Homeកីឡាជាតិកម្ពុជា ត្រូវបានលើកតម្កើងជាស្ដេចបាល់ទះ ប្រចាំតំបន់

កម្ពុជា ត្រូវបានលើកតម្កើងជាស្ដេចបាល់ទះ ប្រចាំតំបន់

ភ្នំពេញ ៖ ការវិវឌ្ឍដ៏ខ្លាំងក្លារបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ផ្នែកបុរស ក្លាយជាជើងឯកពានរង្វាន់អាស៊ីអាគ្នេយ៍ (SEA V.Cup ប្ដូរមកពីឈ្មោះ SEA V.League) លើកទី៦ ឆ្នាំ២០២៦ (ជើងទី១) នៅប្រទេសហ្វីលីពីន តាមរយៈការផ្ដួលក្រុមខ្លាំងៗប្រចាំតំបន់ ដូចជា ថៃ និងឥណ្ឌូនេស៊ី បាននិងកំពុងផ្ទុះការកោតសរសើរជាខ្លាំង ពីមហាជន ទាំងក្នុងនិងក្រៅប្រទេស រហូតមានប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រអន្ដរជាតិ បានលើកតម្កើងកម្ពុជា ជា «ស្ដេចបាល់ទះថ្មី» ប្រចាំតំបន់ទៀតផង។

ទោះបីជាយ៉ាងណា សហព័ន្ធកីឡាបាល់ទះកម្ពុជា ពុំមានអំនួតដូចអ្វីដែលមហាជនអន្តរជាតិ បានលើកឡើងនោះឡើយ ផ្ទុយទៅវិញ ក្រុមជម្រើសជាតិកម្ពុជា នៅតែរក្សាឥរិយាបថដាក់ខ្លួន គោរពគូប្រកួត និងបន្ដការខំប្រឹងហ្វឹកហាត់ ពង្រឹងសមត្ថភាពជានិច្ច ដើម្បីធានានិរន្ដរភាពនៃភាពខ្លាំង និងកាន់តែល្បីល្បាញ នាថ្ងៃអនាគត។

លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាប្រធានប្រតិភូដឹកនាំ ដែលកំពុងបន្ដដំណើរទៅប្រទេសឥណ្ឌូនេស៊ី ត្រៀមការប្រកួតជើងទី១ នៅព្រឹកថ្ងៃទី២០ឃែកក្កដា ឆ្នាំ២០២៦ បានរំឫកជាថ្មី ពីអតីតកាលក្នុងវិញ្ញាសាបាល់ទះ ដោយវិស័យបាល់ទះកម្ពុជា ពីមុន មិនស្ថិតក្នុងកែវភ្នែករបស់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន នោះទេ ប៉ុន្ដែក្រោយការធ្វើកំណែទម្រង់របស់សហព័ន្ធ រយៈពេល ៥ឆ្នាំចុងក្រោយ វិស័យបាល់ទះកម្ពុជាបានប្រែមុខមាត់ថ្មី ទាំងក្នុងនិងក្រៅប្រទេស តាមរយៈការសម្រេចបាននូវលទ្ធផលល្អៗ ជាបន្ដបន្ទាប់។ ជាក់ស្ដែង ការឈ្នះមេដាយស៊ីហ្គេម ២លើក ជាប់គ្នា មុនបន្ដឈ្នះជើងឯក SEA V.Cup នាពេលថ្មីៗនេះ។

លោកបណ្ឌិត ថ្លែងថា ក្រោយកំណែទម្រង់របស់សហព័ន្ធ កាលឈ្នះមេដាយសំរឹទ្ធស៊ីហ្គេម លើកទី៣១ នៅវៀតណាម ប្រហែលគេគិតថា គ្រាន់តែជាសំណាង តែក្រោយការខំប្រឹងបន្ដ រហូតឈ្នះមេដាយប្រាក់ ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បានធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់ ចាប់ផ្ដើមខ្លាចរអាកម្ពុជា បន្ដិច ដោយផ្លាស់ប្ដូរការគិត កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីតដៃ និងបង្អាក់ដំណើរឆ្ពោះទៅប្រជែងជើងឯករបស់បណ្ដាក្រុមខ្លាំងៗក្នុងតំបន់ មុនចំណាយពេល ២រដូវកាល ដើម្បីសម្រេចគោលដៅប្រជែងពាន SEA V.Cup ឆ្នាំនេះ។

