Homeទេសចរណ៍រមណីយដ្ឋានប្រាសាទកោះកេរ ខួប៣ឆ្នាំ ចុះបញ្ជីបេតិកភណ្ឌពិភពលោក

រមណីយដ្ឋានប្រាសាទកោះកេរ ខួប៣ឆ្នាំ ចុះបញ្ជីបេតិកភណ្ឌពិភពលោក

ខេត្តព្រះវិហារ ៖ ក្នុងឱកាសខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិខ្មែរ គូសបញ្ជាក់សាជាថ្មី អំពីសារៈសំខាន់នៃការចូលរួមរបស់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេស អាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវសហការបំពេញបេសកកម្មការងារគ្រប់គ្រងនិងអភិរក្ស ឱ្យបានហ្មត់ចត់ នូវប្រាង្គប្រាសាទ បុរាណដ្ឋាន ប្រពៃណី ទំនៀមទម្លាប់ប្រជាជន ដីធ្លី ព្រៃឈើនិងសត្វព្រៃ ស្របតាមគោលការណ៍ប្រតិបត្តិរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។

ជាមួយគ្នានេះផងដែរ សម្ដេចនាយករដ្ឋមន្រ្តី អំពាវនាវដល់គ្រប់បណ្ដាញព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ឱ្យបានទូលំទូលាយនិងអធិកអធម ដើម្បីអបអរសាទរខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក៏ដូចជាបន្តជំរុញសក្តានុពលទេស ចរណ៍ក្នុងតំបន់ ដោយផ្សារភ្ជាប់ជាមួយនឹងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកនានា ដូចជារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក រមណីយដ្ឋានអង្គរ រមណីយដ្ឋានប្រាសា ទព្រះវិហារ និងតំបន់ទេសចរណ៍វប្បធម៌និងធម្មជាតិផ្សេងទៀត។

សារលិខិតរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះករ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

 – សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ!

  -សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកសី!

    -បងប្អូនជនរួមជាតិទាំងអស់ ជាទីស្រលាញ់រាប់អាន!

 ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមផ្ញើសារលិខិតសម្តែងនូវសេចក្តIសោមនស្សរីករាយ និងទឹកចិត្តដ៏រំភើបឥតឧបមា ចូលរួមអបអរសាទរជាមួយសម្ដេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសខួប៣ឆ្នាំ នៃការចុះ «រមណីយដ្ឋានប្រា សាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ តាមរយៈសេចក្តីសម្រេចលេខ 45 COM BB.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

ការសម្រេចទទួលស្គាល់អតីតរាជធានីកោះកេរ កសាងដោយព្រះបាទជយវរ្ម័នទី៤ ក្នុងសម័យអង្គរ ដ៏រុងរឿងបំផុត នៃអាណាចក្រខ្មែរ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រូបបដិមា សិលាចារឹក ចំណេះដឹងផ្នែករៀបចំក្រុង និងប្រព័ន្ធធារាសាស្ត្របុរាណ បានបង្ហាញពីកិត្យានុភាពវប្បធម៌ដ៏ខ្ពស់ត្រដែតរបស់ជាតិយើង ក្នុងឆាកអន្តរជាតិ ដែលកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយវីរភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបង្រួបបង្រួមជាតិ និងនាំមកជូនប្រជាជនកម្ពុជា នូវភាពសុខដុមរមនា សម្រាប់ជាមូលដ្ឋានក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ រួមទាំងការអភិរក្ស អភិវឌ្ឍនូវសម្បត្តិបេតិកភណ្ឌវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិខ្មែរ ដែលជាកេរដំណែលដ៏ឧត្តុង្គឧត្តម មិនអាចកាត់ថ្លៃបាន របស់បុព្វបុរសយើង បន្សល់ទុកជូនអ្នកជំនាន់ក្រោយ។

