ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិការអន្តរជាតិ (Ministry of Foreign Affairs and International Cooperation) បានចេញសេចក្ដីប្រកាសព័ត៌មាន តវ៉ាយ៉ាងខ្លាំងចំពោះការឈ្លានពានរបស់យោធាថៃ ដែលបានបើកឧទ្ធម្ភាគចក្រ ១គ្រឿង ហោះរំលោភចូលក្នុងដែនអាកាសកម្ពុជា ចម្ងាយ៤០០ម៉ែត្រ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ។ កម្ពុជា ចាត់ទុកសកម្មភាពនេះ បំពានមាត្រា១ និងមាត្រា៣ នៃអនុ សញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ និងបំពានចំណុចទី៦ នៃសេចក្តីប្រកាសរួមកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃសុក្រ ៧រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ស្ដីពីកម្ពុជា តវ៉ាប្រឆាំងនឹងការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា មានខ្លឹមសារទាំងស្រុងថា “រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការយ៉ាងខ្លាំង ប្រឆាំងនឹងការហោះចូលដោយគ្មានការអនុញ្ញាត នៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ ចូលក្នុងដែនដីកម្ពុជា ដែលរំលោភបំពានយ៉ាងច្បាស់ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា លើច្បាប់អន្តរជាតិ និងការប្ដេជ្ញាចិត្តទ្វេភាគីដែលមានស្រាប់ រវាងប្រទេសទាំងពីរ ។
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឧទ្ធម្ភាគចក្ររបស់យោធាថៃ មួយគ្រឿង បានរំលោភចូលក្នុងដែនអាកាសកម្ពុជា ចម្ងាយ ៤០០ម៉ែត្រ នៅជិតច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។
រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ថា សកម្មភាពនេះ រំលោភលើ ៖ មាត្រា១ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ទីក្រុងឈីកាហ្គោ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤៤) ដែលបញ្ជាក់ថា រដ្ឋនីមួយៗ មានអធិបតេយ្យពេញលេញនិងផ្តាច់មុខ លើដែនអាកាស ពីលើដែនដីរបស់ខ្លួន។ មាត្រា៣ (គ) នៃអនុសញ្ញាដដែលនេះ បានហាមឃាត់យន្តហោះរបស់រដ្ឋនីមួយៗមិនឱ្យហោះហើរលើដែនដីរដ្ឋដទៃ ដោយគ្មានការអនុញ្ញាត និងចំណុចទី៦ នៃវិធានការបន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈ-កម្មាធិការព្រំដែនទូទៅ (GBC) ដែលបានចុះហត្ថលេខា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យថៃ បញ្ឈប់ជាបន្ទាន់ នូវសកម្មភាពបែបនេះ និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្ធូរបន្ថយស្ថានការណ៍ ជំរុញការទុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់ការដោះស្រាយជម្លោះ ដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងការរក្សាទំនាក់ទំនងមិត្តភាពរវាងប្រទេសជិតខាងទាំងពីរ“ ។

បន្ថែមលើសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខាងលើនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើសេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយសង្ខេបខ្លឹមសារ ជម្រាបជូនជនរួមជាតិ ជ្រាបអំពីបច្ចុប្បន្នភាពពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ និងចំណាត់ការសន្តិវិធីរបស់កម្ពុជា ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន ចំនួន ៣ព្រឹត្តិការណ៍ ដូចខាងក្រោម ៖
