ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញផែនការណែនាំស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ដើម្បីឱ្យប្រព្រឹត្តទៅក្នុងមនោសញ្ចេតនាសប្បាយរីករាយ ប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ។

ផែនការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ដែល «នគរធំ» ទទួលបាននៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖
ជារៀងរាល់ឆ្នាំ ប្រជារាស្ត្រខ្មែរទាំងក្នុងនិងក្រៅប្រទេស តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្លួន ក្នុងមនោសញ្ចេតនាសប្បាយរីករាយ ប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ។
ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីទទួលអំណរស្វាគមន៍ចំពោះការចូលមកដល់នៃឆ្នាំថ្មី និងសម្តែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ ប្រគេនព្រះពរ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះសង្ឃគ្រប់ព្រះអង្គ ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមា តាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” និងជូនពរថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងបុព្វការីជនទាំងឡាយ មានមាតាបិតា គ្រូឧបជ្ឈាយាចារ្យ ចាស់ព្រឹទ្ធាចារ្យជាដើម សំដៅបង្កើនឡើងនូវមនោសញ្ចេតនាគោរពស្រឡាញ់ សាមគ្គីភាពស្និទ្ធស្នាល និងទួលបាននូវសព្ទសាធុការពរពីទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី។
ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ នឹងប្រព្រឹត្តតាមដំណើរសង្ក្រាន្ត ដូចតទៅ ៖
– ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០៖៤៨នាទីព្រឹក ជាថ្ងៃចូលឆ្នាំថ្មី។
– ថ្ងៃពុធ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃវ័នបត។
– ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃឡើងស័ក។ គម្រប់សង្ក្រាន្ត ៣ថ្ងៃ ចប់ដោយបរិបូណ៌ ចូលឆ្នាំមមី អដ្ឋស័ក តរៀងទៅ។
ដើម្បីរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ឱ្យស្របតាមប្រពៃណី ទំនៀមទម្លាប់របស់ជាតិ និងរក្សាឱ្យបានគង់វង្ស ប្រកបដោយភាពរុងរឿងនោះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមធ្វើការណែនាំដូចខាងក្រោម ៖
– ក្រសួងព្រះបរមរាជវាំង
រៀបចំព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ តាមព្រះរាជប្បវេណី និងតាមការសព្វព្រះរាជហឫទ័យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
– គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ន
រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមឆាយាល័ក្ខណ៍ព្រះករុណា “ព្រះបរមរតនកោដ្ឋ” និងព្រះបរមឆាយាល័ក្ខណ៍សម្តេចព្រះ មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានតុបតែងលម្អកំណាត់បូ បំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងបដាពាក្យស្លោក ឱ្យបានស័ក្តិសម។
រៀបចំសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរា ជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។
– រដ្ឋបាលរាជធានី ខេត្ត
រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាព្រះបរមរតនកោដ្ឋ និងព្រះបរម ឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវរ រាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ដោយមានតុបតែងលម្អកំណាត់បូ បំភ្លឺភ្លើងពណ៌ និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក តាមគ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សាលារៀន វត្តអារាម និងណែនាំប្រជាពលរដ្ឋ ឱ្យលើកទង់ជាតិ គ្រប់គេហដ្ឋាន។
រៀបចំសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។
ណែនាំម្ចាស់រោងចក្រ សហគ្រាស សាលារៀនឯកជន មណ្ឌលកម្សាន្ត រមណីយដ្ឋាននានា ឱ្យតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងដុតគោម បំភ្លឺភ្លើងពណ៌ ដើម្បីអបអរ សាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើង។
សហការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជួយសម្រួលចរាចរណ៍គ្រប់ទីកន្លែង ព្រមទាំងបង្កលក្ខណៈល្អប្រសើរ តាមមណ្ឌលកម្សាន្ត និងរមណីយដ្ឋាននានា ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមកម្សាន្តសប្បាយ។
រៀបចំឱ្យមានការលេងល្បែងប្រជាប្រិយ របស់ជាតិ ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំកម្សាន្ត តាមមណ្ឌលកម្សាន្ត តាមរមណីយដ្ឋាននានា ឬទីតាំងណាដែលសមគួរ ហើយចៀសវាងនិងទប់ស្កាត់ឱ្យបាននូវល្បែងណាដែលប្រាសចាកនឹងច្បាប់ ខុសប្រពៃណីជាតិ ដូចជាល្បែងស៊ីសង ល្បែងជះទឹក លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗ៘
ត្រូវយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗ ដែលនាំឱ្យមានគ្រោះអគ្គិភ័យ។