ខ្ញុំសូមយកឱកាសនេះ ធ្វើការកោតសរសើរដោយស្មោះ និងមូលវិចារដ៏ថ្លៃថ្លា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អ្នកជំនាញជាតិនិងអន្តរជាតិ ដៃគូអន្តរជាតិ និងឥស្សរជនទាំងឡាយ ដែលបានខិតខំព្យាយាមលះបង់ទាំងកម្លាំងកាយ ប្រាជ្ញានិងស្មារតី ប្រកបដោយភាពប៉ិនប្រសប់និងវិជ្ជាជីវៈខ្ពស់ ពុះពារជម្នះគ្រប់ការលំបាក រហូតសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ក្នុងរយៈពេល ៣ឆ្នាំកន្លងទៅ មានជាអាទិ៍ ការអភិរក្សនិងជួសជុលប្រាសាទបល្ល័ង្កជើង ប្រាសាទប្រាំ ប្រាសាទក្រហម ប្រាសាទគោកគ្រង ប្រាសាទក្រចាប់ និងការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា ជាតិពន្ធុវិទ្យា ស្ថាបត្យកម្ម និងអេកូឡូស៊ីសំខាន់ៗជាច្រើនទៀត ដើម្បីយល់ដឹងបន្ថែមទៀតអំពីប្រវត្តិសាស្ត្រដ៏អស្ចារ្យ នាសម័យនោះ។

 ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគូសបញ្ជាក់សាជាថ្មី អំពីសារៈសំខាន់នៃការចូលរួមរបស់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេស អាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវសហការបំពេញបេសកកម្មការងារគ្រប់គ្រងនិងអភិរក្ស ឱ្យបានហ្មត់ចត់ នូវប្រាង្គប្រាសាទ បុរាណដ្ឋាន ប្រពៃណីទំនៀមទម្លាប់ ប្រជាជន ដីធ្លី ព្រៃឈើនិងសត្វព្រៃ ស្របតាមគោលការណ៍ប្រតិបត្តិរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ ប្រជាជនគ្រប់រូប មានភាពជាម្ចាស់ស្មើៗគ្នា ចំពោះសម្បត្តិវប្បធម៌និងសម្បត្តិធម្មជាតិទាំងអស់ និងមានកាតព្វកិច្ចដូចៗគ្នាក្នុងការជួយថែរក្សា ការពារ និងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេរ របស់យើង សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពប្រជាជន ក៏ដូចជាពង្រឹងអត្តសញ្ញាណជាតិរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

ខ្ញុំសូមអំពាវនាវដល់គ្រប់បណ្ដាញព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ឱ្យបានទូលំទូលាយនិងអធិកអធម ដើម្បីអបអរសាទរ «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក៏ដូចជាបន្តជំរុញសក្តានុពលទេសចរណ៍ក្នុងតំបន់ ដោយផ្សារភ្ជាប់ជា មួយនឹងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកនានា ដូចជារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក រមណីយដ្ឋានអង្គរ រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ទេសចរណ៍វប្បធម៌និងធម្មជាតិផ្សេងទៀត។

 សូមសម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ ទ្រង់បានប្រកបនិងសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ… ។

 គួរបញ្ជាក់ថា ប្រាសាទកោះកេរ គឺជាទីតាំងបុរាណវត្ថុដែលដាច់ស្រយាលមួយ នៅភាគខាងជើង នៅខេត្តព្រះវិហារ នៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីខេត្តសៀមរាប និងរមណីយដ្ឋានអង្គរ។ ជាតំបន់ពោលពេញទៅដោយព្រៃ ជាច្រើនអនេកដែលមានប្រជាជន រស់នៅតិចតួច។ ជម្រកជាង១៨០ ត្រូវបានរកឃើញនៅក្នុងតំបន់ការពារដែលមានផ្ទៃដី ៨១គីឡូម៉ែត្រការ៉េ ។

ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជយវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរ តាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ពីដើមឈ្មោះ (ឆោកគគ៌្យរ) ឬផៃ្ទដីគោកគគីរ នៃអតីតរាជធានីលិង្គបុរៈ សព្វថៃ្ងហៅថា “អតីតរាជធានីកោះកេរ” មានទំហំផៃ្ទដី ១៦X១៦គីឡូម៉ែត្រ រួមមាន ៩៨ប្រាសាទ។ ប្រាសាទនេះ មាន៧ជាន់ មានកម្ពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសម្រាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។ កោះកេរ ជាឈ្មោះទំនើប សម្រាប់ទីក្រុងដ៏សំខាន់មួយរបស់អាណាចក្រខ្មែរ។ នៅក្នុងសិលាចារឹក ទីក្រុងនេះ ត្រូវបានរៀបរាប់ថាជា លិង្គបុរៈ ឬឆោកគគ៌្យរ ។ កោះកេរ ឬឆោកគគ៌្យរ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ឆោកគគ៌្យរ ជាពាក្យខ្មែរបុរាណ បើនិយាយតាមសព្វថ្ងៃ គឺបឹងគគីរ ឬស្រះគគីរ។ ពាក្យឆោកគគ៌្យរ នេះហើយ ដែលក្លាយមកជាពាក្យ “កោះកេរ” ។

រមណីយដ្ឋានកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំ លើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

 ការសម្រេចដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ (អតីតរាជធានីលិង្គបុរៈ ឬឆោកគគ៌្យរ) ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គឺផ្អែកទៅលើតម្លៃលេចធ្លោជាសកល តាមរយៈការឆ្លងកាត់ការវាយតម្លៃយ៉ាងហ្មត់ចត់លើលក្ខណៈវិនិច្ឆ័យវប្បធម៌សំខាន់ៗចំនួន២ គឺ ៖

១. លក្ខណៈវិនិច្ឆ័យទី២ ៖ ការឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរតម្លៃមនុស្សជាតិ តាមរយៈការផ្សារភ្ជាប់វប្បធម៌ ពោលគឺតំបន់ប្រាសាទកោះកេរ បង្ហាញពីការរួមបញ្ចូលគ្នាយ៉ាងល្អឯក រវាងនិមិត្តរូបសាសនាឥណ្ឌា (ព្រហ្មញ្ញសាសនា) និងតម្លៃវប្បធម៌ ព្រមទាំងប្រពៃណីក្នុងស្រុករបស់ខ្មែរ។ ជាមួយនេះ ឥទ្ធិពលសិល្បៈ ការបង្កើតឡើងនូវ «រចនាបទកោះកេរ» ក្នុងសតវត្សរ៍ទី១០ ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លា និងយូរអង្វែងទៅលើការអភិវឌ្ឍស្ថាបត្យកម្ម វិស្វកម្ម និងសិល្បៈ ទូទាំងចក្រភពខ្មែរ ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ក្នុងសម័យកាលបន្ទាប់មកទៀត។

២. លក្ខណៈវិនិច្ឆ័យទី៤ ៖ គំរូស្ថាបត្យកម្ម និងតំបន់នគរូបនីយកម្មដ៏វិសេសវិសាល ប្រាសាទកោះកេរ ជាគំរូដើមនៃការរៀបចំទម្រង់នគរូបនីយកម្មថ្មីមួយ ដែលលេចធ្លោ ដោយសំណង់ខ្នាតធំៗ តាមរយៈការប្រើប្រាស់ដុំថ្មភក់ monolithic យក្ស និងការឆ្លាក់រូបចម្លាក់ទំហំធំៗ ដែលមិនធ្លាប់មានពីមុនមក។ សំណង់នៅទីនោះ បានចាប់ផ្តើមយុគសម័យថ្មី នៃការកសាងប្រាសាទពីថ្មភក់ និងជាប្រភពនៃការបំផុសគំនិតក្នុងការកសាងមហាប្រាសាទនានា នៅតំបន់អង្គរ ក្នុងសតវត្សរ៍បន្តបន្ទាប់។