ទី១. ក្រសួងការពារជាតិ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីអនុព័ន្ធយោធា ចំនួន២២រូប តំណាងមកពី ១៨ប្រទេស។ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានបង្ហាញអំពីសារបាននៃការវិវត្តន៍ស្ថានការណ៍ មុនពេលប៉ះទង្គិចប្រដាប់អាវុធ តាមបណ្តោយព្រំដែន រហូតឈានទៅដល់បទឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥ និងការវិវត្តនៃសន្តិសុខនៅតាមតំបន់ព្រំដែន នាពេលបច្ចុប្បន្ន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។
ចំណែកតំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានធ្វើបទបង្ហាញអំពីសមិទ្ធផលការងារដែលបានអនុវត្តកន្លងមក ជាពិសេស ការងារបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ និងចន្លោះបង្គោលព្រំដែនលេខ៤២ ដល់លេខ៤៧ នៅអំឡុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៥ មុនការប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែន លើកទី២។ កិច្ចខិតខំប្រឹងប្រែងរបស់ភាគីកម្ពុជា ក្នុងការជំរុញឱ្យមានកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) និងស្នើឱ្យភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង ដែលជាយន្តការទ្វេភាគីដែលមានស្រាប់ រវាងកម្ពុជា-ថៃ សំដៅស្វែងរកដំណោះស្រាយជាអចិន្ត្រៃយ៍ ចំពោះបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ក៏ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់។
បន្ថែមពីលើនេះ ប្រវត្តិនិងតួនាទី និងការរួមចំណែករបស់ក្រុមអ្នកសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជា (CLG) ក៏ត្រូវបានបង្ហាញ ក្រោមស្មារតីពង្រឹងការសម្រប សម្រួលជាមួយយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងយន្តការដែលពាក់ព័ន្ធ។

ជារួម បទបង្ហាញនេះ បានផ្តល់នូវវេទិកាដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការផ្តល់ព័ត៌មានដោយផ្ទាល់ និងការផ្លាស់ប្តូរយោបល់ជាមួយក្រុមអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ជាពិសេស ពាក់ព័ន្ធនឹងយន្តការនៃការវាស់វែងព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់តម្លាភាព ការយោគយល់គ្នា និងការយល់ដឹងប្រកបដោយភាពច្បាស់លាស់ ត្រឹមត្រូវអំពីបច្ចុប្បន្នភាព និងការវិវត្តន៍នៃស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ក្រសួងការពារជាតិ បានបញ្ជាក់ជាថ្មី ជូនអនុព័ន្ធយោធាបរទេស ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិតរបស់កម្ពុជា ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុត នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងតាមបណ្តោយព្រំដែន ។
ទី២. អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជា ក៏តែងតែតវ៉ាជំទាស់យ៉ាងដាច់អហង្ការ និងជាផ្លូវការ នូវគ្រប់ការរំលោភបំពានទាំងអស់ មកលើដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ពីសំណាក់កងកម្លាំងថៃ។ ការតវ៉ានេះ មានសារៈសំខាន់ដើម្បីបញ្ជាក់ពីកិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា និងប្រឆាំងជំទាស់ជាដាច់ខាតនូវការរំលោភឈ្លានពាន។ ឯកសារតវ៉ាជាផ្លូវការនេះ ក៏មានតម្លៃគតិយុត្ត មិនអាចខ្វះបានដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងជួយរក្សាអាជ្ញាយុកាលនៃវិវាទ ឱ្យស្ថិតនៅជាធរមាន រហូតទាល់តែមានដំណោះស្រាយជាស្ថាពរ។