រៀបចំពិធីបុណ្យសាសនា តាមវត្តអារាម និងពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ បងប្អូនជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នៅកន្លែងដែលបានតម្កល់អដ្ឋិធាតុ នៅតាមបូជនីយ ដ្ឋាន ស្តុប និងវត្តអារាម។
រៀបចំកម្មវិធីចុះសួរសុខទុក្ខអ្នកជំងឺ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក រាជធានី ខេត្ត និងចាស់ជរាគ្មានទីពឹង។
– ក្រសួងធម្មការ និងសាសនា
ណែនាំគ្រប់មន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត រម្លឹកគ្រប់វត្តអារាម ឱ្យធ្វើការសម្អាត និងតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ឱ្យបានសមរម្យ និងសហការជាមួយរដ្ឋបាលរាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រៀបចំពិធីបុណ្យ សាសនាតាមវត្តអារាមស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ សម្អាតបរិស្ថានក្នុងវត្ត សម្អាតព្រះពុទ្ធរូប ព្រះបដិមា ពិធីស្រោចទឹកសីលវន្ត សីលវតី មាតាបិតា ចាស់ព្រឹទ្ធាចារ្យ ជាដើម។ រៀបចំពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបងប្អូន ជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នៅតាមទីកន្លែងដែលបានតម្កល់អដ្ឋិធាតុ តាមបូជនីយដ្ឋាន ស្តូប និងតាមទីវត្តអារាម។
– ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រៀបចំឱ្យមានកម្មវិធីប្រគំតន្ត្រីបុរាណ សម័យ ផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ដើម្បីអបអរ សាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
– ក្រសួងព័ត៌មាន
ចាត់អ្នកយកព័ត៌មាន និងទូរទស្សន៍ជាតិ ឱ្យចុះធ្វើសកម្មភាពថតរូប ថតទូរទស្សន៍ អំពីសកម្មភាព និងទិដ្ឋភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គឺថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ដែលមានពិធីបុណ្យប្រពៃណីសាសនា តាមវត្តអារាម ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនប្រជារាស្ត្រ និងភ្ញៀវអន្តរជាតិ ទាំងក្នុងប្រទេស និងក្រៅប្រទេស បានទស្សនា យល់ជ្រួតជ្រាប។
– ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ
ជួយណែនាំអង្គភាពក្រោមឱវាទ ឱ្យសហការការពាររក្សាសន្តិសុខ របៀបរៀបរយសណ្តាប់ធ្នាប់សង្គម ចរា ចរណ៍ ធានាបានសុវត្ថិភាព មុន ក្រោយ និងក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ នៅតាមវត្តអារាម មណ្ឌលកម្សាន្ត រមណីយដ្ឋាននានា ក្នុងរាជធានី និងគ្រប់ខេត្ត។
សហការជាមួយរដ្ឋបាលរាជធានី ខេត្ត មានវិធានការទប់ស្កាត់ និងលុបបំបាត់នូវសកម្មភាពណាដែលល្មើសច្បាប់ ហើយប្រាសចាកនឹងប្រពៃណី ទំនៀមទម្លាប់ជាតិ។
– គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ
រៀបចំកម្មវិធីចុះសួរសុខទុក្ខបងប្អូនអ្នកមានជំងឺដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា និងចាស់ជរាគ្មានទីពឹង ព្រមទាំងធ្វើទំនាក់ទំនងគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព ជួយឧបត្ថម្ភ អំណោយជាសម្ភារៈ ថវិកា និងគ្រឿងឧបភោគ-បរិភោគ។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សង្ឃឹមនិងជឿជាក់ថា ថ្នាក់ដឹកនាំគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត នឹងយកចិត្តទុកដាក់អនុវត្តនូវផែនការណែនាំនេះ ឱ្យបានសម្រេចលទ្ធ ផលល្អប្រសើរ។
ពាក្យស្លោកសម្រាប់ប្រើក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ៖
១- សួស្តី ឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦
២- សូមជូនពរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក សិរីសួស្តីជ័យមង្គល និងវិបុលសុខគ្រប់ប្រការ
៣- សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦
៤- ឆ្នាំថ្មី ភារកិច្ចថ្មី ជ័យជម្នះថ្មី
៥- សូមថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា ជាណាចក្រកម្ពុជា សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ
៦- សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ
៧- សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” សូមបានយាងទៅសោយព្រះបរមសុខក្នុងសុគតិភព
៨- ជយោ ! ព្រះរាជាណាចក្រកម្ពុជា
៩- ជាតិ សាសនា ព្រះមហាក្សត្រ
១០- ជយោ! នយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាព
១១- ជយោ! ទិវាសន្តិភាពនៅកម្ពុជា
១២- អរគុណសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
១៣- ជយោ! សន្តិភាពនិងការអភិវឌ្ឍ
១៤- ជយោ! សន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍
១៥- ជយោ! សន្តិភាព និងការបង្រួបបង្រួមជាតិ
១៦- ជយោ! រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧
១៧- មានសន្តិភាព ទើបមានការអភិវឌ្ឍប្រទេសជាតិ
១៨- សន្សំសំចៃ គឺស្នេហាជាតិ
១៩- ស្វាគមន៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦
២០- ជយោ! ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦
២១- រួបរួមគ្នាថែរក្សាការពារប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិ ឱ្យបានគង់វង្ស…៕ ខៀវទុំ