 ក្រៅពីការវាយតម្លៃ លក្ខណៈវិនិច្ឆ័យខាងលើ ក៏មានកត្តារួមផ្សំបន្ថែមទៀត ដែលធ្វើឱ្យកោះកេរ គ្រប់លក្ខខណ្ឌដែលក្នុងនោះ ការរៀបចំក្រុងបុរាណនេះ មានការគ្រប ដណ្តប់ដោយប្រព័ន្ធគ្រប់គ្រងទឹក បារាយណ៍ ទំនប់ ផ្លូវថ្នល់ និងស្ថាបត្យកម្មស៊ីវិល ដែលបង្ហាញពីគម្រោងអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចយ៉ាងរៀបរយក្នុងសម័យកាលនោះ។ ទីតាំងបុរាណវិទ្យាទាំងមូល (ទំហំជាង ៨៧០០ហិកតារ) នៅតែរក្សាបាននូវរូបរាង ស្ថាបត្យកម្ម និងសំណល់បុរាណវត្ថុពិតប្រាកដក្នុងព្រៃធម្មជាតិ ដោយមិនមានការបំផ្លិចបំផ្លាញ ឬកែប្រែខុសទម្រង់ដើមឡើយ។ រហូតមកដល់បច្ចុប្បន្ន ប្រាសាទកោះកេរ នៅតែជាទីតាំងពិសិដ្ឋ ដែលមានប្រជាពលរដ្ឋមូលដ្ឋានគោរពបូជា និងរៀបចំពិធីបុណ្យប្រពៃណីផ្សេងៗជាប្រចាំ ។

 ជារៀងរាល់ឆ្នាំ ក្នុងឱកាស «ខួបនៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (ថ្ងៃទី១៧ ខែកញ្ញា) ប្រជាជនកម្ពុជា ទាំងនៅក្នុងស្រុក និងក្រៅប្រទេស ព្រមទាំងស្ថាប័នរដ្ឋ និងឯកជន តែងតែរៀបចំ និងចូលរួមសកម្មភាពអបអរសាទរយ៉ាងអធិកអធម និងផុសផុលជាច្រើន ដែលមានដូចជា អាជ្ញាធរជាតិព្រះវិហារ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) តែងតែរៀបចំ «ព្រឹត្តិការណ៍រត់ប្រណាំងដើម្បីអបអរសាទរ» (Run to Celebrate) នៅទីតាំងផ្ទាល់នៃតំបន់រមណីយដ្ឋានប្រាសាទកោះកេរ  ដើម្បីកៀងគរមហាជន ឱ្យចូលរួមអបអរ ដើរលេងកម្សាន្ត និងស្វែងយល់ពីប្រវត្តិសាស្ត្រ។ ប្រជាពលរដ្ឋរាប់លាននាក់ នាំគ្នាផ្លាស់ប្តូររូបភាព Profile ឬចែករំលែក (Share) នូវរូបភាពប្រាសាទកោះកេរ នៅបណ្ដាញសង្គម ជាមួយនឹងពាក្យស្លោករួមគ្នាថា «កិច្ចការពារសម្បត្តិវប្បធម៌ជាតិ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗគ្នា» ដើម្បីបង្ហាញពីមោទនភាពជាតិ និងស្មារតីសាមគ្គីភាព។

មិនតែប៉ុណ្ណោះ ក្រៅពីមានការកើនឡើងនូវលំហូរភ្ញៀវទេសចរជាតិ ដែលធ្វើដំណើរទៅកាន់ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីទស្សនាទម្រង់ស្ថាបត្យកម្មដ៏អស្ចារ្យ និងធ្វើការបន់ស្រន់សុំសេចក្តីសុខនៅទីសក្ការៈបូជា ដ៏ពិសិដ្ឋនោះ នៅទីតាំងប្រាសាទផ្ទាល់ តែងមានការរៀបចំពិធីសាសនាបែបប្រពៃណី និងមានការសម្តែងរបាំបុរាណផ្សេងៗផងដែរ ដើម្បីជាការដឹងគុណដល់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកមរតកដ៏វិសេសវិសាលនេះ។ ចំណែកនៅតាមសាលារៀន ស្ថាប័នរដ្ឋ និងឯកជន តែងតែរៀបចំការផ្សព្វផ្សាយឡើងវិញនូវប្រវត្តិសាស្ត្រនៃការកសាង ការទាមទារត្រឡប់មកវិញនូវវត្ថុបុរាណដែលបានបាត់បង់ និងកិច្ចខិតខំប្រឹងប្រែងការពារអភិរក្សតំបន់បេតិកភណ្ឌមួយនេះ៕ 

RELATED ARTICLES