Tuesday, March 3, 2026
Homeសង្គម និងជីវិតអ្នកស្រាវជ្រាវរឿងកូនស៊ីន ស៊ីសាមុត ថាកែវ ចំណាប់ បោកដូចបឺត សំរេច 

អ្នកស្រាវជ្រាវរឿងកូនស៊ីន ស៊ីសាមុត ថាកែវ ចំណាប់ បោកដូចបឺត សំរេច 

ភ្នំពេញ ៖ អ្នកស្រាវជ្រាវភាសានិងអក្សរសាស្រ្តខ្មែរ លោក ឈៀង វិបុល ដែលមុននេះ បានធ្វើការស្រាវជ្រាវរឿងកូនអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ហើយបានអះអាងនៅក្នុងអត្ថបទស៊ើបអង្កេតនោះថា លោក បឺត សំរេច មិនមែនតំណក់ឈាមលោកស៊ីន ស៊ីសាមុត ពិតប្រាកដ ដូចបុគ្គលនេះបានអះអាងប្រតិដ្ឋភូតកុហកបោក ប្រាស់នោះ ពេលនេះលោកបានប្រកាសត្រៀមចេញផ្សាយអត្ថបទស៊ើបអង្កេត វគ្គទី៣ កម្រាស់ ៥០០ទំព័រ ប៉ុន្តែមុននឹងចេញផ្សយអត្ថបទនេះទាំងស្រុង លោកសូមដកយកអត្ថបទ «កែវ ចំណាប់ ប្រតិដ្ឋ បោកភូត“ មានកម្រា ស់ជិត ១០០ទំព័រ មកផ្សាយមុន ។ លោក ឈៀង វិបុល បានអះអាងថា តាមការស្រាវជ្រាវរបស់លោក បង្ហាញថា លោក កែវ ចំណាប់ តារាចម្រៀងម្នាក់ដែលអះអាងថា ធ្លាប់ជាជនរងគ្រោះជាប់ខ្នោះជើងរួមរនុកជាមួយលោក ស៊ីន ស៊ីសាមុត ក្នុងមន្ទីរ១៥ ស្រុកកោះធំ ខេត្តកណ្តាល ក្នុងរបបខ្មែរក្រហម និងថាលោក ស៊ីន ស៊ីសា មុត មានស្រីកំណាន់ ២៣នាក់ និងស្រីកំណាន់ពិសេសម្នាក់នោះ មិនមែនជាការពិតទេ គឺគ្រាន់តែភូតកុហក បោកប្រាស់ដូចបឺត សំរេច ដែលអះអាងថាជាកូនឥតខាន់ស្លារបស់លោកស៊ីន ស៊ីសាមុត ជាមួយម្ដាយឈ្មោះ ធីម វិជ្ជរ៉ា ។

លោក ឈៀង វិបុល បានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងថា អត្ថបទស៊ើបអង្កេតថ្មីនេះ លោកដាក់ចំណងជើងថា “កែវ ចំណាប់ ប្រតិដ្ឋ បោកភូត“ មានកម្រាស់ជិត ១០០ទំព័រ ។ គោលបំណងនៃការចេញផ្សាយអត្ថបទនេះ លោកគ្មានចេតនាចោទប្រកាន់ បង្កាច់បង្ខូចលោក កែវ ចំណាប់ ឡើយ គឺការលើកយកសក្ខីកម្មទាំងអម្បាលម៉ាន មកអធិប្បាយ វិភាគ ពិភាក្សា គ្រាន់តែលាតត្រដាងការណ៍ពិត ដោយភា្ជប់ទឡីករណ៍ជាក់ស្ដែង ពុំអាចប្រកែកបាន ដែលលោក កែវ ចំណាប់ ប្រើប្រាស់កេរ្តិ៍ឈ្មោះនិងព្រលឹងនៃលោក ស៊ីន ស៊ីសាមុត សាងបាបកម្ម ប្រវ័ញ្ចយកទឹកចិត្តសប្បុរសរបស់ជនានុជនខ្មែរ រហូតមក ។  ជាមួយគ្នានេះ លោកក៏សូមជនានុជនខ្មែរ មេត្តាយោគយល់និងអភ័យទោសចំពោះលោក ដែលបានព្រងើយកន្តើយ និង ជួយលាក់លៀម បិទបាំង បណ្ដែតបណ្ដោយឲ្យលោក កែវ ចំណាប់ ប្រតិដ្ឋសាច់រឿង និយាយកុហក ប្រព្រឹត្តអំពើបោកភូតយ៉ាងផ្តេសផ្តាស តាមទំនើងចិត្ត ឥតឈប់ឈរ ។

