ភ្នំពេញ ៖ អ្នកនាង គង់ សុជាតិ បានប្រារព្ធខួបកំណើតគម្រប់៥០ឆ្នាំ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ហើយអ្នកនាងរំភើបខ្លាំង នៅពេលដែលត្រូវលោកអេឡិច ច័ន្ទត្រា លើកនំខេកជូន ជាមួយសារជូនពរពីសំណាក់តារារួមអាជីពដែលបានជួបនាងផ្ទាល់ផង និងផ្ញើសារតាមបណ្ដាញសង្គមផង ។ ចំណែកស្វាមីអ្នកនាង លោក ជា វិបុល ថ្លែងសារថា «Happy birthday to you ប្រពន្ធសម្លាញ់!» ។

គង់ សុជាតិ ថ្លែងនៅថ្ងៃខួបកំណើតរបស់ខ្លួន នៅពេលដែលទទួលបាននំខេក និងកាដូពីអ្នករួមអាជីពថា «រំភើប អរគុណសម្រាប់ក្ដីស្រលាញ់របស់ប្អូនៗទាំងអស់គ្នា ជាមួយនិងបេះដូងដ៏ពិតប្រាកដដែលតែងតែយកចិត្តទុក ដាក់និងស្រលាញ់ចេញពីបេះដូង!»។
ចំណែកអ្នកប្រើប្រាស់បណ្តាញសង្គម ខ្លះបាននិយាយលេងបន្លំមែនថា គង់ សុជាតិ «ចាស់ហើយ ធ្វើខួបកំណើតទៀត»។ ប៉ុន្ដែមហាជនភាគច្រើន នៅតែចាត់ទុកអ្នកនាងសុជាតិ អាយុ៥០ឆ្នាំហើយ តែរក្សាសម្រស់បានក្មេងជាងវ័យ ។

គួរកត់សម្គាល់ថា ជារៀងរាល់ឆ្នាំ នៅថ្ងៃខួបកំណើត អ្នកនាង គង់ សុជាតិ មិនដែលធ្វើពិធីជប់លៀងធំ ហៅតារារាប់រយនាក់ ឲ្យចូលរួមផឹកស៊ីទេ គឺអ្នកនាងធ្វើកម្មវិធី ជាលក្ខណៈគ្រួសារប៉ុណ្ណោះ តែមានមិត្តភក្ដិនិងតារារួមអាជីពខ្លះ បានយកកាដូទៅជូនដល់ផ្ទះ ក៏មាន។ចំណែកខួបកំណើតឆ្នាំនេះ សុជាតិ ត្រូវបានលោកអេឡិច ច័ន្ទត្រា Surprise ពេលអ្នកនាងចុះពីលើឆាកធ្វើជា MC កម្មវិធីក្រុមហ៊ុន Agency របស់លោក ។

គង់ សុជាតិ និងប្ដី បានចាប់ដៃគ្នាធ្វើ MC ទាំងនៅក្នុងនិងក្រៅឆាក ហើយនៅរដូវក្ដៅនេះ អ្នកទាំងពីរ កំពុងត្រូវប៉ាន់ធ្វើជាពិធីករ តាមបណ្ដាក្រុមហ៊ុន Agency ទាំងឡាយ សឹងរាល់ថ្ងៃ ដែលអាចរកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារ ក្នុង១ខែៗ ។ ប៉ុន្តែតែក្នុងជំនួបកន្លងមកទាំងសុជាតិ និងសា្វមី អត់និយាយពីតម្លៃខ្លួនឡើយ។

គង់ សុជាតិ បានក្លាយជាប្រពន្ធលោក ជា វិបុល ជិត ១៣ឆ្នាំ មកហើយ ទទួលបានចំណងដៃកូនស្រី តែ១ ប៉ុណ្ណោះ ឈ្មោះ ជា សុជាតិនារី ហៅដូរី អាយុជិត ១០ឆ្នាំ។ សម្រាប់ខួបកំណើតគម្រប់ ៥០ឆ្នាំនេះ មានន័យថា សុជាតិ អាយុបងស្វាមី លោកវិបុល ដល់ទៅ ៤ឆ្នាំ (លោក ជា វិបុល អាយុ៤៦ឆ្នាំ) ហើយទោះជាពេលនេះ សុជាតិ ដែលគេចាត់ទុកថា ជាសេដ្ឋិនីលាក់មុខ ព្រោះមានទ្រព្យរាប់លានដុល្លារ គ្រាន់តែនាងមិនចេះអួតនោះ ថាជាតារាជោគជ័យទាំងការងារសិល្បៈ និងជំនួញ ប៉ុន្ដែរឿងដែលនាងខកចិត្តនោះ គឺស្វាមីរំអុកចង់បានកូនភ្លោះប្រុស ជិត១០ឆ្នាំទៅហើយ តែនាងមិនអាចបំពេញបំណងមួយនេះបានទេ ។ ក្រៅពី គង់ សុជាតិ តារាដែលកើតនៅខែមេសា និងធ្វើខួបកំណើតនៅថ្ងៃតែមួយជាមួយអ្នកនាងសុជាតិ មានលោក ម៉ៅ ហាជី និងរ័ត្ន រចនា ជាដើម ។ ចំពោះសុជាតិ មិនត្រឹមតែត្រូវប៉ាន់ ទីផ្សារ MC នោះទេ តែអ្នកនាងក៏មានតួនាទីជាជាទីប្រឹក្សាកិត្តិយស នៃសមាគមសិល្បករខ្មែរ អាណត្តិទី៦ ដែលត្រូវបានតែងតាំងដោយលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ខណៈដែលស្វាមី លោក ជា វិបុល ត្រូវបានសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់តួនាទីជាជំនួយការ មានឋានៈស្មើអគ្គនាយករង កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣៕

