Monday, April 20, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចឡាននៅភ្នំពេញ ជាប់ខ្នោះនៅក្រចេះ

លួចឡាននៅភ្នំពេញ ជាប់ខ្នោះនៅក្រចេះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចរថយន្ត ១គ្រឿងបានសម្រេច រួចបើកគេចខ្លួនចេញពីរាជធានីភ្នំពេញ អស់រយៈពេលជិត ១សប្តាហ៍ ត្រូវបានសមត្ថកិច្ចជំនាញសហការស្រាវជ្រាវឃាត់ខ្លួនបាន នៅក្នុងភូមិ សាស្ត្រស្រុកឆ្លូង ខេត្តក្រចេះ។

ករណីលួចរថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះលេខ 32AE0 ផ្លូវលេខ១១០ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ។ រហូតមកដល់វេលាម៉ោង ៩យប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចជំនាញធ្វើការស្រាវ ជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិកណ្តាល ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ​មាស សំណាក់ ហៅណាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំពោះវត្ថុតាងចាប់យក រថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ប្រផេះ ស៊េរីឆ្នាំ២០០៧ គ្មានស្លាកលេខ មានលេខម៉ាស៊ីន 1NZ4337956 និងលេខត YJTDKB20U073214450 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ ថុល រ៉ាឌី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះលេខ 32AE0 ផ្លូវលេខ១១០ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ៩យប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះមាស សំណាក់ ហៅណាក់ នៅចំណុចភូមិកណ្តាល ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ពីបទលួចរថយន្តម៉ាកតូយ៉ូតា​ ព្រូស ដែលបានប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ 32AE0 ផ្លូវលេខ១១០ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាក សួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES