ភ្នំពេញ ៖ យុវតី ២នាក់ ហេតុតែចង់ល្បីក្នុងបណ្តាញសង្គម បែកគំនិតបបួលគ្នាយកស្បង់ចីវរព្រះសង្ឃ មកស្លៀកដណ្តប់ រួចរាំបែកស្លុយ និងថែមទាំងថតវីដេអូ បង្ហោះក្នុងបណ្តាញសង្គមង ធ្វើឱ្យមហាជន ផ្ទុះការរិះគន់ ជេរប្រមាថរហូតដល់សំណូមពរឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ទៀតផង។ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនយុវតីបែកស្លុយ ទាំង២ យកមកសាកសួរ។

គួរបញ្ជាក់ថា ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម បានធ្វើការចែករំលែកនូវវីដេអូមួយ បង្ហាញពីនារីវ័យក្មេង ចំនួន២នាក់ ស្លៀកស្បង់ចីវររបស់ព្រះសង្ឃ រួចនាំគ្នារាំបែកស្លុយ ធ្វើឱ្យផ្ទុះប្រតិកម្មពេញបណ្តាញសង្គម ពិសេសប្រជាពលរដ្ឋខ្មែរ ដែលគោរពព្រះពុទ្ធសាសនា បានបញ្ចេញប្រតិកម្មរិះគន់ ខឹងសម្បានិងទទួលយកមិនបាន នូវទង្វើដ៏អសីលធម៌របស់នារីវ័យក្មេងទាំង២នាក់នេះ រហូតឈានដល់ការជេរប្រមាថទៀតផង។

មហាជន អ្នកប្រើប្រាស់បណ្តាញសង្គម បានលើកឡើងថា ការយកស្បង់ចីវរ មកស្លៀកពាក់ និងរាំបែកស្លុយ បង្ហោះក្នុងបណ្តាញសង្គមបែបនេះ ជាការប្រមាថដល់តម្លៃព្រះពុទ្ធសាសនាយ៉ាងខ្លាំង និងទទូចសុំឱ្យក្រសួង ធម្មការនិងសាសនា ពិនិត្យមើល និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះយុវតីទាំង២នាក់។

ក្រោយមហាជនផ្ទុះការរិះគន់គ្មានសំចៃមាត់ ទៅលើយុវតីបែកស្លុយ ទាំង២នាក់ ខាងលើមក នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ យុវតីបែកស្លុយទាំង២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយរូបភាពយុវតីបែកស្លុយទាំង២នាក់ ជាប់ខ្នោះដៃ ត្រូវបានបង្ហោះចែករំលែកពេញបណ្តាញសង្គម ភ្ជាប់ជាមួយសំណេរថា “ស្លៀកស្បង់ចីវរព្រះសង្ឃ រាំបែកស្លុយ ពេលនេះបានរង្វាន់កងដៃម្នាក់មួយគូ។ កាលរាំសប្បាយណាស់ ចុះហេតុអ្វីទឹកមុខពេលនេះ ពិបាកមើលម៉្លេះ?…”។

ជុំវិញករណីខាងលើនេះ លោក ជួន កក្កដា អតីតចៅអធិការវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ ដែលបច្ចប្បន្នមានតួនាទីជារដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានបង្ហោះរូបភាពយុវតីបែកស្លុយ ខាងលើ ក្នុងទំព័រហ្វេសប៊ុក របស់លោក ភ្ជាប់ជាមួយសំណេរថា “កែខ្លួនទៅប្អូន ថ្ងៃក្រោយកុំធ្វើបែបនេះទៀតអី បើចង់ធ្វើ video ឱ្យគេមើលច្រើន មិនខ្វះទេ រកចំណុចធ្វើ Video ណា អប់រំ ចែករំលែកល្អៗទៅ ដើម្បីគុណតម្លៃសេចក្តីថ្លៃថ្នូររបស់នារីខ្មែរយើងផង…”៕