 សេចក្ដីជូនដំណឹង របស់លោក ឈៀង វិបុល ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា “ជនា នុជនខ្មែរ ជាទីគោរពរាប់អាន និងនឹករឭក! កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខ្ញុំបានពិគ្រោះតាមទូរស័ព្ទជា មួយលោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា, សូមលោកជួយពិនិត្យលទ្ធភាពរៀបចំឃ្លីបវីដេអូ និងលៃលកពេលវេលាដាក់ផ្សាយសាធារណៈក្នុង Channel YouTube នៃក្រុមព្រះសុរិយា នូវអត្ថបទស៊ើបអង្កេត វិភាគ ពិភាក្សា ក្រោមចំណងជើងថា កែវ ចំណាប់ ប្រតិដ្ឋ បោកភូត។

 ដើម្បីធានានូវតុល្យភាពព័ត៌មាន ជូនជនានុជនខ្មែរ ត្រិះរិះពិចារណា លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា បានយល់ព្រមទទួលយកអត្ថបទនោះ ទៅរៀបចំ និងត្រៀមដាក់ផ្សាយសាធារណៈហើយ។

ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា, កន្លងមក ក៏ដូច ពេលនេះ សហការយ៉ាងសកម្ម ប្រកបដោយមនសិការល្អប្រពៃ និងឆន្ទៈមោះមុត, ដាក់ផ្សាយសាធារណៈនូវរាល់អត្ថបទស៊ើបអង្កេត វិភាគ ពិភាក្សា…របស់ខ្ញុំ, ទោះបីបើជនឆបោក បឺត សំរេច ឬអាឡេវមេបោក, ម្រេញគង្វាល, អ្នកគាំទ្រ និងអ្នកជឿងប់ងុល…ប្រើផរុសវាចា ឬសម្តីបាតផ្សារ ជេរបញ្ចោរ ប្រទេចផ្តាសា…យ៉ាងណាក៏ដោយ។

ជនានុជនខ្មែរ ជាទីមេត្រី ! ឆ្លៀតឱកាសនេះ, ខ្ញុំសូមអនុញ្ញាតជម្រាបនូវសាវតារសង្ខេបនៃការរៀបចំអត្ថបទស៊ើបអង្កេត វិភាគ ពិភាក្សា «កែវ ចំណាប់ ប្រតិដ្ឋ បោកភូត» ដូចតទៅ ៖

 ចាប់តាំងពីឆ្នាំ២០០៦ ម៉្លេះ នៅពេលឃើញបង្ហាញមុខប្រកាសអះអាងតាមទស្សនាវដ្តី; អប្សរា, អង្គរធំ… ថា «ខ្លួនជាជនរងគ្រោះ ត្រូវខ្មែរក្រហម ចាប់ឃុំឃាំងក្នុងមន្ទីរ១៥ ស្រុកកោះធំ ខេត្តកណ្តាល ជាប់ខ្នោះជើងរួមរនុកជាមួយលោក ស៊ីន ស៊ីសាមុត…» ខ្ញុំដឹងយ៉ាងប្រាកដថា លោក កែវ ចំណាប់ មានពុតត្បុត ប្រើឧបាយ​កលប្រតិដ្ឋសាច់រឿង និយាយកុហក ប្រព្រឹត្តអំពើបោកភូតសុទ្ធសាធ។

