯកឧត្តម កឹម សុខា មិនមានសេរីភាពនយោបាយ“ ។
ទោះយ៉ាងណា ជុំវិញការស្នើរបស់លោក សុខ សុវណ្ណ តាមរយៈលិខិតចំហខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំមតិយោបល់ ការឆ្លើយតបពីលោក យ៉ែម បុញ្ញឫទ្ធិ បានទេ កាលពីម្សិលមិញ ។
ដោយឡែក លោកហ៊ីង សុខសាន្ត អតីតប្រធានយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោក កឹម សុខា បានសម្ដែងការយល់ស្របនឹងខ្លឹមសារលើក ឡើងក្នុងលិខិតចំហ របស់លោកសុខ សុវណ្ណ ខាងលើនេះ ដោយលោកបានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ថា “បាទ! ទាក់ទងទីមួយ រឿងការ បង្កើតគណៈកម្មការចំពោះកិច្ច កាលហ្នឹង ដោយសារតែយើងអត់មានយន្តការអីផ្សេងទេ គណបក្សសង្គ្រោះជាតិ នៅពេលនោះ គឺរលាយបាត់ហើយ ហើយពេលដែលគេចាប់លោកប្រធាន កឹម សុខា ដាក់ពន្ធនាគារ គឺគណៈកម្មការអចិន្ត្រៃយ៍គណបក្ស បានប្រជុំសម្រេចថា យើងអត់ធ្វើអីទេ យើងរក្សាភាពស្ងៀមស្ងាត់ រហូតដល់គេរំលាយគណបក្ស អ៊ីចឹងទៅ ។ ដូច្នេះពេលរំលាយគណបក្ស យើងអត់មានយន្តការអី ដើម្បីធ្វើកិច្ចការសកម្មភាពក្នុងរូបភាពគណបក្ស ហើយសម្រេចអីផ្សេងៗ ពីព្រោះអចិន្ត្រៃយ៍ខ្លះ នៅក្រៅស្រុក ខ្លះនៅក្នុងស្រុក រតេតរតូតអ៊ីចឹង ។ អ៊ីចឹងទៅ យើងបង្កើតឲ្យមានគណៈកម្មការចំពោះកិច្ច ប្រាំរូបហ្នឹង ដើម្បីសម្របសម្រួលការងារ ទាំងធ្វើការងារការទូត ឬក៏សម្របសម្រួលរឿងទំនាក់ទំនងសកម្មជនអីនៅមូលដ្ឋាន ថ្នាក់ដឹកនាំខេត្តអី តាមអីខេត្តអីអ៊ីចឹងទៅ រាជធានីអ៊ីចឹងទៅ ហើយទាក់ទងនឹងថា លោកកឹម សុខា ឱបបក្សអីនោះ លោកកឹម សុខា មានឱបអី យើងដឹងហើយថា ពេលដែលគេចាប់គាត់ទៅ អចិន្ត្រៃយ៍ សម្រេចថា អត់ឲ្យធ្វើអីទេ ហើយគេរំលាយគណបក្ស ក៏អត់មានពាក់ព័ន្ធនឹងគាត់ដែរ យើងទៅមើលសាលដីការបស់តុលាការកំពូលទៅ គឺគេចោទគណបក្ស ប្រព្រឹត្តខុសនឹងមាត្រាប្រាំមួយ ត្រង់ចំណុចពីរបីបួនអ៊ីចឹងទៅ ហើយអចិន្ត្រៃយ៍ ក៏បានសម្រេចថា អត់ធ្វើអីអ៊ីចឹងដែរ ។ អ៊ីចឹងទៅ វាអត់មានពាក់ព័ន្ធលោកកឹម សុខា ទេ អារឿងករណីគេរំលាយគណបក្សហ្នឹង ហើយគេរំលាយគណបក្ស តាំងពីគាត់មិនទាន់ក្លាយជាទណ្ឌិត គ្រាន់តែគាត់ជាជនជាប់ចោទទេ ហើយក្រោយមក បាន តុលាការដំបូង គេជំនុំជម្រះអីហូរហែ រាប់សិបសវនាការ រហូតដល់តុលាការឧទ្ធរណ៍ តម្កល់សេចក្ដីសម្រេចសាលាដំបូងដែរ គេសម្រេចឲ្យគាត់ជាប់គុក ម្ភៃប្រាំពីរឆ្នាំ អីអ៊ីចឹងទៅ ។ ដូច្នេះគាត់ក្លាយជាទណ្ឌិតហើយ ហើយបើគាត់ក្លាយជាទណ្ឌិត គាត់បាត់បង់ជាប្រធានគណបក្សដោយស្វ័យប្រវត្តិហើយ ស្របតាមមាត្រាដប់ប្រាំបីថ្មី នៃគណបក្សនយោបាយនោះ អ៊ីចឹងអត់មានពាក់ព័ន្ធអីទេ“ ។
លោក ហ៊ីង សុខសាន្ត បានមានប្រសាសន៍បន្តថា “ហើយទាក់ទងទីពីរ ខ្ញុំមិនដែលចាប់អារម្មណ៍ទេ ពួកហ្នឹង ខ្ញុំចាត់ទុកថា មនុស្សដែលសរសៃប្រសាទ មនុស្សដែលពុំមានស្មារតីគ្រប់គ្រាន់។ បើសិនជាមនុស្សដែលមានស្មារតីនឹងន មិនមានវិបល្លាសស្មារតីទេ គេអត់ធ្វើរឿងអ៊ីចឹងៗទេ ពួករឿងហ្នឹង រឿងមិនគួរធ្វើ ហើយរឿងដែលត្រូវធ្វើមួយគរគោក សម្រាប់ជាតិ វាមានមួយគរគោកនោះ ដូចជាយើងនាំគ្នាគិតថា តើធ្វើម៉េចឲ្យអ្នកប្រជាធិបតេយ្យហ្នឹងរួមគ្នា ថាឥឡូវគណបក្សប្រឆាំង នៅក្រៅស្រុក នៅក្រៅរដ្ឋាភិ បាល ដែលសព្វថ្ងៃ មាននៅក្នុងស្រុកហ្នឹង មានប៉ុន្មានគណបក្សហ្នឹង យើងគួរតែធ្វើអី ដើម្បីរួមគ្នាឲ្យទៅជាធ្លុងមួយ ដូចកាលគណបក្សង្គ្រោះជាតិ អ៊ីចឹង? យើងគួរតែយើងយកបក្សណាមួយដែលត្រូវរួមគ្នាហ្នឹង? យកបក្សកម្លាំងជាតិ ឬក៏យកបក្សភ្លើងទៀន ឬក៏យកបក្សឆន្ទៈខ្មែរ អីអ៊ីចឹងទៅ យើងយកពេលវេលាទៅគិតអាហ្នឹង បែរជាទៅគិត រឿងសង្គ្រោះជាតិ គេរំលាយបាត់ហើយ ហើយលោក កឹម សុខា ក៏គាត់មិនមែនជាប្រធានគណបក្សទេ គាត់ជាទណ្ឌិតហើយ មុនការលើកលែងទោសនោះ ។ អ៊ីចឹងគាត់បាត់បង់ដោយស្វ័យប្រវត្តិហើយ រឿងអីធ្វើអ៊ីចឹង? ហើយរឿងពួកគេធ្វើនេះ ធ្វើនោះហ្នឹង អាហ្នឹងវាមានអី? វាដើម្បីវិធីសាស្ត្រយកគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើជាមុខរបរ ដើម្បីដើររកសំបុត្រ ប្រមូលលុយ ប្រមូលកាក់ បោកប្រាស់ប្រជាពលរដ្ឋខ្មែរ នៅក្រៅស្រុកហ្នឹង ប៉ុន្តែប្រជាពលរដ្ឋខ្មែរ គេលែងជឿហើយឥឡូវនោះ ទៅធ្វើអីម្តងៗ មានរាប់រយនាក់ ឥឡូវមានឯណា មានតែម្ភៃសាមសិបនាក់ ជួនកាលធ្វើនៅក្រោម basement ទៀត អត់មានធ្វើតាមកន្លែងសមរម្យដូចមុនទេ ។ អ៊ីចឹងវាអត់មានអីប្លែកទេ ព្រោះរឿងនេះ វាមិនមែនរឿងថ្មី ព្រោះពួកនេះធ្លាប់ធ្វើម្ដងហើយ អារឿងនៅសុខៗ ទៅឲ្យលោក សម រង្ស៊ី ដែលខ្លួនឯងបានលាលែងពីប្រធាន លាលែងពីសកម្មជន ស្រាប់តែមកចូលធ្វើជាប្រធានស្ដីទី នៅឯសន្និសីទអី នៅអាត្លង់តា រដ្ឋចរជា ម្ដងហើយ ។ អ៊ីចឹងទៅ វាអត់មានអីថ្មីទេ ហើយក៏វាអត់មានបានប្រយោជន៍ដែរ រៀបចំរចនាសម្ព័ន្ធខ្មោចសេះអី បើខ្លួនឯងធ្វើកើត ចុះពេលលោក សម រង្ស៊ី នៅជាប្រធានស្ដីទីនោះ? អ៊ីចឹងវាអត់មានប្រយោជន៍ទេ អ៊ីចឹងខ្ញុំគិតថាវាអត់មានអីថ្មីទេ អ៊ីចឹងគេធ្វើអី ធ្វើទៅ ព្រោះខ្ញុំចាត់ទុកថា ពួកនេះ ពួកវិបល្លាសស្មារតី ហើយបើយើងឆ្លើយតបអីរញ៉េរញ៉ៃអ៊ីចឹង ដូចឲ្យតម្លៃពួកវា ឬវាបានចិត្តទេ អ៊ីចឹងខ្ជិល ឲ្យវាធ្វើអីធ្វើទៅ វាគ្មានអីទេ ហើយគ្មានអ្នកណាទៅចាប់អារម្មណ៍អីដែរ បង្កើតនេះ បង្កើតនោះ រកតែប្រយោជន៍ហ្នឹង“ ។
គួររំលឹកថា អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) នៅក្រៅប្រទេស (ក្រុមសម រង្ស៊ី) រួមមានទាំងព្រះសង្ឃប៊ុត ប៊ុនតិញ ចៅអធិការវត្តភ្នំសេរី ផងដែរ បានធ្វើញត្តិស្នើឲ្យលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ លាលែងពីប្រធានខ្មោចគណបក្សសង្គ្រោះជាតិ ដើម្បីបើកផ្លូវឱ្យអ្នកតស៊ូនយោ បាយ មានលទ្ធភាពរៀបចំរចនាសម្ព័ន្ធដឹកនាំគណបក្សឡើងវិញ ដោយបានបញ្ជាក់ថា តួនាទីជាប្រធានគណបក្សសង្គ្រោះជាតិ មិនមែនជាកម្មសិទ្ធិរបសបុគ្គលណាម្នាក់ ឡើយ ប៉ុន្តែជាតួនាទីដែលត្រូវទទួលខុសត្រូវចំពោះជោគវាសនារបស់គណបក្ស ដែលជាសេចក្តីប្រាថ្នានិងបុព្វហេតុរួមរបស់ទាំងអស់គ្នា ។
ញត្តិស្នើសុំលោក កឹម សុខា លាលែងពីតួនាទីជាប្រធានគណបក្សសង្គ្រោះជាតិ ធ្វើនៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានឈោ្មះនិងហត្ថលេខាតំណាងអ្នកគាំទ្រញត្តិ និងស្មារតីដើមគណបក្សសង្គ្រោះជាតិ ចំនួន ៥រូប រួមមាន ៖ ១. ព្រះតេជគុណ ប៊ុត ប៊ុនតិញ ២. លោក ម៉ោញ សារ៉ាត់ ៣. លោក ស៊ុយ សេងហុង ៤. លោក ឡោ ឡៃសូ និង៥. លោក លី ម៉េង មានខ្លឹមសារទាំងស្រុងថា “យើងខ្ញុំ តំណាងសមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទូទាំងពិភពលោក មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពនិងជំហរនយោបាយរបស់ ឯ.ឧ កឹម សុខា ក្នុងរយៈពេលចុងក្រោយនេះ។ ការសម្រេចមិនបន្តនីតិវិធីពាក់ព័ន្ធនិងសំណុំរឿងរបស់លោក ព្រមទាំងសកម្មភាពនយោបាយ និងការជួបប្រាស្រ័យជាមួយ លោក ហ៊ុន សែន ជាបន្តបន្ទាប់ ជាពិសេស ជំនួបជាលក្ខណៈនយោបាយគ្រួសារ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ បានបង្កឱ្យមានការបាត់បង់ទំនុកចិត្តទាំងស្រុងពីសំណាក់សមាជិក សមាជិកា សកម្មជន អ្នកគាំទ្រ និងពលរដ្ឋម្ចាស់ឆ្នោត ដែលធ្លាប់គាំទ្រគណបក្សសង្គ្រោះជាតិ ។
