ខេត្តក្រចេះ ៖ កូនផ្សោត ទើបកើតថ្មី ១ក្បាល ដែលមានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញនៅវេលាម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដោយក្រុមការងារស្រាវជ្រាវខណ្ឌរដ្ឋបាលជលផលក្រចេះ និងក្រុម ការងារអង្គការ WWF ប្រចាំខេត្តក្រចេះ នៅត្រង់ចំណុចអន្លង់វៀន ស្ថិតក្នុងអន្លង់ផ្សោត កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

បើតាមក្រុមអ្នកស្រាវជ្រាវ កូនផ្សោតនេះ មានសុខភាពល្អ និងស្ថិតក្នុងក្រុមផ្សោតធំ ដែលមានចំនួន៧ក្បាល ក្នុងនោះ នៅជាមួយផ្សោតពេញវ័យ លេខ៨១។ នេះជាកូនផ្សោតកើតថ្មី ទី២ហើយ នៅក្នុងឆ្នាំ២០២៦ នេះ ខណៈកូនផ្សោតទី១ ត្រូវបានអង្កេតនិងថតរូបបាន កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦ ។ តាមរយៈកំណើតកូនផ្សោតថ្មីនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ ១១៤ក្បាល។

ជាការកត់សម្គាល់ វត្តមាននៃកូនផ្សោតថ្មី នៅអន្លង់កាំពី នេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលគណៈ កម្មការអភិរក្សនិងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ បើកកិច្ចប្រជុំរបស់ខ្លួន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។

កិច្ចប្រជុំដែលរៀបចំធ្វើនៅក្រុងក្រចេះ នេះនឹងក្លាយជាវេទិកាដ៏សំខាន់ សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ពិនិត្យឡើង វិញនូវលទ្ធផលនៃការងារដែលសម្រេចបាន នាពេលកន្លងមក និងពិគ្រោះយោបល់ ព្រមទាំងដាក់ផែនការសម្រាប់ពេលអនាគត ក្នុងគោលដៅធ្វើយ៉ាងណាគ្រប់គ្រង ការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់កម្ពុជា និងជាដង្ហើមនៃទន្លេមេគង្គ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់៕