 ទោះយ៉ាងនោះក៏ដោយ ក៏ខ្ញុំស៊ូខាំមាត់សង្កត់ចិត្តធ្វើខ្វាក់ គ ថ្លង់ នៅស្ងៀមស្ងាត់ ពុំបញ្ចេញប្រតិកម្មបកស្បែក​មុខសុភាពបុរសក្លែងក្លាយរបស់លោក កែវ ចំណាប់ ឡើយ។ ពោលគឺទុកឲ្យលោក កែវ ចំណាប់ ប្រើប្រាស់កេរ្តិ៍ឈ្មោះនិងព្រលឹងនៃលោក ស៊ីន ស៊ីសាមុត សាងបាបកម្ម ប្រវ័ញ្ចយកទឹកចិត្តសប្បុរសរបស់ជនានុជនខ្មែរ រហូតមក។

សូមជនានុជនខ្មែរ មេត្តាយោគយល់និងអភ័យទោសចំពោះខ្ញុំ ដែលបានព្រងើយកន្តើយ និងលួចជួយលាក់​លៀម បិទបាំង បណ្ដែតបណ្ដោយឲ្យលោកតា កែវ ចំណាប់ ប្រតិដ្ឋសាច់រឿង និយាយកុហក ប្រព្រឹត្តអំពើ​បោកភូតយ៉ាងផ្តេសផ្តាសតាមទំនើងចិត្ត ឥតឈប់ឈរ។

 ២០ឆ្នាំក្រោយមក, សក្ខីកម្មប្រតិដ្ឋនៃតា កែវ ចំណាប់ ថា «លោក ស៊ីន ស៊ីសាមុត មានស្រីកំណាន់ ២៣នាក់ និងស្រីកំណាន់ពិសេសម្នាក់ សំដៅលោកស្រី ធីម វិជ្ជរ៉ា», បានដុតកម្លោចចិត្តសន្តោស មេត្តា ករុណា… របស់ខ្ញុំ ឲ្យឆេះខ្លាច រលាយសូន្យបង់ទាំងស្រុង។

 មានន័យថា អំពើគ្មានសីលធម៌ អគុណធម៌ ឥតសច្ចធម៌… ក្បត់មនសិការ នៃតា កែវ ចំណាប់ ប្រព្រឹត្តចំពោះជនានុជនខ្មែរ ពិសេស បង្ខូចកេរ្តិ៍ឈ្មោះ និងប្រមាថព្រលឹងនៃលោកស៊ីន ស៊ីសាមុត ក៏ដូចគ្រួសាររបស់លោក បានបន្សាប/កម្ចាយសមានចិត្ត ក៏ដូចអជ្ឈាស័យល្អបរិសុទ្ធរបស់ខ្ញុំ ឲ្យវិនាសន្តរាយ ខ្ចាត់ខ្ចាយគ្មានសេសសល់បន្តិចណាឡើយ។

ដូច្នោះ, ខ្ញុំ ផ្គងគំនិត/តាំងចិត្តថា ពុំត្រូវទុកឲ្យមនោសញ្ចេតនា មានឥទ្ធិពលគ្របសង្កត់/បិទបាំងការណ៍ពិតឡើយ។

ម្ល៉ោះហើយ, ក្រោយថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ខ្ញុំក៏ឆ្លៀតបើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់ និងរៀបចំអត្ថបទវិភាគ ពិភាក្សាអំពីសាច់រឿងប្រតិដ្ឋ សម្តីកុហក អំពើបោកភូត របស់តា កែវ ចំណាប់ រហូតដល់ចប់សា្ថពរ តាំងពីខែកញ្ញា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា អត្ថបទ កែវ ចំណាប់ ប្រតិដ្ឋ បោកភូត កម្រាស់ជិត ១០០ទំព័រ ជាផ្នែក១ នៃអត្ថបទស៊ើបអង្កេត វិភាគ ពិភាក្សាវគ្គទី៣ «បឺត សំរេច ប្រកាស…» កម្រាស់ជាង ៥០០ ទំព័រ គ្រោងនឹងដាក់ផ្សាយសាធារណៈ ពេលខាងមុខ។

