Tuesday, April 7, 2026
Homeព័ត៌មានជាតិពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសល ជូនវីរកងទ័ពពលីក្នុងបុព្វហេតុការពារទឹកដី

ពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសល ជូនវីរកងទ័ពពលីក្នុងបុព្វហេតុការពារទឹកដី

ខេត្តកំពង់ធំ ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់ នៅពេលដ៏ខ្លីខាងមុខនេះ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកករងកំពង់ធំ យោធភូមិភាគទី៤ បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ រាប់បាត្រ បង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធ ជនដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ទប់ស្កាត់ការឈ្លានពានដ៏ឃោរឃៅព្រៃផ្សៃ ពីពួក ទាហានសៀម (ថៃ) នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កាលពីពេលថ្មីៗកន្លងទៅនេះ  ។

ពិធីនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ និងលោកស្រី នួន វិធាវី  ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានអញ្ជើញចូលរួមយ៉ាង ច្រើនកុះករផងដែរ ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ជានិច្ចកាល ប្រជាជនកម្ពុជា គ្រប់រូប  ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ពិតជាគោរពដឹងគុណជានិច្ច មិនអាចបំភ្លេចបានឡើយ នូវគុណូបការៈដ៏ថ្លៃថ្លារបស់វីរយុទ្ធជនដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុការពារជាតិ ការពារបូរណភាពទឹកដី និងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ ប្រជាជនកម្ពុជា ដែលទទួលរងនូវការឈ្លានពានដ៏អយុត្តិធម៌ ពីពួកទាហានសៀម ។  

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកស្រី នួន វិធាវី ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងក្រុមគ្រួសារ បានគោរពវិញ្ញាណក្ខន្ធ រាប់បាត្រ បង្សុកូល ឧទ្ទិសកុសល នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនយើង បានទៅកាន់សុខពិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយបងប្អូនវីរយុទ្ធជនដែលកំពុងរងរបួស ពិការ ឬមានជំងឺ សូមឲ្យបានឆាប់ជាសះស្បើយ និងមានសុខភាពល្អ៕ ខៀវទុំ

RELATED ARTICLES