Homeចរាចរណ៍បើកឡានដេក បុកបង្កាន់ដៃស្ពាន ដាំក្បាលចូលព្រែក

បើកឡានដេក បុកបង្កាន់ដៃស្ពាន ដាំក្បាលចូលព្រែក

ខេត្តស្វាយរៀងៈ រថយន្តធុនធំ ១គ្រឿង បើកបរក្នុងល្បឿនលឿន នៅតំបន់ទីប្រជុំជន រេចង្កូតទៅបុកបង្កាន់ដៃស្ពានប្រសូតិ ពេញទំហឹង បណ្តាលឱ្យបាក់បង្កាន់ដៃស្ពាន ហើយធ្លាក់ក្បាលរថយន្តទៅក្នុងព្រែក កៀបជាប់ទ្រុងនៅលើស្ពានមួយកំណាត់ សំណាងល្អ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរផ្សេងទៀតឡើយ ខណៈអ្នកបើកបររថយន្ត រងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ចំណុចស្ពានប្រសូតិ ស្ថិតក្នុងភូមិសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំ ១គ្រឿង ប្រភេទវ៉េអង ពាក់ស្លាកលេខ 4A-1841 បើកបរពីទិសខាងកើត ទៅលិច ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ពាក់កណ្តាលស្ពានប្រសូតិ រថយន្តបានរេចង្កូតមកខាងស្តាំដៃ រួចបុកបុកបង្កាន់ដៃស្ពានតែម្តង។

អ្នកបើកបររថយន្ត បានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបគេងងុយដេក ហើយបានងោកមួយភាំង ទើបរេចង្កូតទៅបុកបង្កាន់ដៃស្ពានបែបនេះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានទំនាក់ទំនងហៅរថយន្តស្ទូច មកស្ទូចរថយន្តបង្កហេតុ ចេញពីលើស្ពាន ដើម្បីសម្រួលចរាចរណ៍ឱ្យដំណើរឡើងវិញ ព្រមទាំងនាំយករថយន្ត ទៅដោះស្រាយតាមនីតិវិធី។

សមត្ថកិច្ច បានធ្វើការសន្និដ្ឋានថា មូលហេតុនៃគ្រោះថ្នាក់នេះ គឺបណ្តាលមកពីការបើកបរក្នុងល្បឿនលឿន នៅតំបន់ទីប្រជុំជន និងខ្វះការប្រុងប្រយ័ត្ន៕

RELATED ARTICLES