ទី៣. ទន្ទឹមនឹងការតវ៉ា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏តែងតែសម្របសម្រួលឱ្យអង្គទូត និងតំណាងអង្គការអន្តរជាតិ ទៅទស្សនកិច្ចដោយផ្ទាល់ នៅទីតាំងដែលកងកម្លាំងថៃ កាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ថែមទៀត។ ចំណែកក្រុមការងារសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជា ក៏តែងតែសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពពិតនៅតាមព្រំដែនកម្ពុជា-ថៃ ជាញឹកញាប់ដែរ។ ពួកគេតែងតែជាសាក្សីផ្ទាល់ភ្នែក ដ៏សំខាន់ ចំពោះអ្វីដែលបានកើតឡើង។
តាមរយៈការងារទាំង៣ ខាងលើនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ទាំងនេះ សបញ្ជាក់យ៉ាងច្បាស់ពីការងារការទូតយ៉ាងសកម្ម រស់រវើកនិងឥតឈប់ឈរ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ។
គួរបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិដូង (ហៅម្យ៉ាងទៀតថា ច្រកឡែម) ដែលយោធាថៃ ហោះឧទ្ធម្ភាគចក្រចូលជ្រៅដល់ជិត ៤០០ម៉ែត្រ គឺជាច្រកទ្វារព្រំដែនអន្តរជាតិ ដ៏សំខាន់មួយរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ច្រកនេះ ស្ថិតនៅក្នុង ស្រុកកំរៀង ខេត្តបាត់ដំបង ប្រទេសកម្ពុជា ទល់មុខនឹងទឹកដីនៃប្រទេសថៃ ដែលជាតំបន់តភ្ជាប់ការធ្វើដំណើរ និងសេដ្ឋកិច្ចខេត្តជាប់ព្រំដែន។
តួនាទីនិងសកម្មភាពកន្លងមក ច្រកដូង ជាច្រកយុទ្ធសាស្ត្រសម្រាប់ការនាំចេញ-នាំចូលទំនិញ និងផលកសិកម្មរវាងខេត្តបាត់ដំបង និងប្រទេសថៃ។ ជាកន្លែងឆ្លងកាត់ដ៏មានសារៈសំខាន់ សម្រាប់បងប្អូនពលករខ្មែរ ក្នុងការចេញ-ចូល ឬវិលត្រឡប់មកស្រុកកំណើតវិញ។ ក្នុងកាលៈទេសៈខ្លះ ទីតាំងនេះ ត្រូវបានសម្រួលជាច្រកឆ្លងកាត់ដោយថ្មើរជើង សម្រាប់ករណីអ្នកជំងឺសង្គ្រោះបន្ទាន់ ឬកុមារ ជាសិស្សសាលា ធ្វើដំណើរចេញចូលរៀនសូត្រ។
ទោះយ៉ាងណា ក្រោយមានសង្រ្គាមឈ្លានពានពីសំណាក់ភាគីថៃ ហើយភាគីថៃ បានបិទច្រកទ្វារអន្តរជាតិរបស់ខ្លួន ជាឯកតោភាគីនោះ ច្រកទ្វារអន្តរជាតិដូង ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ប្រកាសបិទទាំងស្រុង កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ បន្ទាប់ពីមានការកើនឡើងនូវភាពតានតឹង និងការប្រឈមមុខដាក់គ្នារវាងកងទ័ពនៃប្រទេសទាំងពីរ នៅតាមខ្សែបន្ទាត់ព្រំដែន។
មិនត្រឹមតែច្រកដូង មួយទេ ដោយសារតែស្ថានភាពបានបន្តវិវត្តកាន់តែតានតឹង រហូតដល់មានការផ្ទុះអាវុធ និងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅចុងឆ្នាំ២០២៥ រាជរដ្ឋាភិ បាលកម្ពុជា ក៏បានសម្រេចផ្អាករាល់ការធ្វើដំណើរចេញ-ចូលតាមច្រកព្រំដែនដីគោកទាំងអស់ ជាមួយប្រទេសថៃ ជាបណ្តោះអាសន្ន រួមទាំងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ផងដែរ។

ចំពោះការហោះឧទ្ធម្ភាគចក្រយោធាថៃ រំលោភចូលដែនអធិបតេយ្យកម្ពុជា នៅជិតច្រកដូង ពុំទាន់មាការបកស្រាយណាមួយពីភាគីថៃ ជុំវិញបំណងនៃការហោះហើរនេះនៅឡើយទេ តែយ៉ាងណា យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ របស់ក្រសួងការបរទេសកម្ពុជា ដូចខាងលើ ព្រឹត្តិការណ៍នេះ ត្រូវបានកត់ត្រាទុកជាការហោះចូលដោយគ្មានការអនុញ្ញាត និងជារំលោភបំពានយ៉ាងធ្ងន់ធ្ងរលើដែនអធិបតេយ្យកម្ពុជា។ ក្នុងនោះ អង្គហេតុសំខាន់ៗ បង្ហាញថា ឧទ្ធម្ភាគចក្រយោធាថៃ បានហោះចូលដែនអាកាសកម្ពុជា ចម្ងាយប្រហែល ៤០០ ម៉ែត្រ នៅជិតច្រកដូង ខេត្តបាត់ដំបង ដែលកម្ពុជា ចាត់ទុកជាការរំលោភបំពានលើអនុសញ្ញាឈីកាហ្គោ និងកិច្ចព្រមព្រៀង GBC។ ដូច្នេះទើបបានជាកម្ពុជា ចេញលិខិតតវ៉ាផ្លូវការ ទាមទារឱ្យថៃ បញ្ឈប់សកម្មភាពដ៏គឃ្លើននេះ និងគោរពច្បាប់ ឲ្យសមជាប្រជាជាតិថ្លៃថ្នូរ ៕