Tuesday, April 7, 2026
Homeតារាខ្មែរឈីន រតនៈ ពុលយន្ដហោះ

ឈីន រតនៈ ពុលយន្ដហោះ

សហរដ្ឋអាមេរិក ៖ ឈីន រតនៈ បានហោះទៅអាមេរិក កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីច្រៀងសម្ដែង នៅប៉ែកអឺរ៉ុប ជាលើកដំបូង រួមដំណើរជាមួយតារារ៉េប នេន ទុំ និងតារាបង្ហាញម៉ូដ កញ្ញាកុយ អេនណា ។ រតនៈ ត្រូវចាប់ដៃច្រៀងជាមួយនេន ទុំ ច្រៀងបទប្រពៃណីខ្មែរ នៅរដ្ឋ North Carolina ខណៈដែលអេនណា នាងដើរបង្ហាញម៉ូដ អមដោយការច្រៀងសម្ដែងរបស់រតនៈ និងនេនទុំ ដោយមានអាណិកជនខ្មែរ ទៅគាំទ្ររាំកម្សាន្ដ និងថតរូបជាមួយគ្នា។ ពិតណាស់ តាំងពីចាប់អាជីពចម្រៀង ជាង១០ឆ្នាំនេះ រតនៈ បានចេញទៅច្រៀងនៅអា​មេរិក ជាលើកទី១ ហេតុនេះនាងរំភើបចិត្តខ្លាំងណាស់ រហូតបង្ខំចិត្តចោលលុយចំណូលក្នុងស្រុក នៅរដូវក្ដៅ កំ​ពុងតែមមាញឹកខ្លាំងនេះទៀតផង។ ប៉ុន្ដែអ្វីដែលរតនៈ ឈឺក្បាលនោះ គឺនាងពុលយន្ដហោះ ហេតុនេះត្រូវហិតប្រេងកូឡា លើយន្ដហោះ ជាប្រចាំ ព្រោះការជិះយន្ដហោះ ពីរដ្ឋ១ ទៅរដ្ឋ១ ប្រើពេលរាប់ម៉ោង ទើបធ្វើឲ្យនាងជួប​ការពិបាកខ្លះៗដែរ តែមិនរំខានដល់ច្រៀងសម្ដែងរបស់នាង តាមគម្រោងការនោះឡើយ ។

 មុនឡើងយន្ដហោះ ឈីន រតនៈ ថាជាក្ដីស្រមៃមួយ ដែលនាងតែងតែរំពឹងនិងមិននឹកស្មានថា នាងអាចធ្វើបាន ដែលមានឱកាសទៅច្រៀងសម្ដែងនៅអាមេរិក តាមរយៈប្រធានសមាគមរដ្ឋ North Carolina ដែលនាងសម្ភា​ស​ន៍ត្រឹមតែលើកទី១ ប៉ុណ្ណោះ តែទីបំផុត នាងទទួលបានវីសា (Visa) ជាប់ភ្លាម ដើម្បីច្រៀងការប្រគំតន្រ្ដីនិងសប្បុរសធម៌ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលការសម្ដែងលើកដំបូង ចាប់ពីថ្ងៃទី៤ ខែមេសា តទៅ។

 ឈីន រតនៈ ជាតារាអាចច្រៀងបទបទមរតកដើម និងចង្វាក់ប្រពៃណីគ្រប់ទម្រង់ ហេតុនេះគ្មានឧបសគ្គឡើយ ពេលទៅដល់ដីអាមេរិក សម្រាប់រូបនាង បើទោះជាលើកទី១ ក្ដី ប៉ុន្ដែនាងបានត្រៀមខ្លួនរួចរាល់។ ក្រៅពីចាប់ដៃជាមួយនេន ទុំ តារាហង្សមាស រតនៈ ក៏ត្រូវច្រៀងសម្ដែងជាមួយតារាចម្រៀងខ្មែរ មួយចំនួនទៀត នៅទីនោះផងដែរ ខណៈដែលនៅចុងខែមេសា ឆ្នាំ២០២៦ សុគន្ធ និសា ក៏ត្រូវហោះទៅច្រៀងសម្ដែង អបអរពិធីបុណ្យចូល​ឆ្នាំថ្មី ប្រពៃណីជាតិ ដែរ នៅវត្តពុទ្ធរង្សី ទីក្រុងវូហ៊ី (Voorhees ) រដ្ឋញូជេស៊ី (New Jesey) សហរដ្ឋអាមេរិក។

កញ្ញាឈីន រតនៈ និងនេន ​ទុំ

ឈីន រតនៈ អាយុ៣០ឆ្នាំ អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ បានច្រៀងឲ្យហង្សមាស ១០​ឆ្នាំហើយ និងលេចធ្លោគួរសម ពិសេស ការច្រៀង Cover បទរៀមច្បង មានការគាំទ្រច្រើន។ ស្រីស្រអែមស្រស់ រតនៈ ធ្លាប់ត្រូវគេសង្ស័យថា នាងមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងរួមទ្រនំ លោក គង់ ចំរើន ព្រោះពួកគេស្និទ្ធស្នាលលើសពីធម្មតា បន្ទាប់ពីបានចាប់ដៃគ្នាច្រៀងឆ្លងឆ្លើយជាញឹកញាប់។ ប៉ុន្តែទាំងរតនៈ និងចំរើន រក្សាភាពស្ងៀមស្ងាត់ ខណៈដែល Fan ទាំងសងខាង ចង់ឃើញពួកគេក្លាយជាគូសង្សារពិត ដូចប៉ាច គីមមួយ និងសយ រតនៈ  តែគួរឲ្យស្ដាយ ពេល រតនៈ កំពុងតែជាប់ចិត្តទេសភាពទឹកដីអាមេរិក និងពុលយន្ដហោះ​ផងនោះ បែជាគ្មានលោកចំរើន រួមដំណើរជាមួយនាងទៅវិញ ។

កញ្ញាកុយ អេណា ,នេន ទុំ និងឈីន រតនៈ

តាមប្រភពថា តាមគម្រោង រតនៈ ត្រូវបណ្ដើរនេន ទុំ និងកុយ អេនណា ចូលស្រុកវិញ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ពោលគឺនៅដើមខែឧសភា ប៉ុន្ដែបើនាងពន្យារពេលវិលវិញ ព្រោះទទួលការច្រៀងសម្ដែងបន្ដ នោះស្រីស្រស់រូបនេះ អាចនឹងជួបស្នេហ៍ លើដីអាមេរិក ក៏ថាបាន ។ សូមរំលឹកថា ឈីន រតនៈ កំព្រាឪពុក តាំងពីនាងនៅតូច ព្រោះឪពុកនិងម្ដាយនាង ចែកផ្លូវគ្នា។ រតនៈ មានស្រុកកំណើតនៅខេត្តកំពង់ចាម មានបងប្អូន ៣នាក់ នាងជាកូនពៅ ធ្លាប់ប្រាប់អ្នកកាសែតថា រឿងដែលនាងចងចាំអស់មួយជីវិត គឺម្ដាយ ជាស្រ្ដីមេម៉ាយ តស៊ូម្នាក់​ឯងគ្រប់យ៉ាង ចិញ្ចឹមកូនទាំង៣នាក់ ។ តារាហង្សមាស រូបនេះថា ក្រៅពីអាជីពសិល្បៈ នាពេលអនាគត បើមានលុយគ្រប់ នាងចង់បើកគ្លីនិកកែសម្រស់ ៕

កញ្ញាឈីន រតនៈ និងម្ដាយ

RELATED ARTICLES