ទោះបីបើជនឆបោក បឺត សំរេច ឬអាឡេវមេបោក និងម្រេញគង្វាល ព្យាយាមបញ្ចុះបញ្ចូល លួងលោម បញ្ជាឲ្យតាំងខ្លួនធ្វើសាក្សីក្នុងសំណុំរឿងប្រតិដ្ឋ ឆបោកក្លែងបន្លំខ្លួនធ្វើកូនប៉ាមុត ប្រសិនបើពិនិត្យឲ្យដិតដល់ តា កែវ ចំណាប់ គ្រាន់តែជាតុក្កតា ឬតាមោង គ្មានតម្លៃ និងឥតលក្ខណសម្បត្តិពេញលេញជាសាក្សីសុចរិតត្រឹមត្រូវ​ឡើយ។

ដូច្នោះ, ខ្ញុំសម្រេចយកខ្លឹមសារត្រង់អធិប្បាយអំពីតា កែវ ចំណាប់ ក្នុងអត្ថបទស៊ើបអង្កេត វិភាគ ពិភាក្សា វគ្គទី៣ «បឺត សម្រេច ប្រកាស…» មកដាក់ផ្សាយមុន ដាច់ដោយឡែក។

ពិតណាស់ ខ្ញុំគ្មានចេតនាចោទប្រកាន់ បង្កាច់បង្ខូចតា កែវ ចំណាប់ ឡើយ។ ការលើកយកសក្ខីកម្មទាំងអម្បាលម៉ាន មកអធិប្បាយ វិភាគ ពិភាក្សា គ្រាន់តែលាតត្រដាងការណ៍ពិតដោយភា្ជប់ទឡ្ហីករណ៍ជាក់ស្ដែង ពុំអាចប្រកែកបាន ដែលតា កែវ ចំណាប់ ក៏ដូចជនឆបោក បឺត សំរេច ឬអាឡេវមេបោក និងម្រេញគង្វាល ឧប្បត្តិកប៉ុណ្ណោះ។

ផ្ទុយទៅវិញ ជនឆបោក បឺត សំរេច ឬ អាឡេវមេបោក និង ម្រេញគង្វាល ពិសេសតា កែវ ចំណាប់ ទើបជាអ្នកលើកដុំថ្មទម្លាក់លើជើងខ្លួនឯងពិតប្រាកដ។

          តើលោក តា កែវ ចំណាប់ ប្រតិដ្ឋ បោកភូតរឿងអ្វីខ្លះ?

 សូមជនានុជនខ្មែរ មេត្តារង់ចាំអាន/ទស្សនា/ស្តាប់ អត្ថាធិប្បាយអំពីលទ្ធផលនៃការស៊ើបអង្កេត វិភាគ ពិភាក្សាយ៉ាងពិស្តារ អំពីសាច់រឿងប្រតិដ្ឋ សម្តីកុហក អំពើបោកភូតរបស់លោក/តា កែវ ចំណាប់ ចាប់ពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ តទៅ រហូតដល់ចប់សា្ថពរ។ ១ សប្ដាហ៍ ដាក់ផ្សាយ ចំនួន ៣លើក (ថ្ងៃចន្ទ ថ្ងៃពុធ និង ថ្ងៃសុក្រ) នៅចន្លោះម៉ោង ៩-១០ព្រឹក ក្នុងទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់ខ្ញុំ និង Channel YouTube នៃក្រុមព្រះសុរិយា។ ខ្ញុំសូមរក្សាសិទ្ធិកែប្រែកម្មវិធីផ្សាយ ប្រសិនបើចាំបាច់។

 សូមជនានុជនខ្មែរ មេត្តាអភ័យទោសចំពោះរាល់កំហុសឆ្គងពាក្យពេចន៍ អក្ខរាវិរុទ្ធ ឃ្លាប្រយោគ ក៏ដូចការភ្លាំងភ្លាត់… ដែលអាចកើតឡើងតាមយថាហេតុ។

          សូមបញ្ជាក់ថា ដើម្បីបញ្ចៀសនូវការចោទប្រកាន់ដោយអគតិ តាមប្រការណា១ និងផ្ដល់ភាពងាយស្រួល ក៏ដូចសំច័យពេលវេលាជូនជនានុជនខ្មែរ ខ្ញុំបានដកស្រង់ពីប្រភពដោយច្រើន នូវសម្ភាសន៍ផ្សេងៗដែលមានខ្លឹមសារពាក់ព័ន្ធមកភ្ជាប់ជូន។ ដូច្នេះប្រសិនបើមានបំណងជ្រាបបន្ថែម ជនានុជនខ្មែរ អាចបើកស្តាប់/ទស្សនា ឬទាញយក (Download) សម្រាប់ផ្ទៀងផ្ទាត់ខ្លឹមសារនៃសម្ភាសន៍ពេញលេញនីមួយៗ ក្នុងគេហទំព័រ Facebook ដើម និង Channel YouTube ដើម ដែលបាននិងកំពុងដាក់ផ្សាយសាធារណៈ“ ។

ជុំវិញការលើកឡើងរបស់លោក ឈៀង វិបុល ខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការឆ្លើយតបពីលោក កែវ ចំណាប់ បានទេ កាលពីម្សិលមិញ ។

គួររំលឹកថា លោក កែវ ចំណាប់ ជាមន្ដ្រីចូលនិវត្ដម្នាក់ បច្ចុប្បន្ន មានវ័យ៨១ឆ្នាំ ។ លោកធ្លាប់បានអះអាងកាលពីច្រើនឆ្នាំមុន តាមទស្សនាវដ្តី «អង្គរធំ» ថា លោកជាសាក្សីរស់ តែម្នាក់គត់ ដែលបានដឹងពីដំណើរនៃការជាប់ឃុំរបស់លោក ស៊ីន ស៊ីសាមុត នៅមន្ទីរឃុំឃាំង១៥ តាំងពីដំបូង រហូតដល់គេយកអធិរាជសំឡេងមាស រូបនេះ ទៅសម្លាប់ចោល នៅក្បែរគុកនោះ យ៉ាងអយុត្តិធម៌ នៅអំឡុងខែវិច្ឆិកា ឆ្នាំ១៩៧៥ ក្នុងជន្មាយុ ៤២ឆ្នាំ ។ លោកក៏បានអះអាងថា តារាសម្ដែង គង់ សំអឿន ក៏បានជាប់ឃុំជាមួយលោកដែរ ហើយត្រូវមេរនុក ឬអ្នកយាមគុក យកទៅវាយសម្លាប់ចោលនៅក្បែរនោះដែរ។

 លោក កែវ ចំណាប់ ធ្លាប់បានរំលឹកថា រូបលោកបានជាប់ឃុំជាមួយលោក ស៊ីន ស៊ីសាមុត រយៈពេល ៥ខែ ដោយកាលណោះ លោក ស៊ីន ស៊ីសាមុត ត្រូវទាហានខ្មែរក្រហម ចាប់ពីម្ដុំព្រែកឯង មកដាក់ឃ្នាងជើងក្នុងគុក ឬមន្ទីរឃុំឃាំង១៥ ក្នុងខេត្ដកណ្ដាល នាឆ្នាំ១៩៧៥។ មុនមេរនុក ហៅឈ្មោះលោក និងអ្នកទោស ៧នាក់ផ្សេងទៀត យកទៅវាយចោលក្បែរនោះព្រមគ្នា លោក ស៊ីន ស៊ីសាមុត ទទួលរងនូវការធ្វើទារុណកម្ម ត្រូវមេរនុកវាយក្បាលលោក ហើយត្រូវបង្ខំចិត្ដហូបគល់ចេក លាយកន្ទក់ រាល់ថ្ងៃ តាមការកំណត់របស់ខ្មែរក្រហម ។

ជាមួយនឹងការរំលឹករឿងធ្លាប់ជាប់ឃុំជាមួយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នៅមន្ទីរឃុំឃាំង១៥ ចំណុះឲ្យតំបន់២៥ លោក កែវ ចំណាប់ ក៏ប្រាថ្នាចង់ឃើញខ្សែភាពយន្ដមួយបង្ហាញពីដំណើរជីវិតចុងក្រោយលោក ស៊ីន ស៊ីសាមុត ផលិតឡើងក្នុងសង្គមបច្ចុប្បន្ន ដោយលោកធ្លាប់បានបញ្ជាក់ថា ទោះបីជាលោកពុំមានលទ្ធភាពផលិតរឿងនេះ ដោយខ្លួនឯង ប៉ុន្ដែលោកនៅចាំរឿងរ៉ាវសព្វបែបយ៉ាង ហើយត្រៀមជួយផលិតករជានិច្ច ក្នុងការចង្អុលបង្ហាញភ័ស្ដុតាំង ឬរៀបរាប់ពីដំណើរជីវិតចុងក្រោយរបស់លោក ស៊ីន ស៊ីសាមុត គ្រានោះ។ ជាពិសេសលោកថា លោកមិនអាចថ្លែងពីទំហំឈឺចាប់និងទុក្ខវេទនាដែលរូបលោក និងលោក ស៊ីន ស៊ីសាមុត បានជួប ឲ្យមហាជនបានដឹងឬជឿទាំងស្រុងនោះទេ ប៉ុន្ដែលោកថា ទិដ្ឋភាពគ្រានោះដូចនរក ៩ជាន់។ ទិដ្ឋភាពដ៏សង្វេគទាំងនេះហើយ ទើបលោកចង់ឃើញសមិទ្ធផលនៃខ្សែភាពយន្ដមួយ ត្រូវបានរំលេចឡើង ដោយផ្ដោតលើជីវិតចុងក្រោយរបស់លោក ស៊ីន ស៊ីសាមុត ។

ក្រោយការនិទានរបស់លោក កែវ ចំណាប់ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ លោក បឺត សំរេច ដែលអះអាងថា ជាកូនឥតខាន់ស្លារបស់លោកស៊ីន ស៊ីសាមុត បានទៅដល់កន្លែងចុងក្រោយនៃទីមរណភាពរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នៅទីតាំងអតីតមន្ទីរ១៥ នៃរបបខ្មែរក្រហម ក្នុងភូមិក្បាលជ្រោយ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល តាមរយៈការបង្ហាញពីលោក កែវ ចំណាប់ អតីតអ្នកទោសក្នុងមន្ទីរ១៥ ដើម្បីធ្វើពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធលោក ស៊ីន ស៊ីសាមុត តាមគន្លងព្រះពុទ្ធសាសនា។

យោងតាមប្រភពពីក្រុមដំណើរខ្មែរ ដែលបានធ្វើការស្រាវជ្រាវពីប្រវត្តិរឿងរ៉ាវលោក បឺត សំរេច ហើយបានទទួលស្គាល់ថា លោកបឺត សំរេច ពិតជាកូនឥតខាន់ស្លារបស់លោកស៊ីន ស៊ីសាមុត បានឲ្យដឹងនៅពេលនោះថា គ្រាន់តែមកដល់ទីនេះភ្លាម លោក បឺត សំរេច យំសស្រាក់ សោកសង្រេងអួលអាក់មិនឈប់ ធ្វើឲ្យអ្នកចូលរួមរំជួលចិត្តជាខ្លាំង ហើយលោកបានប្រាប់ក្រុមដំណើរខ្មែរថា មកដល់ទីនេះភ្លាម ដូចមានអ្វីធ្វើឲ្យលោករន្ធត់ចិត្ត យំសស្រាក់នឹកស្រណោះលោក ស៊ីន ស៊ីសាមុត ដែលលោកអះអាងថា ជាឪពុករបស់លោក៕ កុលបុត្រ

RELATED ARTICLES