ខេត្តព្រះសីហនុៈ នាវាហ្វឹកហ្វឺន Perekop នៃកងទ័ពជើងទឹកតំបន់បាល់ទិក (Baltic Fleet) របស់សហព័ន្ធរុស្ស៊ី បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ របស់ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

នេះគឺជាការចូលចត ជាលើកទី២ របស់នាវាហ្វឹកហ្វឺន Perekop នៅកម្ពុជា បន្ទាប់ពីនាវានេះធ្លាប់បានធ្វើទស្សនកិច្ចផ្លូវការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ម្តងរួចមកហើយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

ការចូលចតជាថ្មី របស់នាវាយោធារុស្ស៊ី នៅកម្ពុជា គឺបានបង្ហាញអំពីការពង្រឹងទំនាក់ទំនងយ៉ាងល្អរវាងកងទ័ពកម្ពុជា និងកងទ័ពសហព័ន្ធរុស្ស៊ី។ ប្រតិភូនាវា នឹងបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ។

ការចូលចតរបស់នាវា PEREKOP កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការទទួលស្វាគមន៍ពីសំណាក់លោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថ ភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយមន្ត្រីយោធាជាន់ខ្ពស់របស់កម្ពុជា ផងដែរ។

នាវា PEREKOP មកកម្ពុជា លើកនេះ មានមនុស្សសរុប ចំនួន៣១៦នាក់ ក្នុងនោះ នាវិក ចំនួន១៤៥នាក់ និងសិស្សទាហាន ចំនួន ១៧១នាក់។ បើមិនមានអ្វីប្រែប្រួលទេ ប្រតិភូមេបញ្ជាការនាវារុស្ស៊ី នឹងមានជំនួបសម្តែងការគួរសមជាមួយលោកលូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះ សីហនុ លោកម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងបំពេញទស្សនកិច្ចនៅតំបន់មួយចំនួនទៀត ក្នុងខេត្តព្រះសីហនុ។

នាវា PEREKOP នឹងចាកចេញពីប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦៕





