Monday, April 20, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់ប្លន់ម៉ូតូថ្ងៃចូលឆ្នាំ ជាប់ខ្នោះ៤

កាប់ប្លន់ម៉ូតូថ្ងៃចូលឆ្នាំ ជាប់ខ្នោះ៤

ខេត្តស្វាយរៀង ៖ ក្មេងទំនើងឈាមរាវ ១ក្រុម បានធ្វើសីកម្មភាពកាប់ប្លន់ម៉ូតូអ្នកធ្វើដំណើរតាមដងផ្លូវ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី បានសម្រេច រួចនាំគ្នាជិះគេចខ្លួនបាត់ លុះ ១ថ្ងៃក្រោយមក ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបាន ចំនួន៤នាក់ នាំយកទៅចាត់ការតាមច្បាប់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋថា មានក្មេងទំនើង ១ក្រុម មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូ ១គ្រឿង រួចនាំគ្នាជិះគេចខ្លួនបាត់។

ប្រភពដដែល បន្តថា ក្រោយពីទទួលបានព័ត៌មានករណីខាងលើនេះ រួចមក ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ ព្រមទាំងដកហូតវត្ថុតាង ម៉ូតូ ចំនួន៣គ្រឿង (ម៉ូតូធ្វើសកម្មភាព ២គ្រឿង និងម៉ូតូជនរងគ្រោះ ១គ្រឿង) និងកាំបិត ចំនួន៣ដើម។

ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី  និងត្រូវបានលោកចៅក្រមស៊ើបសួរ ចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ដាក់ពន្ធនាគារខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦៕

RELATED ARTICLES