យើងខ្ញុំមានការខកចិត្តយ៉ាងខ្លាំង និងបាត់បង់ជំនឿលើការដឹកនាំរបស់ ឯ.ឧ កឹម សុខា បន្ទាប់ពីកូនស្រីច្បងរបស់លោក ដែលជាមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ បានទទួលយកតួនាទីក្នុងជួររដ្ឋាភិបាល ដឹកនាំដោយគ្រួសារលោក ហ៊ុន សែន ដែលផ្ទុយពីស្មារតីនិងឆន្ទៈនៃការតស៊ូនយោបាយរបស់អ្នកគាំទគណបក្សសង្គ្រោះជាតិ។ ទង្វើនេះ បានបន្ថែមការឈឺចាប់ ហើយធ្វើឲ្យស្មារតីនៃការតស៊ូដើម្បីយុត្តិធម៌ សេរីភាព ប្រជាធិបតេយ្យ កាន់តែរងការបែកបាក់និងខូចខាតកាន់តែធ្ងន់ធ្ងរ។ ក្នុងនាមជាអ្នកគាំទ្រស្មារតីសង្រ្គោះជាតិ យើងខ្ញុំមិនអាចបន្តរង់ចាំយុត្តិធម៌ និងសេរីភាព ក្រោមការដឹកនាំរបស់ ឯ.ឧ កឹម សុខា តទៅទៀតបានទេ។ យើងខ្ញុំត្រូវការការដឹកនាំច្បាស់លាស់ និងការតស៊ូដលសបតាមឆន្ទៈដើម របស់គណបក្សសង្គ្រោះជាតិ។ យើងខ្ញុំយល់ឃើញថា តួនាទីជាប្រធានគណបក្សសង្គ្រោះជាតិ មិនមែនជាកម្មសិទ្ធិបុគ្គលណាម្នាក់ឡើយ ប៉ុន្តែជាតួនាទីដែលត្រូវទទួលខុសត្រូវចំពោះជោគវាសនារបស់គណបក្ស ដែលជាសេចក្តីប្រាថ្នានិងបុព្វហេតុរួមរបស់ពួកយើងទាំងអស់គ្ន។ ដើម្បីរក្សានិរន្តរភាពនៃដំណើរការនយោបាយ យើងខ្ញុំគាំទ្រឱ្យមានការរៀបចំអង្គសន្និសីទមួយ ដើម្បីពិភាក្សា និងរៀបចំរចនាសម្ព័ន្ធដឹកនាំឡើងវិញ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីស្ដារជំនឿ កសាងសាមគ្គីភាព និងបន្តស្មារតីដើមគណបក្សសង្គ្រោះជាតិ។ អាស្រ័យហេតុនេះ យើងខ្ញុំសូមអំពាវនាវយ៉ាងទទូចឱ្យ ឯ.ឧ កឹម សុខា លាលែងពីតួនាទីប្រធានគណបក្សសង្គ្រោះជាតិ ជាផ្លូវការ ក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃចាប់ពីថ្ងៃប្រកាសញត្តិនេះតទៅ ។ ការលាលែងដោយស្ម័គ្រចិត្ត ជួយបញ្ចប់ភាពមិនច្បាស់លាស់ និងរក្សាបាននូវសេចក្ដីថ្លៃថ្នូរ សាមគ្គីភាពនិងស្មារតីដើមរបស់គណបក្សសង្គ្រោះជាតិ” ។
ក្រោយពីរយៈពេល ៧ (ប្រាំពីរ) ថ្ងៃ នៃឱសានវាទដែលបានកំណត់ក្នុងញត្តិស្នើសុំឱ្យលោក កឹម សុខា លាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ ដូចខាងលើនេះ បានកន្លងផុតទៅ ដោយពុំមានការឆ្លើយតបជាផ្លូវការពីលោក កឹម សុខា ក្រុមសម រង្ស៊ី ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការបញ្ចប់ការទទួលស្គាល់លោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ ដោយមានខ្លឹមសារថា “ក្រោយពីរយៈពេល ៧ (ប្រាំពីរ) ថ្ងៃ នៃឱសានវាទដែលបានកំណត់ក្នុងញត្តិ ស្នើសុំឱ្យ ឯ.ឧ កឹម សុខា លាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ បានកន្លងផុតទៅ ដោយពុំមានការឆ្លើយតបជាផ្លូវការពី ឯ.ឧ កឹម សុខា ចំពោះសំណើរបស់សមាជិក សកម្មជន និងអ្នកគាំទ្រស្មារតីគណបក្សសង្គ្រោះជាតិ យើងខ្ញុំមិនអាចបន្តអូសបន្លាយតទៅទៀតបានឡើយ ។ អាស្រ័យហេតុនេះ យើងខ្ញុំ ក្នុងនាមជាតំណាងក្រុមសមាជិក សកម្មជន និងអ្នកគាំទ្រស្មារតីគណបក្សសង្គ្រោះជាតិ សូមប្រកាសជូនសាធារណជន ប្រជាពលរដ្ឋខ្មែរ សហគមន៍ខ្មែរនៅក្រៅប្រទេស អង្គទូត និងសា្ថប័ននយោបាយអន្តរជាតិ ជ្រាបថា ឯ.ឧ កឹម សុខា បានបោះបង់តួនាទីជាប្រធាន និងជាតំណាងនៃឆន្ទៈនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដោយស្វ័យប្រវត្តិ ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ ។ យើងខ្ញុំនឹងរៀបចំបង្កើត «ក្រុមប្រឹក្សាភិបាលនៃគណបក្សសង្គ្រោះជាតិ» ដើម្បីសម្របសម្រួលការងាររៀបចំរចនាសម្ព័ន្ធ និងបង្កើតលក្ខខណ្ឌសម្រាប់ការចូលរួមពីភាគីពាក់ព័ន្ធ។ សមាសភាព តួនាទី ភារកិច្ច និងគោលការណ៍ប្រតិបត្តិរបស់ក្រុមប្រឹក្សាភិបាលអន្តរកាល នឹងត្រូវប្រកាសជូនសាធារណជនជាផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខ“ ។

ទោះបីយ៉ាងណា ប្រតិកម្មពីភាគីលោក កឹម សុខា សម្រាប់សហការី និងអ្នកការពារសិទ្ធិលោក កឹម សុខា មើលឃើញថា ការដាក់សម្ពាធលើលោក កឹម សុខា ដែលកំពុងស្ថិតក្រោមការរឹតត្បិតផ្លូវច្បាប់ និងការឃុំខ្លួនក្នុងផ្ទះ (ពីបទចោទប្រកាន់កន្លងមក) គឺជាទង្វើមិនយុត្តិធម៌។ ពួកគេយល់ថា ការបង្ខំឱ្យលោកកឹម សុខា ធ្វើសកម្មភាពនយោ បាយ ឬចេញមុខលាលែងពីបក្សដែលត្រូវបានរំលាយទៅហើយនោះ អាចនឹងធ្វើឱ្យលោករំលោភលើបម្រាមតុលាការ ឬបាត់បង់ឱកាសទទួលបានការបន្ធូរបន្ថយទោស ដែលអាចឈានទៅរកការជាប់ពន្ធនាគារវិញ ។ ស្ថានភាពនេះ ស្តែងឱ្យឃើញពីការបែកបាក់ផ្ទៃក្នុង កាន់តែខ្លាំងឡើង រវាងក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងនៅក្រៅប្រទេស និងក្រុមការងារដែលនៅការពារលោក កឹម សុខា ផ្ទាល់នៅក្នុងប្រទេស ៕ កុលបុត្រ