លោកបណ្ឌិត អាំង សេរីពិសិដ្ឋ បានមានប្រសាសន៍ថា «ឆ្នាំ២០២៦ នេះ យើងទើបបានចូលលេង SEA V.League ២ដងទេ បន្ទាប់ពីការចូលរួមលើកទី១ យើងចាប់ផ្ដើមពីសេរ៉ូ តែយើងមិនបានបោះបង់ក្ដីស្រមៃ នោះទេ យើងមានសុបិន និងគោលដៅរួមគ្នា គឺធ្វើម៉េច ជ្រោងទង់ជាតិកម្ពុជា ឲ្យខ្ពស់មុខខ្ពស់មាត់លើឆាកអន្ដរជាតិ តាមរយៈវិស័យបាល់ទះកម្ពុជា។ បច្ចុប្បន្ននេះ យើងមិនមានអំនួតថា យើងខ្លាំងទេ ប៉ុន្ដែយើងទុកឲ្យបណ្ដាសារព័ត៌មានបរទេស ក៏ដូចជាបងប្អូនតាមបណ្ដាប្រទេសផ្សេងៗ លោកវាយតម្លៃវិញ។ ជាក់ស្ដែង នៅការប្រកួតនៅ Candon City យើងឃើញថា មានសារព័ត៌មានអន្ដរជាតិ គេបានលើកតម្កើងពីបាល់ទះកម្ពុជាយើង គឺខ្លាំង ហើយចាត់ទុក យើងជាស្ដេចបាល់ទះ នៅក្នុងតំបន់ហើយ តែយើងមិនមានអំនួត ដូចអ្វីដែលបានលើកទេ ផ្ទុយទៅវិញ មានតែការខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីធ្វើឲ្យនិរន្ដរភាពបាល់ទះរបស់យើង កាន់តែល្បីរន្ទឺសុសសាយ តទៅមុខថែមទៀត»។

គួរបញ្ជាក់ថា ក្រុមបាល់ទះបុរស ជម្រើសជាតិកម្ពុជា ដឹកនាំដោយលោក នៅ សាម៉េត ជាគ្រូបង្វឹក ទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ បន្ទាប់ពីវាយទម្លាក់ក្រុមជម្រើសជាតិថៃ ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃទី១៨ ខែកក្កដា និងបន្តយកឈ្នះក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ៣-២ នៅថ្ងៃទី១៩ ខែកក្កដា ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦ នៅប្រទេសហ្វីលីពីន ក្លាយជាជើងឯកពានរង្វាន់ SEA V.Cup 2026 (ជើងទី១) ។

ក្រោយបើកទំព័រប្រវត្តិសាស្ដ្រថ្មី ដោយប្រែក្លាយពីក្រុមមិនស្ថិតក្នុងកែវភ្នែករបស់បណ្ដាប្រទេសក្នុងតំបន់ ក្លាយជាជើងឯកពានរង្វាន់ SEA V.Cup 2026 (ជើងទី១) ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នៅបន្ដបេសកកម្មការប្រកួតជើងទី២ នៅប្រទេសឥណ្ឌូនេស៊ី វិញម្ដង ដែលការប្រកួត នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ខែកក្កដា ខាងមុខ។

ជាមួយជោគជ័យដ៏ត្រចះត្រចង់ របស់ក្រុមបាល់ទះបុរស ជម្រើសជាតិកម្ពុជា នេះ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ថា «ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅដល់ ជ័យជម្នះនេះ គឺជាមោទនភាពរបស់ប្រជាជនកម្ពុជា ទាំងមូល។ ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែង ស្មារតីសាមគ្គី និងការលះបង់របស់ក្រុមជម្រើសជាតិកម្ពុជា ដែលបាននាំយកកិត្តិយសដ៏ធំធេង ជូនជាតិមាតុភូមិ»។ ដោយឡែក សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ថា «អបអរសាទរ ក្រុមបាល់ទះបុរស ជម្រើសជាតិកម្ពុជា ដែលទទួលបានមេដាយមាស ដោយយកឈ្នះក្រុមបាល់ទះបុរស ជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦ ជើងទីមួយ ដោយលទ្ធផល ៣-២សិត, ប្រទេសហ្វីលីពីន ថ្ងៃទី១៩ កក្កដា ២០២៦»៕ ខៀវទុំ

RELATED ARTICLES